សកម្មភាពទិញលក់ និងតម្លៃដីធ្លីក្នុងតំបន់អរិយក្សត្រនៅទ្រឹង ទោះលេចលឺដំណឹងពីការសាងសង់ស្ពាន

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងមួយរៈពេលចុងក្រោយនេះ ការទិញលក់និងតម្លៃដីធ្លីនៅក្នុងតំបន់អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាលមិនមានសន្ទុះគួរឱ្យកត់សម្គាល់នោះទេ ទោះបីជាស្ពានតភ្ជាប់ពីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រគ្រោងនឹងចាប់ផ្ដើមនៅពេលឆាប់ៗនេះក្ដី។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance លោកប៉ូ អ៊ាវគង់បានមានប្រសាសន៍តាមទូរសព្ទឱ្យដឹងនាព្រឹកថ្ងៃទី២ វិច្ឆិកានេះថា ក្នុងរយៈពេលថ្មីៗនេះ យើងមិនឃើញមានការផ្ទុះឡើងនៃតម្លៃដីធ្លី ក៏ដូចជាសកម្មភាពទិញលក់ដីធ្លី នៅក្នុងតំបន់អរិយក្សត្រ ឬក៏ក្នុងស្រុកល្វាឯមទាំងមូលនោះទេ។

លោកបន្តថា “ការទិញលក់ដីធ្លីសម្រាប់ទុកវិនិយោគ ពីសំណាក់ពល​រដ្ឋ ឬអ្នកវិនិយោគក្នុងពេលថ្មីៗនេះ ហាក់មានសភាពស្ងប់ស្ងាត់ និងថមថយ ខុសប្លែកពីប៉ុន្មានឆ្នាំមុន ដែលសកម្មភាពនេះមានច្រើន”។

លោកបន្តថា ពាក់ព័ន្ធជាមួយនឹងគម្រោងដែលថា នឹងបង្កើតក្រុងល្វាឯម នៅខេត្តកណ្ដាលនេះដែរ អ្នកវិនិយោគដីធ្លីគួរតែមានការប្រុងប្រយ័ត្នឬក៏សាកសួរព័ត៌មាន ឱ្យបានច្បាស់លាស់ជាមុនសិន ពីព្រោះថាគម្រោងខ្លះគឺចេញតែពីមាត់អ្នករកស៊ីដីធ្លី ឬអ្នកមានដីធំៗនៅក្នុងតំបន់នោះតែប៉ុណ្ណោះ ។

លោកបន្តថា “យើងអាចជឿជាក់បាន បើសិនជាមានអនុក្រឹត្យចេញដោយរដ្ឋាភិបាល តែបើសិនជាគ្រាន់តែលឺតៗគ្នានោះ សូមកុំទាន់ប្រថុយទិញដីសម្រាប់ទុកវិនិយោគ”។លោកបន្តថា “ក្នុងស្ថានភាពដូចបច្ចុប្បន្ននេះ ការវិនិយោគលើដីធ្លី និងអចលនទ្រព្យផ្សេងទៀត ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវវិបត្តិឬហានិភ័យនៅពេលអនាគ”។

កាលពីពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសថា រដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃកំពុងសិក្សាបង្កើតទីក្រុងល្វាឯម ចំណុះឲ្យខេត្តកណ្តាល”។

ជាមួយគ្នានេះ លោកឧកញ៉ានួន រឹទ្ធីអគ្គនាយកក្រុមហ៊ុន KFA ក៏បានឱ្យដឹងថា ក្នុងបរិបទបែបនេះ អ្នកវិនិយោគមុននឹងធ្វើអ្វីមួយ គេបានគិតគូរម៉ត់ចត់ជាងមុន ហើយក្នុងបរិបទនេះដែរ បើសិនជាអាចគួរតែរក្សាភាពនឹងនរ និងមិនគួរវិនិយោគលើអចលនទ្រព្យ ជាពិសេសអ្នកមានចំណូលទាបនិងមធ្យម តែសម្រាប់អ្នកមានលុយ នៅតែអាចបណ្ដាក់ទុនវិនិយោគទៅតាមអ្វីដែលខ្លួនគិតថា នឹងទទួលបានផលចំណេញនៅពេលខាងមុខ ។

យ៉ាងណាក្ដីបើតាមអ្នកអភិវឌ្ឍន៍លំនៅឋានមួយរូប នៅប៉ែកខាងកើតទន្លេមេគង្គ លោកថាន់ ចាន់ណាអគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានចាន់ណាលែនដ៏បានឱ្យដឹងថា តំបន់ប៉ែកខាងកើតទន្លេមេគង្គយើងឃើញថាមានការវិនិយោគ លើរោងចក្រច្រើនជាងមុន ដោយមានអ្នកអភិវឌ្ឍន៍បានសង់រោងចក្រសម្រាប់ទុកជួល ដល់អ្នកវិនិយោគលើរោងចក្រឧស្សាហកម្ម ។

លោកបន្តថា ដោយសារតែមើលឃើញពីសកម្មភាពបែបនេះ លោកបានពង្រីកគម្រោងរបស់ខ្លួននឹងរំពឹងថា នឹងទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋជាច្រើនទៀតនៅពេលឆាប់ៗនេះ ជាពិសេសនៅពេលវិបត្តិធូរស្រាលដែលស្ថានភាពនឹងវិលត្រលប់ទៅរកដូចមុនកូវីដ១៩វិញ៕

 

សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធានីភ្នំពេញមានតម្លៃជាមធ្យម ជាង១១ម៉ឺនដុល្លារ

ដោយៈ សុផារី

ភ្នំពេញៈ ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធានីភ្នំពេញកើនដល់១១៥,៤ភាគរយ ដែលមានន័យថា តម្លៃលំនៅដ្ឋានជាមធ្យមនៅរាជធានីភ្នំពេញ បានកើនឡើង១៥,៤% ធៀបនឹងឆ្នាំ២០២០ ដែលត្រូវបានកំណត់ជាឆ្នាំគោល។

យោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា (NBC) ដែលបានធ្វើឡើងក្នុងខែសីហា នៃឆ្នាំ២០២២ ដែលទើបត្រូវបានចេញផ្សាយនៅក្នុងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបង្ហាញថា លំនៅដ្ឋាននៅរាជធានីភ្នំពេញ មានតម្លៃជាមធ្យមចំនួន៤៦៨,៤លានរៀល ដែលស្មើនឹង១១៤.១៦៤ដុល្លារអាមេរិក។

របាយការណ៍នេះបានឱ្យដឹងថា តម្លៃលំនៅឋាននេះ បានកើនឡើងចំនួន១,៥% ធៀបនឹងខែកក្កដាឆ្នាំ២០២២ និងបើប្រៀបធៀបនឹងខែសីហា នៃឆ្នាំ២០២១ គឺបានកើនឡើងចំនួន១,៨%។

NBC បានបញ្ជាក់ថា វិធីសាស្រ្តប្រើប្រាស់សម្រាប់បង្កើតសន្ទស្សន៍ថ្លៃលំនៅដ្ឋាន (Residential Property Price Index-RPPI) ត្រូវបានយកលំនាំតាមសៀវភៅណែនាំស្តីពី ការចងក្រងសន្ទស្សន៍ថ្លៃលំនៅដ្ឋានរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចេញផ្សាយឆ្នាំ២០២០។

សន្ទស្សន៍ថ្លៃលំនៅដ្ឋាននេះ ត្រូវបានផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅកាន់សាធារណជន ដែលមានតម្រូវការក្នុងការប្រើប្រាស់ទិន្នន័យនេះ ជាពិសេសសម្រាប់អ្នករៀបចំ គោលនយោបាយសេដ្ឋកិច្ច និងរូបិយវត្ថុ ក្នុងគោលបំណង តាមដានអតុល្យភាពម៉ាក្រូសេដ្ឋកិច្ច និងវាយតម្លៃហានិភ័យដែលអាចកើតមានលើវិស័យពាក់ព័ន្ធ ពិសេសវិស័យហិរញ្ញវត្ថុ ដោយមានការធ្វើបទបង្ហាញ ពីមន្រ្តីជំនាញរបស់ធនាគារជាតិនៃកម្ពុជា៕

អ្នកអភិវឌ្ឍន៍ខុនដូកំពុងមានភាពបត់បែនដើម្បីដណ្តើមចំណែកទីផ្សារ ស្របពេលប្រឈមការប្រកួតប្រជែងខ្ពស់

ដោយៈ សុផារី

ភ្នំពេញៈ គម្រោងខុនដូដែលបាន និងកំពុងសាងសង់យ៉ាងច្រើន នៅក្នុងក្រុងភ្នំពេញ ត្រូវបានមើលឃើញថា កំពុងប្រឈមនឹងការប្រកួតប្រជែងខ្ពស់ ស្របនឹងបរិបទមិនច្បាស់លាស់នៃវិបត្តិសេដ្ឋកិច្ចពិភពលោក។

អ្នកជំនាញលើកឡើងថា បញ្ហានេះបណ្តាលមកពីមូលហេតុមួយចំនួន ហើយអ្នកអភិវឌ្ឍន៍ អាចដោះស្រាយបានតាមរយៈវិធីផ្សេងៗ។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី២ ខែវិច្ឆិកាម្សិលមិញថា ការអភិវឌ្ឍទីផ្សារខុនដូមានការប្រកួតប្រជែងខ្លាំង ដោយសារតែតម្រូវការទុនវិនិយោគ ការប្រកួតប្រជែងក្នុងការលក់ជាដើម។

អ្នកជំនាញរូបនេះលើកឡើងថា “ទីផ្សារខុនដូ ជាបរិបទនៃការរស់នៅថ្មី ដែលមានភាពស៊ីវិល័យរបស់យុវជនសម័យថ្មី ដែលតម្រូវការនឹងមានការកើនឡើង”។ លោកបន្ថែមថា ស្ថានភាពនៃការប្រើប្រាស់ និងតម្រូវការខុនដូ នាពេលបច្ចុប្បន្ននេះ មានកំណើនបន្តិចម្តងៗ”។

លោកបន្តថា ប្រសិនបើក្រលេកមកមើលអ្នកវិនិយោគវិញ ពួកគាត់ព្យាយាមចាប់យកចំណែកទីផ្សារ ពួកគេបានចាប់ផ្តើមផ្លាស់ប្តូរការគិត ដោ​យធ្វើយ៉ាងណាឱ្យមានភាពងាយស្រួល ក្នុងការរស់នៅក្នុងវិស័យខុនដូបន្ថែ​មទៀត។

ជាមួយគ្នានេះ លោក ខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA បានប្រាប់គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះថា នាពេលបច្ចុប្បន្ននេះ សម្រាប់អ្នកវិនិយោ គដែលចាប់យកក្រុមអតិថិជនក្នុងស្រុក មិនសូវជាមានហានិភ័យខ្ពស់នោះទេ។ ចំណែកគម្រោងដែលផ្តោតលើអតិថិជនបរទេស ដែលរស់នៅក្រៅស្រុក នោះគាត់អាចនឹងប្រឈមនឹងហានិភ័យ។

លោកមានប្រសាសន៍ថា ម្យ៉ាងទៀត អាស្រ័យលើរបៀបនៃការវិនិយោគគម្រោងនោះថា តើអ្នកអភិវឌ្ឍន៍មានដើមទុនគ្រប់គ្រាន់ សម្រាប់ការសាងសង់ដែរឬទេ? ស្របពេលនឹងបរិបទមានវិបត្តិបែបនេះ វាអាស្រ័យលើស្ថានភាពក្រុមហ៊ុន និងបច្ចេកទេសក្នុងការដោះស្រាយបញ្ហា ដែលកំពុងប្រឈមនេះផងដែរ៕

 

ដំណឹងល្អ បុរី វិមានសំណាងផ្តល់ការបញ្ចុះតម្លៃចន្លោះពី៥ម៉ឺនដល់១៥ម៉ឺនដុល្លារក្នុងឱកាសពិធីបុណ្យអុំទូក

ដោយ៖ សហការី

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ជាថ្ងៃទីបី នៃព្រះរាជពិធីបុណ្យអុំទូក និងជាថ្ងៃបុណ្យឯករាជ្យជាតិ! ក្នុងឱកាសដ៏ពិសេសនេះ បុរី វិមានសំណាងផ្តល់ជូនយ៉ាងពិសេស ដែលមិនធ្លាប់មានពីមុនមក! បញ្ចុះតម្លៃជូនលើប្រភេទផ្ទះជាច្រើន ចន្លោះពី៥ម៉ឺន ដល់១៥ម៉ឺនដុល្លារអាមេរិក។

វីឡាឃីង 150 000$
វីឡាឃ្វីន 80 000$
វីឡាព្រីន 50 000$

បញ្ជាក់: ការផ្តល់ជូននេះសំរាប់តែថ្ងៃ៩ ខែវិច្ឆិកា មួយថ្ងៃតែប៉ុណ្ណោះ! (សំរាប់១ប្រភេទផ្ទះ តែ១ប៉ុណ្ណោះ) និងអតិថិជនបង់ផ្តាច់100%។

នាយករដ្ឋមន្ត្រីថៃ និងឡាវ ប្ដេជ្ញាសាងសង់ស្ពានមិត្តភាពបន្ថែមទៀតដើម្បីតភ្ជាប់ប្រទេសទាំង២

សុខុម

វៀងចន្ទន៍: នាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh និងនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានឯកភាពគ្នាថា ចាំបាច់ត្រូវសាងសង់ស្ពានបន្ថែមទៀតដើម្បីតភ្ជាប់ប្រទេសទាំងពីរកាត់ដងទន្លេមេគង្គ។

យោងតាមសារព័ត៌មានឡាវ Laotian Times ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៣១ ខែតុលា ឱ្យដឹងថា មេដឹកនាំទាំងពីរបានជួបជុំគ្នាកាលពីថ្ងៃសុក្រ សប្តាហ៍មុនដើម្បីចូលរួមក្នុងពិធីក្រាលគ្រឹះថ្មនៃស្ពានមិត្តភាពឡាវ-ថៃ (Lao-Thai Friendship Bridge) ទី៥ នេះដែលគ្រោងនឹងសាងសង់បញ្ចប់ជាស្ថាពរនៅខែមេសា ឆ្នាំ២០២៤។

មេដឹកនាំនៃប្រទេសទាំងពីរក៏បានបង្ហាញពីឆន្ទៈចង់ឱ្យបណ្ដាញផ្លូវដែករបស់ថៃ តភ្ជាប់ជាមួយផ្លូវដែកឡាវ-ចិន ផងដែរដើម្បីផ្ដល់ការតភ្ជាប់កាន់តែប្រសើរទៅកាន់អ្នកធ្វើដំណើរនៅក្នុងតំបន់។

អគ្គលេខាធិការរបស់នាយករដ្ឋមន្ត្រីថៃ លោក Anucha Buraphachaisi បានលើកឡើងថា ពិធីក្រាលគ្រឹះថ្មសម្រាប់ស្ពានមិត្តភាពឡាវ-ថៃ ទី៥ នេះបានប្រារព្ធធ្វើឡើងនៅត្រើយទាំងសងខាងនៃដងទន្លេមេគង្គ ស្ថិតក្នុងខេត្ត Bolikhamxay របស់ឡាវ និងខេត្ត Bueng Kan របស់ថៃ។

ការសាងសង់នៅត្រើយទន្លេទាំងសងខាង ដែលខណ្ឌចែកព្រំដែនប្រទេសទាំងពីរនេះបានចាប់ផ្ដើមនៅខែមករា ដើមឆ្នាំ២០២១ ហើយរដ្ឋាភិបាលឡាវ ទទួលបានឥណទានចំនួន៣៦.២៨៣ដុល្លារអាមេរិក ពីទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA) របស់ប្រទេសថៃ សម្រាប់គម្រោងនេះដែលប្រទេសទាំងពីរត្រូវរ៉ាប់រងចំណាយរៀងៗខ្លួន។

លោក ប្រយុទ្ធ ចាន់អូចា បានលើកឡើងថា “ស្ពាននេះនឹងផ្ដល់ផ្លូវងាយស្រួលមួយទៀតសម្រាប់ការធ្វើដំណើរនៅតាមបណ្ដោយព្រំដែន ហើយនឹងមានការសាងសង់ស្ពានបន្ថែមទៀតនៅទីតាំងផ្សេងៗទៀត”។

អគ្គលេខាធិការរបស់នាយករដ្ឋមន្ត្រីថៃ លោក Anucha Buraphachaisi បានគូបញ្ជាក់ថា នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរមានសុទិដ្ឋិនិយមថា ស្ពានមិត្តភាពទី៥ នេះនឹងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ និងជួយសម្រួលដល់ការដឹកជញ្ជូនរវាងប្រទេសថៃ ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា។

លោកបានបន្ថែមថា នាយករដ្ឋមន្ត្រីទាំងពីរក៏បានពិចារណាអភិវឌ្ឍផ្លូវដែកឡាវ-ថៃ ផងដែរដើម្បីតភ្ជាប់បណ្ដាញផ្លូវដែករបស់ថៃ ជាមួយផ្លូវដែកនេះដែលតភ្ជាប់ប្រទេសឡាវ និងប្រទេសចិន។

នៅពេលសាងសង់បញ្ចប់ជាស្ថាពរ ស្ពានមិត្តភាពទី៥ នេះនឹងផ្ដល់ការតភ្ជាប់ងាយស្រួលពីប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសវៀតណាម និងប្រទេសចិន ភាគខាងត្បូង៕ Laotian Times៕

 

សម្តេចតេជោគាំទ្រយុទ្ធនាការ “ប្រទេសប្រាំគោលដៅទេសចរណ៍តែមួយ” និង “ប្រទេសបួនគោលដៅទេសចរណ៍តែមួយ”​

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានផ្តល់​អនុសាសន៍​ឱ្យ​ប្រទេស​សមាជិក​អេកម៉ិច និងCLMV គួរបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍ ទេសចរណ៍ជនបទ សហគមន៍ និង​អេកូទេសចរណ៍ឱ្យក្លាយជាឆ្អឹងខ្នងនៃការអភិវឌ្ឍ វិស័យទេសចរណ៍ ព្រមទាំងគាំទ្រឱ្យផ្សព្វផ្សាយក្រោមយុទ្ធនាការ “ប្រទេសប្រាំគោលដៅ​ទេសចរណ៍តែមួយ” និង “ប្រទេសបួនគោលដៅទេសចរណ៍តែមួយ”។

នេះបើយោងតាមសារលិខិតស្វាគមន៍របស់សម្តេចសម្រាប់បើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិច (ACMECS) លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦​ ដែល​ប្រារព្ធ​នៅ​ខេត្ត​សៀមរាប​ នាព្រឹកថ្ងៃទី៣វិច្ឆិកានេះ ជាមួយនឹងបង្ហាញមោទនភាព ដែលកម្ពុជា​បាន​ទទួល​ធ្វើ​ជាម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំអន្តរជាតិធំៗ ជាច្រើន។

បន្ទាប់ពីការប្រកាសបើកប្រទេសឡើងវិញ ចាប់​ពី​ចុង​ឆ្នាំ២០២១ មកសម្តេច​ក៏បានយកឱកាសចែករំលែកនូវការគិតគូរមួយចំនួន ដល់កិច្ចប្រជុំ​រដ្ឋ​មន្ត្រី​ទេសចរណ៍អេកម៉ិក និង CLMV ថា គួរបង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​ផលិតផល​ថ្មីៗ ការបំពេញឱ្យគ្នាទៅវិញទៅមក និងផ្ដល់នូវភាពសំបូរបែបដល់ទេសចរ ស្រប​តាម​ការ​ប្រែប្រួល​និន្នាកាទេសចរណ៍ ក្រោយវិបត្តិកូវីដ-១៩។

សម្ដេចតេជោបានមានប្រសាសន៍ថា អេកម៉ិក និងCLMV គួរគិតគូរជំរុញលំហូរទេសចរផ្ទៃក្នុងតំបន់អាម៉ិក (ACMECS-Intra Traveler)​ និង លំហូរទេសចរផ្ទៃក្នុងតំបន់ CLMV (CLMV-Intra Traveler) ដោយត្រូវគិតគូរផងដែរ លើការបង្កើនការតភ្ជាប់ផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក បន្ថែមទៀត ព្រមទាំងជំរុញ ទេសចរណ៍​បើកបរដោយខ្លួនឯង (Self-Driving Tour)។ សម្រាប់ការទាក់ទាញទេសចរពី ប្រទេសទី៣ សម្តេចបានគាំទ្រឲ្យបន្តផ្សព្វផ្សាយក្រោមយុទ្ធនាការ “ប្រទេសប្រាំ គោលដៅ​ទេសចរណ៍ តែមួយ” និង “ប្រទេសបួន គោលដៅទេសចរណ៍តែមួយ”។

សម្តេចបានបន្តថា “ក្នុងបរិបទឌីជីថលូបនីយកម្ម ប្រទេសអេកម៉ិក និង CLMV គួរជំរុញការផ្លាស់ប្ដូរបទពិសោធន៍ លើ ដំណើរការបរិវត្ត​កម្ម​ឌីជីថល​ក្នុង​វិស័យ​ទេសចរណ៍ ក្នុងនោះគួរដកពិសោធន៍គ្នាទៅវិញ ទៅមក លើ​ការ​អនុវត្ត​កម្មវិធី​អក្ខរកម្ម​ឌីជីថល​ក្នុង​វិស័យ​ទេសចរណ៍ ការអភិវឌ្ឍជំនាញឌីជីថល ក៏ដូចជា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុង​ការ​បង្កើន​ផលិតភាព និងឧត្តមភាពប្រកួតប្រជែង”។

ដើម្បី​សម្រប​សម្រួលការអនុវត្តផែនការសកម្មភាពទេសចរណ៍អេកម៉ិក និង CLMV ដែលបាន ដាក់ចុះ សម្តេចក៏បានគាំទ្រនូវការគិតគូរបង្កើតឲ្យមានយន្តការស្ថាប័នទេសចរណ៍អេកម៉ិក និង CLMV ដែលអាចជាលេខាធិការដ្ឋាន ឬរចនាសម្ព័ន្ធណាមួយ ហើយ​កម្ពុជា​មាន​សេចក្តី​រីករាយ​ក្នុង​ការទទួលធ្វើជាម្ចាស់ផ្ទះ៕

UAE and U.S. reach deal for $100 billion in clean energy projects

ABU DHABI -The United States and United Arab Emirates have reached an agreement to spend $100 billion on clean energy projects with a goal of adding 100 gigawatts globally by 2035, U.S. Secretary of State Antony Blinken said on Tuesday.

 

The two governments signed a memorandum of understanding in Abu Dhabi setting out the framework of the deal, Blinken said in a statement.

 

“This memorandum of understanding is an important step forward in our joint efforts to accelerate our collective movement toward clean energy,” Blinken said.

 

Under the initiative, the UAE, an OPEC oil producer, and the United States would provide technical, project management and funding assistance for commercially and environmentally sustainable energy projects in other countries.

 

“Together, we will spur large-scale investment in new energy technologies, in our own countries, around the world and in emerging economies,” U.S. energy envoy Amos Hochstein said in a separate statement carried on the WAM state news agency.

The statement said the partnership would “assemble and stimulate” private and public sector funding and support for clean energy innovation, carbon and methane management, advanced reactors including small modular reactors, and industrial and transport decarbonisation.

 

“The energy transition needs a realistic, practical and economically viable plan to deliver climate progress together with energy security and inclusive economic growth,” Sultan Al Jaber, UAE Minister of Industry and Advanced Technology and Special Envoy for Climate Change, said in the statement.

 

The initiative will also focus on investing in responsible and resilient supply chains, promoting investment in green mining as well as production of minerals and materials vital to the energy transition.

 

Source: Reuters

អាមេរិកនិងអារ៉ាប់រួមអេមីរ៉ាតចុះកិច្ចព្រមព្រៀងថាមពលស្អាតតម្លៃដល់ទៅ១០០ពាន់លានដុល្លារ

ដោយ៖ សុខុម

អាប៊ូដាប៊ី: សហរដ្ឋអាមេរិក និងអារ៉ាប់រួមអេមីរ៉ាត បានឈានដល់កិច្ចព្រមព្រៀងបោះទុនវិនិយោគរហូតដល់ទៅ១០០ពាន់លានដុល្លារ លើគម្រោងថាមពលស្អាត ជាមួយនឹងគោលដៅបន្ថែមថាមពលកម្លាំង១០០ជីហ្គាវ៉ាត់ (GW) នៅទូទាំងពិភពលោកត្រឹមឆ្នាំ២០៣៥។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍កាលពីថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ថា រដ្ឋាភិបាលនៃប្រទេសទាំង២បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងរាជធានីអាប៊ូដាប៊ី (Abu Dhabi) ដោយកំណត់ក្របខណ្ឌនៃកិច្ចព្រមព្រៀងនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃពុធ ទី០២ ខែវិច្ឆិកា។

លោក Antony Blinken លើកឡើងថា “អនុស្សរណៈនៃការយោគយល់គ្នានេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដើម្បីពន្លឿនការផ្លាស់ប្ដូររួមគ្នារបស់យើងឆ្ពោះទៅប្រើប្រាស់ថាមពលស្អាត”។

ក្រោមគំនិតផ្តួចផ្តើមនេះ អារ៉ាប់រួមអេមីរ៉ាត ដែលជាប្រទេសផលិតប្រេងមួយរបស់អង្គការប្រទេសនាំចេញប្រេង (OPEC) និងសហរដ្ឋអាមេរិក នឹងផ្តល់ជំនួយបច្ចេកទេស ការគ្រប់គ្រងគម្រោង និងជំនួញហិរញ្ញប្បទានសម្រាប់គម្រោងថាមពលស្អាតប្រកបដោយនិរន្តរភាព ដែលមានផលល្អទាំងផ្នែកពាណិជ្ជកម្ម និងបរិស្ថាននៅក្នុងប្រទេសផ្សេងៗទៀត។

ប្រេសិតថាមពលអាមេរិក លោក Amos Hochstein បានលើកឡើងតាមរយៈសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយដែលយកមកផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋរបស់អារ៉ាប់រួមអេមីរ៉ាត Emirates News Agency (WAM) ថា “រួមគ្នា យើងនឹងជំរុញការវិនិយោគទ្រង់ទ្រាយធំលើបច្ចេកវិទ្យាថាមពលថ្មីៗក្នុងប្រទេសរបស់យើង នៅជុំវិញពិភពលោក និងនៅក្នុងបណ្ដាប្រទេសដែលកំពុងរីកចម្រើន”។

សេចក្តីថ្លែងការណ៍នោះលើកឡើងថា ការចាប់ដៃគូសហការនេះនឹង “កៀរគរ និងជំរុញ” ការផ្តល់ហិរញ្ញប្បទាន និងការគាំទ្រពីវិស័យឯកជន និងរដ្ឋសម្រាប់នវានុវត្តន៍ថាមពលស្អាត ការគ្រប់គ្រងឧស្ម័នកាបូន និងមេតាន រ៉េអាក់ទ័រជឿនលឿន រួមទាំងរ៉េអាក់ទ័រខ្នាតតូចៗ និងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូននៅក្នុងឧស្សាហកម្ម និងការដឹកជញ្ជូន៕

JICA ដាក់ចេញសកម្មភាពសំខាន់ៗ៣ដើម្បីរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ

ដោយ៖ សហការី

សៀមរាប៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នឹងត្រូវធ្វើការសម្រេចឲ្យបាននូវលទ្ធផលរំពឹងទុកក្នុងការ​អនុវត្ត​សកម្មភាព​ចំនួន០៣ សម្រាប់ឆ្នាំ២០២២ ដល់២០២៥ ក្នុងការរៀបចំក្រុងសៀមរាបជាទីក្រុងវៃឆ្លាត។

នេះបើតាមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមនៃគម្រោង JCC លើកទី២ នៃគម្រោងទីក្រុងឆ្លាតវៃជាមួយ​ JICA និង ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន ដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុន (MLIT) កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានថ្លែងឱ្យដឹងថា នៅក្នុងដំណាក់កាលទី២ គឺចាប់​អនុវត្ត​ក្នុងខែឧសភា ឆ្នាំ​២០​​២២ រហូតដល់ខែមីនា ឆ្នាំ២០២៥ ដែលនឹងអនុវត្តលើសកម្មភាពចំនួន០៣ រួមមាន ទី១). ​ការប​ង្កើ​ត​រចនា​​សម្ព័​ន្ធ និងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ទី២). ដំណើរការនៃការអនុ​វត្តវិធីសាស្រ្ត​ទីក្រុង​ឆ្លាត​វៃតាមរយៈ​ការដាក់​អ​នុ​​វ​​ត្ត​​​សាកល្ប​ងនូវគម្រោងនានា ដើម្បីដោះស្រាយ​បញ្ហាប្រឈម​ដែលកំពុងកើតមាន​ឡើង​នៅក្រុ​ងសៀមរាប និងទី​៣). ​ការ​​បង្កើតនូវប្រព័ន្ធតាមដាន និងវាយតម្លៃវិធីសាស្រ្តទីក្រុងឆ្លាតវៃ។

លោកស្រីអភិបាលរង បានបន្ថែមថា នៅក្នុងដំណាក់កាលទី២ នេះ រដ្ឋបាលខេត្តក៏ត្រៀមធ្វើការសហការជាមួយ (JICA)ក្នុងការដាក់ឲ្យអនុវត្តសាកល្បងនូវគម្រោងវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមក្នុង​ក្រុង​សៀមរាប​តាមរយៈ​គម្រោងចំនួន០៦ផងដែរ។

នៅក្នុងដំណាក់កាលទី១ (២០២០-២០២១) អង្គការ JICA បានជួយ​សិក្សា​ក្នុងការស្វែង​រកបញ្ហា​ប្រឈ​ម​ដែលកំពុងតែកើតមានឡើងនៅក្នុងក្រុងសៀមរាប រហូតបានរៀបចំជាផែនទីមេចង្អុល​ផ្លូវសម្រាប់ការរៀប​ចំ​ក្រុ​ងសៀ​មរា​បជាទីក្រុងឆ្លាតវៃ (២០២១-២០៣៥)៕

ក្រសួងសាធារណការបំពាក់បច្ចេកវិទ្យា DIP សម្រាប់ការគ្រប់គ្រងចំណូលចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

ដោយ៖ សុផារី

ក្រុងព្រះសីហនុ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២ ខែវិច្ឆិកានេះថា អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ បាន និងកំពុងជំរុញការសហការជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន និងគ្រឹះស្ថានធនាគារ-ហិរញ្ញវត្ថុជាដៃគូ ក្នុងបំពាក់បច្ចេកវិទ្យា DIP សម្រាប់ការគ្រប់គ្រង និងប្រមូលចំណូលចេញចូលប្រើប្រាស់ផ្លូវល្បឿនលឿន។

លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា បច្ចេកវិទ្យា DIP នឹងធានាភាពលឿនរហ័ស ងាយស្រួល សុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ផ្លូវ និងធានាការធ្វើអាជីវកម្មក្រុមហ៊ុន កាន់តែមានប្រសិទ្ធភាព និងតម្លាភាពសម្រាប់សង្គមជាតិ ជាពិសេសធានាការប្រមូលចំណូលថវិកាជាតិ កាន់តែមាភាពប្រសើរឡើង។

លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងបន្ថែមថា ប្រព័ន្ធបច្ចេកវិទ្យា DIP នេះ នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ អាចបញ្ចូលសមតុល្យទឹកប្រាក់ជាមុន តាមរយៈផ្លាកលេខ និងជួយសម្រួលឱ្យការចេញចូលផ្លូវល្បឿនលឿន បានលឿនរហ័ស កាត់បន្ថយការកកស្ទះ បង្ការពីជំងឺកូវីដ១៩ ព្រមទាំងបញ្ជៀសការប្រើកាតចេញចូលដែលប្រឈមការបាត់បង់ផងដែរ ឬផាកពិន័យផ្សេងៗផងដែរ។ ប្រព័ន្ធនេះ គ្រោងនឹងបញ្ចប់ការរៀបចំ ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃ០៩ វិច្ឆិកា ២០២២ខាងមុខនេះ។

ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បានចាប់ផ្តើមគិតថ្លៃសេវាធ្វើដំណើរ ចាប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៧:០០នាទីព្រឹក តទៅហើយ។ ចំពោះសេវាធ្វើដំណើរ នឹងត្រូវគណនាតាមចម្ងាយជាក់ស្តែងនៃការបើកបរ និងតាមប្រភេទយានយន្ត។ ក្រុមហ៊ុនក៏មានការបញ្ចុះតម្លៃសេវាចំនួន ២០% ជូនដល់បងប្អូនអ្នកធ្វើដំណើរផងដែរ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការធ្វើដំណើររបស់ប្រកបទៅដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕