ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ តំបន់មួយចំនួននៃខណ្ឌដង្កោបាននិងកំពុងទាក់ទាញការអភិវឌ្ឍលំនៅឋាននិងគម្រោងអភិវឌ្ឍន៍បុរីលក្ខណៈឯកជនដ៏មានសក្ដានុពល ជាពិសេសលំនៅឋានតម្លៃមធ្យមឡើងទៅ។
ជាការកត់សម្គាល់តំបន់មានបុរីថ្មីៗជាច្រើនកំពុងបង្ហាញខ្លួនជាបន្តបន្ទាប់ ក្នុងនោះអ្នកអភិវឌ្ឍន៍ក៏បានផ្ដោតលើលំនៅឋានទំនើបៗ និងមានការរចនាឌីហ្សាញថ្មីៗ។
លោក ទឹម វណ្ណនី នាយកប្រតិបត្តិនៃគម្រោងរបស់បុរីបុស្បា ដែលមានទីតាំងនៅក្នុងខណ្ឌដង្កោ បាននិយាយថា ខណ្ឌដង្កោជាតំបន់ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើននិងធំៗដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍បានសម្លឹងពីការចាប់ផ្ដើមគម្រោងរបស់ខ្លួននៅតំបន់នោះ។ ក្នុងនោះ បុរីបុស្បាបានចាប់ផ្ដើមអនុវត្តគម្រោងនៅក្នុងតំបន់សក្ដានុពលនេះផងដែរ និងអាចធ្វើឱ្យតំបន់នៃខណ្ឌដង្កោមានសន្ទុះនៃការអភិវឌ្ឍមួយកម្រិតទៀត។
លោកបន្តថា ផ្លូវក្រវ៉ាត់ក្រុង ផ្លូវថ្មីៗ គម្រោងព្រលានយន្តហោះ ផ្សារទំនើប ក៏ជាកត្តាទាក់ទាញដល់ការអភិវឌ្ឍលើលំនៅឋានសម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋផងដែរ។ យើងក៏រំពឹងថា គម្រោងអភិវឌ្ឍន៍លំនៅឋានក៏កាន់តែមានកំណើនច្រើនបន្ថែមផងដែរ ខណៈគម្រោងបុរីបុស្បាក៏នឹងពង្រីកការអភិវឌ្ឍជាបន្តបន្ទាប់ ក្រោយបញ្ចប់គម្រោងដំបូងរបស់ខ្លួន។
ដោយឡែក លោក លី លឹមអាង អគ្គនាយកបុរីឡាក់ឃីវ័ន ក៏បានឱ្យដឹងផងដែរថា កត្តាផ្លូវទូលាយ ការសាងសង់ផ្សារទំនើប ព្រលានយន្តហោះអន្តរជាតិ និងគម្រោងអភិវឌ្ឍន៍នានារបស់រដ្ឋជាច្រើនទៀត បានជំរុញឱ្យមានការអភិវឌ្ឍលំនៅឋានកាន់តែច្រើន ដូច្នេះហើយទើបបុរីឡាក់ឃីវ័នបានបោះទុនវិនិយោគលើការអភិវឌ្ឍលំនៅឋានជាបន្តបន្ទាប់។ រហូតមកដល់ពេលនេះ បុរីឡាក់ឃីវ័នរបស់លោកមានគម្រោង៦រួចមកហើយ។
អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានឱ្យដឹងថា តម្លៃក្នុងតំបន់ប៉ែកខាងត្បូងនៅមានកម្រិត ដែលធ្វើឱ្យមានការអភិវឌ្ឍលំនៅឋានអាចចំណេញ។ តំបន់នេះក៏មានសក្ដានុពលខ្ពស់ផងដែរ ដោយសារ មានផ្លូវ មានរចនាសម្ព័ន្ធខ្វាត់ខ្វែងនិងកាន់តែច្រើន ដែលជាការទាក់ទាញវិនិយោគិនកាន់តែខ្លាំងផងដែរ៕