ដោយៈ វិវឌ្ឈន៍
ភ្នំពេញៈ ក្រុមហ៊ុនបានទទួលនីតិបុគ្គលិកលក្ខណៈ ពោលគឺសមត្ថភាព ទទួលសិទ្ធិ និងកាតព្វកិច្ច ដូចរូបវន្តបុគ្គលដែរ ចាប់ពីកាលបរិច្ឆេទ ដែលបានចុះក្នុងបញ្ជីពាណិជ្ជកម្ម ខុសពីរូបវន្តបុគ្គល ដែលមានសមត្ថភាពធ្វើសកម្មភាពដោយខ្លួនឯងបាន។
ក្រុមហ៊ុន មិនអាចធ្វើសកម្មភាពដោយខ្លួនឯងបានឡើយ គឺត្រូវការភ្នាក់ងារឬអ្នកតំណាង ដែលជារូបវន្តបុគ្គល ដើម្បីបំពេញសកម្មភាពទាំងអស់របស់ក្រុមហ៊ុន។
ដូច្នេះក្រុមហ៊ុនមានភាពចាំបាច់ ដែលត្រូវមានច្បាប់ (លក្ខន្តិកៈ) ដែលជាមាត្រដ្ឋាន ដើម្បីការពារផលប្រយោជន៍ក្រុមហ៊ុន ម្ចាស់ភាគហ៊ុន អភិបាល មន្ត្រី និងបុគ្គលិករបស់ក្រុមហ៊ុន និងដើម្បីការពារសិទ្ធិ និងប្រយោជន៍របស់បុគ្គលពាក់ព័ន្ធផ្សេងទៀតផងដែរ។
ឧទាហរណ៍ មាត្រា១០៣នៃច្បាប់ដដែលបានចែងថា ក្រុមហ៊ុនមិនត្រូវប្រកបពាណិជ្ជកម្មណាមួយ ឬអនុវត្តសិទ្ធិណាមួយ ដែលលក្ខន្តិកៈរបស់ខ្លួនបានហាមឃាត់ ឬមិនត្រូវអនុវត្តសិទ្ធិណាមួយ ដែលផ្ទុយពីលក្ខខន្តិកៈរបស់ខ្លួនឡើយ។
ក្នុងគោលដៅនៃការពារបុគ្គលពាក់ព័ន្ធ មាត្រា១០៤បានកំណត់ថា ប្រការដែលក្រុមហ៊ុន បានប្រព្រឹត្តរំលោភលើលក្ខន្តិកៈរបស់ខ្លួន មិននាំឲ្យមានមោឃភាពដល់ការប្រព្រឹត្តនោះឡើយ។
ហេតុដូចនេះ បើទោះបីជាសកម្មភាពរបស់ក្រុមហ៊ុន (ដូចជាការផ្ទេរទ្រព្យសម្បត្តិទៅឲ្យក្រុមហ៊ុន ឬការផ្ទេរទ្រព្យសម្បត្តិពីក្រុមហ៊ុន) ផ្ទុយទៅនឹងលក្ខន្តិកៈក៏ដោយ ក៏សម្មភាពនេះមានសុពលភាពដែរ៕