និតិវិធីទិញលក់ដីធ្លីមួយចំនួនដែលមានសារៈសំខាន់មិនអាចមើលរំលងបាន

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ស្របពេលការវិនិយោគលើដីធ្លីកាន់តែមានប្រជាប្រិយភាព ហានិភ័យក៏អាចកើតមានកាន់តែច្រើនផងដែរ ហេតុនេះការសិក្សាលើនិតិវិធី និងទិដ្ឋភាពច្បាប់ពាក់ព័ន្ឋមានសារៈសំខាន់ណាស់ ដើម្បីបញ្ចៀសហានិភ័យនានា។

ការពិតនៅកម្ពុជា ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​លក់​ និង​ការ​ជួញដូរ​ដី​នៅ​កម្ពុជា​ មិន​ទាន់​មាន​គ្រប់គ្រាន់​នៅឡើយ​។​ ទោះបីជា​ក្របខ័ណ្ឌ​ផ្លូវការ​សម្រាប់​ការ​លក់​ និង​ការ​ជួញដូរ​ដី​ ត្រូវ​បាន​តាក់តែង​ឡើង​ក្រោម​ច្បាប់​ភូមិបាល​ឆ្នាំ​ ២០០១​ ប៉ុន្តែ​ច្បាប់​ស្តី​ពី​ការ​អនុវត្ត​ក្រមរដ្ឋប្បវេណី​ឆ្នាំ​ ២០១១​ បាន​លុប​ចោល​ផ្នែក​ជា​ច្រើន​នៃ​ក្របខ័ណ្ឌ​នោះ​។​

ការ​លក់​ដីធ្លី​តាម​រយៈ​កិច្ចសន្យា​ នាំ​ឱ្យ​មានការផ្ទេរសិទ្ធិ​នៃ​ភាពជា​ម្ចាស់​ទៅលើ​ដី​។​ យ៉ាងនេះ​ក្តី​ ដើម្បី​អាច​អនុវត្ត​បាន​ កិច្ចសន្យា​នេះ​ ត្រូវ​តែ​ចុះបញ្ជី​។ ម្យ៉ាងទៀត​ អចលនវត្ថុ​អាច​ត្រូវ​ផ្ទេរ​ដោយ​សន្តតិ​កម្ម​។​ អចលនវត្ថុ​ ដែល​ត្រូវ​បាន​កាន់កាប់​ដោយ​ស្របច្បាប់​ ប៉ុន្តែ​មិន​មានកម្ម​សិទ្ធិ​ អាច​នឹង​ផ្ទេរ​បាន​។ ដូចដែល​ច្បាប់​ភូមិបាល​ឆ្នាំ​ ២០០១​ បាន​ចែង​ពី​សិទ្ធិ​បណ្តោះអាសន្ន​លើ​អចលនវត្ថុ​ ដែល​ក្នុង​នោះ​ ពួក​គេ​មាន​សិទ្ធិ​ដូច​គ្នា​ទៅ​នឹង​ម្ចាស់​កម្មសិទ្ធិករ​ដែរ​។​

កា​រខក​ខានមិនបាន​ចុះបញ្ជី​ការ​ ផ្ទេរសិទ្ធិ​មាន​ទៅ​លើ​ដី​ជា​បន្តបន្ទាប់​ បង្ហាញ​ពី​ការ​ប្រឈម​សំខាន់ៗ​ ជា​ច្រើន​ចំពោះ​សន្តិសុខ​កម្មសិទ្ធិ​ដីធ្លី​ និង​ប្រព័ន្ធ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​។ ដីធ្លី​ចុះបញ្ជី​រួច​ ត្រូវ​ចុះបញ្ជី​ឡើង​វិញ​ជាមួយ​អាជ្ញាធរ​សុរិយោដី​ នៅ​ពេល​ដីនោះ​ត្រូវ​បាន​ផ្ទេរ​ទៅ​ម្ចាស់​ថ្មី​។​ ដំណើរការ​នេះ​ ធានា​ថា​ ការ​ចុះបញ្ជី​ដីធ្លី​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ ហើយ​ប័ណ្ណកម្មសិទ្ធិ​ថ្មី​ត្រូវ​បាន​ផ្តល់​ជូន​ និង​ផ្តល់​លទ្ធភាព​ឲ្យ​រដ្ឋាភិបាល​ប្រមូល​ពន្ធ​ផង​ដែរ​។​

ក៏​ប៉ុន្តែ​ ជា​ក់ស្តែង​ រាល់​ការ​ផ្ទេរសិទ្ធិ​កម្មសិទ្ធិ​ ១​ ក្នុង​ចំណោម​៤​ករណី មិន​ត្រូវ​បាន​ចុះបញ្ជី​ផ្លូវ​ការ​ទេ​។ ប្រសិនបើ​ស្ថានភាព​នេះ​ពិតជា​មាន​មែន​ ការ​ចុះបញ្ជី​នៅ​កម្ពុជា​ អាច​មិន​ជាក់លាក់​ និង​មិន​មាន​ បច្ចុប្បន្នភាព​នៅឡើយ​។

ព័ត៌មាន​មិន​ត្រឹមត្រូវ​និង​មិន​អាច​ជឿ​ទុកចិត្ត​បាន​ អាច​នាំ​ឱ្យ​កើត​មានការ​ដោះស្រាយ​ជម្លោះ​មិន​យុត្តិធម៌​ ខណៈ​ដែល​ម្ចាស់​កម្មសិទ្ធិ​ចុះបញ្ជី​ចុង​ក្រោយ​ នឹង​មាន​សិទ្ធិ​ទាមទារ​តាម​ផ្លូវច្បាប់​ ច្រើន​ជាង​។​

ហេតុផល​ជា​ទូទៅ​ សម្រាប់​មិន​ចុះបញ្ជី​ការ​ផ្ទេរសិទ្ធិ​កម្មសិទ្ធិ​លើ​ដីធ្លី​ គឺ​តម្លៃ​ខ្ពស់​ (​ទាំង​តម្លៃ​ផ្លូវការ​ និង​មិន​ផ្លូវការ​)​ សម្រាប់​សេវា​នេះ​ និង​កង្វះខាត​ការ​យល់​ដល់​ពី​បញ្ហា​ចុះបញ្ជី​។​

បញ្ហា​នេះ​ បាន​លេច​ចេញ​ជា​រូបរៀង​កាន់តែ​ច្បាស់​ឡើងៗ​ ដែល​ថា​ការ​លក់​ដី​ដោយ​បង្ខំ​ និង​ដោះ​ទាល់​ គឺជា​មូលហេតុ​ចម្បង​ នៃ​អសន្តិសុខ​កម្មសិទ្ធិ​ដីធ្លី​។​ ការ​លក់​ដោះ​ទាល់​ អាច​កើត​មាន នៅ​ពេល​ដែល​គ្រួសារ​ប្រឈម​នឹង​បំណុល​ ឬ​បញ្ហា​លំបាក​ ដូច​ជា​ ឈឺ​ធ្ងន់​។​ការ​សិក្សា​នៅ​ឆ្នាំ​ ២០១៥​ ទៅ​លើ​ភាព​គ្មាន​ដីធ្លី​ រាយការណ៍​ថា​ គ្រួសារ​ជិត​ ៣១​ភាគរយ​ ដែល​ស្ថិត​ក្នុង​ការ​សិក្សា​នេះ​ គឺជា​អ្នក​គ្មាន​ដីធ្លី​ ដោយសារ​ពួក​គេ​បាន​លក់​ដី​ទាំងនោះ​។​

ការ​សិក្សា​ស្រាវជ្រាវ​ផ្សេង​ទៀត​ រក​ឃើញ​ថា​ ការ​លក់​ដី​ដោយ​បង្ខំ​ ទំនងជា​កើត​មាន​ឡើង​ នៅ​ក្នុង​តំបន់​ដែល​ដី​មាន​តម្លៃ​ខ្ពស់​ ឬ​កន្លែង​ដែល​ក្រុមហ៊ុន​ឯកជន ​ចង់​បង្កើន​ទំហំ​ដី​កាន់តែ​ធំ​ឡើង​ សម្រាប់​ការ​អភិវឌ្ឍ​។ នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ ៨០​ភាគរយ​ រស់នៅ​ទី​ជនបទ​ និង​៧៣​ភាគរយ​ ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ សម្រាប់​ចិញ្ចឹមជីវិត​ ការ​លក់​ដី​បែប​នេះ​ អាច​ជះ​ឥទ្ធិពល​ខ្លាំង​ និង​មាន​ផល​ប៉ះពាល់​សម្រាប់​រយៈ​វែង​ លើ​ជីវភាព​រស់នៅ​ និង​សុខុមាលភាព​របស់​ប្រជាជន​នៅ​ជនបទ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here