Merdeka 118 កំពុងនាំម៉ាឡេស៊ីក្លាយជាប្រទេសដែលសាងសង់អគារខ្ពស់លំដាប់ទី២លើពិភពលោក

0

ដោយៈសុខុម

គូឡាឡាំពួ: អគារភ្លោះ Petronas Towers ដ៏ល្បីល្បាញនៅក្នុងទីក្រុងគូឡាឡាំពួ គឺជាអគារខ្ពស់បំផុតប្រចាំប្រទេសម៉ាឡេស៊ី ប៉ុន្តែប្រទេសកាន់សាសនាឥស្លាមមួយនេះ បាននិងកំពុងឈានមួយជំហ៊ានទៀត ដោយបាននិងកំពុងសាងសង់ អាគារពាណិជ្ជកម្មកប់ពពកលំដាប់ទី២លើពិភពលោក។

ទោះជាយ៉ាងណា អគារថ្មី Merdeka 118 ដែលស្ថិតនៅក្នុងទីក្រុងគូឡាឡាំពួ នឹងវ៉ាឈ្នះអគារភ្លោះ Petronas Towers ក្លាយជាអគារខ្ពស់បំផុត ប្រចាំប្រទេសម៉ាឡេស៊ី និងខ្ពស់បំផុតទី២ក្នុងពិភពលោកជាផ្លូវការ នៅពេលសាងសង់បញ្ចប់ជាស្ថាពរនៅឆ្នាំ២០២២​ខាងមុខនេះ។

នេះសរបង្ហាញពីការរីកចម្រើនឥតឈប់ឈរ ក្នុងវិស័យសំណង់របស់ម៉ាឡេស៊ី ដែលជាសមាជិកមួយ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយក៏ជាមុខមាត់ថ្មីគួរឱ្យស្ញប់ស្ញែង សម្រាប់ប្រទេសកាន់សាសនាអ៊ីស្លាមភាគច្រើន ដែលមានប្រជាជនសរុបជាង ៣២,៧លាននាក់មួយនេះផងដែរ។

អគារ១១៨ជាន់ Merdeka 118 ឬ PNB 118 ដែលមានកម្ពស់៦៤៤ម៉ែត្រជាមួយនឹងរចនាប័ទ្ម ស្អាតប្លែកអស្ចារ្យបែបថ្ងៃអនាគតនេះ ត្រូវបានចាប់ផ្ដើមការសាងសង់នៅក្នុងឆ្នាំ២០១៤ ហើយកំពុងស្ថិតក្នុងដំណាក់កាលសាងសង់នៅឡើយ គិតត្រឹមខែកញ្ញា ឆ្នាំ២០២១នេះ។

យោងតាមសារព័ត៌មាន The Star ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះឱ្យដឹងថា ការងារសាងសង់អគារខ្ពស់កប់ពពកនេះ សម្រេចបានប្រមាណជាង៨០ភាគរយ ហើយគ្រោងនឹងរួចរាល់ជាស្ថាពរនៅត្រីមាសទី២ ឆ្នាំ២០២២។

អគារដែលចំណាយអស់ទឹកប្រាក់១,៥ពាន់លានដុល្លារអាមេរិក របស់ក្រុមហ៊ុន PNB Merdeka Ventures Sdn Bhd ខាងលើនេះ ត្រូវបានឌីហ្សាញឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មអូស្ត្រាលី Fender Katsalidis សហការជាមួយក្រុមហ៊ុនស្ថាបត្យកម្មម៉ាឡេស៊ី RSP KL និងទទួលសាងសង់ ដោយក្រុមហ៊ុនម៉ៅការកូរ៉េខាងត្បូង Samsung C&T និងក្រុមហ៊ុនម៉ៅការម៉ាឡេស៊ី UEM Group។

ដោយមានផ្ទៃក្រឡាសរុប២៩២.០០០ម៉ែត្រការ៉េ អគារនេះគឺជាអគារបំរើសេវាកម្មពហុគោលបំណង ដែលនឹងមានលំនៅដ្ឋានសម្រាប់ពួកអភិជន ការិយាល័យកម្រិត A សណ្ឋាគារប្រណីត និងកន្លែងគយគន់ទេសភាពដ៏អស្ចារ្យ៕ The Star៕

LEAVE A REPLY

Please enter your comment!
Please enter your name here