លោកស៊ុន ចាន់ថុល ព្រមានដាក់ក្រុមហ៊ុន Hanshin របស់កូរ៉េខាងត្បូងក្នុងបញ្ជីខ្មៅ

0

ដោយៈសុផារី

តាកែវៈ ក្រុមហ៊ុន ហានស៊ីន (Hanshin) របស់កូរ៉េខាងត្បូង ដែលទទួលបានសិទ្ធិសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនបានរកឃើញថា សាងសង់ផ្លូវមិនមានគុណភាព និងមិនបានត្រឹមត្រូវទៅតាមកម្រិតបច្ចេកទេសនោះឡើយ។

ក្នុងឱកាសចុះពិនិត្យគុណភាពផ្លូវជាតិលេខ២ និងលេខ២២កាលពី​ចុងសប្តាហ៍មុន លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានព្រមានថា នឹងមានការជជែកគ្នាទៅលើក្រុមហ៊ុននេះ អាចឈានដាក់ក្នុងបញ្ជីខ្មៅ មិនឱ្យទទួលការសាងសង់ផ្លូវនៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ក៏បានស្តីបន្ទោសខ្លាំង ទៅកាន់មន្ត្រីក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យលក្ខណ:បច្ចេកទេស ដោយបានគូសបញ្ជាក់ថា “យើងខ្ញុំបានចុះវ៉ៃគ្រឹះ សាកល្បងច្រើនកន្លែងណាស់។ កន្លែងខ្លះក៏ជាប់ តែភាគច្រើនធ្លាក់ទាំងអស់ក្រោមស្តង់ដារ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន”។លោកបន្តថា “ដូច្នេះយើងធ្វើការកត់សំគាល់ ដើម្បីពិភាក្សាគម្រោងផ្សេងៗទៀត តើយើងគួរអនុញ្ញាតឲ្យក្រុមហ៊ុននេះ ចូលដេញថ្លៃឬមិនដឹងថ្លៃ? ត្រូវតែសម្រេច។ កុំអោយយើងឈឺក្បាលរហូត មិនអាចអង្គុយបក់ផ្សែងរហូតបានទេ។

ត្រូវតែសាងសង់ផ្លូវឲ្យបានតាមគុណភាព ដែលរបស់ក្រសួងពេលវេលាកំណត់តាមកុងត្រា ឲ្យបានច្បាស់លាស់ជាមួយគ្នា”។

លោកបានព្រមានធ្ងន់ៗថា សួរថាតើនីតិវិធីថ្ងៃក្រោយយ៉ាងម៉េច? តើគួរអនុញ្ញាតឲ្យក្រុមហ៊ុនដេញថ្លៃទៀត ឬយើងឯកភាពគ្នាជាមួយ ចាប់ពីថ្ងៃនេះតទៅហាមក្រុមហ៊ុននេះដេញថ្លៃ៥ឆ្នាំ? ឧទាហរណ៍ ដាក់ក្នុងបញ្ជីខ្មៅ៥ឆ្នាំតែម្តងទៅ។

លោកស៊ុន ចាន់ថុល បានឱ្យដឹងថា ក្រុមហ៊ុនហានស៊ីន មិនមានគ្រឿងចក្រ និងកម្លាំងពលកម្មគ្រប់គ្រាន់ ជាមូលហេតុដែលនាំឱ្យការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មិនអាចបញ្ចប់តាមកិច្ចសន្យាកំណត់ មិនមែនបណ្តាលមកពីបញ្ហាជំងឺកូវីដ-១៩ ដូចការអះអាងរបស់ក្រុមហ៊ុននោះទេ។

លោកមានប្រសាសន៍ថា ក្រៅពីផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ក្រុមហ៊ុននេះដេញថ្លៃ បានសាងសង់ផ្លូវជាតិលេខ៥ ក៏មានការយឺតយ៉ាងផងដែរ។ លោកបានបញ្ជាក់ថា ដោយសារតែនេះជានីតិវិធីនៃការដេញថ្លៃចំពោះក្រុមហ៊ុនណា ដែលដេញថ្លៃបានថោក ក្រុមហ៊ុននោះទទួលបានសិទ្ធិនៅក្នុងការសាងសង់។

គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ​២២ មានប្រវែងសរុប ៧២,១៧គីឡូម៉ែត្រនេះ ត្រូវបានពន្យាពេលច្រើនដង ដោយគ្រោងបញ្ចប់ការសាងសង់នៅខែមេសា ឆ្នាំ២០២២នេះ តែក្រុមហ៊ុនសាងសង់យឺតជាងការគ្រោងទុក និងសុំពន្យារដល់ខែសីហា ឆ្នាំ២០២២នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here