ដោយៈសុខុម
សេអ៊ូល: កាលពីមុន កញ្ញា Lee Ju-hyeon វ័យ៣៣ឆ្នាំមិនដែលធ្លាប់គិតចង់ទិញផ្ទះឡើយ ពោលគឺទើបតែពេលថ្មីៗនេះប៉ុណ្ណោះ ដែលនាងចាប់ផ្ដើមគិតគូរ។
ប៉ុន្តែនៅពេលនាងចាប់ផ្តើម ដើររកទិញផ្ទះសម្រាប់រស់នៅ កសាងជីវិតគ្រួសារជាមួយអនាគតប្ដីរបស់ខ្លួន នាងជួបការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញថាតម្លៃផ្ទះបានហក់ឡើងខ្ពស់កប់ពពក។
កញ្ញា Lee បម្រើការងារជាអ្នកកាសែត បានប្រាប់សារព័ត៌មាន Al Jazeera កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ថា “យើងកំពុងស្វែងរកផ្ទះមួយ ដែលមានទំហំ៦៦ម៉ែត្រការ៉េ ក្នុងតម្លៃចន្លោះ៤០០លានវ៉ុន (៣១៦.០០០ដុល្លារ)។
ប៉ុន្តែពេលនេះតម្លៃផ្ទះថ្លៃហួសហេតុ”។
កញ្ញា Lee បាននិយាយទៀតថា អំឡុង៥ឆ្នាំមុន ផ្ទះមានតម្លៃធូរថ្លៃជាងនេះឆ្ងាយណាស់ ហើយក៏ងាយស្រួលរកទិញដែរ។
អាផាតម៉ិនកម្រិតមធ្យមនៅសង្កាត់ Eunpyeong ក្រុងសេអ៊ូល ដែលកញ្ញា Lee រស់នៅ មានតម្លៃសមរម្យត្រឹមតែ៤៧០លានវ៉ុន (៣៧០.០០០ដុល្លារ) ប៉ុណ្ណោះក្នុងមួយយូនីត ក្នុងឆ្នាំ២០១៧។ នេះបើយោងតាមអ្នកជំនាញផ្នែកតាមដាន តម្លៃផ្ទះក្នុងទីផ្សារមកពីធនាគារ KB Kookmin Bank។
ប៉ុន្តែពេលនេះ អាផាតម៉ិនកម្រិតមធ្យម មានតម្លៃលើសពី៩០០លានវ៉ុន (៧០៩.០០០ដុល្លារ) ឯណោះក្នុងមួយយូនីត។
ដូចអ្នកដើររកទិញផ្ទះជាច្រើនទៀតដែរ ពេលនេះកញ្ញា Lee កំពុងពិចារណា ធ្វើចំណាកស្រុកទៅរស់នៅ ក្នុងខេត្តក្បែរខាង Gyeonggi ដែលតម្លៃផ្ទះទាបជាងនៅក្នុងទីក្រុងសេអ៊ូល។
ក្រោមការដឹកនាំរបស់ប្រធានាធិបតី Moon Jae-in ដែលជិតចប់អាណត្តិ ប្រទេសកូរ៉េខាងត្បូង បានជួបវិបត្តិអចលនទ្រព្យហក់ឡើងថ្លៃខ្ពស់កប់ពពក។
លោក Yoon Seok-yeol ដែលនឹងចូលកាន់តំណែងជាប្រធានាធិបតីថ្មីនៅថ្ងៃទី១០ ខែឧសភា ខាងមុខនេះបានសន្យាថា នឹងដោះស្រាយបញ្ហានេះ តាមរយៈការបញ្ចុះពន្ធ និងការបន្ធូរបន្ថយបទប្បញ្ញត្តិស្ដីពីការគ្រប់គ្រងការសាងសង់ផ្ទះថ្មី៕ Aljazeera៕