ក្រុមហ៊ុនអន្តរជាតិបង្ហាញពីកំណើននៃចំណូលបានមកពីវិស័យអចលនទ្រព្យនៅកម្ពុជា

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្រុមហ៊ុនមកពីប្រទេសសិង្ហបុរី Hong Lai Huat ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុនសិង្ហបុរី បានប្រកាសពីការងើបឡើងវិញនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដែលចំណូលក្រុមហ៊ុននេះបានកើនទ្វេដងកាលពីឆ្នាំ២០២១។

ក្រុមហ៊ុនបានឱ្យដឹងថា ចំណូលងើបឡើងវិញរបស់ក្រុមហ៊ុនសិង្ហបុរីនាពេលនេះ គឺដោយសារការលក់ដាច់ខ្លាំងនៃគម្រោងអចលនទ្រព្យរបស់ខ្លួននៅកម្ពុជា។

កត្តានេះបង្ហាញថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែជាទិសដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគពីអ្នកវិនិយោគបរទេស ក្នុងការបង្កើតប្រាក់ចំណេញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានមួយរបស់សិង្ហបុរី។

កាលពីឆ្នាំ២០២១ចំណូលពីការលក់របស់ក្រុមហ៊ុននេះសម្រេចបានប្រមាណជាង១៦លានដុល្លារ ដែលកើនពីជាង៧លានដុល្លារក្នុងឆ្នាំ២០២០។ ការកើនឡើងចំណូលពីការលក់បានធ្វើឱ្យកម្រិតប្រាក់ចំណេញដុល (GPM) របស់ក្រុមហ៊ុននេះកើនពីជិត៤០ភាគរយមក៦០ភាគរយ។ កម្រិតប្រាក់ចំណេញដុលគឺជាភាគរយនៃចំណូលបានពីការលក់ដែលនៅសល់បន្ទាប់ពីបានទូទាត់លើថ្លៃដើមរួច។

លោក Johnny Ong តំណាងក្រុមហ៊ុន Hong Lai Huat ត្រូវបានអ្នកសារព័ត៌មានដកស្រង់សម្តីដោយបញ្ជាក់ថា “កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងឆាប់រហ័ស ហើយប្រជាជនដែលមានចំណូលមធ្យមក៏មានការកើនឡើងច្រើនផងដែរ។ ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយនៅកម្ពុជា យើងជឿជាក់ថា ការរីកចម្រើន និងការវិនិយោគនៅកម្ពុជា នឹងបោះជំហ៊ានកាន់តែខ្លាំងថែមទៀតនាពេលខាងមុខ”។

អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើនក៏បានលើកឡើងផងដែរថា ទោះបីជាកម្ពុជាស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩អស់រយៈពេលជាង២ឆ្នាំហើយក្ដី ការលក់អចលនទ្រព្យកម្ពុជាមិនមែនស្ងាត់ជ្រងំនោះឡើយ។

លោក ឌឹត ចណ្ណា អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យឡាក់គី បានឱ្យដឹងថា ប្រទេសជិតខាងកម្ពុជាដូចជាថៃសកម្មភាពអចលនទ្រព្យឃើញថាហាក់ស្ងាត់ តែកម្ពុជានៅតែមានការទិញលក់ជាពិសេសទៅលើដីធ្លី សកម្មភាពនេះវាបង្ហាញពីតម្រូវការនៃការវិនិយោគ ការសាងសង់នានាជាដើម។

បើតាមរបាយណ៍របស់ធនាគារជាតិនៃកម្ពុជាក៏បានបង្ហាញពីកំណើននៃកម្ចីក្នុងវិស័យអចលនទ្រព្យផងដែរ ដោយក្នុងនោះកម្ចីភាគច្រើនគឺផ្ដោតទៅលើការទិញផ្ទះ ដូច្នេះវាក៏បានបង្ហាញពីសកម្មភាពនៃការសាងសង់លំនៅឋានកម្ពុជាបន្តទៅមុខទោះស្ថិតនៅក្នុងវិបត្តិកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here