អ្នកអភិវឌ្ឍន៍លំនៅឋានមួយចំនួនក្នុងខេត្តត្បូងឃ្មុំបង្វែរអតិថិជនគោលដៅ ព្រោះប្រឈមការជាប់គាំងការលក់

0

ដោយ៖ សុផារី

ត្បូងឃ្មុំ៖ ខេត្តត្បូងឃ្មុំ ធ្លាប់មានការផ្អើលពីសន្ទុះនៃចរន្តអចលនទ្រព្យមួយរយៈខ្លី នៅពេលដែលរដ្ឋាភិបាលប្រកាសបង្គើតរដ្ឋបាលខេត្តកូនពៅមួយនេះ និងបានប្រកាសពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា កាលពីពេលកន្លងមក។

យ៉ាងណាក្តី មួយរយៈចុងក្រោយនេះ អតិថិជនប្រភេទមធ្យមហាក់មានភាពស្ងប់ស្ងាតជ្រងុំខ្លាំង ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍ ជាពិសេសប្រភេទលំនៅឋាន សម្តែងការព្រួយបារម្ភលើការលក់មិនចេញ ហើយបានប្តូរទិសដៅការអភិវឌ្ឍ ដោយចាប់យកប្រភេទអតិថិជនក្រោមមធ្យមវិញ។

លោក តុល រស្មី ប្រធានផ្នែកលក់នៃគម្រោងបុរី “អាណាចក្ររុងរឿង” ដែលវិនិយោគលើគម្រោងបុរី និងផ្ទះល្វែង មានទីតាំងនៅក្នុងខេត្តត្បូងឃ្មុំ បានមានប្រសាសន៍កានពីថ្ងៃទី២១ ខែមេសាថា មួយរយៈចុងក្រោយនេះ មានភាពស្ងប់ស្ងាត់ជាងមុនច្រើន ដោយសារបញ្ហាកូរីដ១៩បានជះឥទ្ធិពលដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ។

លោកបានមានប្រសាសន៍ថា “អតិថិជន ដែលធ្លាប់ទៅទិញនៅទីនោះ មានមកពីគ្រប់ទិសទី ទាំងមកពីភ្នំពេញ ប្រជាជននៅក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជុំវិញ”។

លោកបានប្រាប់គេហទំព័រ Property Area Asia ថា គម្រោងផ្ទះល្វែងរបស់លោកបានឈានចូលដល់គម្រោងទី២ ហើយគម្រោងបុរីរបស់លោកកំពុងតែសម្រុកក្នុងការសាងសង់ផ្ទះ ដែលធូរថ្លៃជាងមុនត្រឹមតែ២ម៉ឺនដុល្លារអាមេរិក ដើម្បីចាប់យកអតិថិជន ដែលមានជីវភាពមធ្យម និងក្រោមមធ្យម ដើម្បីជម្រុញការលក់បន្ថែមទៀត ព្រោះប្រភេទលំនៅឋានមធ្យមមានភាពស្ងប់ស្ងាត់ជាងមុនច្រើន។

លោកថា “យើងតម្រូវអតិថិជនមធ្យមៗ តាមអតិថិជន ដែលមិនសូវមានធនធានដែរ”។

ចំណែក លោក ញ៉ុក ហ៊ុយឡេង ម្ចាស់គម្រោងបុរី៣៣៣ ដែលជាគម្រោងលំនៅឋានតម្លៃមធ្យមមួយនៅក្នុងខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា គម្រោងអចនលទ្រព្យនានានៅក្នុងខេត្តមានភាពស្ងប់ស្ងាត់ មិនថា ជាប្រភេទគម្រោងលំនៅឋាន ដីឡូតិ៍ នោះទេ។

លោកអះអាងថា មូលហេតុដែលបណ្តាលឱ្យមានភាពស្ងប់ស្ងាត់ក្នុងវិស័យអចលនទ្រព្យ ដោយសារតែកត្តាពីរសំខាន់ៗ គឺ បញ្ហាជីវភាពរបស់អតិថិជនគោលដៅ គឺប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងទម្លាប់នៅក្នុងការរស់នៅរបស់ប្រជាជននៅក្នុងមូលដ្ឋាន ដែលមិនសូវជាបែកគ្រួសារទៅរស់នៅខាងក្រៅ ក្រោយរៀបការទេ។

លោកថា “ឥលូវរៀងស្ងាត់ មិនសូវជាមានអ្នកសួរនាំច្រើនឡើយ។ កូវីដ១៩ ជាចំណុចធំហើយ ដែលប៉ះពាល់ដល់ជីវភាពរបស់ប្រជាជនយើង។ ម្យ៉ាងទៀត សម្រាប់ផ្ទះល្វែងដែលសម្រាប់ការស្នាក់នៅមិនសូវជាមានតម្រូវការច្រើននោះទេ”។

លោកបញ្ជាក់ថា “អតិថិជននៅក្នុងតំបន់នេះក៏មិនសូវជាបែកគ្រួសារ ចេញទៅនៅក្រៅច្រើននោះទេ។ ដូច្នេះតម្រូវការមិនសូវជាមានច្រើននោះទេ។ មួយរយៈនេះមិនមែនស្ងាត់តែខាងខ្ញុំទេ តែបុរី ឬគម្រោងផ្សេងទៀតក៏ស្ងាត់ដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here