បុរីតម្លៃសមរម្យមួយលេចវត្តមាននៅច្រកចូលរមណីយដ្ឋានភ្នំតាម៉ៅ

ដោយៈគង់ សូរិយា

       តាកែវៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល បានលើកទឹកចិត្តក្រុមហ៊ុនឯកជននានា ពង្រីកការវិនិយោគរបស់ខ្លូន ទៅកាន់តំបន់ជាយក្រុងកាន់តែច្រើន ដើម្បីចាប់យកឱកាសនិងចំណែកទីផ្សារបស់ខ្លួន។

ជាក់ស្តែងបុរី HK Residence បាននិងកំពុងចាប់ផ្តើមការសាងសង់នៅក្នុងតំបន់សក្តានុពល នៅក្នុងតំបន់រមណីយដ្ឋានភ្នំតាខ្មៅ នៃខេត្តតាកែវ ដោយផ្តល់ជូននូវជម្រើស ផ្ទះវីឡាស្រស់ស្អាតបំផុតនៅក្នុងតំបន់ ជាមួយតម្លៃទាបជាងទីផ្សារ និងអាចផ្តល់ផលចំណេញខ្ពស់ ក្នុងរយៈពេលដ៏ខ្លីខាងមុខ។

គម្រោងបុរីHK Residence មានទីតាំងស្ថិតនៅភូមិកណ្ដឹងតូច ឃុំកណ្ដឹងតូច ស្រុកបាទី ខេត្តតាកែវ ស្ថិតនៅព្រំប្រទល់រវាងខេត្តកណ្តាល និងរាជធានីភ្នំពេញ មានទំហំរហូតដល់៥ហិចតា ដែលជំហានទី១ កំពុងសាងសង់លើផ្ទៃដីទំហំ២ហិចតាជាមុនសិន ហើយនឹងបន្តពង្រីកការអភិវឌ្ឍបន្ថែ​មទៀត នាពេលខាងមុខ។

លោកចាប ពៅអគ្គនាយកបុរី HK Residenceបានមានប្រសាសន៍ ឲ្យដឹងកាលពីពេលថ្មីៗនេះថា បុរីនេះមានប្រភេទផ្ទះវីឡា ដែលមានទំហំផ្ទះ១៣,៥ម៉ែត្រគុណ៧,២ ដែលមាន៣បន្ទប់គេងនិង៣បន្ទប់ទឹក អមជាមួយសួនច្បារដ៏ស្រស់ស្អាត នៅក្នុងផ្ទះនីមួយៗដាច់ដោយឡែកពីគ្នា។ ជាពិសេ​ស ផ្លូវនៅក្នុងបុរីមានទំហំចន្លោះពី២០ ទៅ៣០ម៉ែត្រ និងមានសួនច្បារ ទីលានកំសាន្តសម្រាប់កុមារ កន្លែងហាត់ប្រាណ ។ល។

លោកបានបន្តថា “បុរី HK Residence មានទីតាំងស្ថិតនៅក្នុងតំបន់សក្តានុពលខ្ពស់ មិនត្រឹមតែមានទីតាំងនៅជិតរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមរយៈផ្លូវជាតិលេខ២ នៅជិតផ្លូវក្រវាត់ក្រុងទី៤ និងទីតាំងរមណី​យដ្ឋានភ្នំតាម៉ៅផងដែរ”។

លោកចាប ពៅបានបន្តថា បន្ថែមលើសនេះ គម្រោងវិនិយោគធំៗជាច្រើនគ្រោងមកបណ្ដាក់ទុន ដូចជា គម្រោងរមណីយដ្ឋានខ្នាតអន្តរជាតិលំដាប់ខ្ពស់ ទំហំជាង៥០ហិចតា និងគម្រោងបុរីរបស់ក្រុមហ៊ុនផ្សេងៗទៀត។ អ្វីដែលសំខាន់ជាងនេះ ការអភិវឌ្ឍលើបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង គឺមានគ្រប់គ្រាន់ ដោយមិនមានភាពខ្វះខាតឡើយ ដែលនេះនឹងបង្កលក្ខណៈកាន់តែងាយស្រួលដល់ការរស់នៅរបស់អតិថិជន។

លោកអះអាងថា “ទីតាំងនេះមានសក្តានុពលល្អបំផុតនេះ នឹងជំរុញឱ្យ ការវិនិយោគនៅលើបុរី HK Residence ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ នឹងអាចផ្តល់ផលចំណេញខ្ពស់ មួយគុណនឹងពីរ”។

សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ទិញ អញ្ចើញមកមើលទីតាំងថ្ងៃនេះ នឹងអាចរើសទីតាំងល្អបានមុនគេ។ សម្រាប់ការបង់ប្រាក់ អតិថិជនអាចទទួលបានការសម្រួលឯកសារ រត់ការធ្វើប្លង់ជូន សម្រាប់ការខ្ចីពីធនាគារក្នុងអត្រាការប្រាក់ទាបបំផុត ពីធនាគារដៃគូរជាច្រើនរបស់បុរី៕

  

មជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះកំពស់៤២ជាន់នៅក្រុងកំពតអាច បញ្ចប់យឺតជាងផែនការ

  ដោយៈ ស៊ីវ ម៉េង

       កំពតៈ គិតត្រឹមខែកញ្ញាកន្លងមកនេះ ការសាងសង់អាគារកប់ពពកដំបូងគេនៅក្រុងកំពតរបស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុងទើបសម្រេចបានកំពស់ត្រឹម៧ជាន់ប៉ុណ្ណោះ។ នេះបើតាមការបង្ហាញព៌តមានលើផេកFacebookរបស់ លោកសាស្រ្តាចារ្យទួស សាភឿន។

ទោះជាយ៉ាងណា លោកសាស្រ្តាចារ្យទួស សាភឿនថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបនៃក្រុមហ៊ុនថៃ ប៊ុនរ៉ុងដែលបាននិងកំពុងវិនិយោគ សាងសង់អាគារនេះបានមានប្រ​សាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលទីថ្ងៃទី១២ ឧសភាកន្លងមកថា ​ការសាងសង់គំរោងនេះ បានឡើងដល់ជាន់ទី១០ហើយ  ដោយក្រុមការងារ​បាន និងកំពុងសំរុកធ្វើទាំងយប់ទាំងថ្ងៃ ដើម្បីបញ្ចប់ការសាងសង់តាមផែន​ការដែលបានគ្រោងទុក។

លោកបន្តថា “អគារពាណិជ្ជកម្មនេះ នឹងរួមបញ្ចូលនូវការិយាល័យធ្វើ​ការបែបទំនើប សណ្ឋាគារប្រណីត មជ្ឈមណ្ឌលកំសាន្ត ខារ៉ាអូខេ អាផាតម៉ិន​ដែលអាចជួលប្រើប្រាស់រយៈពេលវែង”។ លោកបន្តថា “ជាមួយគ្នានេះ យើងក៏មានភោជនីយដ្ឋាន សំរាប់ម្ហូបអាហារច្រើនប្រទេស និងសេវាកម្មជាច្រើនទៀត”។

លោកគឹម សង្រ្គាមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ នៅក្នុងខេត្តកំពតបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា លោកគិតថាគំរោងនេះ នឹងទទួលបានជោគជ័យ ព្រោះទី១ មុនវិនិយោគក្រុមហ៊ុនបានសិក្សា ពីទីផ្សាររួចហើយ ទី២ សក្តានុពលសេដ្ឋកិច្ចក្នុងខេត្តកំពតនៅតែដំណើរការល្អ ទោះមានវិបត្តិ​កូវីដក្តី ព្រោះខេត្តកំពតពឹងផ្អែកសេដ្ឋកិច្ច ក្នុងស្រុកច្រើន មានភ្ញៀវទេសចរណ៍ក្នុងស្រុកច្រើន។

លោកបន្តថា “ជាមួយគ្នានេះ ខ្ញុំមើលឃើញថាអ្នកវិនិយោគជាច្រើនបានចាប់ផ្តើមចូលមកកាន់ខេត្តកំពត ហើយខេត្តនេះនឹងដើរតួជាប៉ូលសេដ្ឋកិច្ចថ្មីមួយនៅតំបន់ឆ្នេរ ដែលមានសកម្មភាពពាណិជ្ជកម្មបែបពហុបំណង”។​លោកបន្តថា “សក្តានុពលលើសេដ្ឋកិច្ច ដែលពឹងផ្អែកលើកសិកម្ម កសិឧស្សា​ហកម្ម ទេសចរណ៍ និងការវិនិយោគអចលនទ្រព្យ នឹងធ្វើឲ្យអគារពាណិជ្ជកម្មថៃ ប៊ុនរ៉ុងនឹងទទួលបានជោគជ័យ”។

លោកបន្តថា ការវិនិយោគរបស់ក្រុមហ៊ុននេះ ជាការឆ្លយតបនិងត្រៀមទុកសម្រាប់កិច្ចការមួយចំនួន ដែលជាសក្តានុពលរបស់ខេត្ត សូម្បីតែលោក

ក៏ត្រូវការអាគារបែបនេះ សម្រាប់ធ្វើជាការិយាល័យរបស់ខ្លួន នាពេលអនា​គតផងដែរ៕

ការចចារយកក្រុមហ៊ុនអាហារទាន់ចិត្តមកកម្ពុជាMcDonald បានជាប់គាំងហើយ

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ក្រុមអ្នកស្និទ្ឋនឹងអ្នកចចារកម្ពុជា ក្នុងការនាំMaster Franchise ហាងMcDonald មកកម្ពុជាបានជួបរឿងបរាជ័យ និងការខកចិត្ត។

ប្រភពព៌តមានដែលគួរឲ្យទុកចិត្ត បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ការរៀបចំផែនការយកក្រុមហ៊ុន អាហារហ័សទាន់ចិត្តMcDonald មកកាន់ទីផ្សារកម្ពុជានៅឆ្នាំ២០២៣ បានជួបរឿងខកចិត្ត ដោយ​សារក្រុមហ៊ុនលំដាប់យក្សនេះ បានដាក់លក្ខខ័ណ្ឌជាច្រើន ហើយពួកគេមិនទាន់សម្រេច​ចិត្តមកកាន់ទីផ្សារនេះនៅឡើយទេ។

ប្រភពព៌តមានដដែលបានឲ្យដឹងទៀតថា “ក្រុមហ៊ុនគ្រប់គ្រងហាងMcDonald បាននិយាយថាទីផ្សារកម្ពុជានៅតូចនៅឡើយ ពួកគេបានដាក់លក្ខខ័ណ្ឌជាច្រើន ពួកគេមិនទាន់សម្រេចចិត្តមកនៅឡើយទេ”។

អ្នកជំនួញដែលគ្រោងនាំយកហាង អាហាររហ័សទាន់ចិត្តMcDonald មកកម្ពុជា ជាអ្នកជំនួញជោគជ័យមួយរូប ដែលមានក្រុមហ៊ុនរាប់ភ្លេចនៅក្នុងដៃ ហើយលោក ក៏ទើបបាននាំហាងភីហ្សាថ្មីមួយមកកាន់កម្ពុជា ខណៈលោកមានភោជនីយដ្ឋានល្បីឈ្មោះ និងបានពង្រីកសាខាជាច្រើននៅកម្ពុជា។

ប្រភពគួឲ្យទុកចិត្តបានដដែលបានឲ្យដឹងទៀតថា ក្រុមហ៊ុនលំដាប់យក្សMcDonaldបាននឹងចូលមកកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ ប៉ុន្តែមិនមែនឆ្នាំ២០២៣ដូចការគ្រោងទុកនៅឡើយទេ

ក្រុមស្ថាបត្យករជាតិ អន្តរជាតិគ្រោងរៀបចំសិក្ខាសាលាស្តីពីការគូររូបឯកសារស្ថាបត្យកម្មលើកទី១នៅខេត្តបាត់ដំបង

  ដោយៈគង់ សូរិយា

       បាត់ដំបងៈ ក្រុមស្ថាបត្យករក្នុងស្រុក មកពីប្រទេសថៃ និងបណ្តាស្ថាបត្យករល្បីៗជាច្រើនទៀត គ្រោងរៀបចំសិក្ខាសាលាស្តីពី ការគូររូបឯកសារស្ថាបត្យកម្មលើកទី១ នៅក្រុងបាត់ដំបង។

គំនិតផ្តួចផ្តើមនេះ ត្រូវបានលើកឡើងក្នុងជំនួប រវាងលោកសុខ លូ អភិបាលខេត្តបាត់ដំបង ការងារជាមួយក្រុមការងារអង្គការ VERNADOC កម្ពុជា ដែលជំនួបនេះធ្វើឡើង ដើម្បីស្នើសុំការអនុញ្ញាតរៀបចំសិក្ខាសាលាអន្តរជាតិពីការគូររូប ឯកសារបែបស្ថាបត្យកម្មលើកទី១ នៅក្នុងខេត្តបាត់ដំបង ដោយផ្ដោតទៅលើអគារប្រវត្តិសាស្រ្ដ សាលាខេត្តចាស់ និងបណ្ដាអគារបេតិកភណ្ឌផ្សេងៗទៀតនៅក្នុងខេត្តបាត់ដំបង ។

នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកអភិបាលក្រុង លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកស្រីប្រធានគម្រោង VERNADOC CAMBODIA លោកស្រីសាស្រ្ដាចារ្យស្ថាបត្យកម្មនៃសាកលវិទ្យាល័យ រ៉ាំងស៊ីត (ប្រទេសថៃ) ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួន នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។

គម្រោងនេះ មានការចូលរួមជាលក្ខណៈស្ម័គ្រចិត្ត ពីសំណាក់បណ្ដាស្ថាបត្យករល្បីៗក្នុងស្រុក និងនៅលើសកលលោក ព្រមទាំងនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយកម្មវិធីនេះមានគោលបំណងរួមចំណែកចូលរួមអភិរក្សមរតកវប្បធម៌ជាតិ ឱ្យនៅគង់វង្សសម្រាប់ជាពុទ្ធិ និងកេរ្ដិ៍ដំណែលដល់អ្នកជំនាន់ក្រោយ និងដើម្បីធ្វើការចងក្រងសំណង់អគារបុរាណចាស់ជាឯកសារ ដើម្បីបណ្ដុះចិត្តដល់អ្នកជំនាន់ក្រោយ មានចិត្តស្រឡាញ់អគារចាស់ៗផងដែរ ។

លោកសុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា ខេត្តបាត់ដំបងនេះ ជាខេត្តដែលមានសក្ដានុពលលើវិស័យសេដ្ឋកិច្ច ក៏ដូចជាវិស័យទេសចរណ៍ ហើយក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តបាត់ដំបងបានធ្វើការទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានយ៉ាងច្រើននាំមុខគេ ក្នុងបណ្ដារាជធានីខេត្ត ជាខេត្តសម្បូរទៅដោយកន្លែងទេសចរណ៍មិនថាធម្មជាតិ ឬកែច្នៃទេ ហើយសម្បូរទៅដោយកន្លែងដែលជាលក្ខណៈវប្បធម៌ផងដែរ ។

លោកបញ្ជាក់ថា “ការបណ្ដុះគំនិតនេះ គឺជារឿងដែលល្អប្រសើរ ដើម្បីបណ្ដុះគំនិតដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអ្នកជំនាន់ក្រោយៗទៀតស្រ​លា​ញ់ និងមានការចាប់អារម្មណ៍ ចំពោះសំណង់ស្ថាបត្យកម្មខ្មែរបុរាណ មើលឃើញពីអត្ថប្រយោជន៍នៃសំណង់បុរាណខ្មែរ និងចូលរួមអភិរក្សសំណ​ង់បុរាណទាំងនោះ ឱ្យបានគង់វង្ស និងល្អប្រសើរ”។ លោកបន្តថា គំរោងនេះ​ក៏ជួយជម្រុញឱ្យខេត្តបាត់ដំបង កាន់តែទាក់ទាញ់បន្ថែមទៀត ហើយខេត្តបាត់ដំបងទៀតសោត ស្ថិតក្នុងបណ្ដាញនៃទីក្រុងឆ្លាត (SMART CITY) ដូចនេះនៅពេលខាងមុខទៀត ខេត្តបាត់ដំបង នឹងកាន់តែទាក់ទាញថែមទៀតជាក់ជាមិនខាន៕

តើលោកបណ្ឌិត កៅ គឹមហួនជាអ្នកណា? ខណៈលោកនឹងក្លាយជាជនជាតិកម្ពុជាដំបូងគេនឹងក្លាយជាអគ្គលេខាធិការអាស៊ាន

ដោយៈ សហការី

​       ភ្នំពេញៈ លោកបណ្ឌិតកៅ គឹម ហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ត្រូវបានប្រកាសតែងតាំង ជាអគ្គលេខាធិការអាស៊ាន ចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០២៣ខាងមុខនេះ ក្នុងនាមជាជនជាតិខ្មែរដំបូងគេ ដែលនឹងកាន់ដំណែងដ៏មាន​កិត្យានុភាពនេះ ចាប់តាំងពីកម្ពុជាបានចូលជាសមាជិកគ្រួសារអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។់

តើបុគ្គលសំខាន់ ដែលនឹងឈានជើងមកកាន់តំណែង ដ៏សំខាន់មួយនេះជានរណា?

លោកបណ្ឌិតកៅ គឹមហួន កើតនៅឆ្នាំ១៩៦៦ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន លោកជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាសមាជិកនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថានJeffrey Cheah ស្តីពីអាស៊ីអាគ្នេយ៍ សមាជិកនៃក្រុមប្រឹក្សាសកលនៃសង្គមអាស៊ី និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃអ្នកគាំទ្រទូទាំងពិភពលោកសំរាប់ការអភិវឌ្ឍ (WSD)។

ក្រោយពីទទួលបានការអប់រំនៅសហរដ្ឋអាមេរិក លោកបានត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៩៣ និងបានដើរតួនាទីសំខាន់ នៅក្នុងការចូលជាសមាជិកអាស៊ានរបស់កម្ពុជា នៅឆ្នាំ១៩៩៩ផងដែរ ហើយបានបន្តជាអ្នកនាំមុខ សំរាប់កិច្ចការអន្តរជាតិនៅក្នុងកម្ពុជា ជាទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៣ និងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៣។

ចាប់ពីឆ្នាំ២០០៦ លោក កៅ គឹមហួន បានធ្វើជាអនុប្រធានក្រុមទីប្រឹក្សា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ក្នុងពេលជាមួយគ្នា លោកគឺជាសមាជិកក្រុមប្រឹក្សាភិបាល នៃអ្នកគាំទ្រទូទាំងពិភពលោកសំរាប់ការអភិវឌ្ឍ មានមូលដ្ឋាននៅទីក្រុងតូក្យូ ចាប់តាំងពីឆ្នាំ២០០៨។ លោកក៏ជាសមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ នៃកាកបាទក្រហមកម្ពុជា សំរាប់រយៈពេលពីរអាណត្តិ។

លោកធ្លាប់ជាសមាជិកជំនួស ឱ្យតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហ​គមន៍នយោបាយ-សន្តិសុខអាស៊ានរបស់កម្ពុជា ពីខែសីហា ឆ្នាំ២០០៩ ដល់ខែកញ្ញា ឆ្នាំ២០១៣ ព្រមទាំងជាអគ្គលេខាធិការនៃលេខាធិ​ការដ្ឋានជាតិអាស៊ាន-កម្ពុជា ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៣។

នៅឆ្នាំ២០១៣ លោកត្រូវបានតម្លើងឋានៈជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបន្ទុកកិច្ចការបរទេស និងអាស៊ាន ដែលគាត់កំពុងកាន់តំណែងក្នុងពេលបច្ចុប្បន្ន។ ពីខែតុលា ឆ្នាំ២០១៦ ដល់ ខែឧសភា ឆ្នាំ២០១៧ លោកធ្វើជាអនុប្រធានគណៈកម្មការអន្តរ- ក្រសួងរៀបចំកិច្ចប្រជុំ វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពី អាស៊ាន ឆ្នាំ២០១៧។

បច្ចុប្បន្នលោកជាសមាជិកជាន់ខ្ពស់ នៅវិទ្យាស្ថាន Jeffrey Cheah ស្តីពីអាស៊ីអាគ្នេយ៍ និងក៏ជាសមាជិកក្រុមប្រឹក្សាសកលនៃសង្គមអាស៊ី។

លោកក៏ជាសកលវិទ្យាធិការ នៃសាកលវិទ្យាល័យកម្ពុជា (UC) នៅឆ្នាំ២០០៣ និងជាម្ចាស់បណ្តាញទូរទស្សន៍ និងស្ថានីយវិទ្យុអាស៊ីអាគ្នេយ៍។ ក្រៅពីតួនាទីខាងលើ លោកក៏នៅមានតួនាទីជាច្រើនផ្សេងទៀតផងដែរ។

ចំពោះការសិក្សា លោកបានចូលរៀនវិទ្យាល័យនៅទីក្រុង Herndon រដ្ឋ Virginia នៅពេលគ្រួសាររបស់គាត់បានជនភៀសខ្លួន ក្នុងឆ្នាំ១៩៨១។ បន្ទាប់មក លោកបានបរិញ្ញាបត្រ ផ្នែកការសិក្សាអាស៊ី នៅសាកលវិទ្យាល័យ Baylor នៅទីក្រុង Waco រដ្ឋ Texas និងអាហារូបករណ៍ថ្នាក់ជាតិ ទៅសិក្សានៅសាកលវិទ្យាល័យOhio នៅទីក្រុង Athens សំរាប់ថ្នាក់បរិញ្ញា​បត្រជាន់ខ្ពស់។

នៅឆ្នាំ ១៩៩១ គាត់បានបញ្ចប់ការសិក្សា ជាមួយនឹងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២គឺ ផ្នែកវិទ្សាសាស្ត្រសង្គម និងផ្នែកកិច្ចការអន្តរជាតិ។

លើសពីនេះ លោកមានសញ្ញាបត្របណ្ឌិត ផ្នែកវិទ្យាសាស្ត្រនយោ​បាយ ពីសាកលវិទ្យាល័យHawaii នៅទីក្រុងManoa នៅកោះ Honolulu។ លោកទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកកិច្ចការសាធារណៈ ពីសាកលវិទ្យាល័យOhio នៅឆ្នាំ២០០៧ ក៏ដូចជាសញ្ញាបត្របណ្ឌិតកិត្តិ​យស ផ្នែកអក្សរសាស្ត្រ ពីវិទ្យាស្ថាន Kalinga Institute of Industrial Technology (KIIT University) របស់ឥណ្ឌានៅឆ្នាំ២០១៤ផងដែរ៕

ឆ្នាំ២០២២ជាឆ្នាំដែលវិស័យអចលនទ្រព្យជួបផលលំបាកខ្លាំងក្នុងរយៈពេល១០ឆ្នាំចុងក្រោយឬ?

 ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ គិតចាប់ពីឆ្នាំ២០២០ ២០២១ គ្រាដែលពិភពលោកបានជួបវិបត្តិនឹងជំងឺកូវីដ១៩ វិស័យអចលនទ្រព្យក៏ដូចជាវិស័យផ្សេងៗ ក៏បានជួបប្រទះនឹងបញ្ហាដូចគ្នា ប៉ុន្តែអ្នកជំនាញនិងវិនិយោគបានរំពឹងថា ២០២២នេះ វិស័យអចលនទ្រព្យនឹងវិល ទៅរកស្ថានភាពល្អប្រសើរឡើងវិញ។

ប៉ុន្តែមកដល់ឆ្នាំនេះ អចលនទ្រព្យកាន់តែរងផលប់ះពាល់ និងអាចនិយាយកាន់តែពិបាកជាង២ឆ្នាំមុនទៅទៀត។

អ្នកនាងអាន សុធីតា អគ្គនាយិកាប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ  PropNex Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា បើគិតក្នុងរយៈពេលចាប់តាំងពីឆ្នាំ២០១២ មកដល់ឆ្នាំ២០២២នេះ យើងអាចនិយាយបានថាឆ្នាំ ២០២២នេះ ជាឆ្នាំដែលអចលនទ្រព្យមានសភាពតានតឹងជាងគេ គឺតានតឹងជាងឆ្នាំ២០២០ និងឆ្នាំ២០២១ទៅទៀត ។

អ្នកនាងបន្តថា “វិស័យអចលនទ្រព្យ បានចាប់ផ្ដើមងើបឡើងនៅក្នុងអំឡុងឆ្នាំ ២០១២ បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ២០០៨ ឬ២០០៩”។អ្នកនាងបន្ថែមថា “វិស័យអចលនទ្រព្យ ចាប់ផ្ដើមទាក់ទាញបាននូវការវិនិ​យោគពីបរទេសឡើងវិញ និងកាន់តែមានការទាក់ទាញខ្លាំង នៅក្នុងអំឡុងឆ្នាំ២០១៥ឬ២០១៦ ហើយក៏ចាប់ផ្ដើមមានលំនឹង និងកំណើនបន្តទៀតនៅក្នុងឆ្នាំ២០១៧ និង២០១៨”។

ជាក់ស្ដែងនៅក្នុងអំឡុងឆ្នាំនោះ យើងឃើញមានការអភិវឌ្ឍខ្លាំងស្ទើរតែគ្រប់ផ្នែក ក្នុងនោះដែរវិនិយោគិនចិន បានបណ្ដាក់ទុនវិនិយោគលើអចល​នទ្រព្យនៅកម្ពុជាច្រើនជាពិសេសនៅក្រុងព្រះសីហនុ ។

អ្នកនាងអាន សុធីតាបានបន្តទៀតថា រហូតដល់ចុងឆ្នាំ ២០១៩ និងឆ្នាំ ២០២០ វិបត្តិកូវីដ១៩ក៏ចាប់ផ្ដើមផ្ទុះឡើង និងបានធ្វើឱ្យទីផ្សារអចលនទ្រព្យចាប់ផ្ដើមប្រែប្រួល ។ ទីផ្សារអចលនទ្រព្យ ក៏ដូចជា ទីផ្សារនៃវិស័យផ្សេងទៀត គឺមានការឡើងចុះទៅតាមបរិបទ នៃសេដ្ឋកិច្ចពិភពលោក ហើយបើនិយាយជារួមឆ្នាំ២០២២ មិនសូវជាមានភាពល្អប៉ុន្មានទេ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ ជាពិសេសផលប៉ះពាល់ពីខាងក្រៅតែម្ដង។

អ្នកនាងបញ្ជាក់ថា “ឆ្នាំ២០១២ ជាឆ្នាំដែលកម្ពុជាចាប់ផ្ដើមលើវិស័យអចលនទ្រព្យ ពីព្រោះពេលនោះកម្ពុជា មិនមានការអភិវឌ្ឍអចលនទ្រព្យទូលំទូលាយដូចបច្ចុប្បន្ននេះទេ ហើយសិង្ហបុរីជាប្រទេសដែលចាប់អារម្ម​ណ៍លើការវិនិយោគអចលនទ្រព្យនៅកម្ពុជាជាងគេ”។

អ្នកនាងអាន សុធីតាបានឱ្យដឹងទៀតថា ថ្វីតត្បិតតែកម្ពុជាបានចាប់ផ្ដើមបើកទូលាយ លើការអភិវឌ្ឍអចលនទ្រព្យ រយៈជាង១ទសវត្សរ៍មកហើយក្ដី តែទីផ្សារអចលនទ្រព្យ យើងមិនទា់ជាមានភាពចាស់ទុំនោះទេ ការប្រកួតប្រជែងនៅមានកម្រិតនៅឡើយ។ ពីមុនការប្រកួតប្រជែងបានផ្ដោតទៅលើតម្លៃ និងទីតាំង ប៉ុន្តែបច្ចុប្បន្ននេះ ចាប់ផ្ដើមមានការផ្លាស់ប្តូរទៅលើគុណភាព ការឌីហ្សាញ គុណភាព សោភ័ណភាព និងលក្ខខណ្ឌបង់ប្រាក់ប្រសើរជាដើម។

ពាក់ព័ន្ធនឹងស្ថានភាព នៃវិស័យអចលនទ្រព្យកម្ពុជានាពេលនេះដែរ បើតាមភ្នាក់ងារតាមបណ្ដាខេត្តជាច្រើន បានបង្ហាញពីការស្ថានភាពនៅតាមបណ្ដាខេត្តរបស់ខ្លួន ដោយលើកឡើងថា ការទិញលក់ និងការអភិវឌ្ឍគម្រោងថ្មីៗក្នុងរយៈពេលចុងក្រោយនេះ គឺកាន់តែពិបាកឬស្ងប់ស្ងាត់ខ្លាំង ។

ពួកគេបានលើកឡើថា “ម្ចាស់ទ្រព្យខ្លះ បានប្រកាសលក់ដោយដាក់ផ្លាកលក់១ខែហើយនៅតែ មិនមានអ្នកទាក់ទងសូម្បីតែសួរពីតម្លៃ”៕

គំរោងអភិវឌ្ឍន៍បូកគោលែន៣នឹងក្លាយជាផលិតផលទេសចរណ៍ ថ្មីមួយនៅខេត្តកំពត

 ដោយៈ គង់ សូរិយា

       កំពតៈ ផ្កាសាគូរ៉ា នឹងបញ្ចេញផ្កាព៌ណផ្កាឈូក ដ៏ស្រស់ត្រកាលអមជាមួយនឹងទិដ្ឋភាពជើងភ្នំខៀវស្រងាត់ នៃទឹកដីខេត្តកំពតដ៏ទាក់ទាញ ដែលធ្វើឲ្យគំរោងនេះ នឹងក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិនាពេលខាងមុខ។

មិនត្រឹមតែប៉ុណ្ណឹងទេ អ្នកអភិវឌ្ឈន៍គំរោងនេះបាន និងកំពុងត្រៀមបញ្ច​ប់ការសាងសង់ស្ពានពស់ រត់ព័ទ្ឋពេននឹងជើងភ្នំ ប្រវែងជាង៣០០ម៉ែត្រ ដើម្បីឲ្យអ្នកទេសចរណ៍អាចដើរកំសាន្ត និងថតរូបទុកជាអនុស្សាវរីយ៍យ៉ាង​ស្រស់ស្អាត ពិសេសអ្នកទិញដីក្នុងគំរោងនេះ អាចសាងសង់ផ្ទះលំហែរជា​មួយទទូលបានអារម្មណ៍រីករាយពិតប្រាកដ។

ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ក្លោងទ្វារដ៏ស្រស់ស្អាត និងសួនទឹកដ៏ទាក់ទាញ បាននិងកំពុងធ្វើឲ្យអ្នកទិញដី ក្នុងគំរោងនេះទទួលអារម្មណ៍រីករាយ និងអាចទទួលបានផលចំណេញ នាពេលអនាគតឆាប់ៗនេះផងដែរ។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateដែលកំពុងអភិវឌ្ឍន៍គម្រោងនេះ និងគំរោងជាច្រើនទៀតបានមានប្រសា​សន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា លោកពិតជាមានបំណងអភិវឌ្ឍន៍គំរោងដីលំហែរបូកគោលែន៣ ក្លាយជាតំបន់ទេសចរណ៍ ដែលភ្ញៀវទេសចរណ៍ក្នុងស្រុក និងអន្តរជាតិមិនអាចមើលរំលង ពេលទៅលេងកំសាន្តនៅខេត្តកំពត។

លោកបន្តថា “ក្រុមហ៊ុនបានវិនិយោគ ដោយបោះទុនជាង៥លានដុល្លារ ដើម្បីអភិវឌ្ឍន៍គម្រោងនេះ ជាគំរោងគំរូមួយ ព្រោះទស្សនទាននៃការអភិវឌ្ឍន៍របស់យើងផ្តោតលើនិរន្តរភាព និងការទទួលខុសត្រូវផ្នែកសង្គម”។ លោកបន្តថា “អ្វីដែលយើងអភិវឌ្ឍន៍ គឺធ្វើឲ្យលឿន ធ្វើឲ្យល្អជាងគេ និងមិនឲ្យអ្នកលក់ពិបាកលក់ និងមិនពិបាកពន្យល់ភ្ញៀវ”។

លោកCooler Tanបានបន្តថា មូលហេតុដែលលោកជ្រើសរើសយក​ខេត្តកំពតសម្រាប់អភិវឌ្ឍន៍ ដោយសារខេត្តនេះមានសក្តានុពលផ្នែកសេដ្ឋកិច្ច និងទេសចរណ៍ខ្លាំង ដោយសារមានចម្ងាយជិតរាជធានីភ្នំពេញ មានហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ងាយស្រួលធ្វើដំណើរ មានរមណីយដ្ឋានទេស​ចរណ៍ធម្មជាតិ និងកែច្នៃជាច្រើន ដែលស័ក្តិសមនឹងជាទីកន្លែងលំហែរកាយពិតប្រាកដ។

គំរោងបូកគោលែន៣ ស្ថិតនៅលើផ្លូវជាតិលេខ៤៣ និងមានចម្ងាយប្រមាណ១៧គីឡូម៉ែត្រពីទីរួមខេត្តកំពត។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោកសយ ស៊ីណុលបានមានប្រ​សាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ទោះស្ថិតក្នុងវិបត្តិកូវីដឆ្នាំ២០២០ ២០២១ និងឆ្នាំ២០២២នេះក្តី ប៉ុន្តែវិស័យទេសចរណ៍ក្នុងខេត្តកំពតមិនរង​ផលប៉ះពាល់ខ្លាំងនោះទេ គឺប៉ះពាល់ប្រមាណ២០ភាគរយ ធៀបនឹងខេត្តដទៃគឺមានផលប៉ះពាល់ខ្លាំង។

លោកបន្តថា លើសពីនេះ ក្នុងរយៈពេល៩ខែឆ្នាំ២០២២នេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិប្រមាណ១,៤លាននាក់៕

 

អ្នកសារព៌តមានថៃដ៏ល្បីកោតសរសើរដោយចាត់ទុកសម្តេចតេជោជា “ព្រឹទ្ឋាចារ្យកាទូតអាស៊ាន”

 ដោយៈ  សហការី

ប្រទេសថៃៈ លោក ស៊ុធីឆៃ (Suthichai) អ្នកសារព័ត៌មានជើងចាស់ដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេសថៃ បានធ្វើអត្ថាធិប្បាយរំលេចពីវីរភាព និងភាពឈ្លាសវៃរបស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ។

លោកបានប្រសិទ្ធនាមជូនសម្តេចតេជោ ហ៊ុន សែន ថាជា “ព្រឹទ្ធាចារ្យការទូតអាស៊ាន” ហើយបាននិងកំពុងដើរតួនាទី ជាអ្នកសម្របសម្រួលដល់កិច្ចសន្ទនាសន្តិភាពរវាងរុស្ស៉ី និងអ៊ុយក្រែនទៀតផង។

តាមរយៈវីដេអូនៅលើបណ្តាញសង្គម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក Suthichai បានប្រើប្រាស់ប្រធានបទមួយថា សម្តេចតេជោ ហ៊ុន សែន ស្ម័គ្រចិត្តសម្រប​សម្រួលដល់កិច្ចសន្ទនាសន្តិភាពរវាង លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី និងលោក វ៉ូឡូឌីមៀ ហ្សេលិនស្គី ប្រធានាធិបតីអ៊ុយក្រែន។

ក្នុងការអត្ថាធិប្បាយនេះ អ្នកសារព័ត៌មានជើងចាស់របស់ថៃ បានកោតសរសើរពីវីរភាពរបស់សម្តេច ក្នុងការធ្វើជាប្រធានអាស៊ាន ដែលមានបទពិសោធជាព្រឹទ្ធាចារ្យការទូតម្នាក់។

លោកបានលើកឡើងពីកម្ពុជា ដែលបានបោះឆ្នោតគាំទ្រដល់សេចក្តីសម្រេច នៅអង្គការសហប្រជាជាតិថ្កោលទោស ចំពោះប្រទេសរុស្ស៉ី ដែលឈ្លានពានអ៊ុយក្រែន។ បន្ថែមពីនេះ លោកក៏បានរិះគន់ផងដែរ ចំពោះប្រទេ​សថៃ ដែលបានបោះឆ្នោតអនុបវាទ លើសេចក្តីសម្រេចនេះ ខណៈថៃគ្មានទំនាក់ទំនងអ្វីទាល់តែសោះជាមួយរុស្ស៉ី មិនដូចវៀតណាម និងឡាវឡើយ។

តាំងពីដើមមក បន្ទាប់ពីមានសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ប្រទេសកម្ពុជា បានប្រកាសប្រកាន់ជំហរដាច់ខាត បោះឆ្នោតប្រឆាំងចំពោះប្រទេសរុស្ស៉ី ដែលបានឈ្លានពានទៅលើប្រទេសអ៊ុយក្រែន នៅក្នុងអង្គការសហប្រជាជាតិ និងវេទិកាអន្តរជាតិសំខាន់ផ្សេងៗ។ កម្ពុជាក៏ចូលរួមជាប្រទេសសហស្ថាបនិក នៃសេចក្តីសម្រេចចិត្ត នៃកិច្ចប្រជុំពិសេសបន្ទាន់ របស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពី ស្ថានការណ៍នៅប្រទេសអ៊ុយក្រែន ព្រមទាំងស្ថិតនៅក្នុងចំណោម១៤១ប្រទេស ដែលបានបោះឆ្នោតថ្កោលទោស និងទាមទារឱ្យរុស្ស៉ីដកកងទ័ពចេញពីអ៊ុយក្រែនផងដែរ។

អ្នកសារព័ត៌មានជើងចាស់របស់ថៃ បានសរសើរចំពោះកម្ពុជា ដែល “ហ៊ានអារកាត់ ហ៊ាននិយាយ” ហើយថែមទាំងបានអញ្ជើញ លោកពូទីន មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅពេលខាងមុខនេះថែមទៀត ហើយកម្ពុជាក៏បានធ្វើជាអ្នកសម្របសម្រួល សន្តិភាពនៅអ៊ុយក្រែនផងដែរ។

ក្នុងឋានៈជាប្រធានអាស៊ាននាថ្មីៗនេះ កម្ពុជាបានអញ្ជើញ លោកវ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងខែវិច្ឆិកានេះផងដែរ។

ប៉ុន្តែរហូតដល់ពេលនេះ លោកពូទីន មិនទាន់បានតបចំពោះការអញ្ជើ​ញនេះនៅឡើយ។

កាលពីថ្ងៃទី១ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន បានជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក វ៉ូឡូឌីមៀ ហ្សេលិនស្គី ប្រធានាធិបតីអ៊ុយក្រែន ដោយក្នុងនោះ លោកក៏បានស្នើសុំពីសម្តេចតេជោ ហ៊ុន សែន ដើម្បីថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងពេលកិច្ចប្រជុំកំពូលអាស៊ាន ខាងមុខនេះផងដែរ។

លោក Suthichai បានគូសបញ្ជាក់ថា “សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ ដែលមានភាពឈ្លាសវៃ ហើយត្រូវបានមើលឃើញថា បានបំពេញតួនាទីជាប្រធានអាស៊ានដ៏ល្អ រហូតដល់វិនាទីចុងក្រោយ ហើយក៏ជាព្រឹទ្ធា​ចារ្យការទូតដ៏សំខាន់នៅអាស៊ានផងដែរ”៕

 

ក្រុមហ៊ុនអចលនទ្រព្យថៃមួយគ្រោងបោះទុនវិនិយោគជាង៣៧០លានដុល្លារលើគម្រោងអចលនទ្រព្យចម្រុះ

ដោយ: លាងហួរ

បាងកក: ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យCentral Pattana គ្រោងបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់៣៧០,៣៧លានដុល្លារ ដើម្បីបង្កើតគម្រោងប្រើប្រាស់អភិវឌ្ឍន៍ពាណិជ្ជកម្មចម្រុះ។

គំរោងនេះ ស្ថិតនៅក្នុងខេត្តNakhon Pathom និងខេត្តNakhon Sawan ដែលគ្រោងនឹងការបើកដំណើរការ នៅឆមាសទីមួយនៃឆ្នាំ២០២៤។

លោក Chanavat Uahwatanasakul ប្រធានផ្នែកអភិវឌ្ឍន៍ និងពាណិជ្ជកម្មរបស់ក្រុមហ៊ុន CPN បាននិយាយថា ខេត្តទាំងពីរនេះមានសក្តានុពលខ្លាំង ដោយសារសក្តានុពលសេដ្ឋកិច្ចថ្មី កាន់តែទាក់ទាញការវិនិយោគ និងប្រសិទ្ធភាពដឹកជញ្ជូននៅក្នុងតំបន់កណ្តាល និងភាគខាងជើង។

លោកបាននិយាយថា “ទីតាំងថ្មីពីរសម្រាប់ការអភិវឌ្ឍន៍ គម្រោងប្រើប្រាស់ចម្រុះ គឺជាផ្នែកមួយនៃផែនការវិនិយោគរយៈពេលប្រាំឆ្នាំ របស់យើងដែលមានតម្លៃ១២០ពាន់លានបាត”។

ទីតាំងនីមួយៗនឹងមានផ្សារទំនើប គម្រោងលំនៅដ្ឋានទាបៗនិងមធ្យម អគារការិយាល័យ និងសណ្ឋាគារ។

គម្រោងCentral Nakhon Pathom មានទីតាំងនៅលើដីទំហំជិត១០០រ៉ៃទល់មុខប្រាសាទ Phra Pathom Chedi ក្នុងស្រុក Muang ក្រោមថវិកាវិនិយោគសរុបចំនួន៨,២ពាន់លានបាត។

លោកChanavatបានបន្តថា ទំហំដីចំនួន៤០រ៉ៃ នឹងត្រូវប្រើប្រាស់ សម្រាប់សាងសង់ផ្សារទំនើប ចំណែកទំហំដី៥០រ៉ៃទៀត សម្រាប់អភិវឌ្ឍខុនដូនិងផ្ទះទាបៗ រួមមានផ្ទះទោលនិងផ្ទះtownhouse៕

ADBគាំទ្រការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ២ជីហ្គាវ៉ាត់ ដើម្បីឱ្យកម្ពុជាសម្រេចបាននូវគោលដៅឆ្នាំ២០៥០

ដោយៈ សុផារី

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានចុះហត្ថលេខាលើអាណ​ត្តិសេវាប្រឹក្សាប្រតិបត្តិការ ជាមួយក្រុមហ៊ុនអគ្គិសនីជាតិកម្ពុជា (EDC) ដើម្បីគាំទ្រដល់ការអភិវឌ្ឍ ថាមពលពន្លឺព្រះអាទិត្យទំហំ២ជីហ្គាវ៉ាត់ (GW) នៅកម្ពុជា ដែលនឹងជួយឱ្យប្រទេសសម្រេចនេះ បាននូវគោលដៅអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ២០៥០។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ដែល Property Area Asia បានទទួលនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបង្ហាញថា ក្នុងអាណត្តិកម្មវិធីនេះADB នឹងជួយ EDC ធ្វើការសិក្សាទូទាំងប្រទេសស្តីពី ឱកាសសម្រាប់សមត្ថភាព ថាមពលពន្លឺព្រះអាទិត្យបន្ថែម រួមជាមួយនឹងប្រព័ន្ធផ្ទុកថាមពលថ្ម (Battery Engergy Storage System – BESS) ដែលនឹងត្រូវអនុវត្ត ចាប់ពីឆ្នាំនេះ រហូតដល់ឆ្នាំ២០៣០។

ADB ក៏នឹងជួយដល់ EDC ក្នុងការដាក់ដេញថ្លៃ គម្រោងសាកល្បង១០០មេហ្គាវ៉ាត់ ដែលកំណត់ក្រោមការសិក្សាខាងលើ ទៅវិស័យឯកជន ដែលនឹងសាងសង់ ផ្តល់ហិរញ្ញប្បទាន និងដំណើរការគម្រោង ដែលត្រូវបានគេរំពឹងថា នឹងប្រមូលទុនរហូតដល់១០០លានដុល្លារអាមេរិក និងធ្វើជាគំរូក្នុងការពង្រីកវិសាលភាព ការផ្គត់ផ្គង់ថាមពលកកើតឡើងវិញ ដែលមានតម្លៃសមរម្យ និងឆាប់រហ័ស។

លោកស្រី F. Cleo Kawawaki ប្រធានការិយាល័យភាពជាដៃគូសាធារណៈ និងឯកជនរបស់ ADB បានមានប្រសាសន៍ថា “វានឹងជាកម្មវិធីនេះប្រកបដោយមហិច្ឆតាខ្ពស់របស់កម្ពុជា ក្នុងវិស័យថាមពលកើតឡើងវិញបាន។ វានឹងកាត់បន្ថយថ្លៃអគ្គិសនី និងធ្វើឱ្យប្រសើរឡើងនូវសន្តិសុខថាមពល ដោយការទាញយកអត្ថប្រយោជន៍ពីធនធានក្នុងស្រុក”។

លោកស្រីបន្តថា ផែនការមេអភិវឌ្ឍន៍ថាមពលថ្មីរបស់កម្ពុជា ទទួលស្គាល់សក្តានុពល ក្នុងការពង្រីកបន្ថែមនូវសមត្ថភាព នៃថាមពលពន្លឺព្រះអាទិត្យ PV ដែលត្រូវបានរំពឹងថា នឹងលើសពី៣ជីហ្គាវ៉ាត់ ក្នុងឆ្នាំ២០៤០។ ដោយសារការរួមចំណែកនៃថាមពល ពន្លឺព្រះអាទិត្យកើនឡើង ចាំបាច់ត្រូវមានការកែលម្អស្ថិរភាពបណ្តាញ តាមរយៈការអនុម័ត BESS ។

លោកស្រី Jyotsana Varma តំណាងADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ADB រីករាយក្នុងការគាំទ្រការផ្លាស់ប្តូរ ទៅរកថាមពលបៃតងនៅកម្ពុជា ដែលនឹងលើកកម្ពស់កំណើនសេដ្ឋកិច្ច ស្អាត ប្រកបដោយនិរន្តរភាព និងបរិយាបន្ន តាមរយៈការកែទម្រង់គោលនយោបាយ ក្នុងផែនកា​រ និងអភិបាលកិច្ចថាមពល ការកែលម្អស្ថិរភាពបណ្តាញអគ្គិសនី និងប្រសិទ្ធភាពថាមពល”៕