ផ្លូវជាតិ​លេខ១៤៦បេ និង១៤៨ សម្រេចការ​សាងសង់​បាន៨៥ភាគរយ​ហើយ គិត​ត្រឹម​ចុង​ខែ​មីនា​នេះ​

0

ដោយ៖ សហការី​

ព្រះសីហនុ៖ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅ​ថ្ងៃទី២៨ ខែមីនានេះ​បាន​មាន​ប្រសាសន៍ថា គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ សម្រេចវឌ្ឍនភាពការងារបាន៨៥ភាគរយ​ហើយ​ គិតត្រឹមថ្ងៃទី២៧ ខែមីនានេះ​។

គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវខេត្តលេខ១៤៦បេ ឬវិថីសម្ដេចសង្ឃរាជទេពវង្ស និងផ្លូវលេខ១៤៨ មានប្រវែងសរុប ៤៣,០២៥ គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ និងបន្តរហូតដល់កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

កំណាត់ផ្លូវនេះគឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើឱ្យការដឹកជញ្ជូន ទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ទំនប់រលកចាស់នៃក្រុងព្រះសីហនុទៅកាន់ទីផ្សារ កាន់តែមានលក្ខណៈ ងាយស្រួល ឆាប់រហ័ស និងចំណាយតិច និងចូលរួមចំណែកដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ យានយន្តដឹកជញ្ជូនទំនិញធុនធ្ងន់តាមផ្លូវជាតិលេខ៤ផងដែរ។

កំណាត់ផ្លូវនេះសាងសង់ដោយចាក់បេតុងកៅស៊ូ (AC) មានទទឹង ១១ម៉ែត្រ កម្រាស់៩សង់ទីម៉ែត្រ និងចិញ្ចើមគ្រួសក្រហម ០,៥០ ម៉ែត្រសងខាងផ្លូវ ចាប់ពីរង្វង់មូលសម្ដេចសង្ឃរាជទេពវង្ស PK០+០០០ ដល់ PK២០+៦៧៨ ប្រវែង ២០.៦៧៨គីឡូម៉ែត្រ និងចាក់បេតុងសរសៃដែកទទឹង១១ម៉ែត្រកម្រាស់ ២៦ សង់ទីម៉ែត្រ មានប្រវែង ២២.៣៤៧គីឡូម៉ែត្រ និងចិញ្ចើមគ្រួសក្រហម០.៥០ម៉ែត្រសងខាង ចាប់ពី PK២០+៦៧៨ ដល់ PK៤៣+០.២៥។

កំណាត់ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានផ្លូវថ្នល់ នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណ: និងនាយកដ្ឋានបច្ចេកទេសសាធារណការ និងដឹកជញ្ជូន នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចំណាយពេលសាងសង់ចំនួន ២៨ខែ គិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ចំណាយថវិកាសន្សំរបស់ជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here