ដោយៈ សុផារី
ភ្នំពេញៈ មជ្ឈមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង២៧១ មេហ្គាម៉ល ដែលនឹងបញ្ចប់ការសាងសង់ឆាប់ៗខាងមុខនេះ កំពុងស្វែងរកក្រុមហ៊ុនម៉ៅការ សម្រាប់ការងាររៀបចំផ្នែកខាងក្នុង (fit-out) ដែលត្រូវមានបទពិសោធន៍លើការងារផ្នែក fit-out យ៉ាងតិច៥ឆ្នាំ និងមានក្រុមការងារផ្ទាល់ខ្លួនយ៉ាងតិច៥០នាក់ មកចូលរួមរៀបចំទីតាំងអាជីវកម្មដ៏សម្បូរបែបនេះ។
ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង បានសម្រុកសាងសង់ផ្សារទំនើបខ្នាតយក្ស២៧១ មេហ្គាលម៉ល ដែលស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងរាជធានីភ្នំពេញឱ្យបានរួចរាល់ តាមការគ្រោងទុកត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ បើទោះបីពិភពលោក កំពុងស្ថិតក្នុងវិបត្តិ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្តី។
ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាមជ្ឈមណ្ឌលផ្សារទំនើបខ្នាតអន្តរជាតិប្រកបដោយសក្ដានុពល ដែលមានទំហំរហូតដល់ទៅ១៦ម៉ឺនម៉ែត្រការ៉េ កម្ពស់៦ជាន់ និងត្រូវបានវិនិយោគអស់ទឹកប្រាក់ជាង១៥០លានដុល្លារអាមេរិក។
ផ្សារទំនើបនេះ នឹងមានទីតាំងអាជីវកម្មចំនួន២២៦ ទីតាំង សម្រាប់សំលៀកបំពាក់ ភោជនីយដ្ឋាន ផ្សារទំនើប កន្លែងកម្សាន្ត រោងភាពយន្ត ធនាគារ សេវាកម្មសាធារណៈ និងអាជីវកម្មជាច្រើនទៀតដែលនឹងធ្វើឲ្យតំបន់ភាគខាងត្បូង នៃរាជធានីភ្នំពេញ ក្លាយជាតំបន់ពាណិជ្ជកម្មដ៏ទំនើប។
ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាគម្រោងផ្សារទំនើបធំជាងគេរបស់ ជីប ម៉ុង រីថែល ដែលជាក្រុមហ៊ុនឈានមុខគេមួយលើការអភិវឌ្ឍលើមជ្ឈមណ្ឌល ផ្សារទំនើបពាណិជ្ជកម្ម ជីប ម៉ុង Supermarket និង ជីប ម៉ុង Express៕