ដោយៈគង់ សូរិយា
ភ្នំពេញៈ ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡួត៍កម្ពុជា លោកឧកញ៉ាម៉ន សុខាបានមានប្រសាសន៍ថា ការទិញដីឡូត៍របស់ប្រជាពលរដ្ឋ នៅតែមានឳកាសចំណេញ ប៉ុន្តែត្រូវឈរលើគោលការណ៍មួយចំនួន។
លោកឧកញ៉ាបានមានប្រសាសន៍ ក្នុងពេលចូលរួមជាអធិតបី ក្នុងពិធីសម្ភោធក្រុមហ៊ុនស៊ីឌីលែន ឯ ក និងកម្មវិធីចែកពានរង្វាន់ និងប័ណ្ណកម្មសិទ្ឋរបស់ក្រុមហ៊ុនខាងលើកាលពីល្ងាចថ្ងៃទី២០ មិនាកន្លងមកថា ទីផ្សារដីឡួត៍នៅតែ ដំណើរការល្អប្រសើរ និងមានឳកាសចំណេញ សំរាប់ប្រជាពលរដ្ឋនាពេលអនាគត។
លោកបន្តថា “ប៉ុន្តែអ្នកទិញដីឡូត៍ ត្រូវសិក្សាទៅលើក្រុមហ៊ុនពុះដីឡួត៍លក់ថា តើក្រុមហ៊ុនមានផែនការអភិវឌ្ឍន៍ច្បាស់លាស់ មានភាពស្របច្បាប់ និងមានបែងចែកប័ណ្ណកម្មសិទ្ឋស្របច្បាប់ឬទេ”។ លោកបន្តថា “ការទិញដីឡូត៍អាចមិនចំណេញភ្លាមៗទេ តែប្រជាពលរដ្ឋមានឳកាសចំណេញនៅក្រោយរយៈពេល៣ទៅ១០ឆ្នាំក្រោយពេលទិញរួច”។
លោកឧកញ៉ាម៉ន សុខាបានបន្តថា ជាមួយនឹងការសម្របសម្រួលជាមួយអ្នកអភិវឌ្ឍន៍ដីឡូូត៍នានា សមាគមបាននិងកំពុងធ្វើការយ៉ាងសកម្មជាមួយនឹងនិយ័តករអភិវឌ្ឍន៍អាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដើម្បីធ្វើយ៉ាងណាឲ្យក្រុមហ៊ុនគោរពច្បាប់ មានផែនការអភិវឌ្ឈន៍ច្បាស់លាស់ និងមិនបង្កហានិភ័យដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកជា ចំរើនអគ្គនាយកក្រុមហ៊ុនស៊ីឌីលែនបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការបង់រំលស់ដីឡូត៍ ហាក់ដូចជាមិនកាលីបខ្លាំងដូចទិញរថយន្ត ទូរស័ព្ទសេរីថ្មី ប៉ុន្តែរយៈពេល១០ឆ្នាំក្រោយដីមួយឡូត៍ទំហំ៥គុណនឹង២០ម៉ែត្រអាចឡើងថ្លៃរហូតដល់៤ទៅ៥ម៉ឺនដុល្លារ។
លោកបន្តថា “ហេតុនេះ ប្រជាពលរដ្ឋគួរចេះសន្សំបន្តិចម្តងៗ កុំយកភាពហ៊ឺហាតែសម្បកក្រៅ គួរសន្សំលុយទិញដីឡូត៍ ដែលភ្លេចៗខ្លួននឹងទទួលបានផលចំណេញខ្ពស់ អាចឲ្យកូនទៅរៀននៅសឹង្ហបុរីបាន”។ លោកបន្តថា “សំរាប់ក្រុមហ៊ុនស៊ីឌីលែន សូមយកមុខមាត់ កិត្តិយស និងជីវិតធានា ដើម្បីបង្ការហានិភ័យដល់ប្រជាពលរដ្ឋ ព្រោះយើងធ្វើដីស្របច្បាប់ និងមានប័ណ្ណរ៉ឹង និងផែនការអភិវឌ្ឍន៍ច្បាស់លាស់”៕