ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ការផ្គត់ផ្គង់ខុនដូក្នុងទីផ្សារ នៃប្រទេសកម្ពុជាក្នុងរយៈពេល១ត្រីមាសដំបូងនៃឆ្នាំ២០២២នេះ សម្រេចបានត្រឹមតែ៥ភាគរយប៉ុណ្ណោះ នៃការរំពឹងទុកក្នុងឆ្នាំ២០២២ទាំងមូល ។ នេះបើតាមសិក្សារបស់ក្រុមហ៊ុនអន្តរជាតិប្រចាំកម្ពុជា CBRE Cambodia ។
យោងតាមរបាយការណ៍ និងការសិក្សារបស់ក្រុមហ៊ុនCBRE Cambodia ប្រចាំត្រីមាសទី១ឆ្នាំនេះ និងបានផ្សព្វផ្សាយចេញនាព្រឹកថ្ងៃទី៦ មេសានេះបានឱ្យដឹងថា ក្នុងឆ្នាំ២០២២ទាំងមូល ករផ្គត់ផ្គង់ខុនដូនៅលើទីផ្សារប្រទេសកម្ពុជារំពឹងថា នឹងមានចំនួនជាង១៣,០០០ពាន់យូនីត ហើយមកដល់ពេលនេះ ការផ្គត់ផ្គង់នៅមានចំនួនតិចតួចនៅឡើយ ។
អ្នកនាងជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃ នៃក្រុមហ៊ុនCBRE Cambodia បានមានប្រសាសន៍ឲ្យដឹងថា បញ្ហាប្រឈមសម្រាប់ឆ្នាំ២០២២នេះ នៅតែមានសម្រាប់ទីផ្សារខុនដូប្រទេសកម្ពុជា ។ ដោយសារតែទីផ្សារខុនដូនៅកម្ពុជា នៅតែរំពឹងលើភ្ញៀវជាជនបរទេស ហើយរហូតមកដល់ពេលនេះ ជនបរទេសចូលមកកម្ពុជានៅតែបន្តធ្លាក់ចុះ ទើបធ្វើឱ្យវិស័យខុនដូនៅកម្ពុជាមិនទាន់អាចងើបឡើងវិញបានល្អប្រសើរ ។
អ្នកនាងបន្តថា ដូចយើងបានឃើញជាក់ស្ដែងហើយ អ្នកទិញខុនដូនៅកម្ពុជា មួយចំនួនធំគឺជាភ្ញៀវបរទេស ក្នុងនោះដែរភ្ញៀវចិនជាភ្ញៀវសំខាន់មួយ ក្នុងការទិញខុនដូនៅក្នុងប្រទេស ហើយមកដល់ពេលនេះហើយ ភ្ញៀវជនជាតិចិននៅតែបន្តធ្លាក់ចុះ និងមានចំនួនតិចតួចប៉ុណ្ណោះដែលមកដល់កម្ពុជា។
ជាមួយគ្នានេះ អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យCBRE Cambodia ក៏បានឱ្យដឹងផងដែរថា ដោយសារតែបញ្ហាប្រឈមទាំងនេះ ធ្វើឱ្យតម្លៃខុនដូរបស់គម្រោងមួយចំនួន បានធ្លាក់ចុះជាបន្តបន្ទាប់ ហើយវានៅទ្រឹងក្នុងឆ្នាំ២០២២នេះ ។
អ្នកនាងបន្តថា ដោយសារតែសកម្មភាពទិញលក់ខុនដូ នៅក្នុងត្រីមាសទី១នៃឆ្នាំ២០២២នេះបន្តធ្លាក់ចុះ ជាមួយតម្លៃក៏ធ្លាក់ដែរនោះ ទើបធ្វើ ឱ្យគម្រោងខុនដូ ដែលយើងរំពឹងថានឹងសម្រេចបានជាង១៣ពាន់យូនីត នោះបានតែជាង៥ភាគរយប៉ុណ្ណោះ ហើយក្នុងឆ្នាំ២០២២ទាំងនេះខុនដូដែលគ្រោងនឹងបញ្ចប់ក៏អាចនឹងបន្តយឺតយ៉ាវដដែល៕