វិស័យសំណង់របស់អារ៉ាប៊ីសាអូឌីតរំពឹងវិលទៅរកកម្រិតមុនពេលផ្ទុះ វិបត្តិកូវីដ-១៩ នៅឆ្នាំនេះ

0

ដោយៈសុខុម

រីយ៉ាដ: ទីផ្សារសំណង់នៃប្រទេសអារ៉ាប៊ីសាអូឌីត អាចនឹងត្រលប់ទៅរកកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩ វិញនៅឆ្នាំនេះ ខណៈមូលនិធិវិនិយោគសាធារណៈ (Public Investment Fund)  ហៅកាត់ PIF កំពុងជំរុញឱ្យមានគម្រោងវិនិយោគជាច្រើនទៀត។

យោងតាមក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អារ៉ាប៊ីសាអូឌីត (US-Saudi Business Council) ហៅកាត់ USSBC ឱ្យដឹងថា ក្នុងឆ្នាំ២០២១ កិច្ចសន្យាដែលឧស្សាហកម្មសំណង់ចុះបញ្ជីបានកើនឡើង៧៨% បើប្រៀបធៀបនឹងឆ្នាំ២០២០ ហើយមានការរំពឹងទុកថា សន្ទុះកើនឡើងនេះនឹងបន្តនៅឆ្នាំ២០២២ នេះទៀត។

ទោះជាយ៉ាងណា ការកើនឡើងកាលពីឆ្នាំមុន នៅតែទាបជាងកម្រិតក្នុងឆ្នាំ២០១៣ និងឆ្នាំ២០១៤។ នេះបើយោងតាមអ្វីដែលលោក Albara’a Al-Wazir អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់នៅក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អារ៉ាប៊ីសាអូឌីត USSBC បានប្រាប់សារព័ត៌មាន Arab News។

មូលនិធិវិនិយោគសាធារណៈ PIF បានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើគម្រោងនានា ដូចជា គម្រោង NEOM និងគម្រោង The Red Sea Development Co ជាដើមព្រមទាំងការកើនឡើងនូវការវិនិយោគមូលធន ពីសំណាក់ក្រុមហ៊ុនប្រេង Saudi Aramco ដែលគ្រោងនឹងបង្កើនសមត្ថភាពផលិតប្រេង និងឧស្ម័នរបស់ខ្លួនបន្ថែមទៀតផងដែរ។

លោក Albara’a Al-Wazir និយាយថា “អង្គភាពនានារបស់រដ្ឋាភិបាលដូចជា មូលនិធិវិនិយោគសាធារណៈ PIF ជាដើមនឹងបោះទុនវិនិយោគច្រើន នៅក្នុងតំបន់ក្នុងរយៈពេលមធ្យម ដល់រយៈពេលវែង ហើយគោលនយោបាយ ដូចជាយុទ្ធសាស្រ្តវិនិយោគជាតិ (National Investment Strategy) ជាដើមដែលបានចាក់បញ្ចូលសាច់ប្រាក់ ចូលទៅក្នុងវិស័យនានា នឹងជួយជំរុញកំណើនបន្ថែមទៀត”។

លោកបានបន្ថែមទៀតថា “យុទ្ធសាស្រ្តវិនិយោគជាតិរំពឹងចាក់បញ្ចូលសាច់ប្រាក់១,៣៣ទ្រីលានដុល្លារអាមេរិក ទោះបីជាមូលនិធិវិនិយោគសាធារណៈ PIF បានបង្ហាញបំណងចាក់បញ្ចូល សាច់ប្រាក់៤០ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗរហូតដល់ឆ្នាំ២០២៥ ក្ដី។ ហើយទាំងអស់នេះនឹងជួយជំរុញកំណើនសកម្មភាពសាងសង់”។

ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អារ៉ាប៊ីសាអូឌីត USSBC បានប៉ាន់ប្រមាណថា កិច្ចសន្យាសាងសង់ ដែលត្រូវបានផ្តល់ឱ្យនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានឈានដល់៣៨ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ហើយគ្រាន់តែនៅក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២១ កិច្ចសន្យាសាងស ង់ដែលបានចុះបញ្ជី មានចំនួន១៨,៨ពាន់លានដុល្លារអាមេរិក ដែលខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេលជិត៦ឆ្នាំ៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here