ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ដោយផ្តោតលើបរិយាកាសរស់ នៅប្រកបដោយផាសុខភាព និងសមស្របនឹងរសនិយមសម័យថ្មី អ្នកវិនិយោគសាងសង់លំនៅដ្ឋានបច្ចុប្បន្នបានផ្តោតកាន់តែសំខាន់ លើសហគមន៍បែបបៃតង និងការរស់នៅជាមួយធម្មជាតិ។
ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ ការសម្របខ្លួននឹងបរិយាកាសថ្មី នៃការប្រែប្រួលអាកាសធាតុ បុរីវិមានសំណាងបាន និងកំពុងរៀបចំផែនការមេ ដោយផ្តោតលើបរិស្ថានបៃតង ដោយរក្សាទុកផ្ទៃដី៤០ភាគរយសំរាប់តំបន់សាធារណៈ និងការដាំដើមឈើលំអរ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាប្រធានក្រុមប្រឹក្សាភិបាលបុរីវិមានសំណាង បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២១ មេសានេះថា ជាមួយការគិតគូដល់សហគមន៍នៃការរស់នៅ បានធ្វើឲ្យការលក់បុរីរបស់យើង នៅតែទទួលបានការគាំទ្រខ្លាំង ពីអតិថិជន ដែលទោះជាបុរីនានាលក់មិនបាន ប៉ុន្តែយើងនៅតែបន្តលក់បានយ៉ាងរលូន។
លោកឧកញ៉ាបន្តថា “មូលហេតុដែលយើងលក់បាន ព្រោះប្រភពដើមរបស់យើងគឺជាអ្នកលក់ និងមានប្រវត្តិចេញពីអ្នកលក់អចលនទ្រព្យ ដែលយើងយល់ពីរសនិយម និងចំណង់ចំណូលចិត្តអតិថិជន”។ លោកបន្តថា “ទីតាំងបុរីវិមានសំណាង ជាតំបន់ស៊ីវិល័យ និងជាតំបន់អ្នកមានរស់នៅសម័យថ្មី ដោយសារតំបន់នេះមានក្រសួង មន្ទីរពាក់ព័ន្ឋជាច្រើនបានរៀបចំឡើង មានផ្សារទំនើប និងសេវាកម្មបំរើដល់ការរស់នៅកាន់តែងាយស្រួល”។
បុរីវិមានសំណាងស្ថិតនៅលើមហាវិថីឈ្នះ ឈ្នះ ដែលមានទំហំដី២៥ហិកតា និងសាងសង់ជាពីរដំណាក់កាល ដោយដំណាក់កាលទី១នឹងសាងសង់លើផ្ទៃដី១០ហិកតា និងដំណាក់កាលទី២ សាងសង់លើផ្ទៃដី១៥ហិកតា។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា ជាមួយនឹងការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់អតិថិជន លោកនឹងអញ្ជើញគ្រប់អ្នកទិញបុរីទៅដើរលេងកំសាន្តនៅសហរដ្ឋអាមេរិក និងទទួលបានរថយន្តមួយគ្រឿងម៉ាកLexus600 ដែលមានតម្លៃជាង៣០ម៉ឺនដុល្លារអាមេរិក តាមរយៈការចាប់ឆ្នោតផ្សងសំណាង៕