ដោយ៖ សុផារី
ភ្នំពេញ៖ តាមការសិក្សាស្រាវជ្រាវបានបង្ហាញឱ្យឃើញថា នៅក្នុងបណ្តាប្រទេសអាស៊ាន កម្ពុជាស្ថិតនៅក្នុងលំដាប់លេខរៀងទី២ បន្ទាប់ពីប្រទេសសឹង្ហបុរី ទាក់ទងនឹងការរៀបចំប្រព័ន្ធលក់ដេញថ្លៃលេខចុះបញ្ជី រថយន្ត តាមប្រព័ន្ធអនឡាញ និងលេខរៀងទី២នៅអាស៊ី បន្ទាប់ពីហុងកុងដែលមានការលក់ដេញថ្លៃលេខ ចុះបញ្ជីពិសេសផ្ទាល់ខ្លួននេះ។
នេះបើតាមការឱ្យដឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងនៅក្នុងកិច្ចប្រជុំពិភាក្សា នៅថ្ងៃទី០៨ ខែមេសានេះ ស្តីពីការលក់ជាកញ្ចប់ពិសេសចំពោះតម្លៃលេខពិសេសផ្ទាល់ខ្លួនទាក់ទងនឹង ឈ្មោះក្រុមហ៊ុន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឬសហគ្រាស ដើម្បីផ្តល់សេវាប្រកបដោយជម្រើសសម្បូណ៌បែប និងកៀរគរចំណូលបន្ថែមទៀតជូនរដ្ឋ។
របាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូននៃកម្ពុជា បង្ហាញថា គិតចាប់តាំងពីខែ កញ្ញា ឆ្នាំ២០១៦ដល់គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២នេះ លេខចុះបញ្ជីរថយន្តនៅកម្ពុជាលក់បានចំនួន២០១.៩៨០លេខ ទទួលបានចំណូលសរុបចំនួនជាង២៨០ពាន់លានរៀល ស្មើនឹងជាង ៧០លានដុល្លារអាមេរិក។ ក្នុងនោះ ចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនក្នុងឆ្នាំ២០២១ ទទួលបានចំណូលថវិកាសរុបចំនួនជាង៦៨ពាន់លានរៀល កើនឡើងប្រមាណ ៩% ធៀបនឹងឆ្នាំ២០២០។
លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត មានប្រសាសន៍ថា ការលក់លេខពិសេស ជាការផ្តល់សេវាប្រកបដោយជម្រើសសម្បូណ៌បែបជូនបងប្អូនប្រជាពលរដ្ឋ មានប្រសិទ្ធភាព តម្លាភាព ស្របតាមតម្រូវការជាក់ស្តែង ក៏ដូចជាដើម្បីកៀរគរចំណូលឱ្យបានកាន់តែច្រើនបន្ថែមទៀតជូនរដ្ឋផងដែរ។
ការប្រើប្រាស់លេខពិសេសផ្ទាល់ខ្លួនមានអត្ថប្រយោជន៍ជួយដល់ការផ្សព្វផ្សាយអំពីម៉ាកយីហោ របស់ក្រុមហ៊ុនទៅដល់អតិថិជន ទទួលបានកម្មសិទ្ធិជាឈ្មោះរបស់ក្រុមហ៊ុននៅលើផ្លាកលេខ ងាយស្រួលគ្រប់គ្រងរថយន្តរបស់ក្រុមហ៊ុន និងការពារកម្មសិទ្ធិបញ្ហារបស់ក្រុមហ៊ុនបានផងដែរ៕