វិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនធ្វើឱ្យតម្លៃសាងសាង់ផ្ទះនៅថៃហក់ឡើងខ្ពស់មិនធ្លាប់មាន

0

ដោយៈសុខុម

បាងកក: យោងតាមសមាគមក្រុមហ៊ុនសាងសង់ផ្ទះ (Home Builder Association) នៃប្រទេសថៃបានឱ្យដឹងថា តម្លៃសាងសង់ផ្ទះនឹងហក់ឡើងចន្លោះពី៥%ទៅ៨%បន្ទាប់ពីវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានធ្វើឱ្យតម្លៃដែក និងប្រេងឥន្ធនៈហក់ឡើងថ្លៃជាង៥០%ក្នុងរយៈពេលមិនដល់មួយខែផង។

លោក Woravut Kanjanakul ប្រធានសមាគមនេះថ្លែងថា តម្លៃដែកដែលស្មើនឹង២០% នៃតម្លៃសាងសង់ផ្ទះបានហក់ឡើងថ្លៃរហូតដល់ទៅ៥០% ចាប់តាំងពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បានផ្ទុះឡើងកាលពី៣សប្តាហ៍មុន។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅសប្ដាហ៍នេះ។

លោកលើកឡើងថា ទោះបីជាតម្លៃដែកពីមុន ធ្លាប់ហក់ឡើងដល់ទៅទ្វេដងក្នុងពេលមួយឆ្នាំក្ដី ក៏តម្លៃសាងសង់ផ្ទះនៅទ្រឹង សូម្បីអំឡុងពេលរីករាលដាលវីរុសកូវីដ-១៩ក្ដី។ ប្រសិនបើតម្លៃហក់ឡើងម៉្លេះតម្រូវការធ្លាក់ចុះនៅពេលនោះមិនខាន។

លោកបន្ថែមទៀតថា “តម្លៃលំនៅដ្ឋាន នឹងលែងអាចគ្រប់គ្រងបានទៀតហើយ នៅពេលការហក់ឡើងថ្លៃសាងសង់ផ្ទះ ក៏បណ្ដាលមកពីតម្លៃប្រេងឥន្ធនៈ ដែលធ្វើឱ្យប៉ះពាល់ទាំងថ្លៃដឹកជញ្ជូន និងតម្លៃផលិតកម្ម។ តម្លៃសាងសង់ផ្ទះនឹងហក់ឡើងជាង១០% ឬខ្ពស់ជាងនេះ ប្រសិនបើប្រាក់ឈ្នួលកម្លាំងពលកម្មកើនឡើងដែរ”។

បច្ចុប្បន្នតម្លៃលំនៅដ្ឋាន ដែលផ្តល់ដោយក្រុមហ៊ុនសាងសង់ផ្ទះ គឺមានចាប់ផ្តើមពី១៨.០០០បាត (៥៤១ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េនៅទីក្រុងបាងកក និង១៥.០០០បាត (៤៥១ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េនៅតាមបណ្ដាខេត្ត។

លោក Woravut Kanjanakul បានថ្លែងថា តម្រូវការផ្ទះដែលសង់ខ្លួនឯង អាចប្រហែលជាធ្លាក់ចុះ នៅពេលភ្លើងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងបន្តឆាបឆេះជះផលប៉ះពាល់ខ្លាំង មកលើតម្លៃសាងសង់ផ្ទះ និងទំនុកចិត្តអ្នកប្រើប្រាស់៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here