ដោយៈសុផារី
កំពតៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅថ្ងៃទី២៩ ខែមីនានេះ បានមានប្រសាសន៍ថា មកដល់ពេលនេះក្រសួងកំពុងរង់ចាំថវិកា ដែលបានស្នើសុំប្រាក់កម្ចីពីមិត្តចិន ដើម្បីយកមកសាងសង់ផ្លូវជាតិលេខ៣ កំពតទៅវាលរិញ ដែលមានប្រវែង២០គីឡូម៉ែត្រ នៅតំបន់ដែលមានដីស្អុយ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងឱ្យបានរឹងមាំប្រើប្រាស់បានយូរ។
លោកបញ្ជាក់ថា “កម្ពុជាត្រូវការថវិកាប្រហែល៦០ និង៧០លានដុល្លាអាមេរិក ដើម្បីធ្វើសាងសង់ផ្លូវជាតិលេខ៣ កំពតទៅវាលរិញ ដែលមានប្រវែង២០គីឡូម៉ែត្រឱ្យជាប់បានយូរតាមបច្ចេកទេសត្រឹមត្រូវ”។លោកបានបញ្ជាក់ថា “ធនាគារពិភពលោកបានផ្ដល់ថវិកាស្ដារកំណាត់ផ្លូវនេះ បានចំនួន៣៤គីឡូម៉ែត្ររួចហើយ ប៉ុន្តែកំណាត់ផ្លូវ២០គីឡូម៉ែត្រផ្សេងទៀត មានបញ្ហាច្រើនណាស់ធ្វើមិនបានជាប់ទេ ធ្វើខូចរហូតតាំងពីយូរណាស់មកហើយ ធ្វើមិនដែលបានជាប់រឹងមាំទេ”។
លោកស៊ុន ចាន់ថុល បានថា “សម្តេចតេជោ ហ៊ុន សែន លោកបានស្នើសុំឱ្យមិត្តចិន ជួយជាប្រាក់កម្ចីសប្បទាន មកសាងសង់ផ្លូវ២០គីឡូម៉ែត្រនេះ ហើយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើលិខិតជាលាយលក្ខអក្សរទៅស្ថានទូតចិនហើយ ដើម្បីស្នើសុំថវិកានេះជាផ្លូវការ ចឹងយើងរង់ចាំថវិកាជាប្រាក់កម្ចីពីមិត្តចិន ដើម្បីយើងយកមកសាងសង់នៅទីនេះ”។
កន្លងមកមិនត្រឹមតែ ធនាគារពិភពលោកបានផ្តល់ថវិកា៨លានដុល្លាអាមេរិក មកកាន់កម្ពុជាក្នុងការសាងសង់ផ្លូវជាតិប្រវែង៥៤គីឡូម៉ែត្រនេះ ថែទាំរយៈពេលបីឆ្នាំនិងជុសជុល ចំណាយថវិកាច្រើនលានដុល្លាទៀត តែនៅតែមិនជាប់។ លោកថា ក្រុមហ៊ុនកូរ៉េបានមកសាងសង់ម្តង ក្រុមហ៊ុនកម្ពុជាធ្វើម្តងហើយដែរ ធនាគារពិភពលោកមកម្តងទៀតនៅមិនជាប់ទៀត ដោយសារកន្លងមកមិនមានការសិក្សាច្បាស់លាស់ ទាក់ទងនឹងបញ្ហាដីតាមបណ្តោយផ្លូវនេះ។
លោកបានបញ្ជាក់ដែរថា ក្រសួងកំពុងតែខិតខំប្រឹងប្រែង ស្វែងរកប្រភពថវិកាក្នុងការស្តារកំណាត់ផ្លូវនេះ ដើម្បីជួយសម្រួលការធ្វើចរាចរណ៍ឱ្យងាយស្រួលជាងមុន និងការដឹកជញ្ជូនឱ្យបានរលូនជាងមុនជាបណ្ដោះអាសន្នសិន។
លោកបន្តថា “រហូតទាល់តែក្រសួងទទួលបានថវិកា សម្រាប់សាងសង់កំណាត់ផ្លូវនេះ តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងអាចប្រើប្រាស់ជាប់យូរអង្វែង”៕