បណ្ដាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិទទួលបានកំណើនអ្នកដំណើរអន្តរជាតិយ៉ាងសម្បើមក្នុងត្រីមាសទី១

ដោយៈ សុខុម

សេអ៊ូល: បណ្ដាក្រុមហ៊ុនអាកាសចរណ៍កូរ៉េ ទទួលបានកំណើនអ្នកដំណើរអន្តរជាតិ យ៉ាងច្រើនសម្បើមក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣ បើធៀបនឹងឆ្នាំមុន ក្រោយពីបណ្តាប្រទេសនានា បើកព្រំដែនឡើងវិញ។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលកូរ៉េ បានបង្ហាញកាលពីថ្ងៃអាទិត្យ ទី២៣ ខែមេសា។

ទិន្នន័យរបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ បង្ហាញថា ចំនួនអ្នកដំណើរនៃជើងហោះហើរអន្តរជាតិ ដែលដំណើរការ ដោយក្រុមហ៊ុនអាកាសចរណ៍ Korean Air Lines ក្រុមហ៊ុន Asiana Airlines និងក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបផ្សេងៗទៀតបានកើនឡើងខ្ពស់ រហូតដល់ទៅ៩,៨៧លាននាក់ អំឡុងខែមករា ដល់ខែមីនា។

តួលេខនេះ បង្ហាញពីការកើនឡើងយ៉ាងច្រើនសម្បើម បើធៀបនឹងចំនួនអ្នកដំណើរ៦១៩.២០៤នាក់ ទទួលបានក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២។

ចំនួនអ្នកដំណើរអន្តរជាតិ ដែលបានប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ផ្ដល់សេវាពេញលេញ ជាកញ្ចប់ដូចជាក្រុមហ៊ន Korean Air និងក្រុមហ៊ុន Asiana ជាដើមទទួលបានកំណើនអ្នកដំណើរ៧,៨%ឈានដល់៤,៤៧លាននាក់ ក្នុងរយៈពេល៣ខែដើមឆ្នាំនេះ ដែលស្មើនឹង៤៥%នៃចំនួនអ្នកដំណើរអន្តរជាតិសរុប។

ចំនួនអ្នកដំណើរនៃជើងហោះហើរ របស់បណ្ដាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប ដែលគ្របដណ្ដប់រហូតដល់ទៅ៥,៤១លាននាក់ បានហក់ឡើងខ្ពស់ខ្លាំងស្ទើរមិនគួរឱ្យជឿ បើធៀបនឹងចំនួនអ្នកដំណើរ៥២.០០០នាក់កាលពីមួយឆ្នាំមុន ដោយវ៉ាដាច់ចំនួនអ្នកដំណើរសម្រា​ប់បណ្ដាក្រុមហ៊ុនអាកាសចរណ៍ ដែលផ្ដល់សេវាកម្មពេញលេញជាកញ្ចប់។

ក្រុមអ្នកឃ្លាំមើលទីផ្សារលើកឡើងថា ការងើបឡើងវិញនៃតម្រូវការធ្វើដំណើរអន្តរជាតិ បានជំរុញឱ្យចំនួនអ្នកដំណើរ កើនឡើងយ៉ាងខ្លាំង ខណៈប្រទេសនានាបានចាប់ផ្តើមបន្ធូរបន្ថយ ការរឹតបន្តឹងព្រំដែនទាក់ទងនឹងកូវីដ-១៩៕ Korea Times៕

កិច្ចព្រមព្រៀងធំៗចំនួន២បង្កើតឱកាសពាណិជ្ជកម្ម និងវិនិយោគកាន់តែអំណោយផលនៅកម្ពុជា

ដោយ: គង់ លាងហួរ

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានអះអាងកាលពីថ្ងៃសៅរ៍ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី (FTAs) បានផ្តល់ឱកាសពាណិជ្ជកម្ម និងការវិនិយោគកាន់តែអំណោយផលសម្រាប់អ្នកវិនិយោគនៅកម្ពុជា។

ក្រៅពី RCEP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំបំផុតរបស់ពិភពលោក កម្ពុជាក៏មានកិច្ចព្រមព្រៀង FTAs ​​ទ្វេរភាគីជាមួយប្រទេសចិន និងកូរ៉េខាងត្បូងផងដែរ។

ថ្លែងក្នុងវេទិកាធុរកិច្ចរវាងកម្ពុជា និងតំបន់ស្វយ័តក្វាងស៊ី ជ័ង ភាគខាងត្បូងប្រទេសចិន ដែលរៀបចំឡើងក្នុងទីក្រុងភ្នំពេញ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ឈួន ដារ៉ា បានជំរុញដល់អ្នកវិនិយោគ និងអ្នកនាំចេញ ឱ្យទាញយកអត្ថប្រយោជន៍ ជាអតិបរមាពីកតិកាសញ្ញាពាណិជ្ជកម្មសេរីទាំងនេះ។

លោកបានប្រាប់អ្នកសារព័ត៌មានថា “ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ រួមជាមួយនឹងច្បាប់វិនិយោគថ្មី អំណោយផលរបស់កម្ពុជា អ្នកវិនិយោគ និងអ្នកនាំចេញនឹងទទួលបានអត្ថប្រយោជន៍ច្រើន ដោយសារផលិតផល ដែលផលិតក្នុងប្រទេសកម្ពុជារបស់ពួកគេ នឹងត្រូវបាននាំចេញទៅកាន់ប្រទេសចិន កូរ៉េខាងត្បូង និងប្រទេសសមាជិក RCEP ផ្សេងទៀតជាមួយនឹងពន្ធអនុគ្រោះ”។

លោកបន្ថែមថា “វេទិកានេះមានការចូលរួម ពីនាយកប្រតិបត្តិធុរកិច្ចកម្ពុជា និងចិនប្រមាណ២០០នាក់”។

ទន្ទឹម​នឹង​នេះ លោក ឈួន ដារ៉ា បាន​ថ្លែង​ថា ប្រទេស​ចិន​ជា​ទីផ្សារ​ដ៏​ធំ និង​ជា​អ្នក​នាំ​ចូល​ផលិតផល​កសិកម្ម ​ដ៏​សំខាន់​របស់​កម្ពុជា។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា កិច្ចព្រមព្រៀង RCEP និង FTA កម្ពុជា-ចិន គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) និងយន្តការសហប្រតិបត្តិការមេគង្គ-ឡានឆាង (LMC) បានផ្តល់ឱកាសយ៉ាងច្រើន សម្រាប់ការអភិ​វឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា និងប្រទេសដែលចូលរួមដទៃទៀត”។

លោកបានថ្លែងនៅឯវេទិកានោះថា “វិស័យឯកជននៃប្រទេសទាំងពីរ គួរតែចាប់យកឱកាសទាំងនេះ និងទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីក្របខ័ណ្ឌទាំងនេះ”។

លោកឧកញ៉ា លឹម ហេង ក៏​បាន​កត់​សម្គាល់​ផងដែរថា ចំណង​មិត្តភាព​ដែកថែបរវាង​កម្ពុជា និង​ចិន​បាន​ជួយ​បង្កើត​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​អ្នក​វិនិយោគ​ចិន ​អំពី​ការ​វិនិយោគ​របស់​ពួកគេ​នៅ​កម្ពុជា”។

លោក Joseph Matthews សាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងរាជធានីភ្នំពេញ មានប្រសាសន៍ថា RCEP ដែលជាតំបន់ពាណិជ្ជកម្មសេរី ដ៏ធំបំផុតរបស់ពិភពលោក បានកាត់បន្ថយរបាំងពាណិជ្ជកម្ម ធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួ​លបានទីផ្សារ សម្រួលនីតិវិធីទាក់ទងនឹងគយ និងផ្តល់សម្បទានពន្ធសម្រាប់ដៃគូពាណិជ្ជកម្ម។

លោកបានប្រាប់សារពត៌មាន Xinhua ថា “RCEP បង្ហាញពីឱកាសដ៏មានតម្លៃ ក្នុងការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត នូវសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគក្នុងលក្ខណៈដែលមានអត្ថប្រយោជន៍ទៅវិញទៅមក”។

លោកបន្តថា “កតិកាសញ្ញាពាណិជ្ជកម្មដ៏ធំនេះ គឺជាកាតាលីករសម្រាប់ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកនៅក្នុងយុគសម័យ ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩”។

លោក Matthews បានបន្ថែមថា RCEP គាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មបើកចំហ សេរី យុត្តិធម៌ រួមបញ្ចូល និងពហុភាគី ហើយថា វាបានជួយពង្រឹង ខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់ និងលើកកម្ពស់ការចូលរួមរបស់សហគ្រាសខ្នាតតូច និងមធ្យម នៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់៕

គំរោងអភិវឌ្ឍន៍ចម្រុះមួយបាននិងកំពុងលើកកំពស់សក្តានុពល ខេត្តព្រៃវែង

        ដោយៈ ជេស៊ីកា

        ព្រៃវែងៈ ទស្សនទាន និងផែនការនៃការអភិវឌ្ឈន៍កាន់តែមានសភាពបត់បែន ដើម្បីដើរស្របគ្នានឹងនិន្នាការស​ង្គម សេដ្ឋកិច្ចរបស់តំបន់ឬប្រទេសនានា។

ការអភិវឌ្ឈន៍មួយ ដែលមានចក្ខុវិស័យច្បាស់លាស់ និងមានភាពចម្រុះបាននិងកំពុងរៀបចំឡើង និងចាប់ផ្តើម​បង្ហាញរូបរាងបណ្តើរៗហើយ ស្របពេលផ្ទះអាជីវកម្ម សួនកំសាន្ត ទីធ្លាសាធារណៈ បឹងសំរាប់ជិះទូកកាយ៉ាក់ ផ្សារសហគមន៍ បាននិងកំពុងអភិវឌ្ឈន៍ក្នុងគំរោងមង្គលវីឡា ព្រៃវែងបុរី។

គំរោងអភិវឌ្ឈន៍នេះ បាននិងកំពុងលើកកំពស់សក្តានុពលមូលដ្ឋាន និងគុណតម្លៃសម្រាប់ប្រជាជនរស់នៅ ក្នុងតំបន់ផងដែរ តាម      រយៈការផ្តល់ការងារដល់ប្រជាពលរដ្ឋ ការផ្តល់នូវសកម្មភាពនិងការប្រកបអាជីវកម្ម ការកំសាន្ត ការទទួលបានសេវាកម្មអប់រំប្រកបដោយគុណភាពដូចនៅរាជធានីភ្នំពេញផងដែរ។

ជាក់ស្តែងលោកឧកញ៉ាប៉ិច បូឡែនប្រធានសមាគមសហគ្រិន   វ័យក្មេង និងជាប្រធានអគ្គនាយកសាលាវេសឡាញន៍ បាននិងកំពុងត្រៀមសាងសង់សាលារៀន នៅក្នុងគំរោងមង្គលវីឡា ព្រៃវែងបុរី ដែលទីតាំងត្រូវបានត្រៀម និងចាប់ផ្តើមសាងសង់នាពេលខាងមុខនេះ។

ការអភិវឌ្ឍន៍ដែលផ្តោតលើទស្សនវិស័យថ្មី និងស្ថិតក្នុងផែនការ​កសាងកូនទីក្រុងមួយនៅតំបន់នេះ លោកឌិន សុមេធារីទ្ឋម្ចាស់គំរោងមង្គលវីឡា ព្រៃវែងបុរីបានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា យើងបាននិងកំពុងជម្រុញការអភិវឌ្ឍន៍នៅមូលដ្ឋាន និងគាំទ្រការរៀបចំផែនការបង្កើតទីក្រុងថ្មីៗ ដែលមានឋានៈស្មើនឹងស្រុករបស់រដ្ឋាភិបាល ហេតុនេះទើបគំរោងនេះ រៀបចំឡើងក្នុងបរិបទជាទីក្រុងតាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ផែនការប្រើប្រាស់ដីលំអិត និងគំរោងរៀបចំជាផ្សារសហគមន៍ ដែលប្រជាពលរដ្ឋអាចមកលក់ទំនិញបានដោយឥតគិតថ្លៃ។

លោកបន្តថា “យើងកំពុងកសាងទីក្រុងមួយ នៅក្នុងស្រុកស្វាយអន្ទរ ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចមូលដ្ឋានផង និងលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋផង”៕

អ្នកឧកញ៉ាសុខ គង់លើកឡើងពីពាក្យចចាមអារ៉ាមថាសណ្ឋាគារ និងដីនៅតំបន់ជ្រោយចង្វារត្រូវបានលក់

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ប្រធានក្រុមហ៊ុនសណ្ឋាគារសុខា និងក្រុមហ៊ុនសូគីម៉ិចគ្រុប អ្នកឧកញ៉ាសុខ គង់បានបដិសេធលើពាក្យចចាមអារ៉ាមមួយ​ចំនួនថា សណ្ឋាគារ និងដីនៅតំបន់ជ្រោយចង្វារ ទំហំជាង១៣ហិកតាត្រូវបានលក់។

អ្នកឧកញ៉ាសុខ គង់បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមជាមួយអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់កាលពីចុងសប្តាហ៍មុនថា ដី និងសណ្ឋាគារនេះមិនទាន់បានលក់ចេញដូចពាក្យចចាមអារ៉ាមនោះឡើយ។

អ្នកឧកញ៉ាបានបន្តទៀតថា “មានអ្នកសួរនាំច្រើន ពីព៌តមានទាក់ទង នឹងការលក់អចលនទ្រព្យខាងលើនេះ ប៉ុន្តែរហូតមកទល់ពេលនេះ ក្រុមហ៊ុនមិនទាន់បានលក់ និងចចារជាមួយភាគីណាមួយនៅឡើយទេ”។

កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ាសុខ គង់បានប្រកាសលក់សណ្ឋាគារ និងដីនៅតំបន់ជ្រោយចង្វារ ក្នុងតម្លៃ១៥០០លានដុល្លារអាមេរិក ដើម្បីប្រមូលទុនយកទៅអភិវឌ្ឈន៍ទីក្រុងបូកគោ ដែលមា​នទំហំរហូតដល់ជាង៣០,០០០ហិកតា ដែលរហូតមកទល់ពេលនេះ អ្នកឧកញ៉ាបានចំណាយទុនអស់ ប្រមាណ៥០០លា​នដុល្លារអាមេរិករួចហើយ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ឋ សណ្ឋាគារ បុរី រោងចក្រ និងសេវាកម្មជាច្រើនទៀត៕

អភិបាលខេត្តព្រះសីហនុៈកម្ពុជាចាត់ទុកចិនជាអ្នកជិតខាងល្អ បងប្អូនល្អ និងដៃគូល្អ

        ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនបានបញ្ជាក់ថា កម្ពុជាបន្តប្រកាន់ភ្ជាប់នូវគោលជំហរឥតងាករេ ចំពោះការគាំទ្រគោលនយោបាយចិនតែមួយ និងចាត់ទុកចិនជាអ្នកជិតខាងល្អ បងប្អូនល្អ និងដៃគូល្អ។

លោកបានមានប្រសាសន៍បែបនេះ ក្នុងពិធីទទួលលៀងសាយភោជន៍ ទទួលស្វាគមន៍គណៈ ប្រតិភូចិន ដឹកនាំដោយលោក NONG RONG ឧបការីរដ្ឋមន្រ្តីការបរទេសចិន ដែលបានមកទស្សនកិច្ចនៅខេត្តព្រះសីហនុ ។

លោកគួច ចំរើនបានបន្តថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជនប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកដល់កម្រិតខ្ពស់បំផុត ភាពជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រាយ ជាមិត្តភាពដែកថែប និងជាសហគមន៍វាសនារួមកម្ពុជា-ចិន។ ថ្មីៗនេះរដ្ឋាភិបាល ប្រទេសទាំងពីរ បានដាក់ចេញនូវកិច្ចសហ ប្រតិបត្តិការ “ត្បូងពេជ្រ” ដោយផ្តោតសំខាន់លើវិស័យចំនួន៦ រួមមាន នយោបាយ និងការទូត, សមត្ថភាពផលិត និងវាយភណ្ឌ, កសិកម្ម, ថាមពល, សន្តិសុខ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រួមទាំងការលើកកម្ពស់វិស័យសុខា ភិបាលនៅកម្ពុជា។

ខេត្តព្រះសីហនុបានបង្កើតសម្ព័ន្ធមេត្រីភាពខេត្ត -ក្រុងបងប្អូនជាមួយបណ្តាខេត្ត-ក្រុងនៅប្រទេសចិនចំនួន១៧។

ក្រោមដំបូលសន្តិភាព និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ និងគំនិតផ្តួចផ្តើមគោលនយោបាយ ខ្សែក្រ​វាត់ និងផ្លូវ របស់លោកស៊ី ជីនពីង ប្រធានាធិបតីចិន ដើម្បីជំរុញប្រទេសចិនឆ្ពោះទៅយុគសម័យថ្មី ការលុបបំបាត់ភាពក្រីក្រ កសាងសង្គមរីកចម្រើនលើគ្រប់វិស័យ សំដៅប្រែក្លាយប្រទេសចិនទៅជាប្រទេសទំនើបដ៏អស្ចារ្យនៅឆ្នាំ២០៤៩ ដើរតួនាទីកាន់តែសំខាន់ លើឆាកអន្តរជាតិ ដើម្បីសន្តិភាព និងវិបុលភាពពិភពលោក៕

ផ្សារទំនើប Big C នឹងបង្ហាញវត្តមាននៅទីក្រុងរណបជ្រោយចង្វារ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ទីក្រុងរណបជ្រោយចង្វារ កំពុងមានភាពទាក់ទាញលើការអភិវឌ្ឍជាតំបន់ពាណិជ្ជកម្ម និងលំនៅឋាន ដោយឃើញមានអគារពាណិជ្ជកម្មធំៗ និងគម្រោងលំនៅឋាន ជាច្រើនចាប់ផ្ដើមលេចរូបរាងជាបន្តបន្ទាប់។

ក្រុមហ៊ុនផ្សារទំនើបដ៏ធំរបស់ថៃBig C ក៏បានចុះហត្ថលេខាជាមួយក្រុមហ៊ុនOCIC ក្នុងការពង្រីកប្រតិបត្តិការលក់រាយរបស់ខ្លួន នៅក្នុងទីក្រុងភ្នំពេញ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនOCICដែលបាន​ចែកចាយដល់បណ្តាញសារព៌តមាន ក្រោ​យពិធីចុះហត្ថលេខារវាង OCIC និងក្រុមហ៊ុនផ្សារទំនើប Big  C កាលពីព្រឹកថ្ងៃទី២២ មេសា ២០២៣ បានឱ្យដឹងថា ការចុះអនុស្សរណៈរវាងក្រុមហ៊ុនកម្ពុជានិងផ្សារទំនើបរបស់ថៃ នឹងបង្កើតនូវភាពអស្ចារ្យមួយ សម្រាប់តំបន់ជ្រោយចង្វារ ដែលជាតំបន់លំនៅឋាន និងពាណិជ្ជកម្មដ៏សក្ដានុពល ។

គម្រោងនេះ នឹងអភិវឌ្ឍន៍ជាភោជនីយដ្ឋានទំនើបៗ ទីតាំងលក់ផលិតផលនាំចូល កន្លែងដើរទិញទំនិញដ៏មានបរិយាកាសល្អ និងកន្លែងផ្ដល់សេវាកម្មជាច្រើនទៀត។

សេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា ផ្សារទំនើប Big C មានទំហំផ្ទៃដីប្រមាណ២,៧ហិចតា ហើយនឹងត្រូវសាងសង់នៅជាប់នឹងរង្វង់មូលនាងមច្ឆា ដែលជាតំបន់កំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់វិនិយោគិន និងមានប្រជាពលរដ្ឋឆ្លងកាត់តំបន់នោះ យ៉ាងមមាញឹក ខណៈស្ពានថ្មីមួយឆ្លងពីជ្រោយចង្វារ ទៅឬស្សីកែវបានដាក់ដំណើរការរួចហើយដែរ។

លោកស្រី Lim Lychin អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា យើងស្វាគមន៍ចំពោះវត្តមាន លើកដំបូងនៃផ្សារទំនើប Big C មកកាន់ទឹកដីនៃទីក្រុងរណបជ្រោយចង្វារ ហើយវត្តមានរបស់ផ្សារទំនើបនេះ នឹងធ្វើឱ្យភ្នំពេញ មានមជ្ឈមណ្ឌលពាណិ​ជ្ជកម្មថ្មីមួយទៀត ។

លោកស្រីបន្តថា “យើងនឹងបន្តផ្តោតលើគោលដៅ របស់យើង ក្នុងការធ្វើឱ្យទីក្រុងរណបជ្រោយចង្វារ ក្លាយជាទីក្រុងទំនើប ជាមួយនឹងគម្រោងមួយចំនួនផ្សេងទៀត ដែលប្តេជ្ញាក្នុងការកសាងឱកាសធ្វើពាណិជ្ជកម្មផ្ដល់សេវាកម្មកម្សាន្ត និងអាជីវកម្មល្អជាច្រើនទៀតក្នុងទីតាំងតែមួយ”។

ជាមួយគ្នានេះ លោកGary Hardy នាយកផ្នែកប្រតិបត្តិនៃផ្សារទំនើបBig C ក៏បានមានប្រសាសន៍ថា យើងពិតជាមានសេចក្ដីសោមនស្សរីករាយជាខ្លាំង ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ជាពិសេសការបង្កើតទីតាំងថ្មី នៅក្នុងទឹកដីទីក្រុងរណបជ្រោយចង្វារ ។

លោកបន្តថា យើងបានបើកផ្សារទំនើបដំបូងរបស់យើង នៅកម្ពុជា ស្ថិតនៅក្រុងប៉ោយប៉ែត ក្នុងឆ្នាំ២០១៩ និងបានពង្រីកផ្សារទំនើបតូចៗចំនួន២០នៅក្នុងរាជធានីភ្នំពេញ និងខេត្តកំពត។ យើងពិតជារីករាយណាស់ ដែលបានក្លាយជាដៃគូជាមួយក្រុមហ៊ុន OCIC និងក្រុមហ៊ុនកាណាឌីយ៉ាគ្រុប។

លោកបន្តថា “ការពង្រីកប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការពង្រីកខ្លួន ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីអភិវឌ្ឍន៍អាជីវកកម្មកាន់តែទូលំទូលាយ ក្នុងប្រទេសកម្ពុជានិងតំបន់អាស៊ាន “។

លោកស្រីតាំង ហួរ អគ្គនាយិកាក្រុមហ៊ុន Amatak Property ក៏បានមានប្រសាសន៍ផងដែរថា តំបន់ជ្រោយចង្វារ នឹងក្លាយជាទីក្រុងទំនើបដ៏មានសក្ដានុពល នៅពេលឆាប់ៗខាងមុខនេះ ដោយបច្ចុប្បន្នយើងបានឃើញគម្រោងមួយចំនួន កំពុងមមាញឹកក្នុងការសាងសង់នៅតំបន់នោះ ទាំងគម្រោងពាណិជ្ជកម្មនិងលំនៅឋាន៕

China’s Changan Auto to invest $285 million in EV facility in Thailand

BANGKOK : Chinese auto maker Changan Auto will invest $285 million in a facility in Thailand to produce 100,000 electric vehicles (EVs) annually, Thailand’s Board of Investment said on Thursday.

The company aims to sell the EVs in Thailand, Southeast Asia, Australia, and South Africa, said the board’s secretary-general, Narit Therdsteerasukdi.

Thailand is Asia’s fourth-largest autos assembly and export hub for carmakers like Toyota and Honda. The industry accounts for about 10 per cent of Thailand’s GDP and manufacturing jobs.

“Changan’s decision to invest in Thailand is a significant milestone in promoting the country as the world’s major EV production base,” said Narit.

Other Chinese EV makers like BYD have also invested in Thai plants as demand heats up among domestic consumers choosing from brands like Great Wall Motors and Tesla.
($1 = 34.4300 baht)

Source: Reuters

ជនបរទេសបង្ខំចិត្តនាំគ្នាចាកចេញពីសិង្ហបុរី ខណៈថ្លៃឈ្នួល ផ្ទះហក់ឡើងកប់ពពក

ដោយៈ សុខុម
សិង្ហបុរី: បុរសជនជាតិអូស្ត្រាលី ឈ្មោះBen Dunn និងក្រុមគ្រួសាររបស់គាត់ បានចាត់ទុកខ្លួនឯងជាពលរដ្ឋសិង្ហបុរី ទៅហើយ ព្រោះគាត់បានរស់នៅ ក្នុងប្រទេសនេះ អស់រយៈពេលយ៉ាងតិច១៦ឆ្នាំ ហើយកូនៗរបស់គាត់ពីរនាក់ ដែលម្នាក់អាយុ១០ឆ្នាំ និងម្នាក់ទៀតអាយុ១៣ឆ្នាំសុទ្ធតែបានកើតនៅទីនេះ។

ប៉ុន្តែបន្ទាប់ពីមើលឃើញថ្លៃឈ្នួលខុនដូ ដែលគ្រួសាររបស់គាត់ជួលសម្រាប់រស់នៅ បានហក់ឡើងថ្លៃពី៥.២៤២ដុល្លារអាមេរិក រហូតដល់៨.២៣៨ដុល្លារអាមេរិក ក្នុងមួយខែ លោក Ben Dunn និងប្រពន្ធរបស់គាត់ បានធ្វើការសម្រេចចិត្តដ៏ពិបាក ក្នុងការវិលត្រលប់មកប្រទេសអូស្ត្រាលីវិញ នៅពេលកិច្ចសន្យាជួលខុនដូរបស់ពួកគាត់ផុតកំណត់នៅខែមិថុនា។


លោក Ben Dunn វ័យ៥១ឆ្នាំដែលធ្វើការផ្នែកហិរញ្ញវត្ថុបានប្រាប់សារព័ត៌មាន Aljazeera កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ថា “ចាប់តាំងពីផ្ទុះវិបត្តិកូវីដ-១៩ មក យើងបានគិតរកពេលវេលាសមស្រប ដើម្បីវិលត្រលប់ទៅផ្ទះវិញ បន្ទាប់ពីឃ្លាតឆ្ងាយអស់រយៈពេលយ៉ាងយូរ”។

គាត់និយាយទៀតថា “យើងស្រលាញ់ការរស់នៅក្នុងប្រទេសសង្ហបុរី ប៉ុន្តែដោយសារថ្លៃចំណាយជីវភាព ចេះតែហក់ឡើងខ្ពស់ ហើយថ្លៃឈ្នួលកម្លាំងពលកម្ម មិនឡើងឱ្យសមាមាត្រនឹងគ្នា ការឡើងថ្លៃឈ្នួលផ្ទះនេះនឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ”។

យោងតាមទិន្នន័យពីអាជ្ញាធរអភិវឌ្ឍន៍ក្រុង (URA) នៃប្រទេសសង្ហបុរី បង្ហាញថា ថ្លៃឈ្នួលផ្ទះជាមធ្យមក្នុងប្រទេសនេះ ដែលប្រមាណ៤០% នៃចំនួនប្រជាជនសរុបជាជនបរទេសនោះ បានហក់ឡើង៣០%ក្នុងឆ្នាំ២០២២ ដែលជាល្បឿនលឿនបំផុតមិនធ្លាប់មាន ក្នុង រយៈពេល១៥ឆ្នាំមកនេះ។

ការហក់ឡើងថ្លៃនេះ គឺដោយសារតែកត្តារួមផ្សំជាច្រើន រួមមានទាំងកង្វះ នៃការផ្គត់ផ្គង់លំនៅដ្ឋាន ដោយសារការពន្យារពេលសាងសង់ដែលបង្កឡើងដោយវិបត្តិកូវីដ-១៩ និងតម្រូវការខ្ពស់ពីបណ្ដាលក្រុមហ៊ុន និងអ្នកមានទេពកោសល្យ ដែលចង់រើមកកាន់ប្រទេសនេះជាដើម។ ទាំងអស់នេះមានមួយអន្លើ ដោយសារប្រទេសចិន ធ្វើការបង្ក្រាបលើឧស្សាកម្មឯកជន និងក្រុងហុងកុង។

សហគមន៍ធុរកិច្ចអន្តរជាតិ និងក្នុងស្រុកនៃប្រទេសសិង្ហបុរី ក៏បានសម្ដែងការពារបារម្ភផងដែរ ចំពោះការហក់ឡើងខ្ពស់នូវថ្លៃឈ្នួលផ្ទះ និងការិយាល័យ៕ Aljazeera៕

ឥទ្ធិពលរបស់ចិននៅតំបន់អាស៊ីអាគ្នេយ៍កំពុងវ៉ាដាច់សហរដ្ឋអាមេរិកក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសចិនបានពង្រីកឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍លើសហរដ្ឋអាមេរិក នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

សហរដ្ឋអាមេរិកបានបន្តបាត់បង់ឥទ្ធិពល ទៅប្រទេសចិនលើវិធានការអំណាចចំនួនបួនគឺ ទំនាក់ទំនងសេដ្ឋកិច្ច បណ្តាញការពារ ឥទ្ធិពលការទូត និងឥទ្ធិពលវប្បធម៌ ចាប់តាំងពីឆ្នាំ 2018 ដែលជាឆ្នាំគោលនៅក្នុង “Asia Power Snapshot៖ ប្រទេសចិន និងសហរដ្ឋអាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍ ”ដែលរាយការណ៍ដោយ  វិទ្យាស្ថាន Lowy ។

នៅឆ្នាំ២០១៨ ប្រទេសចិនបាននាំមុខ សហរដ្ឋអាមេរិក៥២សំឡេងទល់នឹង៤៨សំឡេង សម្រាប់ឥទ្ធិពលនៅក្នុងតំបន់។ នៅឆ្នាំ២០២២ ការនាំមុខនេះបានកើនឡើង ដល់៥៤សំឡេងទល់នឹង៤៦សំឡេង។

របាយការណ៍បានអះអាងថា រង្វាស់នៃអំណាចទាំងនេះមានសារៈសំខាន់ ដោយសារគំរូនៃឥទ្ធិពល បានបង្កើតឡើងជាផ្នែកនៃបរិបទទូលំទូលាយ ដែលបណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានធ្វើជម្រើសជាយុទ្ធសាស្ត្ររបស់ពួកគេ។

ជារួម កម្លាំងរបស់ចិនជាមហាអំណាចមួយ នៅតំបន់អាស៊ីអាគ្នេយ៍ស្ថិតនៅក្នុងទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរបស់ខ្លួន ចំណែកសហរដ្ឋអាមេរិក មានភាពល្អប្រសើរជាង ក្នុងបណ្តាញការពារ និងឥទ្ធិពលវប្បធម៌។’

កម្លាំង​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ​បាន​ឈាន​ទៅ​មុខ​យ៉ាង​ល្អ ខណៈទំនាក់ទំនងសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក គឺខ្សោយជាងប្រ ទេសចិននៅគ្រប់ប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍។

ការខាតបង់ដ៏ធំបំផុតនៃឥទ្ធិពល របស់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០១៨ គឺនៅប្រទេសម៉ាឡេស៊ី ដែលមានការខាតបង់៧ពិន្ទុ តាមពីក្រោយដោយប្រ៊ុយណេ និងឥណ្ឌូនេស៊ីដែលមាន៥ពិន្ទុរៀងៗខ្លួន។

ឥទ្ធិពលរបស់ទីក្រុងប៉េកាំង នៅតែមានភាពខ្លាំងបំផុត នៅក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលវានៅតែនាំមុខគេលើសហរដ្ឋអាមេរិក។

ទីក្រុងវ៉ាស៊ីនតោនមានឥទិ្ធពលជាងចិន នៅក្នុងប្រទេសហ្វីលីពីន និងសិង្ហបុរី បើទោះបីជាការនាំមុខរបស់អាមេរិក មានតិចតួចជាងចិន សម្រាប់ប្រទេសទាំងពីរនោះនៅត្រឹម៥២ ទល់៤៨សំឡេង និង៥១ទល់៤៩សំឡេងរៀងៗគ្នា។

ជាឧទាហរណ៍ ឥទ្ធិពលរបស់ទីក្រុងប៉េកាំង នៅប្រទេសឡាវគឺ៧១ទល់នឹង២៩ សំឡេងរបស់ទីក្រុងវ៉ាស៊ីនតោន។

ប្រទេសចិន​ទទួលបាន​ការចាប់អារម្មណ៍នៅ​ម៉ាឡេស៊ី​ ដោយសា រ​ទំនាក់ទំនង​ការទូត និង​ការពារជាតិ​កាន់តែ​ស៊ីជម្រៅ​ហើយដូចគ្នានេះដែរ ក៏អាចនិយាយបានសម្រាប់ប្រទេសឥណ្ឌូនេស៊ីផងដែរ។

ក្នុងរយៈពេលប្រាំឆ្នាំ គេឃើញមានការសន្ទនាផ្នែកការពារជាតិកាន់តែច្រើនរវាងចិន និងម៉ាឡេស៊ី ក៏ដូចជាការទិញសព្វាវុធ រួមទាំងការទិញនាវាបេសកកម្ម Littoral របស់ចិនពីទីក្រុងគូឡាឡាំពួផងដែរ។

របាយការណ៍ដដែលបានបន្តថា ចំណែកប្រទេសហ្វីលីពីន មានការធ្លាក់ចុះនៃឥទ្ធិពលរបស់សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០១៨ ដែលបណ្តាលជាចម្បង មកពីប្រតិបត្តិការសេដ្ឋកិច្ចទន់ខ្សោយ ដូចជានៅក្នុងពាណិជ្ជកម្ម និងការវិនិយោគ។

នៅក្នុងវិស័យការពារជាតិវិញ កាលពីដើមឆ្នាំនេះ ហ្វីលីពីនបានអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ពង្រីកជើងហោះហើរយោធារបស់ខ្លួន ដោយផ្តល់ឱ្យទាហានអាមេរិក ចូលទៅកាន់មូលដ្ឋានយោធាថ្មីចំនួនបួន ចំពេលទីក្រុងម៉ានីល មានភាពតានតឹងជាមួយចិន នៅសមុទ្រចិនខាងត្បូង។

ប៉ុន្តែ​ក្នុង​វិស័យ​ពាណិជ្ជកម្ម ទំនាក់ទំនង​របស់​អាមេរិក​ជាមួយ​ហ្វីលីពីន​បាន​ចុះខ្សោយ ជា​ឧទាហរណ៍ សហរដ្ឋអាមេរិក​មិនសូវ​សំខាន់​ក្នុង​នាម​ជា​ទិសដៅ​សម្រាប់​ការនាំចេញ​ហ្វីលីពីននោះទេ។

បច្ចុប្បន្ននេះ ប្រទេសចិនបានបណ្តាក់ទុនច្រើនជាង សហរដ្ឋអាមេរិកក្នុងប្រទេសហ្វីលីពីន ដែលជាស្ថានភាពផ្ទុយបញ្ច្រាសនៃឆ្នាំ២០១៨ នៅពេលដែលសហរដ្ឋអាមេរិក ធ្លាប់ជាអ្នកវិនិយោគធំជាងប្រទេសចិន។

របាយការណ៍របស់វិទ្យាស្ថាន Lowy  បានបន្ថែមថា “ប្រសិនបើទំនាក់ទំនងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បន្តធ្លាក់ចុះក្នុងអត្រាដូចគ្នាក្នុងរយៈពេល៥ឆ្នាំខាងមុខ នោះឥទ្ធិពលរួមរបស់ទីក្រុងប៉េកាំងនឹងកើនលើសពីទីក្រុងវ៉ាស៊ីនតោន”៕

មន្ត្រីជាន់ខ្ពស់អាមេរិកថា ទីក្រុងវ៉ាស៊ីនតោនចង់ស្វែងរកទំនាក់ទំនងសេដ្ឋកិច្ចបែបស្ថាបនា និងយុត្តិធម៌ ជាមួយទីក្រុងប៉េកាំង

ដោយ: គង់ លាងហួរ

វ៉ាស៊ីនតោន: រដ្ឋមន្ត្រីរតនាគារអាមេរិកលោកស្រី Janet Yellen បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនស្វែងរកទំនាក់ទំនង សេដ្ឋកិច្ចប្រក​បដោយការស្ថាបនា និងយុត្តិធម៌ ជាមួយទីក្រុងប៉េកាំង ដោយធ្វើឱ្យមានការផ្សះផ្សាគ្នា ចំពេលមានភាពតានតឹងផ្នែកនយោបាយ រវាងប្រទេសទាំងពីរ។

លោកស្រីបានថ្លែងនៅក្នុងសុន្ទរកថា នៅឯសាលាសិក្សាអន្តរជាតិ កម្រិតខ្ពស់របស់សាកលវិទ្យាល័យ Johns Hopkins ថា “ប្រទេសចិន និងសហរដ្ឋអាមេរិកអាច និងត្រូវការស្វែងរកវិធី ដើម្បីរស់នៅជាមួយគ្នា និងចែករំលែកភាពរុងរឿងជាសកល”។

លោកស្រីបានបន្តថា ទីក្រុងវ៉ាស៊ីនតោននៅតែប្តេជ្ញាប្រើប្រាស់ឧបសគ្គពាណិជ្ជកម្ម ដើម្បីការពារសន្តិសុខជាតិរបស់ខ្លួន និងការពារសិទ្ធិមនុស្សពីបញ្ហាប្រឈម ដែលបង្កឡើងដោយទីក្រុងប៉េកាំង ប៉ុន្តែរដ្ឋបាលលោក ចូបៃដិន មិនមានចេតនាប្រើប្រាស់ឧបករណ៍ទាំងនោះដើម្បីរារាំងការរះឡើងរបស់ប្រទេសចិននោះទេ។

លោកស្រីបានបញ្ជាក់ថា សហរដ្ឋអាមេរិក នៅតែជាមហាអំណាចសេដ្ឋកិច្ចដ៏ធំបំផុត និងមានភាពស្វាហាប់បំផុតនៅក្នុងពិភពលោក ដោយនៅតែមានភាពរឹងមាំ ដើម្បីការពារតម្លៃ និងសន្តិសុខជាតិរបស់ខ្លួន។

លោកស្រី Yellen បានមានប្រសាសន៍ទៀតថា “នៅក្នុងបរិបទនោះ យើងស្វែងរកទំនាក់ទំនងសេដ្ឋកិច្ច ប្រកបដោយស្ថាបនា និងយុត្តិធម៌ជាមួយប្រទេសចិន”។

លើសពីនេះទៀត លោកស្រីបានច្រានចោលការសន្និដ្ឋាននៃការសម្លឹងមើលទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងចិន តាមរយៈកញ្ចក់នៃការប្រកួតផលបូកសូន្យ ដែលភាគីមួយត្រូវតែធ្លាក់ចុះសម្រា​ប់ភាគីមួយទៀតដើម្បីរះឡើង។

លោកស្រី Yellen បានអះអាងថា “ពិភពលោកគឺធំល្មមសម្រាប់យើងទាំងពីរ ដោយបន្ថែមថា លោកប្រធានាធិបតីចូ បៃដិន ក៏មានទស្សនៈរួមដូចគ្នានេះផងដែរ”។

ការលើកឡើងនោះ ក៏បានបន្លឺឡើងនូវអំណះអំណាងដ៏យូររបស់ប្រធានាធិបតីចិន លោកស៊ី ជីនពីង ដែលលោកធ្លាប់បានបញ្ជាក់ក្នុងអំឡុងកិច្ចប្រជុំជាមួយលោក បៃដិន នៅប្រទេសឥណ្ឌូនេស៊ីកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ថា “ពិភពលោកគឺធំល្មម សម្រាប់ប្រទេសទាំងពីរដើម្បីអភិវឌ្ឍខ្លួនឯង និងរីកចម្រើនជាមួយគ្នា”។

លោកស្រី Yellen បានបញ្ជាក់ជាថ្មីកាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រីនៅតែមានគម្រោង ធ្វើដំណើរទៅកាន់ប្រទេសចិន “តាមពេលវេលាសមស្រប” ដើម្បីពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច ជាមួយសមភាគីរដ្ឋាភិបាលចិនថ្មីរបស់លោកស្រី។

លោកស្រីបង្ហាញក្តីជឿជាក់ថា “កិច្ចសន្ទនានេះ អាចជួយដាក់មូលដ្ឋានគ្រឹះ សម្រាប់ការគ្រប់គ្រងទំនាក់ទំនងទ្វេរភាគី របស់យើង ប្រកបដោយការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការលើផ្នែកនៃបញ្ហាប្រឈមរួមគ្នាសម្រាប់ប្រជាជាតិ និងពិភពលោករបស់យើង