តើទីផ្សារអចលនទ្រព្យនៅក្រុងព្រះសីហនុយ៉ាងម៉េចហើយ?

0

ដោយៈជេស៊ីកា

ព្រះសីហនុៈ បន្ទាប់ពីការចាកចេញរបស់អ្នកវិនិយោគចិនយ៉ាងលឿន ព្រះអាទិត្យបានលិចនីលើទឹកដីក្រុងព្រះសីហនុ សំណង់ជាច្រើនបានជាប់គាំង តារារះនាទិសនារតីហាក់ស្រអ័ព្ទពន្លឺបន្តិច ប៉ុន្តែអ្វីៗ នឹងមានភាពប្រសើរឡើងវិញនាពេលអនាគត។

ហេដ្ឋារចនាសម្ព័ន្ឋច្រើនជាង៣៨ខ្សែ ការបើកដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុនៅអំឡុងខែមិថុនា ឬកក្កដាខាងមុខនេះ ព្រលានយន្តហោះលំដាប់អន្តរជាតិ ការរៀបចំផែនការ​មេដើម្បីកសាងទីក្រុងនេះ ជាទីក្រុងពហុបំណង និងការពង្រីកកំពង់ផែទឹកជ្រៅ ក៏ជាផ្នែកសំខាន់ដែលនឹងជម្រុញសក្តានុពលទីក្រុងនេះឡើងវិញ។

យ៉ាងណាក៏ដោយ ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​បាន​លើកឡើងថា ទោះបី​កម្ពុជា​បាន​បើក​ប្រទេ​ស​ទទួលភ្ញៀវ​ទេសចរ និង​អ្នកវិនិយោគ​បរទេស​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០២១ មក ក៏​ទីផ្សារ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​ នៅ​មិនទាន់​មាន​ដំណើរ​ការល្អ​ឡើងវិញ​នោះទេ​។

បច្ចុប្បន្ន ខេត្ត​ព្រះសីហនុ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ​កំណត់​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​។
អ្នកជំនាញបានប្រមើលមើលថា ទីផ្សារ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ ចាប់តាំងពី​ឆ្នាំ​ ២០១៩ មកដល់​ពេលនេះ គឺ​នៅ​ស្ងប់ស្ងាត់​ដដែល ដោយ​គេ​អាច​និយាយថា សកម្មភាព​ទីផ្សារ​ធ្លាក់ចុះ​ជាង ៩០ ​ភាគរយ​បើ​ធៀប​នឹង​អំឡុង​ឆ្នាំ​ ២០១៦-២០១៨​។ មាន​កត្តា​ចម្បង​ចំនួន ២ ដែល​ធ្វើឱ្យ​ទីផ្សារ​នេះ​ធ្លាក់ចុះ គឺ​ទី​ ១ ការបិទ​បញ្ចប់​រាល់​ប្រតិបត្តិការ​ល្បែងភ្នាល់​ តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា (​ចាប់ពី​ឆ្នាំ​ ២០១៩) និង​ទី ២ ការ​ទទួលរង​ផលប៉ះពាល់​ពី​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩​។

​ដោយសារ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ ​មានតម្លៃ​ខ្ពស់​រួច​ទៅហើយ​កាលពី​អំឡុង​ឆ្នាំ​ ២០១៦-២០១៨ ហេតុនេះ​ការទិញ​ក្នុង​ពេលនេះ​ស្ទើរតែ​មិនមាន​ (​ប្រជាជន​ក្នុងស្រុក​)​។ វា​នឹង​អាចមាន​សកម្មភាព​ឡើងវិញ ប្រសិនបើ​អ្នកវិនិយោគ​បរទេស ពិសេស​ជនជាតិ​ចិន​បន្ត​ចូលមក​ទីនោះ​សាជាថ្មី​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ឡាក់គី រៀលធី លោក ឌឹត ចណ្ណា បាន​មានប្រសាសន៍ឲ្យដឹងថា ថា នៅក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ នេះ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ខេត្ត​ព្រះសីហនុ ​នៅ​មិនទាន់មាន​អ្វី​ប្រែប្រួល​ខ្លាំង​ គួរឱ្យ​កត់សម្គាល់​ទេ​បើ​ធៀប​នឹង​ចុងឆ្នាំ​ ២០២១​។

លោក​បន្តថា “ទោះយ៉ាងណា​តម្លៃ និង​សកម្មភាព​ទីផ្សារ​នេះ ​អាច​នឹងមាន​ការប្រែប្រួល​ភ្លាមៗ ប្រសិនបើ​ចំនួន​អ្នកវិនិយោគ និង​ភ្ញៀវទេសចរ​បរទេស ​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​ទីនោះ​ក្នុង​ចំនួន​ច្រើន”​។

លោក​បាន​ថ្លែងថា​ ​បើ​និយាយ​ក្នុង​ពេលនេះ គឺ​មិនទាន់​មាន​ធ្វើ​ប្រែប្រួល​ទេ ប៉ុន្តែ​នៅពេល​ខាងមុខ​ឆាប់ៗ​នេះ​អ្វីៗ​អាច​នឹងមាន​ការប្រែប្រួល​ខ្លាំង ព្រោះ​ប្រទេស​យើង​បាននិង​កំពុង​បើក​ដំណើរការ​គ្រប់​វិស័យ រួមទាំង​ជើងហោះហើរ​អន្តរជាតិ​ផងដែរ​​។

លោកឌឹត ចណ្ណាបានបន្តថា លោក​ទើប​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ថា មាន​អ្នកវិនិយោគ​បរទេស​ជាច្រើន​កំពុង​ចាប់អារម្មណ៍​ក្នុង​ការបណ្តាក់ទុន សហការ ឬ​ទិញ​គម្រោង​អភិវឌ្ឍន៍​ដែល​ជាប់គាំង យក​ទៅ​អភិវឌ្ឍ​បន្ត​។

លោក​បញ្ជាក់ថា “​​ខ្ញុំ​គិតថា​មិនយូរ​ទៀត​ទេ​វិស័យ​អចលនទ្រព្យ ​ក្នុង​ខេត្ត​ព្រះសីហនុ​នឹងមាន​សម្ទុះ​ខ្លាំង​ដូចដើម​វិញ​ (​អំឡុង​មុន​ឆ្នាំ​ ២០១៨)”​។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យនៅក្រុងព្រះសីហនុ ពិតជាត្រូវការពេលវេលាច្រើនថែមទៀត ដើម្បីឲ្យទីផ្សារអាចស្រូបយកនូវអ្វីដែលបានដាក់ចូលទីផ្សារជាច្រើនរួចមកហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here