ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ហាងឆេងនិងតម្លៃដីធ្លីនៅក្នុងជុំវិញរាជធានីភ្នំពេញ នៅតែមានឱកាសក្នុងការឡើងថ្លៃ ក្នុងនោះតំបន់អរិយក្សត្រ នៃស្រុកល្វាឯម ខេត្តកណ្ដាល នឹងក្លាយជាតំបន់ដែលគួរទាក់ទាញមួយនៅពេលអនាគត ខណៈស្ពានតភ្ជាប់ពីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ ក៏បានចេញជាសញ្ញាវិជ្ជមានផងដែរ។
លោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គីបានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី២៩ មិនាកន្លងមកថា អរិយក្សត្រជាតំបន់ជាយក្រុងនៃរាជធានីភ្នំពេញមួយ ប៉ុន្តែវានឹងមានសក្ដានុពលកាន់តែខ្លាំងឡើងៗ ក្រោយរដ្ឋាភិបាលកម្ពុជា មានគម្រោងសាងសង់ស្ពានឆ្លងទន្លេទៅកាន់តំបន់នេះផ្ទាល់តាមរយៈជំនួយរបស់សាធារណរដ្ឋកូរ៉េ។
លោកបន្តថា តម្លៃដីធ្លី និងសន្ទុះនៃការអភិវឌ្ឍនៅអរិយក្សត្រ នឹងមានការកំណើនឡើង នៅពេលស្ពានចាប់ផ្ដើមសាងសង់ ហើយវាកាន់តែរីកខ្លាំងបន្ថែមទៀត នៅពេលស្ពានសាងសង់រួចរាល់ ពីព្រោះថាអរិយក្សត្រជាតំបន់ដែលនៅជិតរាជធានីភ្នំពេញ ប៉ុន្តែមានឧបសគ្គដោយសារតែមិនមានស្ពានឆ្លងទន្លេ ។ ដូច្នេះបើសិនជាមានស្ពានឆ្លងទន្លេ តំបន់នោះនឹងអាចរីកចម្រើនបានលឿន ខណៈក្រុមហ៊ុនជាច្រើនក៏បាននិងកំពុងសម្លឹងមើលពីសក្ដានុពលនៃតំបន់នៃរួចរាល់ហើយផងដែរ។
លោកបន្ថែមថា ទោះបីជាស្ពានមិនទាន់មានការតភ្ជាប់ពីភ្នំពេញ ទៅអរិយក្សត្រក្ដីតែតម្លៃដីនៅទីនោះក៏មានការកើនឡើងបន្តបន្ទាប់ដែរ គ្រាន់តែកម្រិតនៃការឡើងថ្លៃមានតិចតួច ហើយការអភិវឌ្ឍក៏មិនទាន់មានសន្ទុះខ្លាំងដែរ។
អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ថា តាមពិតទៅអរិយក្សត្រនៅជិតភ្នំពេញទេ តែដោយសារការធ្វើដំណើរទៅទីនោះត្រូវឆ្លងសាឡាងនិងមិនមានស្ពានតភ្ជាប់ទើបធ្វើអរិយក្សត្រហាក់នៅឆ្ងាយពីភ្នំពេញ។
អ្នកស្រីបន្តថា នៅពេលរដ្ឋាភិបាលប្រកាសសាងសង់ស្ពានឆ្លងទន្លេ ទៅកាន់តំបន់អរិយក្សត្រនឹងធ្វើឱ្យតំបន់នោះមានសញ្ញាណវិជ្ជមាន កាន់តែខ្លាំងទៅលើការអភិវឌ្ឍ និងអាចជំរុញតម្លៃដីធ្លីនៅតំបន់កាន់តែមានកំនើន ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍ អចលនទ្រព្យមួយកម្រិតទៀតផងដែរ ហើយក៏អាចប្រៀបធៀបទៅនឹងតំបន់នៃក្រុងរណបកោះនរាផងដែរ។
តាមការសិក្សាតម្លៃដីធ្លី នៅតំបន់អរិយក្សត្រមិនទាន់មានសន្ទុះខ្លាំង គួរឱ្យកត់សម្គាល់នៅឡើយទេ ហើយតម្លៃដីនៅតាមបណ្ដោយផ្លូវធំៗ មានតម្លៃខ្ពស់ជាងនិងមានតម្រូវការខ្ពស់ជាង ដីធ្លីនៅខាងក្នុងផ្លូវធំៗ៕