ដោយៈគង់ សូរិយា
ភ្នំពេញៈ បុរី១០០ខ្នង ដែលបច្ចុប្បន្នស្ថិតក្នុងសង្កាត់ទឹកថ្លា បាននិងកំពុងបាត់រូបរាងបណ្តើរៗ ប៉ុន្តែកេរ្ត៍ឈ្មោះ និងទីតាំងនេះនៅតែស្ថិតនៅយ៉ាងរសរវើក។
ដោយៈគង់ សូរិយា
ភ្នំពេញៈ បុរី១០០ខ្នង ដែលបច្ចុប្បន្នស្ថិតក្នុងសង្កាត់ទឹកថ្លា បាននិងកំពុងបាត់រូបរាងបណ្តើរៗ ប៉ុន្តែកេរ្ត៍ឈ្មោះ និងទីតាំងនេះនៅតែស្ថិតនៅយ៉ាងរសរវើក។
បុរី១០០ខ្នង ជាស្នាដៃរបស់បិតាស្ថាបត្យករខ្មែរ ដ៏ល្បីឈ្មោះលោក វណ្ណ ម៉ូលីវណ្ណ។ សំណង់បុរី ១០០ខ្នងគឺជាស្នាដៃ របស់បិតាស្ថាបត្យករខ្មែរ បានសាងសង់ចាប់ពីឆ្នាំ១៩៦៥ ដល់១៩៦៧។
យោងតាមឯកសារប្រវត្តិបុរីនេះធនាគារជាតិ នៃកម្ពុជាបានជ្រើសរើសយកលោកវណ្ណ ម៉ូលីវណ្ណ ដើម្បីអនុវត្តគម្រោងឯកជនមួយ គឺសាងសង់លំនៅឋាន សម្រាប់បុគ្គលិករបស់ខ្លួននៅទឹកថ្លា តាមបណ្ដោយផ្លូវទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ពាក្យថាបុរី១០០ខ្នង គឺកើតចេញពីការសាងសង់ផ្ទះ ចំនួន១០០ខ្នងនៅលើផ្ទៃដីទំហំ៦.៥ហិកតា។ បុរី ១០០ខ្នងផ្តល់នូវប្រភេទសំណង់លំនៅឋានសម័យថ្មី បែបផ្ទះល្វែង។ ប្លង់ផ្ទះធ្វើទៅតាមលំនាំផ្ទះឈើ បែបខ្មែរ ដែលមានបន្ទប់គេងតូចមួយ មានបន្ទប់ទទួលភ្ញៀវធំ ដែលខណ្ឌដាច់ពីបន្ទប់ផ្សេងៗទៀត ដូចជាផ្ទះបាយ និងបន្ទប់ទឹកដោយយ៉មួយ។ ដំបូលលៀនចេញពីជញ្ជាំងផ្ទះដើម្បីការពារភ្លៀង និងថ្ងៃ។
សំណង់បុរីនេះ មានសសរធ្វើឲ្យផ្ទះខ្ពស់ពីដី ចៀសផុតទឹកជំនន់ និងធ្វើឲ្យមានម្លប់នៅខាងក្រោមផ្ទះ។ ផ្ទះនីមួយៗ ក្នុងចំណោមផ្ទះទាំងអស់ គឺដូចៗគ្នា និងមានព្រំកំណត់ច្បាស់លាស់។ ដំបូលធ្វើយ៉ាងណាឲ្យមានខ្យល់ចូលតាមក្រោម ហើយចេញទៅវិញតាមប្រឡោះមួយនៅខាងលើ។ នេះបើតាមប្រវត្តិរបស់បុរី ១០០ខ្នងដែលត្រូវបានចងក្រង ដោយស្ថាបត្យករជំនាន់ក្រោយ ក្រោមគម្រោងវណ្ណ ម៉ូលីវណ្ណ។
លក្ខណៈពិសេសមួយទៀត គឺនៅទីធ្លាផ្ទះគឺត្រូវមានស្រះទឹកមួយ ដែលនេះ ជាការគិតគូរទៅដល់អាងស្តុកទឹកភ្លៀង និងកន្លែងស្តុកទឹកសម្រាប់ប្រើប្រាស់។
ចំពោះទិដ្ឋភាពប្លង់រួមបុរី ១០០ខ្នង គឺវាមានលក្ខណៈពិសេសយ៉ាងខ្លាំង ដោយសារតែជួរផ្ទះរត់ឆ្លះគ្នា ដែលធ្វើឲ្យមានលំហូរចរន្តខ្យល់ រត់កាត់ទៅតាមទីតាំងនីមួយៗ។ ការរចនានេះវាបានធ្វើឲ្យពន្លឺធម្មជាតិ ជ្រៀតចូលទៅក្នុងផ្ទះ ព្រោះមិនមានផ្ទះដែលនៅជិតបាំងឡើយ ហើយវាបានជួយរក្សាឯកជនភាពរបស់ម្ចាស់ផ្ទះដែរ ព្រោះនៅពេលដែលបើកបង្អួច គឺមិនឃើញបង្អួចផ្ទះដែលនៅជិតបានដោយផ្ទាល់ទេ។
ផ្ទះនីមួយៗ មានបណ្ដោយទំហំប្រមាណ១១ម៉ែត្រ និងទទឹង៨ម៉ែត្រ។ ចំណែកការរចនា ផ្ទះនេះវិញ គឺផ្អែកទៅលើគោលគំនិតផ្ទះឈើប្រពៃណីខ្មែរ ដែលមានជាន់ លើសង់លើសសរខ្ពស់ផុតពីដី និងមានផ្នែកទូលាយនៅជាន់ផ្ទាល់ដី ដោយធ្វើទំនើបកម្មផ្ទះបុរាណខ្មែរ និងច្នៃប្រឌិតឲ្យសមស្របទៅនឹងបរិបទខ្មែរសម័យទំនើបផងដែរ។
គោលគំនិតទាំងអស់នោះមានដូចជា ការប្រើប្រាស់បេតុងជាគ្រឿងបង្គុំសំខាន់ ជំនួសឲ្យឈើធ្វើឲ្យគុណភាព សំណង់គង់វង្សបានយូរ។ ការរចនាបង្អួចអោយមានទំហំធំជាងមុន ដើម្បីឲ្យពន្លឺនិងខ្យល់ធម្មជាតិចូលក្នុងលំហផ្ទះគ្រប់គ្រាន់ផងដែរ។
ទម្រង់ដំបូលមានរាងប្លែកលក្ខណៈជាដំបូលប៉ិត។ ផ្នែកដំបូលនេះក៏បានដើរតួយ៉ាងសំខាន់ផងដែរ ក្នុងការរក្សាសីតុណ្ហភាពខាងក្នុងផ្ទះ ឲ្យត្រជាក់ ព្រោះជាធម្មតាខ្យល់ក្តៅ តែងតែនៅលើខ្យល់ត្រជាក់ ដូចនេះធ្វើឲ្យកម្តៅមានច្រើននៅផ្នែកខាងដំបូល ហើយបានធ្វើឲ្យលំហខាងក្នុងផ្ទះកើនឡើងកម្តៅ។
លោកវណ្ណ ម៉ូលីវណ្ណបានរចនាដំបូល ឲ្យមានប្រហោងស្លាបព្រិលឈើនៅផ្នែកចុងដំបូល ដើម្បីឲ្យខ្យល់ក្តៅហូរចេញបាន។ លើសពីនេះទៀតគម្លាតដំបូលមានប្រវែង វែងជាងគម្លាតដំបូលផ្ទះធម្មតា ដែលការរចនានេះបានកាត់បន្ថយកម្តៅ ពីព្រះអាទិត្យដោយផ្ទាល់ ដែលជ្រាបចូលទៅខាងក្នុងផ្ទះ។ នៅលើដំបូលក៏ត្រូវបានបំពាក់បំពង់ផ្សែង នៅលើផ្ទះបាយដើម្បីអាចស្រូបយកផ្សែងនិងក្លិនដែលចម្អិនអាហារចេញពីផ្ទះផងដែរ។
ការរចនារៀបចំមុខងារ នៅខាងក្នុងផ្ទះបានបែងចែក លំហជាពីរផ្នែកគឺ៖ ផ្នែកចម្បងនិងផ្នែកធម្មតា។ លំហផ្នែកចម្បងគឺមានកន្លែងដូចជា បន្ទប់ជួបជុំគ្រូសារ បន្ទប់គេង និងមានជណ្តើរសម្រាប់ផ្នែកនេះផងដែរ ហើយវាក៏ខ្ពស់ជាងផ្នែកធម្មតាហើយត្រូវបានក្រាលដោយឈើធម្មជាតិ។
ចំណែកឯផ្នែកធម្មតាគឺមានកន្លែងដូចជា បន្ទប់ទឹក បន្ទប់ចម្អិនអាហារ រានហាល និងមានជណ្តើរសម្រាប់ផ្នែកនេះផ្ទាល់ដែរ ដោយសារតែផ្នែកនេះងាយប៉ះពាល់នឹងទឹកដូចនេះលោក វណ្ណ ម៉ូលីវណ្ណ បានប្រើបេតុងជំនួសវិញ ព្រោះតែបេតុងអាចធន់នឹងទឹកបាន។
ផ្នែកទាំងពីរនេះ មានជណ្តើររៀងៗខ្លួន ដែលការរចនានេះបានបញ្ជាក់ឲ្យយើងឃើញពីការគិតគូរ ទៅលើភាពងាយស្រួលក្នុងការប្រើប្រាស់។ ចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះ គឺការដាក់បង្អួចមិនឲ្យចំគ្នា គឺដើម្បីឲ្យចរន្តខ្យល់ធម្មជាតិ បានរត់កាត់ពាសពេញលំហ ខាងក្នុងផ្ទះបានល្អ។
បច្ចុប្បន្នសំណង់បុរី១០០ខ្នងមួយចំនួនធំ គឺត្រូវបានផ្លាស់ប្តូររូបរាងដើមអស់ទៅហើយ។ ទោះជាយ៉ាង ណាក៏ដោយធាតុដើមនៃសំណង់បុរី ១០០ខ្នង គឺជាបុរីគំរូចំណាស់មួយ ដែលបានគិតគូរយ៉ាងល្អខ្លាំង ទៅលើការប្រើប្រាស់ មុខងារ សោភ័ណភាព ការឆ្លើយតបទៅនឹងអាកាសធាតុក្នុងប្រទេសកម្ពុជា និងបានបង្ហាញពីអត្តសញ្ញាណខ្មែរផងដែរ៕
ប្រភព ArchCambodia