អ្នកជំនាញ៖ ការវិនិយោគអចលនទ្រព្យនៅកម្ពុជានៅតែទទួលបានប្រាក់ចំណេញខ្ពស់

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ បើទោះជាស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកមិនទាន់ត្រឡប់ទៅរកប្រក្រតីភាពវិញក្តី អ្នកជំនាញមើលឃើញថា ការវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅតែអាចទទួលបានប្រាក់ចំណេញខ្ពស់ បើធៀបនឹងប្រទេសផ្សេងៗ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ការវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា នៅតែអាចផ្តល់ប្រាក់ចំណេញដល់អ្នកវិនិយោគ។ បើប្រៀបធៀបនឹងប្រទេសជាច្រើននៅលើពិភពលោក ការវិនិយោគអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា អាចផ្តល់ប្រាក់ចំណេញត្រលប់មកវិញខ្ពស់ជាងប្រទេសផ្សេងៗទៀត។

លោកបន្តថា តាមរយៈបទពិសោធន៍ធ្វើដំណើរទៅកាន់ប្រទេសជាច្រើន នៅលើពិភពលោក រួមទាំង សហរដ្ឋអាមេរិក ជប៉ុន និងប្រទេសរីកចម្រើនជាច្រើន លោកសង្គេតឃើញថា ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសទាំងនោះ ទទួលបានប្រាក់ចំណូលទាប ធៀបនឹងប្រទេសកម្ពុជា ដែលការវិនិយោគមានសុខសុវត្ថិភាព និងមានការជឿជាក់ផងដែរ។

លោកបន្ថែមថា “កម្ពុជានៅតែមានសក្ដានុពលខ្ពស់ ក្នុងការវិនិយោគ និងអាចទទួលបានប្រាក់ចំណេញ ប៉ុន្តែកម្ពុជាមិនត្រូវបានគេផ្សព្វផ្សាយឱ្យបានដឹងនោះទេ។ ប្រសិនជាគេផ្សព្វផ្សាយពីភាពវិជ្ជមានរបស់កម្ពុជា យើងជឿជាក់ថា វិនិយោគិនបរទេសនឹងចូលមកកម្ពុជា ដើម្បីស្វែងរកការវិនិយោគ និងយកប្រាក់ចំណូលត្រលប់ទៅប្រទេសគេវិញ និងនាំមកនូវការរីកចម្រើន ក្នុងប្រទេសកម្ពុជាផងដែរ”។

អ្នកនាង អាន សុធីតា អគ្គនាយិកានៃក្រុមហ៊ុន PropNex Cambodia ក៏បានលើកឡើងផងដែរថា ទោះបីជាស្ថានភាពបច្ចុប្បន្ន វិស័យអចលនទ្រព្យមើលទៅអាចមានការថមថយ ជាងឆ្នាំ២០២០ និង២០២១ និងឆ្នាំមុនៗទៀតក៏ពិតមែន ប៉ុន្តែសម្រាប់វិនិយោគិន ដែលបណ្ដាក់ទុនវិនិយោគ លើវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ពួកគាត់នឹងនៅតែទទួលបាននូវប្រាក់ចំណេញខ្ពស់ដដែល។

 

អ្នកនាងបន្តថា  យើងនៅតែជឿជាក់លើការរីកចម្រើន នៃវិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជា ពីព្រោះយើងនៅមានភាពទូលំទូលាយសម្រាប់អភិវឌ្ឍន៍ បើធៀបនឹងប្រទេសក្នុងតំបន់និងពិភពលោក៕

ចំណុចប្រកួតប្រជែងតូចៗនាំឱ្យអ្នកអភិវឌ្ឍន៍ទទួលជោគជ័យក្នុងការចាប់យកចំណែកទីផ្សារបច្ចុប្បន្ន

ដោយ៖ សុផារី

ភ្នំពេញ៖ កន្លងមក ក្រុមអតិថិជនដែលមានបំណងចង់ទិញគម្រោងអចលនទ្រព្យណាមួយ តែងតែសម្លឹងនិងធ្វើការប្រៀបធៀបលើតម្លៃ និងទីតាំង ដែលជាអត្តប្រយោជន៍ធំបំផុត។ ប៉ុន្តែ បច្ចុប្បន្ននេះ អ្នកអភិវឌ្ឍន៍ងាកមកប្រកួតប្រជែងលើចំណុចតូចៗផ្សេងៗ ក្រៅពីតម្លៃ និងទីតាំងនៃគម្រោងសាងសង់ ដើម្បីទទួលបានទំនុកចិត្តពីអតិថិជន។

លោកស្រី អាន សុធីតា អគ្គនាយិការបស់ក្រុមហ៊ុន PropNex Cambodia មានប្រសាសន៍នៅថ្ងៃទី០២ ខែវិច្ឆិកាថា ការប្រកួតប្រជែងនាពេលកន្លងមក ភាគច្រើនលើតម្លៃ និងទីតាំងនៃគម្រោង ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ក្រៅពីចំណុចទាំងពីរនេះ ចំណុចដែលត្រូវការមាន រួមមាន ការរចនា គុណភាពបន្ថែម និងលក្ខខណ្ឌនៃការបង់ប្រាក់ ជាដើម។ ការប្រកួតប្រជែងមានកម្រិតច្រើន ដែលនឹងនាំមកនូវអត្តប្រយោជន៍ដល់អតិថិជន និងអ្នកអភិវឌ្ឍន៍។

លោកស្រីបញ្ជាក់ថា “ឥលូវនេះ អ្នកអភិវឌ្ឍន៍ចាប់ផ្តើមប្រមើលមើលលើការរចនា (Design) ការគ្រប់គ្រងជាដើម និងមានចំណុចលម្អិតតូចៗជាច្រើនទៀត ដែលពួកគាត់ងាកមកយកចិត្តទុកដាក់ ដើម្បីប្រកួតប្រជែង”។

លោកស្រីលើកឡើងថា “ជាទូទៅ នៅពេលចាប់ផ្តើមការអភិវឌ្ឍន៍ អ្នកអភិវឌ្ឍន៍តែងតែគិតគូរពីផលចំណេញសម្រាប់ខ្លួនឯងជាមុនសិន។ ប៉ុន្តែនៅពេលដែលចាប់ផ្តើមមានការប្រកួតប្រជែង ពួកគាត់ចាប់ផ្តើមមកគិតគូរពីអ្នកវិនិយោគ ដែលជាអតិថិជន ថាតើគាត់ត្រូវធ្វើយ៉ាងណា ដើម្បីអាចទទួលបានទំនុកចិត្តពីអតិថិជន”។

ជាមួយគ្នានេះ អ្នកនាង គឹម គិនកេសា អ្នក​គ្រប់គ្រង​ជាន់ខ្ពស់ CBRE Cambodia បាន​មានប្រសាសន៍ផងដែរថា ក្នុងបរិបទថ្មីៗ ដែលកំពុងមានការប្រកួតប្រជែង និងមានកំណើនអតិផរណាខ្ពស់ ម្ចាស់ទ្រព្យចាប់ផ្តើមចាប់យកនិន្នាការងាកមកយកចិត្តទុកដាក់លើ “ភាពបៃតង” និងការបន្ថែមមុខងារប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធិភាព នៅក្នុងគម្រោងអាគាររបស់ខ្លួន និងដើម្បីនាំមុខក្នុងទីផ្សារមួយនេះ៕

អគាររដ្ឋបាលធំជាងគេនៅកម្ពុជាតម្លៃ៦០លានដុល្លារអាមេរិកសម្រេចការសាងសង់បាន៦០ភាគរយហើយ

ដោយ៖ សុផារី

ភ្នំពេញ៖ អគារថ្មីក្រសួងមហាផ្ទៃ ដែលជាអគាររដ្ឋបាលធំជាងគេនៅកម្ពុជា និងគ្រោងចំណាយថវិការប្រមាណ៦០លានដុល្លារអាមេរិក បានសាងសង់សម្រេចការសាងសង់បានជាង៦០ភាគរយហើយ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់អគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។

អគារទីស្តីការថ្មីនេះ សាងសង់ឡើងលើទីតាំងចាស់ ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ តាមបណ្ដោយវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយគ្រោងចំណាយប្រមាណ៦០លានដុល្លារអាមេរិក។

បន្ទាប់ពីដំណើរការសាងសង់បានប្រមាណ១ឆ្នាំ ពេលនេះសម្រេចបាន៦០ភាគរយហើយ។ អគារនេះមានទំហំ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តចំនួន ៣៣០គ្រឿង ជាសំណង់ស្ថាបត្យកម្មក្លាសិក រចនាបទខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញមានបុស្បបុកចំនួនប្រាំ តាមលំនាំប្រាសាទអង្គរវត្តកំពូលប្រាំ និងជាអគាររដ្ឋបាលធំជាងគេនៅកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរក្រុមហ៊ុនសាងសង់ ព្រមទាំងក្រុមបុគ្គលិកទាំងអស់ ដែលបានខិតខំប្រឹងប្រែងសាងសង់អគារ ប្រកបដោយការទទួលខុសត្រូវ ពិសេស គឺបានសាងសង់លឿនជាងផែនការ និងប្រកបដោយគុណភាព។

សម្ដេចក្រឡហោម ស ខេង បានកោតសរសើរ ចំពោះក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនី ដែលបានប្រឹងប្រែងបំពេញការងារ ដែលមិនមែនត្រឹមតែបម្រើផលប្រយោជន៍ក្រុមហ៊ុនប៉ុណ្ណោះទេ ក៏ប៉ុន្តែបានគិតដល់ផលប្រយោជន៍ជាតិ ព្រោះសំណង់អគារថ្មីនេះ គឺជាទ្រព្យសម្បត្តិសាធារណៈ បម្រើផលប្រយោជន៍ជាតិ និងប្រជាជនទាំងបច្ចុប្បន្ន និងទៅអនាគត៕

រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគ​១៤៤គម្រោង​ស្មើនឹងទុនជាង៣៤០០លានដុល្លារក្នុងរយៈពេល១០ខែដើមឆ្នាំនេះ

ដោយ៖ សុផារី

ភ្នំពេញ៖ គិតចាប់ពីខែមករា រហូតដល់ខែតុលា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន១៤៤គម្រោង ដែលមានទុនវិនិយោគជាង៣.៤៣៣លានដុល្លារអាមេរិក បង្កើត​ឱកាសការងារជូនប្រជាពលរដ្ឋជាង១២២.៧៤៧កន្លែង។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគ១៤៤ក្នុងនោះ នៅខែមករាបានអនុម័តច្រើនជាងគេចំនួន២៤ក្រុមហ៊ុន ដែលមានទុនវិនិយោគជាង២.២៧៧លានដុល្លារអាមេរិក និងផ្តល់ការងារជូនប្រជាពលរដ្ឋចំនួន១៩.៩០៥កន្លែង។

បន្ទាប់មកខែកញ្ញា ឆ្នាំ២០២២ មានគម្រោងវិនិយោគចំនួន២១ក្រុមហ៊ុន មានទុនវិនិយោគចំនួន១៣០លានដុល្លារ​អាមេរិក។ ក្នុងខែឧសភា មានគម្រោងវិនិយោគចំនួន២០ ក្រុមហ៊ុនមានទុនវិនិយោគចំនួន១៩៨,១លានដុល្លារអាមេរិក និងខែសីហា អនុម័តគម្រោងវិនិយោគចំនួន១៧គម្រោង ដែលមានទុនវិនិយោគចំនួន២០៣,១លានដុល្លារអាមេរិក។

ក្នុងចំណោមក្រុមហ៊ុនចំនួន១៤៤គម្រោង ក្នុងនោះ មានគម្រោងបោះទុនវិនិយោគធំៗ រួមមាន អាជីវកម្មសណ្ឋាគារ​ថ្នាក់ផ្កាយ៥ ចំនួន៥២៨បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹង​កេងកង រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន១២៩លានដុល្លារអាមេរិក។

គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ២៩៧លានដុល្លារអាមេរិក។

គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព១៥០MW ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង មានទុនវិនិយោគប្រមាណ៣៨៩លានដុល្លារអាមេរិក ។

គម្រោងវិនិយោគ​អភិវឌ្ឍន៍​មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែក​ត្នោត ក្រុងបូកគោ ខេត្តកំពត មានទុនវិនិយោគចំនួន១.៣០០លានដុល្លារអាមេរិក៕

China says U.S. has ‘no right’ to interfere in Hamburg port deal

BEIJING, Nov 3 (Reuters) – The U.S has “no right” to interfere in Chinese cooperation with Germany, China’s foreign ministry said Thursday, after Washington cautioned against Beijing getting a controlling stake in Hamburg’s port terminal.

U.S. interference is symptomatic of its practice of coercive diplomacy, foreign ministry spokesman Zhao Lijian told reporters at a daily briefing in Beijing.

“Pragmatic cooperation between China and Germany is a matter for the two sovereign countries, the United States should not attack it without reason and has no right to meddle and interfere,” Zhao said Thursday, a day before German Chancellor Olaf Scholz was due in Beijing for a one day visit where he is expected to meet President Xi.

Chinese shipping giant Cosco made a bid last year to take a 35% stake in one of logistics firm HHLA’s (HHFGn.DE) three terminals in Germany’s largest port, but Germany’s coalition was divided over the deal.

Last week the German cabinet approved a 24.9% stake investment by Cosco in what an economy ministry source described as an “emergency solution” to approve the deal but mitigate the impact.

The approved investment does not give Cosco any say in management or strategic decisions.

 

ប្រទេសចិនព្រមានសហរដ្ឋអាមេរិក កុំឱ្យជ្រៀតជ្រែកក្នុងកិច្ចព្រមព្រៀងកំពង់ផែដែលខ្លួនចុះជាមួយអាល្លឺម៉ង់

ដោយៈ សុខុម

ប៉េកាំង: ក្រសួងការបរទេសចិន បានធ្វើការព្រមានកាលពីថ្ងៃព្រហ​ស្បតិ៍ ទី៣ ខែវិច្ឆិកាថា សហរដ្ឋអាមេរិកគ្មានសិទ្ធិជ្រៀតជ្រែក ក្នុងកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិន ជាមួយប្រទេសអាល្លឺម៉ង់ឡើយ។

ការព្រមានបែបនេះធ្វើឡើង ក្រោយពីដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានព្រមានកុំឱ្យរដ្ឋាភិបាលក្រុងប៉េកាំង កាន់កាប់ភាគហ៊ុនធំ ដែលមានសិទ្ធិគ្រប់គ្រងស្ថានីយចំណតមួយ នៃកំពង់ផែក្នុងទីក្រុងអាល្លឺម៉ង់ Hamburg។

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន នៅឯសន្និសីទមួយនៅទីក្រុងប៉េកាំងថា ការជ្រៀ​តជ្រែករបស់សហរដ្ឋអាមេរិក គឺជាសញ្ញាបង្ហាញពីការអនុវត្តគោលនយោ​បាយ ដែលចូលចិត្តគំរាមកំហែងរបស់ខ្លួន។

អ្នកនាំពាក្យដដែលលើកឡើងថា “កិច្ចសហប្រតិបត្តិការដ៏សមហេតុផលរវាងប្រទេសចិន និងប្រទេសអាល្លឺម៉ង់ គឺជាកិច្ចការសម្រាប់ប្រទេសដែនអធិបតេយ្យទាំងពីរ”។ លោកបន្តថា “សហរដ្ឋអាមេរិក មិនគួរវាយប្រហារប្រទេសចិន ដោយគ្មានហេតុផលឡើយ ហើយក៏គ្មានសិទ្ធិជ្រៀតជ្រែកនោះដែរ”។

ការព្រមានបែបនេះ ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ពោលគឺ១ថ្ងៃមុនអធិការបតីអាល្លឺម៉ង លោកOlaf Scholz ត្រូវធ្វើទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង រយៈពេលមួយថ្ងៃ ពោលគឺនៅថ្ងៃសុក្រ ទី៤ ដោយគេរំពឹងថា លោកនឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីងភីង។

ក្រុមហ៊ុនដឹកជញ្ជូនទំនិញ តាមកប៉ាល់ខ្នាតយក្សរបស់ចិន Cosco បានដាក់ដេញថ្លៃកាលពីឆ្នាំមុន ដើម្បីកាន់កាប់ភាគហ៊ុន៣៥%ក្នុងស្ថានីយចំណតមួយ ក្នុងចំណោមស្ថានីយចំណតទាំង៣របស់ក្រុមហ៊ុន HHLA’s នៅក្នុងកំពង់ផែដ៏ធំបំផុតរបស់អាល្លឺម៉ង់ ប៉ុន្តែរដ្ឋាភិបាលចម្រុះរបស់អាល្លឺម៉ង់ បានខ្វែងគំនិតគ្នាជុំវិញកិច្ចព្រមព្រៀងនេះ។

កាលពីសប្ដាហ៍មុន គណៈរដ្ឋមន្ត្រីអាល្លឺម៉ង់ បានអនុម័តការវិនិយោគ​២៤,៩%ដោយក្រុមហ៊ុនCosco ជាអ្វីដែលប្រភពមួយ នៅក្រសួងសេដ្ឋកិច្ចបានចាត់ទុកថាជា “ដំណោះស្រាយបន្ទាន់” ដើម្បីអនុម័តកិច្ចព្រមព្រៀងនេះ។

ទោះជាយ៉ាងណា ទំហំទុនវិនិយោគដែលត្រូវបានអនុម័តនេះ មិនធ្វើ ឱ្យក្រុមហ៊ុន Cosco មានសិទ្ធិគ្រប់គ្រង ឬធ្វើសេចក្ដីសម្រេចជាយុទ្ធសាស្ត្ររបស់កំពង់ផែនេះឡើយ៕ Reuters៕

ប្រទេសថៃត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចជាមួយប្រទេសចិន

ដោយ: លាងហួរ

បាងកក: វេទិកាវិនិយោគថៃ-ចិនបានប្រារព្ធឡើង នៅទីក្រុងបាងកកកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរ។

វេទិកានេះ ស្ថិតក្រោមប្រធានបទ “ការភ្ជាប់ទំនាក់ទំនង ការជំរុញបៃត ង” ត្រូវបានសហការរៀបចំដោយ ស្ថានទូតចិនប្រចាំប្រទេសថៃ និងសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាភិបាលពាណិជ្ជកម្មថៃ។

ព្រឹត្តិការណ៍នេះ បានទាក់ទាញអ្នកចូលរួមតាមអ៊ីនធឺណិត និងក្រៅបណ្តាញជាង៨០០នាក់មកពីសមាគមធុរកិច្ច និងសហគ្រាសនៃប្រទេសទាំងពីរ។

ក្នុង​ពេល​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​វេទិកា​នេះ នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា បាន​មានប្រសាសន៍ថា ប្រទេស​ថៃ​សង្ឃឹម​ថា ​នឹង​ទាក់ទាញ​ការ​វិនិយោគ​របស់​ប្រទេសចិន​បន្ថែម​ទៀត។

លោកបានបន្តថា #ប្រទេសថៃគាំទ្រគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកលដែលស្នើឡើងដោយប្រទេសចិន ដែលស្របតាមគំរូសេដ្ឋកិច្ច Bio-Circular-Green (BCG) របស់ប្រទេសថៃ ដោយសង្ឃឹមថានឹងធ្វើសមាហរណកម្មយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួន បន្ថែមទៀតជាមួយប្រទេសចិន និង​បង្កើនការតភ្ជាប់រវាងប្រទេសទាំង២”។

ដោយកត់សម្គាល់ថាឆ្នាំនេះជាខួបលើកទី១០ នៃការបង្កើតភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ លោក Han Zhiqiang ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃបានមានប្រសាសន៍ថា ទំនាក់ទំនងចិន -ថៃកំពុងឈរនៅលើជំហរថ្មីមួយ ហើយវេទិកានេះនឹងដាក់បញ្ចូលកម្លាំងជំរុញ ទៅក្នុងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍រួមនៃប្រទេសទាំងពីរ។

យោងតាមទិន្នន័យពីក្រុមប្រឹក្សា វិនិយោគរបស់ប្រទេសថៃបានឱ្យដឹងថា ក្នុងអំឡុងពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ ប្រទេសចិនជាអ្នកនាំលំហូរវិនិយោគផ្ទាល់ពីបរទេស(FDI)ដ៏ធំបំផុតចូលប្រទេសថៃ៕

បុរីបុស្បាផ្តល់ឱកាសចំណេញ និងលក្ខខ័ណ្ឌបង់ប្រាក់ពិសេស ជាច្រើនដល់អតិថិជន

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្នុងគោលដៅលើកទឹកចិត្តបន្ថែមទៀត ដល់អតិថិជន បុរីបុស្បាបានផ្តល់នូវឱកាសចំណេញ និងលក្ខខ័ណ្ឌបង់ប្រាក់ពិសេស និងមានភាពបត់បែនដល់អតិថិជន។

នាយិកាផ្នែកទីផ្សារនៃបុរីបុស្បាអ្នកនាង ដានី បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីរសៀលថ្ងៃទី៣ វិច្ឆិកានេះថា ជាមួយនឹងការលើកទឹកចិត្ត ក៏ដូចជាជម្រុញការលក់របស់យើង ឲ្យកាន់តែមានភាពប្រសើរឡើង ថ្នាក់ដឹកនាំនៃបុរីបុស្បា បានផ្តល់ឱកាសឲ្យអតិថិជន នូវការលើកទឹកចិត្តសំខាន់ៗជាច្រើនរួមមាន អាចទទួ​លបានផលចំណេញរហូតដល់៥០,០០០ដុល្លារអាមេរិក ទី២ ជាចំណុចពិសេស គឺអតិថិជន​នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់១០ភាគរយ ប្រសិនជាពួកគាត់បង់​ផ្តាច់។

ទី៣ អតិថិជនអាចបង់ប្រាក់ផ្តាច់១០០ភាគរយ ក្នុងរយៈពេល២៤ខែ ដោយគ្មានការប្រាក់ ពិសេសអតិថិជនកក់ប្រាក់ត្រឹម១០០០ដុល្លារ នឹងអាចក្លាយជាម្ចាស់ផ្ទះបាន។

បុរីបុស្បាបាននិងកំពុងសាងសង់ឡើង ក្នុងសង្កាត់ព្រៃវែង ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ជាទីតាំងដែលងាយស្រួល ក្នុងការធ្វើដំណើរទៅកាន់ផ្លូវជាតិលេខ៣ លេខ៤ ផ្លូវក្រវ៉ាត់ក្រុងទី២ និងទី៣ ពិសេសតំបន់នេះកៀកនឹងផ្សារទំនើបធំៗ ដូចជាផ្សារទំនើបAEON Mall3 , Chib Mong និងផ្សារសហគមន៍ជាច្រើនទៀត។

ក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃគណកម្មការទីផ្សារនៃបុរីបុស្បា លោកអ៉ី ពិសិដ្ឋ បានមានប្រសាសន៍ឲ្យដឹងផងដែរថា ដោយបានសិក្សាច្បាស់លាស់ពីគោលដៅ និងចំណង់ចំណូលចិត្តអតិថិជន ក្រុមហ៊ុនបានផ្តោតលើការកសាងបុរីជាមួយគុណតម្លៃធំៗចំនួន៤ ដូចជា ទី១ ការសាងសង់ប្រកប​ដោយគុណភាព ប្រណីតភាព និងហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ទី២ លំនៅដ្ឋានវីឡានិមួយៗ ត្រូវបានឌីសាញយ៉ាងប្រណីត ដោយមានអាងទឹកក្នុងលំនៅដ្ឋាន ដើម្បីផ្តល់បរិយាកាសស្រស់ស្រាយ និងត្រជាក់មនោរម្យ ដល់អ្នករស់នៅ។

ទី៣ លំនៅដ្ឋាននិមួយៗផ្តោតលើពន្លឺ ខ្យល់ចេញចូល ដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងមានផាសុខភាព និងទី៤ បុរីទាំងមូលផ្តោយលើភាពបៃតង ដែលមានដើមឈើ សួនច្បារ ហាងកាហ្វេ កន្លែងហាត់ប្រាណ ដែលនេះជារសនិយមរបស់ប្រជាពលរដ្ឋសម័យថ្មី៕

ភូមិគ្រឹះប្រណីតដ៏ធំស្កឹមស្កៃរបស់ប្រធានក្រុមហ៊ុនEvergande ត្រូវបានធនាគាររឹបអូស

ដោយៈ សុខុម

ហុងកុង: ភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយ ដែលជាកម្មសិទ្ធិរបស់ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សរបស់ចិន China Evergrande Group  ក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដ៏ប្រណីត The Peak នៅក្រុងហុងកុង ត្រូវបានធនាគារចិន China Construction Bank (Asia) រឹបអូស។

នេះបើយោងតាមសារព័ត៌មាន អនឡាញរបស់ហុងកុង HK01 បានទម្លាយឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា។

ទោះជាយ៉ាងណា ស្ថាប័នសារព័ត៌មានអនឡាញមួយនេះមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ ដែលភូមិគ្រឹះទំហំ៤៦៥ម៉ែត្រការ៉េ និងមានតម្លៃ៨៩លានដុល្លារអាមេរិក នេះត្រូវបានធនាគាររឹបអូសនោះទេ។

ទាក់ទិននឹងដំណឹងដ៏រសើបនេះ ក្រុមហ៊ុនEvergrande បានបដិសេ​ធមិនឆ្លើយបំភ្លឺទេ។

ចំណែកប្រធានក្រុមហ៊ុននេះ លោកHui Ka Yan មិនអាចទាក់ទងបាន ហើយធនាគារChina Construction Bank (Asia) ក៏មិនបានឆ្លើយបំភ្លឺនោះដែរ។

លោក Hui Ka Yan ប្រធានក្រុមហ៊ុន Evergrande ដែលជាប់បំណុល រហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក មានផ្ទះប្រណីតចំនួន២ផ្សេងទៀត នៅក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន The Peak ដដែលនេះ។

ការរឹបអូសនេះឆ្លុះបញ្ចាំងឱ្យឃើញថា វិបត្តិសាច់ប្រាក់របស់ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស Evergrande ដែលបានរាលដាលពាសពេញវិស័យអចលនទ្រព្យប្រទេសចិន ហាក់មិនបានធូរស្រាលឡើយ ទោះជារដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីស្រោចស្រង់វិស័យដ៏សំខាន់នេះយ៉ាងណាក្ដី៕ Reuters៕

បុរីតម្លៃសមរម្យមួយលេចវត្តមាននៅច្រកចូលរមណីយដ្ឋានភ្នំតាម៉ៅ

ដោយៈគង់ សូរិយា

       តាកែវៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល បានលើកទឹកចិត្តក្រុមហ៊ុនឯកជននានា ពង្រីកការវិនិយោគរបស់ខ្លូន ទៅកាន់តំបន់ជាយក្រុងកាន់តែច្រើន ដើម្បីចាប់យកឱកាសនិងចំណែកទីផ្សារបស់ខ្លួន។

ជាក់ស្តែងបុរី HK Residence បាននិងកំពុងចាប់ផ្តើមការសាងសង់នៅក្នុងតំបន់សក្តានុពល នៅក្នុងតំបន់រមណីយដ្ឋានភ្នំតាខ្មៅ នៃខេត្តតាកែវ ដោយផ្តល់ជូននូវជម្រើស ផ្ទះវីឡាស្រស់ស្អាតបំផុតនៅក្នុងតំបន់ ជាមួយតម្លៃទាបជាងទីផ្សារ និងអាចផ្តល់ផលចំណេញខ្ពស់ ក្នុងរយៈពេលដ៏ខ្លីខាងមុខ។

គម្រោងបុរីHK Residence មានទីតាំងស្ថិតនៅភូមិកណ្ដឹងតូច ឃុំកណ្ដឹងតូច ស្រុកបាទី ខេត្តតាកែវ ស្ថិតនៅព្រំប្រទល់រវាងខេត្តកណ្តាល និងរាជធានីភ្នំពេញ មានទំហំរហូតដល់៥ហិចតា ដែលជំហានទី១ កំពុងសាងសង់លើផ្ទៃដីទំហំ២ហិចតាជាមុនសិន ហើយនឹងបន្តពង្រីកការអភិវឌ្ឍបន្ថែ​មទៀត នាពេលខាងមុខ។

លោកចាប ពៅអគ្គនាយកបុរី HK Residenceបានមានប្រសាសន៍ ឲ្យដឹងកាលពីពេលថ្មីៗនេះថា បុរីនេះមានប្រភេទផ្ទះវីឡា ដែលមានទំហំផ្ទះ១៣,៥ម៉ែត្រគុណ៧,២ ដែលមាន៣បន្ទប់គេងនិង៣បន្ទប់ទឹក អមជាមួយសួនច្បារដ៏ស្រស់ស្អាត នៅក្នុងផ្ទះនីមួយៗដាច់ដោយឡែកពីគ្នា។ ជាពិសេ​ស ផ្លូវនៅក្នុងបុរីមានទំហំចន្លោះពី២០ ទៅ៣០ម៉ែត្រ និងមានសួនច្បារ ទីលានកំសាន្តសម្រាប់កុមារ កន្លែងហាត់ប្រាណ ។ល។

លោកបានបន្តថា “បុរី HK Residence មានទីតាំងស្ថិតនៅក្នុងតំបន់សក្តានុពលខ្ពស់ មិនត្រឹមតែមានទីតាំងនៅជិតរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមរយៈផ្លូវជាតិលេខ២ នៅជិតផ្លូវក្រវាត់ក្រុងទី៤ និងទីតាំងរមណី​យដ្ឋានភ្នំតាម៉ៅផងដែរ”។

លោកចាប ពៅបានបន្តថា បន្ថែមលើសនេះ គម្រោងវិនិយោគធំៗជាច្រើនគ្រោងមកបណ្ដាក់ទុន ដូចជា គម្រោងរមណីយដ្ឋានខ្នាតអន្តរជាតិលំដាប់ខ្ពស់ ទំហំជាង៥០ហិចតា និងគម្រោងបុរីរបស់ក្រុមហ៊ុនផ្សេងៗទៀត។ អ្វីដែលសំខាន់ជាងនេះ ការអភិវឌ្ឍលើបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង គឺមានគ្រប់គ្រាន់ ដោយមិនមានភាពខ្វះខាតឡើយ ដែលនេះនឹងបង្កលក្ខណៈកាន់តែងាយស្រួលដល់ការរស់នៅរបស់អតិថិជន។

លោកអះអាងថា “ទីតាំងនេះមានសក្តានុពលល្អបំផុតនេះ នឹងជំរុញឱ្យ ការវិនិយោគនៅលើបុរី HK Residence ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ នឹងអាចផ្តល់ផលចំណេញខ្ពស់ មួយគុណនឹងពីរ”។

សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ទិញ អញ្ចើញមកមើលទីតាំងថ្ងៃនេះ នឹងអាចរើសទីតាំងល្អបានមុនគេ។ សម្រាប់ការបង់ប្រាក់ អតិថិជនអាចទទួលបានការសម្រួលឯកសារ រត់ការធ្វើប្លង់ជូន សម្រាប់ការខ្ចីពីធនាគារក្នុងអត្រាការប្រាក់ទាបបំផុត ពីធនាគារដៃគូរជាច្រើនរបស់បុរី៕