ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ការរស់នៅតាមខុនដូនៃអាគារសហកម្មសិទ្ឋ ជាបែបបទជីវិតសម្រាប់មនុស្សសម័យថ្មី ដែលពួកគេរស់នៅលើអាគាររួមបីដូចជាក្នុងសហគមន៍រួមមួយ ដែលមានសេវាកម្មសន្តិសុខ២៤ម៉ោង ក្លឹបហាត់ប្រាណ អាងហែលទឹក ភោជនីយដ្ឋាន សេវាប្រចាំថ្ងៃលើការបោសសំអាត និងអនាម័យ និងសេវាកម្មជាច្រើនទៀត។
តើអ្នកត្រៀមខ្លួនសម្រាប់ជីវិតបែបថ្មី រស់នៅតាមអាគារកប់ពពកបែបនេះឬនៅ? ថ្ងៃនេះគេហទំព័រ Propertyarea.asia សូមលើកយកចំណេះដឹងមួយចំនួនទាក់ទងនឹងជីវិតរស់នៅលើអាគារខុនដូ តើមានលក្ខខណ្ឌត្រូវបំពេញអ្វីខ្លះ និងមានភាពងាយស្រួលយ៉ាងដូចម្តេច?។
-->
លោក មាស ង៉ែតវាសនា អគ្គនាយកក្រុមហ៊ុន NAKI GROUP ដែលមានបទ ពិសោធន៍លើការគ្រប់គ្រងអចលនទ្រព្យជាច្រើនឆ្នាំ នៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ការរស់នៅតាមវីឡា ជាការរស់នៅលើលំនៅដ្ឋាន ដែលមានលក្ខណៈដាច់ៗពីគ្នា ផ្ទុយទៅវិញការរស់នៅលើអាគារខុនដូ ជាការរស់នៅបែបជាសហគមន៍ដែលមានម្ចាស់ច្រើន ឬគ្រួសារច្រើននិងមានក្រុមមនុស្សចម្រុះ ដែលត្រូវរស់នៅអាគារជាមួយគ្នា ដូចនេះទើបអ្នកគ្រប់គ្រងអាគារ ត្រូវបានការបែងចែកនូវបទបញ្ជាផ្ទៃក្នុងសម្រាប់អាគារនិមួយ។

ការជួសជុលឬលាបពណ៌អាគារ
អ្នករស់នៅតាមខុនដូ ពេលត្រូវការជួសជុលអ្វីមួយ ត្រូវសុំទៅអ្នកគ្រប់គ្រងអាគារជាមុន ដើម្បីឲ្យអ្នកគ្រប់គ្រងអាគារបានដឹង និងអាចអនុញ្ញាតឲ្យធ្វើពេលណាមួយ ដែលមិនបង្កឲ្យមានសម្លេងរំខានច្រើនដល់អ្នកស្នាក់នៅអាគាររួម។ ចំណែកការលាបព៌ណអាគារសម្រាប់ផ្ទៃខាងក្រៅ មិនត្រូវគេអនុញ្ញាត្តនោះទេ ប៉ុន្តែម្ចាស់លំនៅដ្ឋានណាមួយ អាចលាបពណ៌ ឬឌីសាញលើផ្នែកខាងក្នុងលំនៅដ្ឋានរបស់ខ្លួន បានតាមចំណង់ចំណូលចិត្ត។
ការកំណត់ពេលវេលា
ដោយសារអាគារនិមួយៗមានម្ចាស់ស្នាក់នៅច្រើន និងចម្រុះគ្នាបែបនេះហើយ ទើបអ្នកគ្រប់គ្រងអាគារតម្រូវឲ្យអ្នកស្នាក់នៅ មិនត្រូវបង្កសម្លេងរំខានដល់ អ្នកដទៃលើសពីម៉ោង១០យប់នោះទេ ករណីពួកគេជប់លៀងឬចាក់បាស់រាំរែកណាមួយ ប៉ុន្តែការកំណត់ម៉ោងបែបនេះ មិនដូចគ្នានោះទេ វាអាស្រ័យលើអ្នកគ្រប់គ្រងអាគារនិមួយ។
មិនអនុញ្ញាតឲ្យចិញ្ចឹមឆ្កែ
ដោយសារឆ្កែជាសត្វមួយ ដែលពូកែព្រុស និងជុះនោម និងជុះអាចម៍គ្មានសណ្តាប់ធ្នាប់ អ្នកគ្រប់គ្រងអាគារ មិនតម្រូវឲ្យអ្នកស្នាក់នៅលើខុនដូចិញ្ចឹមឆ្កែ ឬសុនកនោះទេ លើកលែងតែករណីពិសេស ដែលមានអ្នកមើលថែសុនខច្បាស់លាស់។
ចំណតយានយន្តត្រូវបង់ប្រាក់ប្រចាំខែ
ខុនដូភាគច្រើនតែងមានចំណតយានយន្តផ្ទាល់ខ្លួន ប៉ុន្តែខុនដូខ្លះក៏មានចំណតមិនគ្រប់ ឬសមាមាត្រនឹងចំនួនផ្ទះនៅលើអាគាររួមផងដែរ ដូច្នេះអ្នកស្នាក់នៅខុនដូត្រូវតម្រូវឲ្យបង់ប្រាក់ចន្លោះពី៣០ ទៅ៤០ដុល្លារក្នុងមួយខែៗអាស្រ័យលើការកំណត់របស់ក្រុមហ៊ុនគ្រប់គ្រងអាគារ។
ការបង់ប្រាក់លើសេវាគ្រប់គ្រងអាគារ
ដោយសារខុនដូជាអាគាររួម និងមានអ្វីៗសម្រាប់ប្រើប្រាស់រួម ដូចជា ជណ្តើរយន្ត អាងហែលទឹក ឬកន្លែងហាត់ប្រាណជា និងថ្លៃសេវាសន្តិសុខជាដើម ទើបក្រុមហ៊ុនគ្រប់គ្រង តម្រូវឲ្យអ្នកស្នាក់នៅបង់ប្រាក់ចន្លោះ០.៥០ ទៅ១ដុល្លារសម្រាប់ទំហំផ្ទះក្នុងមួយម៉ែត្រការ៉េ។ ប្រាក់ទាំងអស់នេះ នឹងប្រើប្រាស់សម្រាប់ការថែរទាំ និងជួសជុលសម្ភារៈ បរិក្ខារួម ដែលអ្នកស្នាក់នៅអាចប្រើប្រាស់បាន។
ប៉ុន្តែអាគារខុនដូខ្លះ ក៏តម្រូវឲ្យអ្នកស្នាក់នៅបង់ប្រាក់ សម្រាប់សេវាហាត់ប្រា ណ អាងហែលទឹក ឬសេវាអនាម័យជាកញ្ចប់ចន្លោះពី២០ ទៅ៣០ដុល្លារក្នុងមួយខែ អាស្រ័យលើគំរោងនិមួយៗ ឬក្រុមហ៊ុនគ្រប់គ្រងអាគារនិមួយៗជាអ្នកកំណត់។
សេវាសំអាត និងបោកអ៊ុត
ដោយសារវាជាបណ្តុំក្រុមមនុស្សចម្រុះ អ្នកគ្រប់គ្រងអាគារខុនដូនិមួយៗ តែងផ្តល់សេវាអូតសំអាត និងអនាម័យចំនួនបីដងក្នុងមួយសប្តាហ៍ និងផ្តល់សេវាបោកអ៊ុតសម្លៀកបំពាក់ផងដែរ ប្រសិនជាម្ចាស់លំនៅដ្ឋាននិមួយៗត្រូវការសេវាបោកគក់សម្លៀកបំពាក់ ដោយសារមិនមានពេលបោកគក់ខ្លួនឯង ព្រោះជាប់រវល់នឹងការបំពេញការងារជាដើម។
សន្តិសុខ
ការរស់នៅតាមខុនដូ មិនមានអ្វីត្រូវព្រួយបារម្ភទាក់ទងនឹងសន្តិសុខនោះទេ ដោយសារអាគារខុនដូនិមួយៗ សុទ្ឋតែមានបុគ្គលិក២៤ម៉ោងយាមប្រចាំការ។ ដូចនេះ ម្ចាស់លំនៅដ្ឋានក្នុងអាគារខុនដូ មិនចាំបាច់ជាការបារម្ភពីការទុកផ្ទះចោលនោះទេ ខុសពីផ្ទះល្វែងឬផ្ទះវីឡាពេលម្ចាស់មិននៅ ត្រូវបារម្ភពីពួកជនខិលខូចឬលោកចោរចូលលួចទ្រព្យសម្បត្តិ។
សេវាកុំម៉ង់អាហារ
វាអាស្រ័យលើក្រុមហ៊ុនគ្រប់គ្រង ឬអ្នកអភិវឌ្ឍន៍និមួយៗ ដែលបំពាក់សេវាកម្ម សម្រាប់អ្នកស្នាក់នៅលើអាគារសហកម្មសិទ្ឋរបស់ខ្លួន ប៉ុន្តែសម្រាប់អាគារខុនដូថែលSilver Townគឺមានសេវាកុំម៉ង់អាហារ កុំម៉ង់ភេសជ្ជៈ កុំម៉ង់សេវាបោកអ៊ុតបាន២៤ម៉ោង លើ២៤ម៉ោង ដោយគ្រាន់តែអ្នកស្នាក់នៅទូរស័ព្ទទៅកាន់បុគ្គលិកទទួលភ្ញៀវនៅក្នុងអាគារប៉ុណ្ណោះ។
សេវាអគ្គីភ័យ ឬការសង្គ្រោះ
នៅកម្ពុជា មិនទាន់មានអាគារខុនដូកប់ពពកណាមួយ មានករណីអគ្គីភ័យនៅលើអាកាសនៅឡើយទេ ហើយករណីនេះ គឺជាអ្វីដែលប្រជាពលរដ្ឋខ្មែរភាគច្រើនបានគិត និងបារម្ភ ប៉ុន្តែវាមិនមែនជារឿងធ្ងន់ធ្ងរនោះទេ ព្រោះអ្នកវិនិយោគអាគារខុនដូដែលចំណាយប្រាក់រាប់លានដុល្លារ ពួកគេសុទ្ឋតែបានគិតគូរួចហើយ ពីការបំពាក់ឧបករណ៍ការពារអគ្គីភ័យ ប្រព័ន្ឋទឹកសម្រាប់បាញ់ និងជណ្តើរជើង ឬជណ្តើរសុវត្ថិភាពដែលអាចជម្លៀសមនុស្សចេញបាន ក្នុងករណីមានអគ្គីភ័យកើតឡើងជាយថាហេតុណាមួយផងដែរ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏មិនព្រងើយកន្តើយនឹងបញ្ហាបង្ការជាមុននោះដែរ ជាក់ស្តែងខាងនគរបាលពន្លត់អគ្គីភ័យ ក៏ទទួលបានការបណ្តុះបណ្តាល ដើម្បីជម្លៀសមនុស្សចេញពីអាគារ ព្រមទាំងមានរថយន្តបាញ់ទឹក ដើម្បីត្រៀមបង្ការ និងអន្តរាគមន៍ឲ្យបានទាន់ពេលវេលាផងដែរ៕