ដោយៈវឌ្ឍនៈ
ភ្នំពេញៈ វិស័យអចលនទ្រព្យកកម្ពុជា នៅតែបន្តផ្ដល់ឱកាសដល់អ្នកវិនិយោគ ក្នុងការរកប្រាក់ចំណេញបន្ថែមទៀត បើទោះបីជាបច្ចុប្បន្ននេះ វិស័យនេះ មានការរកចម្រើននិងមានការអភិវឌ្ឍខ្លាំង ក៏ដូចជាមានអ្នកវិនិយោគច្រើនក្ដី។
លោកឈុន សម្ផស្ស នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Century 21 Premium Realty បានឱ្យដឹងនាព្រឹកថ្ងៃទី៣ ឧសភានេះថា វិស័យអចលនទ្រព្យកម្ពុជា ឃើញថាបានរីកចម្រើនជាបន្តបន្ទាប់តាំងក្នុងរយៈពេ៤០ឆ្នាំមកហើយ ហើយបច្ចុប្បន្ននេះអាចវិស័យអចលនទ្រព្យ ត្រូវបានចាត់ទុកជាប្រវត្តិសាស្ត្រមួយ ពីព្រោះយើងមិនធ្លាប់មានអគារខ្ពស់ សំណង់រីកដុះដាលបែបនេះឡើយ ។
លោកបន្តថា “នៅពេលអនាគត វិស័យនេះនឹងកាន់តែមានសន្ទុះ និងផ្ដល់ជាឱកាសដល់វិនិយោគិន ក្នុងការបណ្ដាក់ទុនវិនិយោគស្វែងរកប្រាក់ចំណេញ”។ លោកបន្តថា “បច្ចុប្បន្ននេះ កម្ពុជាមានឱកាសច្រើនក្នុងការផ្ដល់ជូនអ្នកវិនិយោគដោយសព្វថ្ងៃនេះ យើងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ យ៉ាងច្រើន ហើយរដ្ឋាភិបាលក៏បានកំណត់ប៉ូលសេដ្ឋកិច្ច សំខាន់ៗចំនួន៤សម្រាប់វិនិយោគិនក្នុងការជ្រើសរើស រួមមានខេត្តព្រះសីហនុ សៀមរាប ភ្នំពេញ និងខេត្តមណ្ឌលគីរ ”។
លោកបន្តទៀតថា ប៉ូលទាំង៤នេះ នឹងធ្វើឱ្យមានការទាក់ទាញដល់វិនិយោគិន ខណៈរដ្ឋាភិបាល ក៏បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្តប៉ូលសំខាន់ៗដូចជាព្រះសីហនុ សៀមរាប និងតភ្ជាប់ពីប៉ូលមួយទៅប៉ូលមួយទៀត ដើម្បីសម្រួលដល់ការតភ្ជាប់ការវិនិយោគរវាងប៉ូលនីមួយៗ។
លោកបន្ថែមថា រយៈពេលជាង៤០ឆ្នាំមកហើយ លោកមិនធ្លាប់ដែលបានឃើញការអភិវឌ្ឍវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាមានសភាពបែបនេះឡើយ ហើយលោកជឿជាក់យ៉ាងមុតមាំថា វិស័យនេះនឹងកាន់តែរីកចម្រើនបន្ថែមទៀត ស្របពេលគម្រោរបស់រដ្ឋាភិបាលជាច្រើនទៀតក៏បាន និងកំពុងរៀបចំអភិវឌ្ឍន៍ជាបណ្ដើរៗផងដែរ ដូច្នេះនៅពេលគម្រោងទាំងនោះដំណើរការ នឹងកាន់តែបង្ហាញសក្ដានុពលកាន់តែខ្លាំងបន្ថែមទៀត។
ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលវត្ថុកម្ពុជាបានលើកឡើងថា វិស័យអចលនទ្រព្យកម្ពុជា នឹងមានសន្ទុះឡើងវិញនៅពេលខាងមុខ បន្ទាប់ពីទទួលរងផលប៉ះពាល់ដោយសារតែកូវីដ១៩ ហើយនៅពាក់កណ្ដាលឆ្នាំឬចុងឆ្នាំ ២០២២នេះ សន្ទុះវិនិយោគពីបរទេសនឹងអាចងើបឡើងវិញ ។
យ៉ាងណាក្ដី ក្នុងស្ថានភាពមិនទាន់ច្បាស់លាស់បែបនេះ អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជាមួយចំនួន បានជំរុញឱ្យវិនិយោគិនបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវសិក្សាទីផ្សារឱ្យបានច្បាស់លាស់ មុននឹងបណ្ដាក់ទុនវិនិយោគ៕