ទីផ្សារដីធ្លីនៅប្រទេសចិន ក្នុងត្រីមាសទី១ឆ្នាំនេះដាំក្បាលចុះខ្លាំង ទោះមានវិធានការបន្ធូរបន្ថយ

0

ដោយៈសុខុម

ប៉េកាំង: ទិន្នន័យផ្លូវការសម្រាប់ខែមករា ដល់ខែកុម្ភៈ ដើមឆ្នាំ២០២២ បានបង្ហាញកាលពីថ្ងៃសុក្រ ទី១៨ មីនា ថា ប្រាក់ចំណូលពីការលក់ដីធ្លីរបស់ប្រទេសចិន បានធ្លាក់ចុះខ្លាំងធៀបនឹងឆ្នាំមុន ហើយនេះសរបង្ហាញថា ទីផ្សារអចលនទ្រព្យដ៏ធំរបស់ចិន ដែលជាវិស័យដ៏សំខាន់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច នៅតែបន្តចុះខ្សោយ។

ប្រាក់ចំណូលពីការលក់ដីធ្លី របស់រដ្ឋាភិបាលក្រុងប៉េកាំង បានធ្លាក់ចុះខ្លាំង រហូតដល់ទៅ២៩,៥% មកនៅត្រឹម១២៤,៥២ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល២ខែដើមឆ្នាំ២០២២ បន្ទាប់ពីហក់ឡើង២,១៦%កាលពីខែធ្នូ។ តួលេខនេះបង្ហាញពីការធ្លាក់ចុះខ្លាំង បើធៀបនឹងចំណូល១៧៦,៦៤ពាន់លានដុល្លារអាមេរិក បានពីការលក់ដីធ្លីក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

វិស័យអចលនទ្រព្យរបស់ប្រទេសចិន បានធ្លាក់ដាំក្បាលចុះខ្លាំងអស់រយៈពេលជាច្រើនខែ រហូតមកទល់ពេលនេះ នៅពេលយុទ្ធនាការរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីកាត់បន្ថយកម្រិតបំណុលខ្ពស់ខ្លាំង របស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ បានបណ្ដាលឱ្យមានវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ ក្នុងទីផ្សារអចលនទ្រព្យ ដែលនាំឲ្យ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗ ខកខានទូទាត់សងថ្លៃមូលបត្របំណុល ហើយគម្រោងអភិឌ្ឍន៍នានាត្រូវបានផ្អាក ឬទុកចោលកណ្ដាលទី។

ជាការឆ្លើយចំពោះវិបត្តិនេះ រដ្ឋាភិបាលបានដាក់ចេញវិធានការបន្ធូរបន្ថយជាបន្តបន្ទាប់ ដើម្បីសម្រាលវិបត្តិសាច់ប្រាក់ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗ និងដើម្បីធ្វើឱ្យអ្នកទិញមានទំនុកចិត្តឡើងវិញ រួមទាំងការតម្រូវឱ្យបង់ប្រាក់ដើម តិចជាងមុនសម្រាប់ការបង់រំលស់ផ្ទះ និងការបញ្ចុះអត្រាការប្រាក់សម្រាប់កម្ចីទិញផ្ទះផងដែរ។

ទោះជាយ៉ាងណា វិធានការបន្ធួរបន្ថយទាំងនេះ ហាក់មិនសូវមានប្រសិទ្ធភាព ឬមិនទាន់ធ្វើឱ្យវិស័យអចលនទ្រព្យ កម្រើកឡើងវិញទូទាំងប្រទេសនៅឡើយទេ។ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃពុធថា តម្លៃផ្ទះថ្មីក្នុងខែកុម្ភៈស្ថិតនៅទ្រឹង បន្ទាប់ពីហក់ឡើងបន្តិចកាលពីខែមករា។

កាលពីថ្ងៃពុធ ឧបនាយករដ្ឋមន្ត្រីចិន លោក LIU HE បានជំរុញ ឱ្យដាក់ចេញគោលនយោបាយគាំទ្រ ទីផ្សារដើម្បីជួយគាំទ្រដល់សេដ្ឋកិច្ច ហើយបានប្តេជ្ញាដោះស្រាយ ហានិភ័យនានានៅក្នុងវិស័យអចលនទ្រព្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here