ដោយ៖ សុផារី
កែប៖ ក្រសួងបរិស្ថានស្នើឱ្យពលរដ្ឋឈប់ចាញ់បោកមេខ្យល់ឬក្រុមជនខិលខូច ដោយនាំគ្នាទៅទិញដីឬទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ គ្មានជនណាម្នាក់មានសិទ្ធិទិញឬលក់ដីធ្លីនៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះនៅតាមបណ្ដាខេត្តនានាបានឡើយ ព្រោះមិនមានការទទួលស្គាល់ឡើយ ហើយអាចនឹងប្រឈមមុខនឹងវិធានការច្បាប់ថែមទៀតផង។
នេះបើការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិនៅរដ្ឋបាលខេត្តកែប។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា “គ្មានជនណាម្នាក់មានសិទ្ធិទិញឬលក់ដីធ្លីនៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះនៅតាមបណ្ដាខេត្តនានាបានឡើយ ហើយក្រសួងបរិស្ថានស្នើឱ្យពលរដ្ឋឈប់ចាញ់ បោកមេខ្យល់ ឬក្រុមជនខិលខូច ដោយនាំគ្នាទៅទិញដី ឬ ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ព្រោះមិនមានការទទួលស្គាល់ឡើយ មិនតែប៉ុណ្ណោះអាចនឹងប្រឈមមុខនឹងវិធានការច្បាប់ថែមទៀតផង”។
លោកបានមានប្រសាសន៍ថា “សូមស្នើដល់រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលស្រុក បញ្ឈប់រាល់ការចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដីជាអាទិ៍ នៅលើដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៃដែនសមត្ថកិច្ចរបស់ខ្លួន”។
លោកបានឱ្យដឹងថា មានក្រុមជនខិលខូចមួយចំនួនបានប្រើប្រាស់ប្រជាពល រដ្ឋដោយការជួលឱ្យទន្ទ្រានដីឱ្យខ្លួនលក់ក្នុងតម្លៃថោកៗ និងពេលខ្លះប្រើប្រាស់ពលរដ្ឋដើម្បីជាខែលក្នុងការតវ៉ាជាមួយអាជ្ញាធរដើម្បីស្នើសុំកាត់ឆ្វៀលដីឱ្យខ្លួនថែមទៀតផង។
លោកក៏បានអំពាវនាវដល់ក្រុមជនខិលខូចគួរបញ្ឈប់វប្បធម៌ចូលទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់ ហើយពេលខ្លះប្រើប្រាស់ឯកសារក្លែងក្លាយដើម្បីទាមទារកាត់ឆ្វៀលដីមកធ្វើកម្មសិទ្ធិ។ មានករណីមិនប្រក្រតីជាច្រើនត្រូវបានរកឃើញ ហើយសមត្ថកិច្ចបាននិងកំពុងចាត់ការតាមនីតិវិធីច្បាប់។
លោកបានថ្លែងថា ដើម្បីធ្វើការការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព គឺតម្រូវឱ្យមានការចូលរួមចំណែកពី គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទើបអាចសម្រេចតាមផែនការនិងគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។