ដោយៈ សុខុម
សឹង្ហបុរី: ករណីឆបោកពាក់ព័ន្ធការជួលផ្ទះ ដែលចុះបញ្ជីក្លែងក្លាយបានកើនឡើងឥតឈប់ឈរ ក្នុងប្រទេសសិង្ហបុរី ដោយមនុស្ស១៤៤នាក់ក្លាយជាជនរងគ្រោះចាញ់ បោកអស់លុយយ៉ាងតិច១៩០.០០០ដុល្លារ គិតចាប់ពីខែមករា ដើមឆ្នាំ២០២២ នេះ។
កងកម្លាំងប៉ូលិសសិង្ហបុរី បាននិយាយកាលពីថ្ងៃច័ន្ទ ទី២១ មីនា នៅក្នុងអំពើឆបោកនេះ ជនឆបោកបានបង្ហោះផ្ទះ ដែលចុះបញ្ជីក្លែងក្លាយលើគេហទំព័រនានា ហើយទាក់ទងទៅជនរងគ្រោះតាមរយៈ WhatsApp ដោយបន្លំធ្វើជាភ្នាក់ងារអលចនទ្រព្យ។
បន្ទាប់មកជនឆបោក សុំឱ្យជនរងគ្រោះកក់ប្រាក់ខ្លះ សម្រាប់ការណាត់ជួបដើម្បីចុះទៅពិនិត្យមើលផ្ទះជួលដោយផ្ទាល់។
ប៉ូលិសបានចេញសេចក្ដីប្រកាសព័ត៌មានថា “ជាធម្មតានៅក្នុងករណីឆបោកទាំងអស់នេះ ជនរងគ្រោះត្រូវបានលេខអនាមិក នាំចូលទៅកាន់ឆាត WhatsApp ដែលមានលេខនាំមុខ ‘+៦៥’ បន្ទាប់ពីពួកគេចុចលើតំណភ្ជាប់ (Link) មួយនៅលើផ្ទាំងផ្សាយពាណិជ្ជកម្ម”។
សេចក្ដីប្រកាសព័ត៌មានដដែលបានបន្តថា “ដោយប្រើប្រាស់លេខអនាមិក ដើម្បីទំនាក់ទំនងជាមួយជនរងគ្រោះ ជនឆបោកទាំងនោះនឹងប្រើប្រាស់រូបថត ឈ្មោះ និងលេខអាជ្ញាប័ណ្ណភ្នាក់ងារអចលនទ្រព្យ ស្របច្បាប់ដែលយើងអាចរកឃើញ លើគេហទំព័រជួលផ្ទះ ដើម្បីបោកជនរងគ្រោះឱ្យស្លុងជឿថា ពួកគេជាភ្នាក់ងារអចលនទ្រព្យស្របច្បាប់”។
ជនឆបោកតែងតែប្រាប់ជនរងគ្រោះថា ប្រាក់ដែលពួកគេកក់គឺអាចដកវិញបាន ហើយជនរងគ្រោះ ត្រូវបានផ្ដល់ឱ្យនូវលេខគណនីធនាគារ ឬលេខទូរស័ព្ទដែលពួកគេត្រូវវេរលុយចូល។
ប៉ូលិសនិយាយថា “ជនរងគ្រោះទើបតែដឹងថា ខ្លួនចាញ់បោកគេ ក្រោយពីជនឆបោកឈប់ទាក់ទងជាមួយខ្លួន” ដែលវាយឺតពេលទៅហើយ។ ទន្ទឹមនឹងការបើកការស៊ើបអង្កេត ដើម្បីឈានទៅដល់ការចាប់ខ្លួនជនល្មើស ប៉ូលិសបានអំពាវនាវ ឱ្យសាធារណជនមានការប្រុប្រយ័ត្នខ្ពស់ ដើម្បីជៀសផុតពីការចាញ់បោកគេដូចនេះ៕ CNA៕