អ្នកជំនាញបង្ហាញគន្លឹះសំខាន់ៗមុនសម្រេចចិត្តវិនិយោគខេត្តព្រះសីហនុនិងសៀមរាប

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ ខេត្តតំបន់ទេសចរណ៍ពីរនៅកម្ពុជាគឺខេត្តព្រះសីហនុ និងខេត្តសៀមរាប ជាខេត្តដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងជាទិសដៅសម្រាប់វិនិយោគិនក្នុងការបណ្ដាក់ទុនវិនិយោគ។

យ៉ាងណាក្តី សក្ដានុពលនៃខេត្តទាំងពីរនេះក៏ត្រូវបានមើលឃើញថា មានភាពខុសៗគ្នា ដូច្នេះអ្នកជំនាញអចលនទ្រព្យមួយរូបក៏បានបង្ហាញគន្លឹះ មុនសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍តាមទូរសព្ទ កាលពីថ្ងៃទី៤ ខែមេសានេះថា ខេត្តទាំងពីរសុទ្ធតែមានសក្ដានុពលដូចៗគ្នា តែវាអាស្រ័យទៅលើប្រភេទនៃការវិនិយោគរបស់គាត់។

លោកលើកឧទាហរណ៍ថា បើសិនជាគាត់ចង់វិនិយោគដីធ្លីដើម្បីធ្វើការសាងសង់ឃ្លាំង ឬរោងចក្រ ឬក៏ជាប្រភេទតំបន់ពាណិជ្ជកម្ម គាត់អាចទៅរកទីតាំងនៅខេត្តព្រះសីហនុ និងផ្ដល់ឱកាសខ្ពស់សម្រាប់ពួកគាត់។

លោកបន្ថែមថា ខេត្តព្រះសីហនុជាខេត្តមួយ ដែលតម្លៃដីធ្លីបានឡើងដល់កម្រិតមួយខ្ពស់ទៅហើយ ឬអាចនិយាយបានថាជាខេត្តអភិវឌ្ឍន៍។ យ៉ាងណាក្ដី ខេត្តនេះនៅតែមានសក្ដានុពល និងផលប្រយោជន៍ដល់វិនិយោគិនក្នុងការអភិវឌ្ឍអចលនទ្រព្យនៅក្នុងតំបន់។

លោកបន្តថា “បើសិនជាវិនិយោគិនចង់វិនិយោគទៅលើសណ្ឋាគារ និងបដិសណ្ឋារកិច្ច ដែលបម្រើដល់វិស័យទេសចរណ៍ ពួកគាត់អាចទៅរកតំបន់នៃខេត្តសៀមរាប ដែលនឹងផ្ដល់ឱកាសល្អសម្រាប់ពួកគាត់ ពីព្រោះខេត្តសៀមរាប ជាខេត្តមានសក្ដានុពលលើវិស័យទេសចរណ៍ និងជាទិសដៅទេសចរណ៍ធំជាងគេបំផុតនៅក្នុងកម្ពុជា”។

លោកបន្ថែមផងដែរថា តាមពិតទៅតាមបណ្ដាខេត្តនានាទូទាំងប្រទេសកម្ពុជាកំពុងតែហុចសក្ដានុពលដល់ការអភិវឌ្ឍ គ្រាន់តែខេត្តខ្លះមានសក្ដានុពលខ្ពស់ ខេត្តខ្លះមិនទាន់ទទួលបានការវិនិយោគ តែសម្រាប់តម្លៃដីធ្លី និងការអភិវឌ្ឍរបស់រដ្ឋក៏ឃើញថាមានការរីកចម្រើនជាបន្តបន្ទាប់ផងដែរ។


លោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គី ក៏បានមានប្រសាសន៍ឱ្យដឹងថា សម្រាប់ខេត្តព្រះសីហនុ ត្បិតតែវាមានការអភិវឌ្ឍខ្លាំងរួចហើយក្ដី តែខេត្តព្រះសីហនុនៅតែជាតំបន់ ដែលមានការទាក់ទាញទៅលើការអភិវឌ្ឍបន្ថែមទៀត ខណៈរដ្ឋាភិបាលក៏បានកំណត់យកខេត្តនេះជាគោលដៅអភិវឌ្ឍន៍មួយក្នុងចំណោមគោលដៅផ្សេងៗទៀត។

ខេត្តទាំងពីរដែលសុទ្ធតែមានសក្ដានុពលខ្ពស់ទៅលើវិស័យទេសចរណ៍ ព្រះសីហនុ និងសៀមរាបត្រូវបានរាជរដ្ឋាភិបាលអភិវឌ្ឍន៍និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ កាន់តែទំនើប កាន់តែស្អាត ដែលធ្វើឱ្យតំបន់ទាំងនោះកំពុងកែប្រែមុខមាត់ថ្មី ទាក់ទាញដល់វិនិយោគិនក្នុងនិងក្រៅប្រទេសបន្ថែម៕

LEAVE A REPLY

Please enter your comment!
Please enter your name here