ក្រុមហ៊ុនលំដាប់យក្សWalmartស្នើសុំពង្រីកធុរកិច្ចនិងបញ្ជាទិញទំនិញ ពីកម្ពុជាបន្ថែម

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្រុមហ៊ុនលក់រាយដ៏ធំរបស់សហរដ្ឋអាមេរិក បានស្នើក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រីកធុរកិច្ចរបស់ខ្លួនបន្ថែម នៅក្នុងប្រទេសកម្ពុជានិងបានស្នើសុំបញ្ជាទិញទំនិញពីកម្ពុជា បន្ថែមទៀតនៅពេលឆាប់ៗនេះ ។

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកម្ពុជាក្រោយជំនួបរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងតំណាងក្រុមហ៊ុនWalmart ប្រចាំរដ្ឋធានីវ៉ាស៊ីងតោន សរដ្ឋអាមេរិក។

លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart និងសហការី ដែលបានស្នើសុំការសហការពីក្រសួងពាណិជ្ជកម្ម នៅក្នុងការពង្រីកធុរកិច្ចរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា និងបានវាយតម្លៃខ្ពស់ នូវការបញ្ជាទិញរបស់ក្រុមហ៊ុន Walmart នូវផលិតផលសម្លៀកបំពាក់ និងសម្ភារៈធ្វើដំណើរពីកម្ពុជា។

លោកក៏បានជម្រាបអំពីស្ថានភាពល្អប្រសើរ នៃការគ្រប់គ្រងជំងឺកូវីដ-១៩ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលនាំឱ្យកម្ពុជាអាចបើកនូវរាល់សកម្មភាពសេដ្ឋកិច្ចឡើងវិញ។ លោកក៏បានផ្តល់នូវបច្ចុប្បន្នភាព នៃសមិទ្ធិផលថ្មីៗ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា ជាពិសេសការធ្វើពិពិធកម្មទីផ្សារនាំចេញ ដូចជា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពហុភាគី ជាមួយបណ្តាប្រទេសនានា និងការពង្រឹងស្ថាប័ន តាមរយៈការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងការបន្តធ្វើទំនើបកម្មសេវាសាធារណៈ  និងកិច្ចសម្រួលពាណិជ្ជកម្មនានា សំដៅសម្រួលដល់ការធ្វើធុរកិច្ច និងពាណិជ្ជកម្មនៅកម្ពុជាកាន់តែប្រសើរឡើង។

លោកបានទ្រពេញទំហឹង ចំពោះគោលបំណងរបស់ក្រុមហ៊ុន Walmart ក្នុងការទិញទំនិញពីកម្ពុជាបន្ថែមទៀត ដូចជាផលិតផលគ្រឿងសង្ហារឹម អេឡិចត្រូនិក និងជាពិសេសផលិតផលកសិកម្មសំខាន់ៗពីកម្ពុជា ដែលបំពេញបានតាមស្តង់ដារអន្តរជាតិ។ ការជំរុញទិញផលិតផលបន្ថែមពីកម្ពុជា គឺសំដៅរួមចំណែកក្នុងការបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។

ក្រសួងពាណិជ្ជកម្ម នឹងបន្តកិច្ចសហការជាមួយក្រុមហ៊ុន Walmart វិស័យឯកជន និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានា ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកស្រី Anbinh Phan តំណាងក្រុមហ៊ុនWalmart បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព ក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានអបអរសាទរជូនក្រសួងពាណិជ្ជកម្ម ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ដូចជា RCEP កម្ពុជា-ចិន កម្ពុជា-កូរ៉េ ជាដើម។

លោកស្រីក៏បានជម្រាបផងដែរថា ក្រុមហ៊ុន Walmart មានបំណងពង្រីកអាជីវកម្មរបស់ខ្លួន និងធ្វើកិច្ចសហប្រតិបត្តិការពង្រឹងភាពជាដៃគូ ក្នុងសកម្មភាពធុរកិច្ច វិនិយោគ ក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាជនកម្ពុជា ជាពិសេសស្រ្តី ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ ក្រុមហ៊ុន Walmart នៅតែជាដៃគូពាណិជ្ជកម្មដ៏ល្អ ជាមួយអ្នកផលិតនៅកម្ពុជា លើវិស័យសម្លៀកបំពាក់ វាយនភ័ណ្ឌ និងកសិកម្ម៕

រដ្ឋបាលខេត្តកោះកុងបង្ហាញកំំណប់ធម្មជាតិមួយក្នុងស្រុកថ្មបាំង

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋបាលខេត្តកោះកុងបានបង្ហាញកំណប់ធម្មជាតិដ៏ស្រស់ត្រកាលមួយនាទឹកដី ស្រុកថ្មបាំង ខេត្តកោះកុង។

ធម្មជាតិដ៏ស្រស់ត្រកាលនៃទឹកធ្លាក់ស្ទឹងកែបនេះ ស្ថិតក្នុងឧទ្យាន ជាតិ ជួរភ្នំក្រវ៉ាញ។

យោងតាមព៌តមានរបស់ខេត្តបានឲ្យដឹងថា ទឹកធ្លាក់ស្ទឹងកែប ជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដែលមានទេសភាពស្រស់ស្អាត ជាមួយនឹងព្រៃភ្នំធម្មជាតិ ទឹកធ្លាក់មកពីក្បាលលើនៃស្ទឹងកែប បង្កើតបានជាទស្សនីយភាពបង្អួតអ្នកទេសចរណ៍ ដែលចូលចិត្តធម្មជាតិ និងស្តាប់សម្លេងទឹកហូរ។

ទឹកធ្លាក់ស្ទឹងកែបស្ថិតក្នុង ឧទ្យានជាតិជួរភ្នំក្រវាញ នៃឃុំតាទៃលើ ស្រុកថ្មបាំងខេត្តកោះកុង។ ទឹកធ្លាក់នេះមានចម្ងាយ ៣១គីឡូម៉ែត្រ ពីទីរួមស្រុកថ្មបាំង ខេត្តកោះកុង។

ការចូលទៅកាន់តំបន់រមណីយដ្ឋានដ៏ត្រកាលនេះ ត្រូវធ្វើដំណើរឡាន/ម៉ូតូ២៩៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅស្រុកថ្មបាំង និង១៨គីឡូ ម៉ែត្រ ដោយឡាន/ម៉ូតូ ពីទីរួមស្រុកថ្មបាំង ទៅភូមិត្រពាំងខ្នារ ឃុំតាទៃ។ ថ្មើរជើង ចម្ងាយ១៣គីឡូម៉ែត្រ ភូមិត្រពាំងខ្នារ ទៅទឹកធ្លាក់ស្ទឹងកែប។

លោកជំទាវឆាវ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា ខេត្តកោះកុងមានកំណប់ធនធានធម្មជាតិ ជាច្រើន ដែលបានលាក់ខ្លួន នៅកណ្តាលព្រៃ ហើយរដ្ឋាភិបាលមិនទាន់បានកែច្នៃ និងទាញយកមកប្រើប្រាស់អស់នៅឡើយ។

លោកជំទាវបន្តថា “មានអាថ៌កំបាំងធម្មជាតិជាច្រើន បានបង្កប់ខ្លួនក្នុងទឹកដីខេត្តកោះកុង ដែលខេត្តនេះបាននិងកំពុងមានសក្តានុពល និងភាពទាក់ទាញកាន់តែប្រសើរឡើង ដោយសារការវិនិយោគពីក្រុមហ៊ុនឯកជន និងការកសាងហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល”៕

លោកបណ្ឌិត ហ៊ុន ម៉ាណែតលើកឡើងពីគុណតម្លៃជាច្រើននៃជ័យជំនះ៧មករា

ដោយ៖ សហការី

ក្រចេះ៖ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តឧត្តមសាមគ្គី ហៅវត្តវាលកន្សែង នៅស្រុកឆ្លូង ខេត្តក្រចេះ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា នៅសល់តែ ២ថ្ងៃទៀត នឹងដល់គម្រប់ខួបទី៤៤ នៃទិវាជ័យជំនះ ៧មករា ដែលបានជួយឲ្យមាតុភូមិកម្ពុជា និងប្រជាជាតិខ្មែរទាំងមូល បានរួចចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា ឈរលើមូលដ្ឋាននៃថ្ងៃជ័យជំនះ ៧មករា, កម្ពុជាបានបោះជំហានទៅមុខឥតឈប់ឈរ និងសម្រេចបាននូវសមិទ្ធផលប្រវត្តិសាស្ត្រជាច្រើន ហើយអត្ថន័យនៃគុណបំណាច់ ៧មករា នេះ ក៏នឹងបន្តស្ថិតដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប ដែលទទួលបានការជួយសង្គ្រោះអាយុជីវិត ឲ្យរួចផុតពីការកាប់សម្លាប់ក្នុងរបបវាលពិតឃាតដ៏សាហាវយង់ឃ្នង។

ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានឲ្យដឹងថា ឆ្នាំ២០២៣ នេះផងដែរ ក៏ជាឆ្នាំនៃការបិទបញ្ចប់ទាំងស្រុងនៃដំណើរការរបស់សាលាក្តីខ្មែរក្រហម ដែលជាសមិទ្ធផលដ៏ត្រចះត្រចង់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ក៏ដូចជាការចូលរួមរបស់សហគមន៍អន្តរជាតិ តាមរយៈអង្គការសហប្រជាជាតិ។

ក្នុងនោះបានផ្តល់នូវឧត្តមប្រយោជន៍ នៃយុត្តិធម៌ ដែលធានាដល់ការថែរក្សាសុខសន្តិភាព សាមគ្គីភាពជាតិ និងការជួសជុលសំណងផ្លូវចិត្តមួយដ៏សំខាន់ចាំបាច់សម្រាប់ជនរងគ្រោះ និងក្រុមគ្រួសារ ក៏ដូចជាការរារាំងកុំឲ្យមានការកើតឡើងសាជាថ្មីនូវសោកនាដកម្មដ៏សែនឈឺចាប់ខ្លោចផ្សា ដែលកម្ពុជាធ្លាប់បានទទួលរងគ្រោះក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩ ហើយចក្ខុវិស័យបន្ទាប់របស់សម្តេចតេជោ គឺធ្វើការជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋពីហានិភ័យ នៃគ្រាប់មីន ដែលនៅតែជាឃាតកលាក់មុខនៅទ្បើយ តាមរយៈការខិតខំសម្រេចឲ្យបាននូវគោលដៅកម្ពុជា គ្មានមីនឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកក៏បានសូមអបអរសាទរចំពោះសមិទ្ធផលជាច្រើន ដែលបានកកើតឡើងនៅក្នុងទីអារាមដែលទើបតែមានអាយុកាលប្រមាណជាង១០ឆ្នាំ មួយនេះ ក្រោមម្លប់សុខសន្តិភាព និងកម្លាំងសាមគ្គីភាពរបស់ពុទ្ធបរិស័ទចំណុះជើងវត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងសប្បុរសជនជិតឆ្ងាយទាំងអស់ ដែលមានសទ្ធាជ្រះថ្លារួបរួមគ្នាដោយឈរលើមូលដ្ឋាននៃវប្បធម៌ចែករំលែក ដើម្បីតម្កល់ទុកក្នុងព្រះពុទ្ធសាសនា និងបន្សល់ទុកជូនអ្នកជំនាន់ក្រោយៗទៀត។

លោកបណ្ឌិត ក៏សូមចូលរួមអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងក្មួយៗសិស្សានុសិស្ស ដែលទើបបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេស ក៏ដូចជាក្នុងខេត្តក្រចេះនេះផ្ទាល់។ ក្នុងកាលៈទេសៈដែលប្រទេសកំពុងបន្តអភិវឌ្ឍរីកចម្រើនដូចពេលបច្ចុប្បន្ន និងតទៅអនាគត គឺទាមទារនូវការខិតខំប្រឹងប្រែងរបស់ក្មួយៗ ដែលត្រូវកសាងខ្លួនឲ្យក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាពទាំងផ្នែកចំណេះដឹង និងផ្នែកគុណធម៌-សីលធម៌៕

 

អភិបាលខេត្តកំពតលើ់កឡើងពីសមិទ្ឋផលឆ្នាំចាស់ និងគំរោងដែល កំពុងស្ថាបនាក្នុងខេត្ត

   ដោយៈ គង់ សូរិយា

       កំពតៈ អភិបាលនៃគណៈអភិបាលខេត្តកំពត លោក ម៉ៅ ធនិនបាន  ឱ្យដឹងថា រដ្ឋបាលខេត្តបានអភិវឌ្ឍលើគម្រោងជាច្រើន ក្នុងនោះមានបួនធំៗ ដែលជាសមិទ្ធផលសម្រាប់ឆ្នាំ ២០២២កន្លងទៅ។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមា កម្ពស់១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ លោកម៉ៅ ធនិនកាលពីព្រឹកថ្ងៃទី៤ មករាកន្លងមកបានលើកឡើងថា សមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានរួមមាន ទី១ ឆ្នេរព្រែកកំពង់បាយ ហៅព្រែកកំពតប្រវែង២ពាន់ម៉ែត្រ នៅក្នុងស្រុកទឹកឈូ បានស្ថាបនារួច ទី២ កំពុងស្ថាបនាទីធ្លាសាធារណៈ នៅចន្លោះស្ពានឥន្ធនូ និងស្ពានថ្មថ្មី​ដែលមានប្រវែង៦៣៧ម៉ែត្រ។

ទី៣ រៀបចំឆ្នេរសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិងូតទឹកកម្សាន្ត នៅចន្លោះស្ពានថ្មថ្មី ទៅស្ពានរទេះភ្លើង មានប្រវែង៦២៧ម៉ែត្រ កំពុងស្ថាបនា និងទី៤ កំពុងស្ថាបនាផ្លូវចាក់កៅស៊ូ និងបេតុង នៅទីរួមខេត្តបានចំនួន ១៧ខ្សែ លើ៤៣ខ្សែ ក្នុងក្រុងកំពត និងស្រុកដងទង់។

លើសពីនេះទៀត លោក ម៉ៅ ធនិន បានឱ្យដឹងថា ជាផែនការរបស់រដ្ឋបាលខេត្តកំពត នឹងខិតខំឱ្យមានឆ្នេរសមុទ្រ សម្រាប់បម្រើផលប្រយោជន៍ដល់សាធារណជន មកលេងកម្សាន្តនៅខេត្តជាប់សមុទ្រ ប៉ែកនារតីនៃប្រទេ​សកម្ពុជា។

លោកអភិបាលខេត្តបានបន្តថា ដោយឡែកសមិទ្ធផលថ្មីសន្លាងដែ​លនឹងផុសចេញរូបរាងឆាប់ៗនេះ គឺការសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ដែលធំនិងខ្ពស់ជាងគេនៅកម្ពុជា និងខ្ពស់ក្នុងចំណោមពុទ្ធបដិមានៅលើពិភពលោក។

លោក ធនិនបានបន្តថា ក្រៅពីសមិទ្ធផលធំៗទាំងនេះ ខេត្តកំពតក៏សម្រេចបានសមិទ្ធផលផ្សេងៗជាច្រើនទៀតមាន ដូចជា សំណង់អគាររដ្ឋបាល មន្ទីរពេទ្យ សាលារៀន វត្តអារាម វិហារសាសនា ហេដ្ឋារចនាសម្ព័ន្ធ រោងចក្រផលិតអគ្គិសនី ទឹកស្អាត រោងចក្រស៊ីម៉ងត៍ កំពង់ផែទឹកជ្រៅ កំពង់ផែទេសចរណ៍ និងសំណង់ជាច្រើនទៀត៕

 

New condo releases in Tokyo area expected to increase in 2023

The number of new condominiums put on sale in the Tokyo metropolitan area for 2023 is expected to rise 3.9 percent from the previous year to 32,000 units, according to a recent report by a real estate research firm.

 

The forecasted rise, the first in two years, is speculated to be led by scheduled sales of large condominiums near train stations in Tokyo’s 23 wards, Real Estate Economic Institute said in late December.

 

It also said an increase in the number of high-end condos could push up the average price in Tokyo and three neighboring prefectures. The prices of new condominiums in suburban areas are also expected to stay high on the back of surging construction material costs.

 

Meanwhile, there are prospects of mortgage rates rising after the Bank of Japan revised its ultraloose monetary policy in December, a surprise move that is seen as an effective rate increase.

 

“There are worries that condominium supplies will be squeezed in response to a decline in people’s appetite for purchasing,” said an official in charge of the report.

 

By area, the supply of condominiums in the 23 wards is projected to jump 9.4 percent to 14,000 units, and that in the rest of Tokyo is expected to surge 8.7 percent to 2,500 units.

Chiba Prefecture is expected to see an 8.1 percent increase to 4,000 units, while Kanagawa Prefecture is forecasted to see a 4.2 percent increase to 7,500 units.

 

Contrary to the overall trend, Saitama Prefecture is expected to see a major drop of 16.7 percent to 4,000 units after sharp gains in 2022.

 

The number of newly released condominiums last year was estimated at 30,800 units, down 8.4 percent from the year before, due partly to a delay in construction schedules resulting from the Russian war in Ukraine disrupting supply chains of construction materials and equipment.

Source: Japan Times

ស្ថានភាពទីផ្សារខុនដូថ្មីក្នុងទីក្រុងតូក្យូនឹងកើនឡើងក្នុងឆ្នាំ២០២៣នេះ

ដោយ: លាងហួរ

ក្រុងតូក្យូ: ចំនួនខុនដូថ្មី ដែលដាក់លក់នៅក្នុងតំបន់ទីក្រុងតូក្យូ សម្រាប់ឆ្នាំ២០២៣នេះ ត្រូវបានគេរំពឹងថា នឹងកើនឡើង៣,៩ភាគរយ ពីឆ្នាំមុន ដល់៣២.០០០យូនីត ។ នេះបើយោងតាមរបាយការណ៍ថ្មីៗនេះចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យមួយ។

វិទ្យាស្ថានសេដ្ឋកិច្ចអចលនទ្រព្យបានរាយការណ៍ កាលពីដំណាច់ខែធ្នូ កន្លងទៅថា ការកើនឡើង  ដែលត្រូវបានព្យាករណ៍ទុកជាលើកដំបូង ក្នុងរយៈពេល២ឆ្នាំនឹងនាំមុខ ដោយការលក់ខុនដូធំៗ នៅជិតស្ថានីយ៍រថភ្លើង ក្នុងសង្កាត់ចំនួន២៣របស់ទីក្រុងតូក្យូ។

វិទ្យាស្ថាននេះក៏បានបញ្ជាក់ផងដែរថា ការកើនឡើងនៃចំនួនខុនដូប្រណិតៗ អាចជំរុញឱ្យតម្លៃខុនដូជាមធ្យម នៅទីក្រុងតូក្យូ និងខេត្តជិតខាងចំនួន៣កើនឡើងផងដែរ។ តម្លៃខុនដូថ្មីនៅតំបន់ជាយក្រុងក៏ត្រូវបានគេរំពឹងថា នឹងនៅតែមានថ្លៃខ្ពស់ផងដែរ ដែលបណ្តាលមកពីការកើនឡើងថ្លៃសម្ភារៈសំណង់។

ទន្ទឹមនឹងនេះ អត្រាប្រាក់កម្ចីទិញផ្ទះ ត្រូវបានគេរំពឹងទុកថា នឹងកើនឡើង បន្ទាប់ពីធនាគារកណ្តាលជប៉ុន បានកែសម្រួលគោលនយោបាយរូបិយវត្ថុដ៏ធូររលុងរបស់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០២២។

យោងតាមមន្ត្រីមួយរូបទទួលបន្ទុកលើរបាយការណ៍ បានអះអាងថា យើងមានការព្រួយបារម្ភថា ការផ្គត់ផ្គង់ខុនដូនឹងធ្លាក់ចុះ ដោយឆ្លើយតបទៅនឹង ការធ្លាក់ចុះនៃចំណង់របស់ប្រជាជន ក្នុងការទិញ។

ការផ្គត់ផ្គង់ខុនដូ នៅក្នុងសង្កាត់ទាំង២៣ ក្នុងក្រុងតូក្យូ នឹងកើនឡើង៩,៤ភាគរយដល់១៤.០០០យូនីត ហើយនៅតំបន់សេសសល់នៃទីក្រុងតូក្យូ ត្រូវបានគេរំពឹងថា នឹងកើនឡើង៨,៧ភាគរយ ដល់២.៥០០យូនីត។

ចំនួនខុនដូក្នុងខេត្ត Chiba ត្រូវបានគេរំពឹងថា នឹងកើនឡើង៨,១ភាគរយ ដល់៤.០០០យូនីត ខណៈចំនួនខុនដូ នៅខេត្ត Kanagawa ត្រូវបានព្យាករណ៍ថានឹងកើនឡើង៤,២ភាគរយ ដល់៧.៥០០យូនីត។ ចំណែក ចំនួនខុនដូនៅក្នុង ខេត្ត Saitama ត្រូវបានគេរំពឹងថា នឹងមានការធ្លាក់ចុះ១៦,៧ភាគរយ ដល់៤.០០០យូនីត បន្ទាប់ពីបានកើនឡើងយ៉ាងខ្លាំង ក្នុងឆ្នាំ២០២២៕

ខែចុងក្រោយនៃឆ្នាំ២០២២ កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីចំនួន១០មានទឹកប្រាក់ជាង៤៣លានដុល្លារ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ឆ្នាំ២០២២កន្លងទៅសកម្មភាពនៃការវិនិយោគបានចាប់ផ្ដើមឡើងវិញបន្តិច ​ក្រោយពីរាជរដ្ឋាភិបាលបានបើកប្រទេសបើកសេដ្ឋកិច្ចឡើងវិញ។ ក្នុងនោះ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងថ្មីជាបន្តបន្ទាប់ត្រូវបានអនុម័តឱ្យចាប់ផ្ដើមដំណើរការវិនិយោគជាហូរហែរ។

ជាក់ស្ដែង នៅខែចុងក្រោយនៃឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាបានអនុម័តឱ្យក្រុមហ៊ុនវិនិយោគចំនួន១០គម្រោង មានទឹកប្រាក់សរុបចំនួន៤៣លានដុល្លារអាមេរិក។

យោងតាមសេចក្ដីប្រកាសព័ត៌មានជាបន្តបន្ទាប់ក្នុងខែធ្នូ ឆ្នាំ២០២២ បានបង្ហាញពីគម្រោងវិនិយោគទាំង១០ ដែលអនុម័តឱ្យវិនិយោគរួមមាន ៖

១. គម្រោងវិនិយោគរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ មានទុនវិនិយោគប្រមាណ៥,១លានដុល្លារអាមេរិក អាចបង្កើតការងារបានជាង៧៨០នាក់ ។

២.គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅលើក្បាលដីលេខ៨៦៥ ផ្លូវលំ ភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣.៣៥៨កន្លែង។

៣. គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.១១៧កន្លែង។

៤. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.២៦៤កន្លែង។

៥. គម្រោងបង្កើតរោងចក្រផលិតឆត្រ អាវភ្លៀង ថង់យួរដៃ ស្រោមដៃ និងកន្សែងពោះគោ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៧ ភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦៤១កន្លែង។

៦.គម្រោងបង្កើតរោងចក្រផលិតកេសកាតុង មានទីតាំងវិនិយោគនៅផ្លូវ៥១ ភូមិស្រែអំព្រុំ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាលមានទុនវិនិយោគ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧៧៨នាក់ ។

៧. គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៦,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៣០០នាក់។

៨. គម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ៦,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៣០០នាក់ ។

៩. គម្រោងបង្កើតរោងចក្រផលិតផលិតផលធ្វើពីក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៨០នាក់។

១០. គម្រោងបង្កើតរោងចក្របោះពុម្ព និងផលិតផលិតផលវិចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូលយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ១,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៦០នាក់ ៕

មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលៈ ជើងហោះហើរត្រង់ពីប្រទេសចិនមកកម្ពុជានឹងកើនឡើងវិញនៅពេលឆាប់ៗខាងមុខ

ដោយៈ សុផារី

ភ្នំពេញៈ ប្រទេសកម្ពុជារំពឹងខ្ពស់ពីកំណើនទេសចរចិន បន្ទាប់ពីរដ្ឋាភិបាលចិនបានប្រកាសពីការបើកប្រទេស និងអនុញ្ញាតិឱ្យអ្នកដំណើរចាកចេញពីប្រទេស ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ខាងមុខនេះតទៅ ដែលជាសញ្ញាវិជ្ជមានមួយ សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការវិនិយោគរបស់កម្ពុជា។

លោកស៊ិន ច័ន្ទសេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេ​ខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍នៅថ្ងៃទី៤ ខែមករាថា ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣នេះទៅ ប្រទេសចិននឹងបើកចំហប្រទេសរបស់គាត់ ឲ្យអ្នកដំណើរចេញចូលធម្មតាទៅកាន់ទិសដៅ ដែលគាត់ចង់ទៅ។ ដោយឡែកប្រទេសកម្ពុជាក៏បានស្វាគមន៍ និងមានលិខិតស្វាគមន៍ហោះហើរឡើងវិញ តភ្ជាប់ជាមួយក្រុមហ៊ុនចិន ក្នុងខេត្តទាំងឡាយណា ដែលមានសក្តានុពលចំពោះប្រទេសកម្ពុជា។

យ៉ាងណាម៉ិញ លោក ស៊ិន ច័ន្ទសេរីវុត្ថា លើកឡើងថា ចរន្តហោះហើរពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា ត្រូវទាមទារពេលវេលា ដោយសារ រហូតមកទល់ពេលនេះ នៅមិនទាន់ដល់កាលកំណត់ នៃការបើកប្រទេសចិនឡើងវិញនៅឡើយ ទោះបីជាមានក្រុមហ៊ុនចិនមួយចំនួន បានពាក្យស្នើសុំចំណតបម្រុងទុកក្តី ក៏ត្រូវរង់ចាំពិនិត្យមើលលើការចុះចត និងចំនួននៃការមកដល់នៃបអ្នកដំណើរចិនជាក់ស្តែងម្តងទៀត។

លោកបានគូសបញ្ជាក់ថា “ចំនួនជើងនៅមិនទាន់ដឹងច្បាស់ ដោយ​សារទី១ មិនទាន់ដល់ថ្ងៃទី៨ មករា ទី២ យើងពិនិត្យឃើញមាននិន្នាការសុំ slot ឡើងវិញ (slot គឺទីចំណតបម្រុងរបស់ក្រុមហ៊ុន)។ យើងមិនអាចរាប់បាន ដោយសារការស្នើសុំ slot មិនមែនជាសូចនាករជាក់លាក់ទេ តែត្រូវរង់ចាំមើលការស្នើសុំ Landing Permit សម្រាប់ការចុះចតទើបមានភាពជាក់លាក់”។

លោកមានប្រសាសន៍ថា “ទោះបីជាក្រុមហ៊ុនដាក់កម្មវិធីហោះហើរក៏ដោយ ប៉ុន្តែមិនបានន័យថា ប្រជាជនរបស់គាត់ទាំងអស់ ឬមនុស្សទាំងអស់នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាច្រើននោះដែរ។ ដូច្នេះ អ្វីៗ ត្រូវរង់ចាំពេលវេលា ថាតើគាត់ធ្វើដំណើរយ៉ាងដូចម្តេច ហើយមកពេលណា”។

លោកបានបន្តថា យើងបារម្ភនឹងវិធានការផ្សេងៗ ដែលអាចមានកើតឡើង យើងមិនដឹងថារដ្ឋាភិបាលយើង ផ្នែកសុខាភិបាលចាត់ការយ៉ាងណាទេ ប៉ុន្តែយើងសង្ឃឹមថា ប្រទេសយើងនឹងបើកទូលាយ ដើម្បីទទួលធុរជននិងទេសចរចិន ជាមួយនឹងវិធានការសមរម្យ ដែលអាចទទួលយកបានទាំងអស់គ្នា កុំឲ្យមានរំខាន ដល់ការធ្វើដំណើរ។

លោកវ៉ាន វិនធានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍៍មុនថា កម្ពុជា ជាប្រទេសនៃគោលដៅរបស់ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគចិនលំដាប់ទី១នៅក្នុងតំបន់ ដោយសារទំនាក់ទំនងល្អរវាងរដ្ឋាភិបាលប្រទេសទាំងពីរ។

យោងតាមក្រសួងទេសចរណ៍ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរចិនជាង៩ម៉ឺននាក់ ក្នុងអត្រាកំណើន១១៣,៨% ដែលជាសញ្ញាវិជ្ជមានមួយសម្រាប់ឆ្នាំ២០២៣។

ដើម្បីត្រៀមទទួលភ្ញៀវទេសចរចិន នាពេលខាងមុខនេះ រដ្ឋាភិបាលក៏បានបន្តពង្រឹងគុណភាព សេវាកម្មទទួលទេសចរចិន (China Ready) ទ្បើងវិញ ដើម្បីត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ទទួលទេសចរចិនមកវិញ។

ខណៈរដ្ឋាភិបាលចិន ត្រៀមបើកប្រទេស និងអនុញ្ញាតឱ្យប្រជាជនចេញក្រៅប្រទេសបានឡើងវិញ នាដើមឆ្នាំ២០២៣នោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍ជាមុន ចំពោះភ្ញៀវទេសចរចិនដែលចង់មកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ខណៈកម្ពុជារំពឹងទទួលបានភ្ញៀវទេសចរចិនយ៉ាងហោច២លាននាក់ នៅពេលរដ្ឋាភិបាលចិនបើកប្រទេសឡើងវិញនោះ។

យោងតាមការព្យាករណ៍របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) បានវាយតម្លៃថា កាលពីមុនពេលមានជំងឺកូវីដ១៩ ប្រទេសចិនគឺជាប្រភពទីផ្សារទេសចរណ៍ដ៏ធំជាងគេ នៅលើពិភពលោក ភ្ញៀវទេស​ចរណ៍ចិន បានចេញទៅកម្សាន្តនៅក្រៅប្រទេស រហូតដល់ជាង២០០លាននាក់ ខណៈកម្ពុជាមានគោលដៅ ទាក់ទាញឱ្យបាន២លាននាក់ដែរ ប៉ុន្តែកំណើននេះ ក៏បានធ្លាក់ចុះយ៉ាងគំហុកទៅវិញ ដោយសារតែវិបត្តិជំងឺកូវីដកាលពីចុងឆ្នាំ២០១៩។

ក្នុងស្ថានភាពនោះដែរ នៅឆ្នាំ២០២០ រដ្ឋាភិបាលចិនប្រកាសមិនឱ្យភ្ញៀវទេសចរចេញចូលប្រទេសខ្លួន តាមរយៈគោលនយោបាយ Zero Covid-19 ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺដ៏កាចសាហាវនេះនៅក្នុងប្រទេស និងដើម្បីការពារសុខមាលភាពប្រជាជនរបស់ខ្លួនផងដែរ៕

រដ្ឋាភិបាលកំពុងពិនិត្យពិភាក្សាកែសម្រួលប្លង់គោលអភិវឌ្ឍន៍កោះពស់ ក្នុងខេត្តព្រះសីហនុ

ដោយៈ សុផារី

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ បាននិងកំពុងធ្វើការកែសម្រួល ប្លង់គោលអភិវឌ្ឍន៍កោះពស់ ដែលជាកោះ ត្រូវបានវិនិយោគសម្រាប់ទេសចរណ៍រយៈពេលវែង ក្នុងខេត្តព្រះសីហនុ។

នេះបើតាមការចុះផ្សាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ស្តីអំពីកិច្ចប្រជុំពិភាក្សាអំពីសំណើសុំកែសម្រួលប្លង់មេអភិវឌ្ឍកោះពស់ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន KOH PUOS ( CAMBODIA) INVESTMENT GROUP CO.,LTD ដោយមានការចូលរួមពីលោកសុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកហង្ស សុតសំភារ អនុរដ្ឋលេខាធិការ រួមជាមួយលោក ថៃ ចន្ថា និងលោក ម៉ៅ ក្រឹង។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា គោលបំណងនៃការកែសម្រួលប្លង់គោល គឺដើម្បីប្រែក្លាយកោះពស់ទៅជាគោលដៅទេសចរណ៍ដ៏សម្បូរបែបស្តង់ដារអន្តរជាតិ។ គិតចាប់ពីឆ្នាំ១៩៩៤ ដល់ខែតុលា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ មានក្រុមហ៊ុនវិនិយោគចំនួន ១៩៩ ក្រុមហ៊ុនក្នុងនោះក្រុមហ៊ុនវិនិយោគលើវិស័យ ទេសចរណ៍មានចំនួន ៨៤ក្រុមហ៊ុន និងវិនិយោគខ្នាតធំ (អភិវឌ្ឍន៍ទេសចរណ៍រយៈពេលវែង) តាមបណ្តាកោះឆ្នេរមាន ៣៣ ក្រុមហ៊ុន។

ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រុមហ៊ុន កោះពស់ ខេមបូឌា អ៊ិនវេសមេន គ្រុប អិលធីឌី ធ្វើការវិនិយោគកោះមរកត លើទំហំផ្ទៃដីប្រមាណ១១៦ហិកតា ដែលមានទីតាំងស្ថិតនៅកោះពស់នេះ ដែលគ្របដណ្តប់ដោយព្រៃធម្មជាតិ និងតំបន់ឆ្នេរលាតសន្ធឹង តាមបណ្តោយឆ្នេរសមុទ្រនៅភាគខាងជើង។

ក្រុមហ៊ុន KOH PUOS ( CAMBODIA) INVESTMENT GROUP CO.,LTD បានសាងសង់ស្ពានឆ្លងសមុទ្រ ប្រវែងជាង៩០០ម៉ែត្រ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធលើកោះពស់ មានដូចជា ផ្លូវបេតុងប្រវែងជាង ៥គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត៕

KW Cambodiaនឹងរៀបចំសិក្ខាសាលាអចលនទ្រព្យប្រចាំឆ្នាំាំជាមួយនឹងបទបង្ហាញពីវាគ្មិនល្បីៗជាច្រើន

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកKW Cambodiaនឹងរៀបចំ សិក្ខាសាលាអចលនទ្រព្យប្រចាំឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ មករា ឆ្នាំ២០២៣ខាងមុខនេះ។

សិក្ខាសាលានេះ នឹងប្រារពធ្វើនៅថ្ងៃសុក្រ១៣ មករា ២០២៣ នៅដឹព្រីមៀ សេនធ័រ សែនសុខ (អគារ A) ពីម៉ោង 7:30-17:00។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Camnbodiaបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៥ មករានេះថា សិក្ខាសាលាអចលនទ្រព្យប្រចាំឆ្នាំ របស់KW Cambodia ដែលមានប្រភពមកពីអាមេរិក និងជាក្រុមហ៊ុនមានវត្តមាននៅលើ៥២ប្រទេស និង៥ទ្វីបលើពិភពលោក នឹងបង្ហាញពីនិន្នាការទីផ្សារអចលនទ្រព្យ និងឱកាសវិនិយោគនៅក្នុងវិស័យនេះ។

សូមអញ្ជើញចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ តាមរយៈតំណរ​  ឬលេខទូរសព្ទ័ដូចខាងក្រោម៖

🔗​ https://forms.gle/7AwmT6zmgfkVc5rD8

☎️ 077 581 100​ (Telegram)

☎️ 087 581 100

វាគ្មិនល្បីៗ ដែលនឹងធ្វើបទបង្ហាញនិងចែករំលែក ក្នុងសិក្ខាសាលានេះរួមមាន ប្រធានស្ថាបនិក KW Cambodia ឧកញ៉ាបណ្ឌិត គីម ហ៊ាងនិងវាគ្មិនល្បីៗមួយចំនួនទៀតផងដែរ៕