ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ផ្សារទំនើបសេនជូរីផ្លាហ្សាបាន និងកំពុងបង្ហាញសក្ដានុពលពាណិជ្ជកម្ម ដ៏ទាក់ទាញមួយនៅក្នុងតំបន់ នៃខណ្ឌពោធិ៍សែនជ័យហើយផ្សារនេះ ក៏នឹងក្លាយជាផ្សារទំនើបបែបទេសចរណ៍ធំមួយ នៅក្នុងរាជធានីភ្នំពេញ ជាពិសេសនៅក្នុងតំបន់នៃខណ្ឌពោធិ៍សែនជ័យផ្ទាល់តែម្ដង។
នាយកផ្នែកលក់និងទីផ្សារនៃក្រុមហ៊ុន ហេង ស៊ីន រៀលអ៊ីស្ទេតលោកលឹម រ៉ាវុធបានមានប្រសាសន៍ក្នុងពិធីបើកលក់ គម្រោងផ្សារសេនជូរីផ្លាហ្សាកាលពីល្ងាចថ្ងៃទី១ ឧសភា ២០២២ ឱ្យដឹងថា បន្ទាប់ពីស្ងាប់ស្ងាត់មួយរយៈពេលដោយសារតែស្ថានភាពកូវីដ១៩ ពេលនេះសកម្មភាពផ្សារទំនើប សេនជូរីផ្លាហ្សាបានបើកលក់ឡើងវិញហើយ ដោយសកម្មភាពសាងសង់ក៏ត្រូវបានបង្កើនល្បឿនធ្វើយ៉ាងណា ឱ្យរួចរាល់ទៅតាមផែនការគ្រោងទុក ។
លោកបន្តថា “សក្ដានុពលទីតាំងរបស់ផ្សារទំនើប សេនជូរីផ្លាហ្សា គឺមានភាពទាក់ទាញ ស្ថិតនៅតាមបណ្ដោយផ្លូវធំ នៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលអាចទាក់ទាញភ្ញៀវទេសចរបរទេសចូលទស្សនា និងទិញទំនិញនៅក្នុងផ្សារទំនើបនេះបាន”។ លោកបន្តថា “អ្វីដែលពិសេសនៅក្នុងអគារផ្សារទំនើបសេនជូរីផ្លាហ្សានេះដែរ ក៏មានសណ្ឋាគារលំដាប់ផ្កាយ៤ ដូច្នេះអ្នកដំណើរបរទេសមុនឡើងយន្តហោះ អាចស្នាក់នៅក្នុងសណ្ឋាគារនិងអាចដើរទិញទំនិញមុននឹងឡើងយន្តហោះជាដើម”។
លោកលឹម រ៉ាវុធបានបន្ថែមថា រហូតមកដល់ពេលនេះ ផ្សារទំនើបសេនជូរីផ្លាហ្សាបានលក់អស់៥០ភាគរយ ហើយរំពឹងថានឹងលក់អស់ទាំងស្រុងនៅពេលឆាប់ៗនេះ ខណៈនៅខែសីហា២០២២នេះអតិថិជនអាចទទួលបានសោសម្រាប់ចូលរៀបចំទីតាំងលក់ផងដែរ ។
ជាមួយគ្នានេះ កញ្ញាអ៊ុ ឆោមចរិយា នាយិកាផ្នែកទីផ្សារនៃក្រុមហ៊ុនហេង ស៊ីនរៀលអ៊ីស្ទេតក៏បានឱ្យដឹងផងដែរថា ខណ្ឌពោធិ៍សែនជ័យ គឺជាតំបន់មួយ ដែលមានមនុស្សរស់នៅច្រើនកុះករ ហើយបើតាមស្ថិតិនៅកាលពីឆ្នាំ២០១៩ ខណ្ឌនេះមានប្រជាជនរហូតដល់ ទៅជាង២០ម៉ឺននាក់ ហើយមកដល់ពេលនេះ កំណើនប្រជាជនក្នុងខណ្ឌនេះ នឹងកើនឡើងបន្ថែមទៀត ដែលធ្វើឱ្យផ្សារសេនជូរីផ្លាហ្សា កាន់តែមានសក្ដានុពល និងជាផ្សារដែលទាក់ទាញខ្លាំងមួយក្នុងតំបន់ផងដែរ ។
កញ្ញាបន្តថា “តម្រូវការផ្សារទំនើបក្នុងរាជធានីភ្នំពេញ នៅតែមានខ្ពស់បន្ថែមទៀត ស្របពេលប្រជាពលលរដ្ឋកម្ពុជា មួយចំនួនធំមានប្រាក់ចំណូលកាន់តែច្រើន តែអ្វីដែលពិសេសនោះ គឺការរៀបចំនូវរចនាសម្ព័ន្ធក្នុងផ្សារទើបមានអតិថិជនចូលទិញទំនិញច្រើន”។
កញ្ញាបន្តថា ដោយឡែកសេនជូរផ្លាហ្សាជាផ្សារ ដែលសង់ឡើងនៅលើទីតាំងចាស់ ហើយអាជីវករក៏មានអតិថិជនក្នុងដៃស្រាប់ ដូច្នេះនៅពេលបើកដំណើរការចុងឆ្នាំ២០២២នេះ យើងសង្ឃឹមខ្ពស់ថាផ្សារនេះនឹងមានសកម្មភាពខ្លាំង៕