ហេដ្ឋារចនាសម្ព័ន្ឋ សក្តានុពលជាច្រើនកំពុងបង្ហាញខ្លួននៅលើទីក្រុងបូកគោ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ហេដ្ឋារចនាសម្ព័ន្ឋ និងលំនៅដ្ឋានបែបលំហែរ វីឡាជាច្រើនបាន និងកំពុងសាងសង់នៅទីក្រុងបូកគោ ដែលជាទីក្រុងថ្មីមួយបាននិងកំពុងរៀបចំជាទីក្រុងឆ្លាតវៃ។

នាយកផ្នែកលក់ និង ទីផ្សារក្រុមហ៊ុនសុខាអូតែល ​លោកសាយ សុភ័ត្រាបានមានប្រសាសន៍ឲ្យដឹង ក្នុងកិ​ច្ចសម្ភាសន៍ពិសេសនាព្រឹកថ្ងៃទី២២ មិនាថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនកំ ពុងរៀបចំហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីសមស្របនឹងទីក្រុងមួយ ដែលការគ្រប់គ្រង នឹងធ្វើឡើងស្របតាមស្តង់ដាទីក្រុងឆ្លាតវៃ។

លោកបន្តថា “រហូតមកទល់ពេលនេះ យើងបានបញ្ចប់ការសាងសង់ផ្លូវក្នុងទីក្រុងនេះ បានប្រវែងជាង៣០គីឡូម៉ែត្ររួចហើយ “។លោកបន្តថា ក្រុមហ៊ុនបាននិងកំពុងសាងសង់ ផ្លូវថ្មីមួយទៀត ដែលតភ្ជាប់រវាងទីក្រុងបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ និងទៅកាន់តំបន់ពេជ្រនិល ដែលមានប្រវែងរហូតដល់១២០គីឡូម៉ែត្រ”។

លោកសាយ សុភ័ត្រា បានមានប្រសាសន៍ឲ្យដឹងបន្តថា ជាទីតាំងពិសេសមួយ ភ្នំបូកគោមានលក្ខខ័ណ្ឌអាកាសធាតុ ដ៏មានអំ​ណោយផល ដែលជួយអ្នកមានជំងឺសួត ផ្លាស្មាអាចធូរស្រាល ដែលកាលពីដើមឡើយ វេជ្ជបណ្ឌិតជនជាតិបារាំង បានសរសេរពីអាកាសធាតុនៅទីនេះ ជួយដល់សុខភាពអ្នកមានជំងឺសួត និងអ្នកជំងឺធម្មតាបានធូរស្រាល។

លោកបន្តថា ទីក្រុងបូកគោជាទីតាំងមួយ មានភាពអំណោយ​ផលដ៏ប្រសើរលើការតភ្ជាប់នានា ដូចជាផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ផ្លូវដែក និងអាកាស​យានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ដែលនៅក្បែរទីនេះ”។ លោកបន្តថា “រាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ក៏បាន និងកំពុងសាងសង់កំពង់ផែ ទេសចរណ៍កម្រិតអន្តរជាតិមួយ នៅលើទឹកដីខេត្តកំពតផងដែរ”។

លោកសាយ សុភ័ត្រាបានបន្តទៀតថា ជាមួយគ្នានេះ ក្រុមហ៊ុនសុខាអូតែលបាន និងកំពុងសាងសង់ផ្លូវជាតិថ្មីស្រឡាងមួយ ដែលតភ្ជាប់ពីតំបន់វាលស្រែ៥០០ ទៅកាន់ផ្លូវជាតិលេខ៤ និងឆ្ពោះទៅតំបន់ពេជ្រ និលយាយម៉ៅ ដែលមានប្រវែង១២០គីឡូម៉ែត្រ(គិតពី កន្ទុយផ្លូវតំបន់វាលស្រែ៥០០) ដែលបច្ចុប្បន្នផ្លូវនេះ ត្រូវបានឈូស​ឆាយបានជាង១១គីឡូម៉ែត្ររូួចហើយ។

ផ្លូវនេះ ជាផ្លូវប្រភេទពីរគន្លងទៅ ពីរគន្លងមក ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងជាផ្លួវធំមួយផងដែរ។

ជាមួយគ្នានេះ អ្នកឧកញ៉ាសុខ គង់ ប្រធានក្រុមហ៊ុន Sokimex  Investment Group បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការអភិ​វឌ្ឍន៍ទីក្រុងនេះ ទំហំផ្ទៃដីរហូតដល់៣០,០០០ហិកតា ជាដីធំណាស់ ដែលយើងត្រូវអភិវឌ្ឍន៍រយៈពេលពី១០ ទៅ២០ឆ្នាំមិនចប់នោះទេ ប៉ុ​ន្តែបើយើងមានដៃគូវិនិយោគជាតិ អន្តរជាតិចូលរូម យើងនឹងបង្កើតទីក្រុងនេះបានលឿន។

លោកបន្តថា “យើងស្វាគមន៍ការវិនិយោគ និងដៃគូសហការពីគ្រប់ទិសតិ ដើម្បីកសាងទីក្រុងនេះបានលឿន និងរួមចំណែកសំខា​ន់ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសេដ្ឋកិច្ចជាតិ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here