ក្រុមហ៊ុនអចលនទ្រព្យពិភពលោកគ្រោងបើកដំណើរការសណ្ឋាគារធំៗបីនៅក្រុងភ្នំពេញ

0

ដោយ៖ សុផារី

ភ្នំពេញ៖ ចំនួនយីហោសណ្ឋាគារអន្តរជាតិកំពុងកើនឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ។

ក្រុមហ៊ុន Frasers Hospitality ជាផ្នែកមួយនៃក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Frasers Property ដែលចុះបញ្ជីនៅសិង្ហបុរី បានប្រកាសថា ខ្លួននឹងបើកសម្ភោធអចលនទ្រព្យចំនួនបីនៅក្នុងរាជធានីភ្នំពេញ ដោយអចលនទ្រព្យទីមួយនឹងបើកដំណើរការនៅខែតុលា ឆ្នាំ២០២២ខាងមុខនេះ។

លោកស្រី Tonya Khong អនុប្រធានជាន់ខ្ពស់នៃ Frasers Hospitality ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា “ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ រាជធានីភ្នំពេញបានវិវត្តទៅជាទីក្រុងដែលរីកចម្រើននិងរស់រវើក”។

 

លោកបានបន្តថា “គួបផ្សំជាមួយនឹងសេដ្ឋកិច្ចវ័យក្មេង តែប្រកបដោយសក្តានុពល និងវិធានការស្តារឡើងវិញពីជំងឺកូវីដ១៩ យើងមានសេចក្តីសោមនស្សរីករាយក្នុងការនាំយកម៉ាកយីហោបដិសណ្ឋារកិច្ចFrasersរបស់យើង ដើម្បីបំពេញតម្រូវការទីផ្សារផ្សេងៗគ្នា និងផ្តល់ជូននូវបទពិសោធន៍ប្រកបដោយគុណភាព”។

ក្រុមហ៊ុនបានប្រកាសផែនការសម្រាប់អចលនទ្រព្យចំនួនបី៖
អចលនទ្រព្យទីមួយគឺសណ្ឋាគារCapri by Fraser ដែលមាន៨៨បន្ទប់ ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ ហើយជាអចលនទ្រព្យដំបូងដែលគ្រោងនឹងបើកនៅក្នុងខែតុលា ឆ្នាំ២០២២។

គម្រោងទី២របស់Fraser មានចម្ងាយត្រឹមតែ៥នាទីប៉ុណ្ណោះពីកណ្តាលទីក្រុងភ្នំពេញ ដែលមាន៧៨បន្ទប់ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤។

តំណាងក្រុមហ៊ុនFrasers Hospitality បាននិយាយនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ថា អចលនទ្រព្យទាំងពីរនឹងមានបន្ទប់សណ្ឋាគារ ផ្ទះល្វែងស្ទូឌីយោ និងបន្ទប់ដាច់ដោយឡែក ដោយផ្តោតលើអ្នកធ្វើដំណើរមកវិនិយោគបណ្តោះអាសន្ននៅក្នុងប្រទេសកម្ពុជា។

អចលនទ្រព្យទីបីមានឈ្មោះថាFraser Residence Sen Sok ដែលមានទីតាំងនៅក្នុងខណ្ឌសែនសុខ មានចំនួន២០០បន្ទប់។ គម្រោងនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦។ គម្រោងនេះផ្តោតលើប្រភេទអគារចម្រុះដែលផ្តល់សេវាកម្មដល់ជនបរទេសក្នុងការស្នាក់នៅបណ្តោះអាសន្ន ដែលជាការអភិវឌ្ឍរួមបញ្ចូលគ្នានៃផ្សារទំនើប មន្ទីរវេជ្ជសាស្ត្រ និង អគារការិយាល័យ។

លោក Tonya Khong បាននិយាយថា គម្រោងទី១នេះត្រូវបានគេរំពឹងថានឹងដំណើរការល្អ ដែលជម្រុញដោយព្រឹត្តិការណ៍ក្នុងតំបន់ដូចជា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០២៣ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP)៕

LEAVE A REPLY

Please enter your comment!
Please enter your name here