អ្នកជំនាញ: ទីផ្សារការិយាល័យក្នុងក្រុងភ្នំពេញងើបឡើងយឺតជាងការរំពឹងទុកក្នុងដើមឆ្នាំ២០២២

0

ដោយៈ សុផារី

ភ្នំពេញៈ អវត្តមាននៃភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគបរទេសដោ​យសារវិបត្តិកូវីដ១៩ ក្នុងរយៈពេលជាង២ឆ្នាំនេះ បានធ្វើឱ្យទីផ្សារជួលមានភាពស្ងប់ស្ងាត់ខ្លាំងជាងទីផ្សារផ្សេងទៀត នៅក្នុងវិស័យអចលនទ្រព្យកម្ពុជា។

អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើនរូប បានសំដែលនូវសុទិដ្ឋិ​និយម ចំពោះការងើបឡើងវិញនៃវិស័យអចលនទ្រព្យ នៅដើមឆ្នាំ២០២២នេះ ដែលត្រូវបានជំរុញដោយកំណើនវិនិយោគក្នុងស្រុក និងការបើកប្រទេ​សស្វាគមន៍ភ្ញៀវទេសចរបរទេសឡើងវិញ។

យ៉ាងណាក្តី ស្របពេលលំហូរទេសចរណ៍ ចូលមកកម្ពុជាចាប់ផ្តើមមានសញ្ញាវិជ្ជមានបណ្តើរៗ អ្នកជំនាញនៅតែមើលឃើញពីការងើបឡើងវិញយឺតនៃទីផ្សារជួលនៅកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ។

លោក ប៉ូវ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia កាលពីសប្តាហ៍មុនថា ការអូសបន្លាយនៃជំងឺកូវីដ១៩បានធ្វើឱ្យទីផ្សារជួល ជាពិសេសការជួលការិយាល័យមិនទាន់មានអ្វីប្រែប្រួលខ្លាំងនោះឡើយ។ យើងគិតថា វាដូចជាសញ្ញាវិជ្ជមាន ដែលកើតមានឡើងនៅក្នុងដើមឆ្នាំ២០២២នេះ តែគ្រប់យ៉ាងត្រូវបានអូសបន្លាយព្រោះតែអូមីក្រុង។

បើសង្កេតលើអត្រាជួល (Occupancy Rate) នៃអគារការិយាល័យដែលនៅទំនេរចាប់ពីចុងឆ្នាំ២០២១ រហូតដល់ដើមខែមីនា លោកមើលឃើញថា អត្រានៃការជួលមានតិចតួចណាស់។

លោកមានប្រសាសន៍បន្ថែមថា ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងកូវីដ១៩ ប្រភេទបំប្លែងថ្មីអូមីក្រុង នៅក្នុងខែកុម្ភៈនេះ សង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនបានធ្វើឱ្យរង្គើរ ដល់ប្រព័ន្ធថាមពលពិភពលោក និងស្តុកមួយចំនួនផងដែរ។

លោកបន្តថា បញ្ហាខាងលើនេះបណ្តាល ឱ្យប៉ះពាល់ដល់ចរន្តនៃការទូទាត់ក្នុងប្រព័ន្ធហិរញ្ញវត្ថុ និងអារម្មណ៍របស់មនុស្សទូទៅ។ មិនថាអ្នកវិនិយោគក្រៅស្រុកឬក្នុងស្រុកនោះទេ បញ្ហានេះបណ្តាលឱ្យទិសដៅនៃការប្រើប្រាស់ទុនវិនិយោគ កាន់តែមានការប្រុងប្រយ័ត្នបន្ថែមទៀត ដែលសាងទៅជារបាំងមួយថ្មីក្នុងវិស័យអចលនទ្រព្យ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យមួយរូបទៀតគឺ លោកស្រី តាំង ហ៊ួរ ដែលជាអគ្គនាយិកាក្រុមហ៊ុន Amatak Property Service Co, Ltd បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ទីផ្សារជួលក្នុងរាជធានីភ្នំពេញនៅដើមឆ្នាំ២០២២នេះ បានត្រលប់មកវិញ តែស្ថិតនៅក្នុងអត្រាទាប។

លោកស្រីបានមានប្រសាសន៍ថា “Office Space មិនសូវមានគេសួររកនោះទេ ភាគច្រើនគេសួររកឃ្លាំង ផ្ទះក្នុងក្រុងដើម្បីធ្វើអាជីវកម្មច្រើនជាង”។ លោកស្រីបន្តថា “ទាក់ទងនឹងតម្រូវការ office space មិនសូវមានតម្រូវការទេ មានតិច មិនទាន់មានភាពប្រសើរនោះទេ”។

កន្លងមក ទីផ្សារជួលអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាភាគច្រើនពឹងផ្អែកលើអតិថិជន ដែលជាជនជាតិបរទេស។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានធ្វើព្យាករណ៍ថា នៅក្នុងឆ្នាំ ២០២២នេះ ការផ្គត់ផ្គង់ការិយាល័យនឹងធ្លាក់ចុះពីពាន់ម៉ែត្រការ៉េ នៅក្នុងឆ្នាំ២០២១ ដល់៩៧ពាន់ម៉ែត្រការ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here