អ្នកឧកញ៉ាលី ហួរ បង្ហើបពីគម្រោងវិនិយោគបុរី និងផ្សារនៅទីរួមខេត្តត្បូងឃ្មុំ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រធានបុរីវិមានភ្នំពេញ អ្នកឧកញ៉ាលី ហួរ បានបង្ហើបពីគំរោងវិនិយោគបុរី និងផ្សារនៅទីរួមខេត្តត្បូងឃ្មុំ ដែលនឹងធ្វើឡើងនៅពេលខាងមុខនេះ។

អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីសប្តាហ៍មុនថា កាលពីពេលថ្មីៗនេះ លោកបានអភិវឌ្ឍន៍ និងវិនិយោគបុរិវិមានភ្នំពេញ នៅទីរួមស្រុកស្នូល ក្នុងខេត្តក្រចេះ ដើម្បីផ្តល់លំនៅដ្ឋានដែលមានស្តង់ដា ផាសុខភាព និងអាចប្រកបអាជីវកម្មសំរាប់ប្រជាពលរដ្ឋ ប៉ុន្តែសំរាប់គំរោងនៅទីរួមខេត្តត្បូងឃ្មុំថ្មី យើងនឹងរៀបចំនាពេលខាងមុខនេះ។

លោកបន្តថា “យើងត្រូវសិក្សាទីផ្សារឲ្យបានច្បាស់លាស់ ព្រោះដីយើងមានរួចហើយ ហេតុនេះបើស្ថានភាពសេដ្ឋកិច្ចល្អ ចប់សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន យើងនឹងរៀបចំគំរោងអភិវឌ្ឍន៍នៅទីនោះ”។

នៅពេលសួរថា តើគំរោងអាចនឹងចាប់ផ្តើមឡើងនៅពេលណា? អ្នកឧកញ៉ាលី ហួរ បានមានប្រសាសន៍ថា គំរោងវិនិយោគនៅមូលដ្ឋានខាងលើនេះ អាចនឹងចាប់ផ្តើមនៅរយៈពេល២ទៅ៣ឆ្នាំខាងមុខនេះ។

កាលពីពេលថ្មីៗនេះ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ទើបបានសម្ភោធ ដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ដែលជាអំណោយរបស់រដ្ឋាភិបាលចិន នៅទីរួមខេត្តត្បូងឃ្មុំ ដែលចំណាយទុនវិនិយោគអស់ប្រមាណ៥០លានដុល្លារអាមេរិក។ មន្ទីរពេទ្យនេះ នឹងដើរតួនាទីសំរាប់កម្រិតតំបន់ផងដែរ មិនត្រឹមតែបំរើការពិនិត្យ ព្យាបាល និងថែរទាំអ្នកជំងឺនៅខេត្តត្បូងឃ្មុំតែមួយនោះទេ។

ខេត្តត្បូងឃ្មុំ ត្រូវបានរដ្ឋាភិបាលបំបែកចេញពីខេត្តកំពង់ចាម ដោយផ្នែកខាងត្បូងទន្លេមេគង្គ រួមមាន ក្រុងសួង ស្រុកពញ្ញាក្រែក ដំបែរ មេបត់ ក្រូចឆ្មារ ស្រុកអូរាំងឳ ត្រូវបានកាត់បញ្ចួលមកកាន់ខេត្តត្បូងឃ្មំ ពិសេសទីរួមខេត្តនេះ ស្ថិតនៅទីប្រជុំ ឬចំណុចប្រសព្វរវាងក្រុងសួង ស្រុកពញ្ញាក្រែក និងស្រុកដំបែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here