លោកស្រីតាំង ហួរៈទីផ្សារដីធ្លីក្នុងទីក្រុងភ្នំពេញមានសញ្ញាងើបឡើងវិញ

0

ដោយៈវិវឌ្ឍន៍

       ភ្នំពេញៈ អគ្គនាយិកាក្រុមហ៊ុនAMATAK Property Serviceលោកស្រីតាំង ហួរ បានមានប្រសាសន៍ឲ្យដឹងថា ទីផ្សារអចលនទ្រព្យនៅតំបន់នានា នៃទីក្រុងភ្នំពេញបានចាប់ផ្តើមងើបឡើងវិញខ្លះៗហើយ។

លោកស្រីបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីចុងសប្តាហ៍មុនថា នៅទីក្រុងភ្នំពេញ ពិសេសតំបន់ក្នុងទីក្រុងតម្លៃដីមិនកើនឡើងនោះទេ ប៉ុន្តែចលនាទិញ លក់ បានចាប់ផ្តើមកំរើកឡើងវិញបន្តិចៗវិញហើយ ដោយអ្នកវិនិយោគ ដែលមើលឃើញឱកាសចំណេញ​ ពួកគេ​នៅតែបន្តការវិនិយោគ។

លោកស្រីបន្តថា “ចរន្តទិញលក់កើតមានច្រើន គឺអ្នកស្វែងរកដីដែលមានតម្លៃល្អ ឬតម្លៃទាបជាងទីផ្សារ ដែលពួកគេមើលឃើញពីផលចំណេញនាពេលអនាគត”។

លោកស្រីតាំង ហួរបានបន្តទៀតថា ក្រៅពីតំបន់ក្នុងទីក្រុង តំបន់ស្ថិតនៅឆ្ងាយពីរាជធានី ពិសេសតំបន់ជាយៗក្រុងភ្នំពេញ នៅតែមានឱកាសចំណេញ ដែលធ្វើឲ្យអ្នកវិនិយោគក្នុងស្រុក នៅតែទទួលបានផលចំណេញ ជាហេតុដែលធ្វើឲ្យពួកគេវិនិយោគ លើដីដែលមានតម្លៃទាបជាងទីផ្សារ ពិសេសដី ដែលជាករណីលក់ប្រញាប់ និងដីដែលមានទីតាំងល្អប្រសើរ ដែលមានសន្ទុះទីផ្សារនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here