មន្ត្រីជាន់ខ្ពស់អាមេរិកថា ទីក្រុងវ៉ាស៊ីនតោនចង់ស្វែងរកទំនាក់ទំនងសេដ្ឋកិច្ចបែបស្ថាបនា និងយុត្តិធម៌ ជាមួយទីក្រុងប៉េកាំង

0

ដោយ: គង់ លាងហួរ

វ៉ាស៊ីនតោន: រដ្ឋមន្ត្រីរតនាគារអាមេរិកលោកស្រី Janet Yellen បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនស្វែងរកទំនាក់ទំនង សេដ្ឋកិច្ចប្រក​បដោយការស្ថាបនា និងយុត្តិធម៌ ជាមួយទីក្រុងប៉េកាំង ដោយធ្វើឱ្យមានការផ្សះផ្សាគ្នា ចំពេលមានភាពតានតឹងផ្នែកនយោបាយ រវាងប្រទេសទាំងពីរ។

លោកស្រីបានថ្លែងនៅក្នុងសុន្ទរកថា នៅឯសាលាសិក្សាអន្តរជាតិ កម្រិតខ្ពស់របស់សាកលវិទ្យាល័យ Johns Hopkins ថា “ប្រទេសចិន និងសហរដ្ឋអាមេរិកអាច និងត្រូវការស្វែងរកវិធី ដើម្បីរស់នៅជាមួយគ្នា និងចែករំលែកភាពរុងរឿងជាសកល”។

លោកស្រីបានបន្តថា ទីក្រុងវ៉ាស៊ីនតោននៅតែប្តេជ្ញាប្រើប្រាស់ឧបសគ្គពាណិជ្ជកម្ម ដើម្បីការពារសន្តិសុខជាតិរបស់ខ្លួន និងការពារសិទ្ធិមនុស្សពីបញ្ហាប្រឈម ដែលបង្កឡើងដោយទីក្រុងប៉េកាំង ប៉ុន្តែរដ្ឋបាលលោក ចូបៃដិន មិនមានចេតនាប្រើប្រាស់ឧបករណ៍ទាំងនោះដើម្បីរារាំងការរះឡើងរបស់ប្រទេសចិននោះទេ។

លោកស្រីបានបញ្ជាក់ថា សហរដ្ឋអាមេរិក នៅតែជាមហាអំណាចសេដ្ឋកិច្ចដ៏ធំបំផុត និងមានភាពស្វាហាប់បំផុតនៅក្នុងពិភពលោក ដោយនៅតែមានភាពរឹងមាំ ដើម្បីការពារតម្លៃ និងសន្តិសុខជាតិរបស់ខ្លួន។

លោកស្រី Yellen បានមានប្រសាសន៍ទៀតថា “នៅក្នុងបរិបទនោះ យើងស្វែងរកទំនាក់ទំនងសេដ្ឋកិច្ច ប្រកបដោយស្ថាបនា និងយុត្តិធម៌ជាមួយប្រទេសចិន”។

លើសពីនេះទៀត លោកស្រីបានច្រានចោលការសន្និដ្ឋាននៃការសម្លឹងមើលទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងចិន តាមរយៈកញ្ចក់នៃការប្រកួតផលបូកសូន្យ ដែលភាគីមួយត្រូវតែធ្លាក់ចុះសម្រា​ប់ភាគីមួយទៀតដើម្បីរះឡើង។

លោកស្រី Yellen បានអះអាងថា “ពិភពលោកគឺធំល្មមសម្រាប់យើងទាំងពីរ ដោយបន្ថែមថា លោកប្រធានាធិបតីចូ បៃដិន ក៏មានទស្សនៈរួមដូចគ្នានេះផងដែរ”។

ការលើកឡើងនោះ ក៏បានបន្លឺឡើងនូវអំណះអំណាងដ៏យូររបស់ប្រធានាធិបតីចិន លោកស៊ី ជីនពីង ដែលលោកធ្លាប់បានបញ្ជាក់ក្នុងអំឡុងកិច្ចប្រជុំជាមួយលោក បៃដិន នៅប្រទេសឥណ្ឌូនេស៊ីកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ថា “ពិភពលោកគឺធំល្មម សម្រាប់ប្រទេសទាំងពីរដើម្បីអភិវឌ្ឍខ្លួនឯង និងរីកចម្រើនជាមួយគ្នា”។

លោកស្រី Yellen បានបញ្ជាក់ជាថ្មីកាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រីនៅតែមានគម្រោង ធ្វើដំណើរទៅកាន់ប្រទេសចិន “តាមពេលវេលាសមស្រប” ដើម្បីពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច ជាមួយសមភាគីរដ្ឋាភិបាលចិនថ្មីរបស់លោកស្រី។

លោកស្រីបង្ហាញក្តីជឿជាក់ថា “កិច្ចសន្ទនានេះ អាចជួយដាក់មូលដ្ឋានគ្រឹះ សម្រាប់ការគ្រប់គ្រងទំនាក់ទំនងទ្វេរភាគី របស់យើង ប្រកបដោយការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការលើផ្នែកនៃបញ្ហាប្រឈមរួមគ្នាសម្រាប់ប្រជាជាតិ និងពិភពលោករបស់យើង

LEAVE A REPLY

Please enter your comment!
Please enter your name here