ផ្លូវជាតិសំខាន់ៗចំនួន២ខ្សែ កំពុងចូលរួមលើកស្ទួយខេត្តកំពតមួយកម្រិតទៀត

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ផ្លូវជាតិសំខាន់ៗចំនួន២ខ្សែ ភ្ជាប់ពីផ្លូវជាតិលេខ៤ឆ្ពោះ ទៅខេត្តកំពត នឹងជំរុញឱ្យខេត្តមាត់សមុទ្រមួយនេះ កាន់តែមានសក្ដានុពលទាក់ទាញបន្ថែមទៀត ទៅលើការអភិវឌ្ឍអចលនទ្រព្យ និងស្របទៅតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការជ្រើសរើសយកតំបន់សមុទ្រជាគោលដៅអភិវឌ្ឍន៍។

គម្រោងផ្លូវ២ខ្សែ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកាន់ខេត្តកំពតនោះទី១ ផ្លូវជាតិលេខ៤៣ ដែលភ្ជាប់ពីចំណុចត្រែងត្រយឹង ទៅកាន់ផ្លូវជាតិលេខ៣ជិតទីរួមខេត្តកំពត និងផ្លូវមួយខ្សែទៀតកំពតសាងសង់ចេញពីវាលស្រែ៥០០ នៃទីក្រុងបូកគោថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខPK 158-200 និងភ្ជាប់ទៅកំពូលភ្នំនៃតំបន់ពេជ្រនិល។

លោកកែវ សុជាតិ ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ KW Cambodia បានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា វាជាសញ្ញាល្អខ្លាំងណាស់ ដែលខេត្តកំពតនឹងទទួលបានគម្រោងផ្លូវ២ខ្សែ នៅពេលខាងមុខនេះ ហើយវានឹងទាក់ទាញវិនិយោគិន ក្នុងការបណ្ដាក់ទុនវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ជាពិសេសគម្រោងដែលគាំទ្រដល់វិស័យទេសចរណ៍។ មិនតែប៉ុណ្ណោះ តម្លៃដីធ្លីនៅក្នុងខេត្តនេះ នឹងកាន់តែងើបឡើងបន្ថែមទៀតផងដែរ ។

លោកបន្តថា “នៅពេលមានផ្លូវស្រួលធ្វើដំណើរ ទេសចរជាតិនិងអន្តរជាតិ កាន់តែច្រើនចូលមកលេងកំពត ហើយនៅពេលមានទេសចរកាន់តែច្រើន តម្រូវការសេវាកម្មបម្រើដល់ភ្ញៀវទេសចរ ក៏កាន់តែច្រើនឡើងផងដែរ”។

លោកបន្តថា “ដូច្នេះការវិនិយោគសណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់និងសេវាកម្មផ្សេងទៀតនៅក្នុងខេត្តនេះ នឹងកាន់តែមានសន្ទុះងើបឡើងបន្ថែមទៀតផងដែរ”។

លោកសុជាតិបានបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះ ខេត្តកំពតរំពឹងទទួលបានការវិនិយោគបន្ថែម លើគម្រោងអភិវឌ្ឍន៍រីសត ផ្ទះលំហែរ ដែលធ្វើឱ្យតម្រូវការដីធ្លី សម្រាប់អភិវឌ្ឍន៍លើគម្រោងទាំងនេះ នឹងកាន់តែមានកំណើនឡើងផងដែរ ។ តែយ៉ាងណាក្ដី មេរោគកូវីដ១៩ប្រភេទ អូមីក្រុងក៏ជាបញ្ហាមួយ ដែលរារាំងដល់វិនិយោគិនបរទេស ចូលមកកម្ពុជាក្នុងឆ្នាំ ២០២២​នេះផងដែរ​។

អ្នកឧកញ៉ាសុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែលដែលបាន និងកំពុងវិនិយោគសាងសង់ផ្លូវ ចេញពីកំពូលភ្នំបូកគោ តំបន់វាលស្រែ៥០០ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ បានមានប្រសាសន៍ឲ្យដឹងថា រហូតមកទល់ពេលនេះ​ការត្រួសត្រាយសាងសង់ផ្លូវនេះ សម្រេចបានប្រមាណ២០គីឡូម៉ែត្រហើយ ។វាជាផ្លូវថ្មីសុទ្ឋសាធ ដែលក្រុមវិស្វកម្មបានធ្វើការបំបែកផ្ទាំងថ្មធំៗ ដើម្បីសាងសង់ផ្លូវនេះ។

អ្នកឧកញ៉ាបន្តថា “ផ្លូវនេះនឹងសាងសង់ទំហំ២គន្លងទៅ ពីរគន្លងមក ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ”។ អ្នកឧកញ៉ាបន្តថា “ល្បឿននៃការសាងសង់ផ្លូវនេះ បញ្ចប់នាពេលណា វាអាស្រ័យលើទំហំថវិកាដែលយើងមាន ប៉ុន្តែខ្ញុំស្នើសុំការគាំទ្រពីរដ្ឋាភិបាលបន្តទៀត ដើម្បីអភិវឌ្ឍន៍ទីក្រុងបូកគោបានលឿនរហ័ស”៕

LEAVE A REPLY

Please enter your comment!
Please enter your name here