Knight Frank: ទីផ្សារខុនដូក្រុងបាងកក នឹងកម្រើកឡើងវិញក្នុងឆ្នាំសារពើពន្ធ២០២២

0

ដោយៈសុខុម

បាងកក: ទីក្រុងបាងកក គឺជាទីក្រុងដែលមានអ្វីៗចម្រុះគ្នាយ៉ាងសម្បូរបែប។ តួយ៉ាងទន្លេចៅប្រាយ៉ា សំណង់អគារចាស់ៗ ប្រឡាយទឹក និងប្រា​សាទចាស់ៗ ត្រូវបានហ៊ុព័ទ្ធដោយអគារកប់ពពកថ្មីៗ។

ទិដ្ឋភាពអចលនទ្រព្យក្នុងទីក្រុងនេះ ក៏ចម្រុះដូចគ្នាដែរ។ ទីក្រុងនេះផ្តល់ការអភិវឌ្ឍលំនៅដ្ឋានយ៉ាងសម្បូរបែប រាប់ចាប់ពីផ្ទះល្វែងបែបទំនើប (Terraced Home) ដែលមានតម្លៃមធ្យម និងបឹងហ្គាឡូរហូតដល់ផ្ទះវីឡាលើអាកាស (Penthouse) បែបប្រណីត។ ជាពិសេសទីផ្សារខុនដូក្នុងទីក្រុងនេះ ទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុង រយៈពេល១ទសវត្សរ៍កន្លងមកនេះ ជាពិសេសក្នុងចំណោមអ្នកទិញដែលជាជនបរទេស។

ថ្វីត្បិតទទួលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ក៏ទីផ្សារខុនដូក្នុងក្រុងបាងកក កំពុងតែកម្រើកឡើងវិញជាបណ្ដើរៗហើយ ក្រោយបន្ធូរបន្ថយការរឹតបន្តឹង។

លោក Nattha Kahapana នាយករងគ្រប់គ្រងទីភ្នាក់ងារអចលនទ្រព្យអង់គ្លេស Knight Frank ប្រចាំទីផ្សារប្រទេសថៃបានលើកឡើងថា ទីផ្សារខុនដូទទួលបានលទ្ធផលល្អប្រសើរ ក្នុងឆ្នាំសារពើពន្ធ២០២១។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃសុក្រ ទី២២ ខែមេសា។

ក្រុមហ៊ុន Knight Frank Thailand និយាយថា ទីផ្សារខុនដូក្នុងក្រុងបាងកក ពឹងផ្អែកលើកត្តាជំរុញមួយចំនួន ដូចជា ការងើបឡើងវិញនៃសេដ្ឋកិច្ច ការកាត់បន្ថយការធ្វើចត្តាឡីស័ក ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ និងការបង្កលក្ខណៈងាយស្រួល ដើម្បីទាក់ទាញជាជនបរទេស ជាពិសេសជនជាតិចិន ដែលធ្លាប់ជាអ្នកទិញដ៏សំខាន់នៅក្នុងទីផ្សារនេះ។

លោក Nattha Kahapana លើកឡើងថា ទីផ្សារខុនដូក្នុងក្រុងបាងកក ទាក់ទាញខ្លាំងជាងគេ គឺអ្នកទិញសម្រាប់ស្នាក់នៅផ្ទាល់។ លោកបានបន្តថា “វិនិយោគិនកាន់តែច្រើនឡើងកំពុង ងាកទៅអភិវឌ្ឍគម្រោងខុនដូនៅជាយក្រុងដើម្បីទាក់ទាញអ្នកជួល”។

លោកបានបន្ថែមទៀតថា “សម្រាប់ឆ្នាំ២០២២ យើងជឿជាក់ថា ទីផ្សារខុនដូទំនងជានឹងកម្រើកឡើង និងមានសកម្មភាពកាន់តែផុសផុល ព្រោះក្រុមហ៊ុនធំមានគម្រោងចាប់ផ្ដើម គម្រោងអភិវឌ្ឍន៍ខុនដូបន្ថែមទៀត”៕ The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here