រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ចាត់ទុក​វេទិកា​បូ​អាវ​សម្រាប់​អាស៊ី ជា​ឱកាស​សម្រាប់​កម្ពុជាទាក់ទាញ​វិនិយោគិន

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បានបង្ហាញ​ជំនឿ​ថា វេទិកា​បូ​អាវ​សម្រាប់​អាស៊ី នឹង​ផ្តល់​កាលានុវត្តភាព​ធំធេង​សម្រាប់​កម្ពុជា ក្នុងការ​ទាក់ទាញ​វិនិយោគិន​កាន់តែច្រើន​ពី​ប្រទេស​ចិន និង​ជា​ស្ពាន​សម្រាប់​ត​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​នៅក្នុង​តំបន់ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​ពិភពលោក​កំពុង​ជួបប្រទះ។

នៅក្នុង​ពិធី​បើក​វេទិកា​បូ​អាវ​សម្រាប់​សន្និសីទ​អាស៊ី-ភ្នំពេញ ក្រោម​ប្រធានបទ «រួមគ្នា​ដើម្បី​ការអភិវឌ្ឍ និង​ឈ្នះ-ឈ្នះ ប្រឹងប្រែង​ទាំងអស់គ្នា​ដើម្បី​នាំមក​នូវ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ចិន-កម្ពុជា ក្នុង​សម័យកាល​ថ្មី» ដែល​រៀបចំឡើង​សណ្ឋាគារ​សូ​ហ្វី​តែ​ល កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​នេះ លោក រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បានលើកឡើង​ពី​គោលបំណង​រួម​នៃ​វេទិកា​បូ​អាវ​សម្រាប់​អាស៊ី និង​គំនិត​ផ្តួចផ្តើម​ថ្មី​របស់លោក​ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន ដែល​បាន​ស្នើឱ្យ​ពង្រីក​ការបើកចំហ កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ រវាង​ប្រទេស​នៅក្នុង​តំបន់​អាស៊ី ដែល​នឹង​ក្លាយជា​ឱកាស​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​សមាជិក​ដទៃទៀត។

លោក​រដ្ឋមន្ត្រី​បន្តថា “នៅក្នុង​ចំណោម​ប្រទេស​ទាំង២៩ ដែល​បាន​ព្រមព្រៀង​បង្កើត​វេទិកា​បូ​អាវ​សម្រាប់​អាស៊ី កម្ពុជា​គឺជា​ប្រទេស​ដែល​ទទួលបាន​អត្ថប្រយោជន៍ ពី​គម្រោង «ផ្លូវ១ខ្សែក្រវ៉ាត់១» និង​មាន​កំណើនសេដ្ឋកិច្ច​រឹង​មាំ នៅក្នុង​ចំណោម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​លូតលាស់​លឿន​ជាងគេ​នៅ​អាស៊ី។

លោក​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ដល់​តំណាង​វិស័យ​ឯកជន​កម្ពុជា និង​សហគ្រាស-ក្រុមហ៊ុន​ប្រទេស​ចិន ក៏ដូចជា​បណ្តា​ប្រទេស​សមាជិក​នៃ​វេទិកា​បូ​អាវ ប្រើប្រាស់​ឱកាស​ជួបជុំគ្នា​ថ្ងៃនេះ ដើម្បី​បន្ត​វប្បធម៌​សន្ទនា និង​ចែករំលែក ព្រមទាំង​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ដើម្បី​ផលប្រយោជន៍​រួម​នៅក្នុង​តំបន់ ក៏ដូចជា​ក្នុង​សកលលោក។

វេទិកា​បូ​អាវ​សម្រាប់​អាស៊ី (BFA) គឺជា​អង្គការក្រៅរដ្ឋាភិបាល​អ​ន្ដ​រ​ជាតិ មិន​ស្វែងរក​ប្រាក់ចំណេញ ដែលមាន​កាលបរិច្ឆេទ​រៀបចំ​សន្និសីទ​ច្បាស់លាស់ និង​មាន​ទីស្នាក់ការ​អចិន្ត្រៃយ៍​នៅ​ទីក្រុង​បូ​អាវ ខេត្ត​ហៃ​ណាន​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

វេទិកា​នេះ​ត្រូវបាន​ផ្តួចផ្តើម​បង្កើតឡើង​នៅក្នុង​ឆ្នាំ១៩៩៨ ដោយ​លោក Fidel V. Ramos អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Bob Hawke អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី និង​លោក Morihiro Hosokawa អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន និង​មានការ​គាំទ្រ​ពី ឯកឧត្តម ហ៊ូ ជីន​តាវ អតីត​ប្រធានាធិបតី​ចិន។

វេទិកា​នេះ ត្រូវបាន​បើកសម្ពោធ​ជា​ផ្លូវការ នៅ​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០០១ ហើយ​បានផ្តល់​ឱកាស​ដល់​ប្រមុខ​រដ្ឋាភិបាល ថ្នាក់ដឹកនាំ​វិស័យ​ឧស្សាហកម្ម​និង​ធុរកិច្ច និង​ប​ញ្ញ  វ័​ន្ត​ក្នុង​ទ្វីបអាស៊ី និង​ទ្វីប​ដទៃទៀត​សន្ទនា​គ្នា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ សំដៅ​សម្រេចបាន​នូវ​ការអភិវឌ្ឍ​រួម តាមរយៈ​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច ទៅក្នុង​តំបន់ និង​ពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here