ផែនការពង្រីករាជធានីកំពុងជួយបង្កើនតម្លៃដីនៅតំបន់ជាយៗក្រុង

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ផែនការពង្រីករាជធានីភ្នំពេញ នឹងធ្វើឱ្យតំបន់នៅជាយៗរាជធានីភ្នំពេញ កាន់តែមានតម្លៃខ្ពស់ឡើង ជាពិសេសនឹងទាក់ទាញការវិនិយោគលើវិស័យដីធ្លី និងអចលនទ្រព្យបន្ថែមផងដែរ។


ផែនការពង្រីកនាពេលអនាគត នឹងធ្វើឱ្យតំបន់ជាយៗរាជធានីភ្នំពេញនឹងកាន់តែខិតជិតតំបន់កណ្ដាលក្រុង តាមរយៈគម្រោងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធថ្មីៗរបស់រដ្ឋ។

យោងតាមការសិក្សារបស់ក្រុមហ៊ុន អចលនទ្រព្យអន្តរជាតិមួយ Century21 Zillion Holding កាលពីពេលថ្មីៗនេះបានបង្ហាញថា ខណ្ឌចំនួន៣នៅរាជធានីភ្នំពេញ នឹងធ្វើសន្ទុះនៃតម្លៃកាន់តែខ្ពស់ ក្នុងនោះរួមមានខណ្ឌព្រែកព្នៅ ខណ្ឌ កំបូល និងខណ្ឌដង្កោ ។

ខណ្ឌទាំងនេះ ត្រូវបានគេឃើញមានការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធច្រើន រួមទាំងគម្រោងធំ ៗរបស់រដ្ឋមួយចំនួនផងដែរ ដូចជា ផ្លូវក្រវ៉ាត់ក្រុងទី៣ រត់កាត់ខណ្ឌទាំងបី មានពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងខណ្ឌព្រែកព្នៅ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្រុកស្អាងជាប់ នឹងខណ្ឌដង្កោជាដើម។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance Realty បានមានប្រសាសន៍ថា ការរីកធំធាត់នៃរាជធានី ភ្នំពេញនឹងជះឥទ្ធិពលទៅដល់តំបន់ជាយក្រុង នឹងធ្វើឱ្យតំបន់ជាយក្រុង កាន់តែមានសន្ទុះតម្លៃដីធ្លីបន្ថែម ស្របតាមតម្រូវការ នៃការប្រើប្រាស់នៅតំបន់ទាំងនោះ ។ ការអភិវឌ្ឍនិងពង្រីកទីក្រុងនេះដែរ ក៏ទាមទារឱ្យមានការអភិវឌ្ឍបន្ថែម នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ប្រព័ន្ធទឹកស្អាត ប្រព័ន្ធភ្លើងបន្ថែមផងដែរ សម្រាប់សម្រួលដល់ការវិនិ យោគនិងការរស់នៅរបស់ប្រជាពលរដ្ឋ ទៅកាន់តំបន់ជាយក្រុង ។

ជាមួយគ្នានេះ លោកសន សៀប ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុន ឃីរៀលអ៊ីស្ទេត ក៏បានលើកឡើងផងដែរថា ចង់វិនិយោគដីធ្លីដែលចំណេញឆាប់គួរវិនិយោគដីធ្លី នៅតំបន់ជាយៗក្រុង ពីព្រោះដីជាយក្រុងនៅមានឱកាសឡើងថ្លៃបន្តទៀត ខណៈដីនៅកណ្ដាលក្រុង បានឡើងកំពូលមួយខ្ពស់និងមិនងាយឬឡើងតិចតួចប៉ុណ្ណោះ។

លោកបន្តថា ក្នុងចំណោមខណ្ឌនៅជាយក្រុង ខណ្ឌដង្កោជាតំបន់ដែលមានអត្រាកើនឡើងខ្ពស់ តែមិនមានន័យថាតម្លៃខ្ពស់នោះទេ ដោយ​សារតែសក្ដានុពលតំបន់មួយចំនួន នៅខណ្ឌដង្កោបានទាក់ទាញការវិនិយោគកាន់តែខ្លាំង។

ក្រសួងរៀបចំផែនដី នគរូបនីយកម្ម និងសំណង់កាលពីចុងឆ្នាំមុនបានបញ្ចេញពីផែនការប្រើប្រាស់ដីលំអិត និងផែនការអភិវឌ្ឍន៍រាជធានីភ្នំពេញ ក្នុងកាំរង្វង់៣០គីឡូម៉ែត្រការ៉េ ពីអ័ក្សវត្តភ្នំ ដែលផែនការនេះនឹងត្រូវធ្វើរហូតដល់ឆ្នាំ២០៣៥។

តាមផែនការនេះ រដ្ឋាភិបាលនឹងកាត់បញ្ចូលផ្នែកទាំងអស់ នៃទឹកដីខេត្តកណ្តាលភាគខាងជើង ចូលមកក្នុងដែនរដ្ឋបាលរាជធានីភ្នំពេញ នាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here