អ្នកជំនាញអចលនទ្រព្យអន្តរជាតិបង្ហាញពីរបៀបរកប្រាក់ចំណូលពីការវិនិយោគអចលនទ្រព្យ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ វិស័យអចលនទ្រព្យកម្ពុជា បានហុចផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ដែលប្រឡូកក្នុងវិស័យមួយនេះ ។ ទន្ទឹមនឹងនេះដែរ ក៏មានប្រជាពលរដ្ឋជាច្រើន បានដាក់ទុនវិនិយោគនិងប្រមូលក្នុងវិស័យនេះ តែមិនទទួលបានជោគជ័យនិងឡុងចុងដើមទុនផងដែរ។

លោក វ៉ា វីរៈ គ្រូបង្វឹកប្រចាំក្រុមហ៊ុន Century21 Zillion Holding និងជាអ្នកជំនាញអចលនទ្រព្យអន្តរជាតិ បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៤ មេសានេះថា រៀបបង្កើតប្រាក់ចំណូល នៅក្នុងវិស័យអចលនទ្រព្យមាន៤ចំនុចធំៗ ហើយជាទូទៅការបង្កើតប្រាក់ចំណូលនេះ តាមរយៈការឡើងថ្លៃ នៃអចលនទ្រព្យ ដោយសារតែការទិញទុកហើយលក់វិញនៅពេលវាឡើងថ្លៃ ។

ជាឧទាហរណ៍ទិញដីធ្លីមួយកន្លែង ក្នុងតម្លៃ១០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រ ហើយឆ្នាំក្រោយឡើងថ្លៃដល់ ១២០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។ ដូច្នេះក្នុងមួយឆ្នាំ គេអាចចំណេញ២០ដុល្លារ ក្នុងមួយម៉ែត្រការ៉េទៅហើយ ។

លោកបន្តថា តារយៈបទពិសោធន៍ក្រុមគ្រួសាររបស់លោក បានទិញដីមួយកន្លែងនៅតំបន់សែនសុខ កាលពីឆ្នាំ២០០៧ក្នុងតម្លៃ ១២ដុល្លារទៅ១៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយមកដល់ពេលនេះ ដីនោះបានឡើងរហូតដល់ជាង៣០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ ដូច្នេះរយៈពេលជាង១៤ឆ្នាំ តំបន់នោះបានឡើងថ្លៃជាង២២ដង និងតំបន់ខ្លះទៀតក៏ឡើងថ្លៃលើសនេះទៅទៀត”។

លោកវ៉ា វីរៈបានបន្តថា ”ការកើនឡើងនៃតម្លៃអចលនទ្រព្យ គឺពឹងផ្អែកទៅលើទីតាំងភូមិសាស្ត្រ និងប្រភេទអចលនទ្រព្យ ហើយការកើនឡើងយ៉ាងខ្លាំងនេះ គឺទាក់ទងទៅនឹងតម្រូវការ នៃការប្រើប្រាស់អចលនទ្រព្យ ក្នុងនោះភាគច្រើនប្រើប្រាស់ក្នុងវិស័យពាណិជ្ជកម្ម ” ។

លោកបន្ថែមថា យើងបានមើលឃើញថាតម្លៃដីធ្លី នៅក្នុងរាជធានីភ្នំពេញ នៅជាយរាជធានីភ្នំពេញ មានការកើនឡើងយ៉ាងខ្លាំង ដោយសារមានតម្រូវការខ្ពស់ ពីព្រោះកំណើនប្រជាជនចូលមករស់នៅ ក្នុងរាជធានីភ្នំពេញ តម្រូវការក្នុងការប្រើប្រាស់ដីធ្លី សម្រាប់សាងសង់អគារខ្ពស់ៗ ប្រើប្រាស់សម្រាប់សង់រោងចក្រ ឬឃ្លាងសម្រាប់ស្តុកទំនិញជាដើម ដូច្នេះហើយទើបតម្លៃដីធ្លីបានបន្តឡើងថ្លៃជាបន្តបន្ទាប់ ។

ការបង្កើតចំណូលមួយទៀត ពីវិស័យអចលនទ្រព្យគឺការបង្កើតចំណូ​លប្រចាំខែ ជាក់ស្ដែងការទិញអចលនទ្រព្យ ហើយជួលបន្តយកចំណូលប្រចាំខែ ។ ប្រភេទទី៣ គឺការវិនិយោគរវាងប្រភេទទី១ និងទី២ ទិញដើម្បីជួលផងនិងទុកឡើងថ្លៃផង និងក្រោយមកលក់ចេញ ។

ប្រភេទទី៤ គឺបានមកតាមរយៈយកអចលនទ្រព្យនោះ មកប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here