ចំនួន​កាស៊ីណូ​នៅ​ក្រុងព្រះសីហនុ កើនឡើង​ដល់ ៨០កន្លែង

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ស្របពេល​កំនើន​នៃ​ការវិនិយោគ និង​ទេសចរណ៍​កើនឡើង​ខ្លាំង បច្ចុប្បន្ននេះ ចំនួន​កាស៊ីណូ​នៅ​ក្រុងព្រះសីហនុ បាន​កើនឡើង​រហូតដល់​ចំនួន៨០កន្លែង​ហើយ។

យោងតាម​ការសិក្សា​ថ្មី​មួយ​ធ្វើឡើង​ដោយ​ក្រុមហ៊ុន FURI TIMES SQAUREដែល​បានបញ្ចប់​កាលពីពេលថ្មីៗនេះ​បាន​រកឃើញថា ទន្ទឹមនឹង​ការកើនឡើង​នូវ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ចំនួន ៧០០០ ទៅ ៩០០០នាក់​ក្នុង​មួយថ្ងៃ បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ​មាន​កាស៊ីណូ​កើន​ឡើងដល់​ចំនួន៨០ទីតាំង ដែល​ធ្វើ​ឲ្យ​ខេត្ត​នេះ​មាន​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ពិសេស​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ចិន​ដែល​បានមក​កំសាន្ត និង​ស្វែងរក​ឳ​កាស​វិនិយោគ​នៅក្នុង​ខេត្ត​នេះ។

បច្ចុប្បន្ននេះ​ខេត្ត​ព្រះសីហនុ មាន​ប្រជាជន​រស់នៅ​ជាង៣០ម៉ឺន​នាក់ ខណៈ​កាលពី​កំឡុង​ឆ្នាំ២០១៥ ខេត្ត​នេះ​មាន​មនុស្ស​រស់នៅ​ចំនួន​ប្រមាណ១០ម៉ឺន​នាក់​ប៉ុណ្ណោះ។

ការសិក្សា​ដដែល​បាន​រកឃើញថា ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មក​ទស្សនា​កំសាន្ត​នៅក្នុង​ខេត្ត​នេះ ភាគច្រើន​ចំណាយពេល​ស្នាក់​នៅក្នុង​រយៈពេល​មួយ​សប្តាហ៍ និង​ចំណាយ​ប្រាក់​ប្រហែល១៥០ដុល្លារ​អាមេរិក​ក្នុង​មួយថ្ងៃ។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ ជួន ណារិន​ ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ជាមួយនឹង​កំណើនប្រជាជន និង​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​កំសាន្ត​ក្នុង​ខេត្ត អាជ្ញាធរ​មូលដ្ឋាន ពិសេស​កំលាំង​មាន​សមត្ថកិច្ច​តែង​បាន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​របស់ខ្លួន គឺ​ការធានា​ឲ្យ​បាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ពិសេស​អ្នកវិនិយោគ​ឲ្យ​មាន​ភាពកក់ក្តៅ​ស្របតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល។

លោក​បន្តថា “បា​តុ​ភាគ​តិចតួច​កើតមាន​ជា​រឿង​ធម្មតា ប៉ុន្តែ​មិនមាន​អ្វី​ធ្ងន់ធ្ងរ​គួរ​ឲ្យ​បារម្ភ​នោះទេ ព្រោះ​យើង​បាននិងកំពុង​ធ្វើកា​រយ៉ា​ង​សកម្ម​ដើម្បី​ធានា​ភាពសុខសាន្ត​របស់​ពល​រដ្ឋ​នៅ​មូលដ្ឋាន អ្នក​ទេសចរណ៍ និង​អ្នកវិនិយោគ​នានា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here