ដោយៈ សុផារី
ភ្នំពេញៈ កម្ពុជាជាប្រទេសដែលមានធនធាន និងគុណសម្បត្តិសម្បូរបែបច្រើនយ៉ាង ប៉ុន្តែប្រទេសកម្ពុជា នៅមិនទាន់ត្រូវបានគេស្កាល់យ៉ាងទូលំទូលាយនៅឡើយទេ ជាពិសេសក្នុងចំណោមបណ្តាវិនិយោគិនបរទេស។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia និងជាអ្នកជំនួញអចលនទ្រព្យជើងចាស់មួយរូប បានលើកឡើងថា បរទេសមិនសូវជាស្គាល់កម្ពុជា បណ្តាលមកពីកម្ពុជានៅខ្វះខាតនូវចំណុចមួយ ដែលនៅមិនទាន់ត្រូវបានពង្រឹង។
នៅក្នុងកិច្ចសម្ភាសពិសេសមួយ ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង មានប្រសាសន៍ថា កម្ពុជាមានចំណុចល្អៗ ជាច្រើន ដែលអាចលើកយកមកនិយាយផ្សព្វផ្សាយ ដើម្បីជម្រុញការវិនិយោគបន្ថែម មកកាន់ទឹកដីរបស់យើង ប៉ុន្តែមានចំណុចមួយ ដែលប្រទេសកម្ពុជានៅមានភាបពខ្វះខាត នោះគឺការធ្វើទីផ្សារ ដែលនឹងជំរុញកេរ្តិ៍ឈ្្មោះប្រទេសនៅក្នុងផ្លូវវិជ្ជមាន ឱ្យពិភពលោកបានស្គាល់។
លោកឧកញ៉ាថ្លែងថា “បើនិយាយពីកម្ពុជា យើងអាចលើកយកនូវចំណុចល្អជាច្រើន កម្ពុជាជាប្រទេសប្រជាធិបតេយ្យ សេដ្ឋកិច្ចកម្ពុជារីកចម្រើនក្នុងអត្រា៧ភាគរយក្នុង រយៈពេល២០ឆ្នាំចុងក្រោយ”។ លោកបន្តថា “ប្រជាជនកម្ពុជាវ័យក្មេងស្ទើរតែ៧០ភាគរយ មានសណ្ឋានដីល្អ មានច្បាប់ទម្លាប់ល្អ ច្បាប់វិនិយោគដ៏ល្អ ដែលសម្រួលដល់ការវិនិយោគ រកស៊ីរបស់បរទេសនៅក្នុងប្រទេសកម្ពុជា ប្រទេសកម្ពុជាជាប្រទេស ដែលមានប្រជាជនរួសរាយរាក់ទាក់”។
លោកឧកញ៉ាសង្គត់ធ្ងន់ថា “យើងល្អគ្រប់យ៉ាង ប៉ុន្តែអ្វីដែលយើងខ្វះខាត គឺបរទេសមិនដឹងកន្លែងហ្នឹង។ មានន័យថា យើងខ្វះខាតការនាំកម្ពុជាទៅកាន់ពិភពលោក ស្ទើរការធ្វើទីផ្សារ (Marketing)”។
លោកបណ្ឌិតពន្យល់ថា ការធ្វើទីផ្សារ គឹជាវិធីសាស្ត្រទាំងឡាយណា ដែលធ្វើឱ្យបរទេសស្គាល់យើង។ ប្រសិនបើមានរឿងមិនល្អណាមួយកើតឡើងពីកម្ពុជានោះ វានឹងត្រូវបានផ្សព្វផ្សាយ ទៅកាន់ពិភពលោកចំនួន១០០។ រាល់រឿងរ៉ាវល្អទាក់ទងនឹងកម្ពុជា១០០ ត្រូវបានផ្សព្វផ្សាយទៅកាន់ពិភពលោកតែ១ប៉ុណ្ណោះ។
បើតាមលោកបណ្ឌិត ចំណុចដែលកម្ពុជាកំពុងខ្វះខាតរាល់ថ្ងៃនេះ គឺការធ្វើទីផ្សារ (Marketing) ក្នុងការនាំឱ្យពិភពលោកស្គាល់កម្ពុជាក្នុងផ្លូវវិជ្ជមានបន្ថែមទៀត ដោយអ្វីដែលប្រជាជនកម្ពុជា ផ្នែកឯកជន និង រដ្ឋាភិបាល គួរធ្វើគឺនិយាយរឿងល្អ ផ្សព្វផ្សាយរឿងល្អៗ ទៅកាន់ពិភពលោកទាំងមូល។
លោកបណ្ឌិតមានប្រសាសន៍ថា “អ្វីដែលល្អ យើងត្រូវផ្សព្វផ្សាយឱ្យបានច្រើន។ អ្វីដែលមិនល្អ យើងកុំផ្សាយ។ បរទេសគេចង់មក យើងក៏ល្អគ្រប់យ៉ាង តែបរទេសគេមិនដឹងទេ”។
បច្ចុប្បន្ននេះ មានការមើលឃើញប្រជាជនកម្ពុជា មួយភាគចំនួនមានទន្លាប់នៅក្នុងការចាប់អារម្មណ៍ ចែករំលែករឿងមិនល្អច្រើន លោកបណ្ឌិតផ្តល់ជាយោបល់ថា ចំណុចដំបូងត្រូវចាប់ផ្តើមពីទី១ “ការធ្វើបច្ចុប្បភាពវិស័យអបរំ”។
លោកបណ្ឌិតលើកឡើងថា កាលណាការអបរំមានការរីកចម្រើន និងមានគុណភាពហើយ នោះប្រជាជននឹងផ្លាស់ប្តូរការគិត។
ការអបរំ មិនមែនត្រូវការចំណាយពេលតែមួយថ្ងៃ ពីរថ្ងៃនោះ មួយឆ្នាំ ១០ឆ្នាំនោះទេ ប៉ុន្តែត្រូវចំណាយពេលរាប់ឆ្នាំ។ ដូច្នេះ ចំណុចសំខាន់ដែលកម្ពុជាត្រូវធ្វើមុនគេនោះ គឺការធ្វើបច្ចុប្បន្នភាពក្នុងវិស័យនេះ ឱ្យមានស្តង់ដារគុណភាព កម្រិតខ្ពស់ នោះនឹងបណ្តុះមានក្រមសីលធម៌។ ប្រជាជននៅក្នុងប្រទេស ដែលមានក្រមសីលធម៌ខ្ពស់ នោះប្រជាជននឹងមិនហ៊ានធ្វើរឿងមិនល្អទេ។
ចំណុចទី២ គឺការប្រើប្រាស់ច្បាប់ ដែលមានស្តង់ដារតែមួយ (Single Standard) ក្នុងការកាត់បន្ថយការផ្សព្វផ្សាយព័ត៌មានមិនល្អពីកម្ពុជា។ នៅពេលដែលច្បាប់របស់យើង មានគុណភាពខ្ពស់ រឿងផ្សេងទៀតក៏ល្អដែរ។
លោកបណ្ឌិតគីម ហ៊ាងបានសង្កត់ធ្ងន់ថា “នៅពេលណា ដែលប្រជាជនកម្ពុជាមានការអបរំល្អ មានក្រមសីលធម៌ខ្ពស់ មានច្បាប់ដែលមានស្តង់ដារតែមួយ នៅពេលនោះការផ្សព្វផ្សាយពីប្រទេសកម្ពុជា ទៅកាន់ពិភពលោក នឹងមានរឿងវិជ្ជមានច្រើនជាងរឿងអវិជ្ជមាន”៕