រុស្ស៊ីងាកទៅសម្រុកទិញរថយន្តមួយទឹករបស់ជប៉ុន ខណៈផលិតកម្មក្នុងស្រុកដាំក្បាលចុះ

សុខុម

 

មូស្គូ: ខណៈឧស្សាហកម្មរថយន្តក្នុងស្រុកដាំក្បាលចុះខ្លាំងដោយសារផលប៉ះពាល់ពីទណ្ឌកម្មរបស់លោកខាងលិច ប្រទេសរុស្ស៊ី បានងាកទៅសម្រុកទិញរថយន្តមួយទឹក ដោយក្នុងនោះរថយន្តមួយទឹករបស់ជប៉ុន គ្របដណ្ដប់ជាង៣ភាគ៤នៃរថយន្តដែលត្រូវបាននាំចូល។

 

យោងតាមទិន្នន័យដែលទីភ្នាក់ព័ត៌មាន Reuters ទទួលបាន និងចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឱ្យដឹងថា ការលក់រថយន្តថ្មីដែលផលិតក្នុងប្រទេសរុស្ស៊ី បានសំយ៉ុងក្បាលចុះខ្លាំងចាប់តាំងពីរដ្ឋាភិបាលក្រុងមូស្គូ បានបញ្ជូនទាហានរាប់សែននាក់ចូលឈ្លានពានប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំនេះ ដែលនាំឱ្យលោកខាងលិច និងបណ្ដាសម្ព័ន្ធមិត្តដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៅលើរុស្ស៊ី។

 

ការដាក់ទណ្ឌកម្មទាំងនេះដែលធ្ងន់ធ្ងរបំផុតមិនធ្លាប់មានបានធ្វើឱ្យរុស្ស៊ី ពិបាករកទិញគ្រឿងបន្លាស់ ហើយក្រុមហ៊ុនផលិតបរទេសមួយចំនួនក៏បានផ្អាកដំណើរការនៅក្នុងប្រទេសនេះ។

 

ធនាគារកណ្តាលរបស់រុស្ស៊ី បាននិយាយកាលពីចុងខែមុនថា ការដកខ្លួនចេញរបស់ក្រុមហ៊ុនទាំងនោះបូករួមរូបិយប័ណ្ណរុស្ស៊ី រូប៊ល (Rouble) ឡើងថ្លៃផងនោះ បានជំរុញឱ្យតម្រូវការរថយន្តមួយទឹកពីតំបន់អាស៊ី កើនឡើងខ្ពស់ ដោយបញ្ហាប្រឈមផ្នែកដឹកជញ្ជូនធ្វើឱ្យតម្លៃហក់ឡើងខ្ពស់ប្រមាណ១០%ក្នុងខែកញ្ញា បើធៀបនឹងដើមឆ្នាំនេះ។

 

ការនាំចូលដែលធ្លាប់តែគ្របដណ្ដប់ប្រមាណ១ភាគ៥ នៃទំហំទីផ្សាររុស្ស៊ី និងដែលស្មើពាក់កណ្ដាលនៃប្រាក់ចំណូលមិនទាន់បានធូរស្រាលនៅឡើយទេ។

ទិន្នន័យពីទីភ្នាក់ងារវិភាគរបស់រុស្ស៊ី Autostat បានបង្ហាញថា ការនាំចូលរថយន្តថ្មីៗក្នុងខែសីហា គឺទាបជាងកម្រិតក្នុងខែកុម្ភៈ ប៉ុន្តែរថយន្តមួយទឹកបានកើនឡើងទ្វេដងពី១១.០៥៥គ្រឿងឈានដល់២៣.១១៧គ្រឿង។

 

ទិន្នន័យដដែលបង្ហាញថា ៧៦%នៃរថយន្តមួយទឹកត្រូវបាននាំចូលពីប្រទេសជប៉ុន ហើយទី២ គឺប្រទេសបេឡារូស ដែលមានចំនួន៥,៣%។

 

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan កាលពីខែមុនបានខាតបង់រហូតដល់ទៅ៦៨៦លានដុល្លារអាមេរិក ក្រោយពីសុខចិត្តប្រគល់អាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ឱ្យទៅក្រុមហ៊ុនរដ្ឋរុស្ស៊ី កាន់កាប់ជាថ្នូរនឹងប្រាក់១អឺរ៉ូ ខណៈក្រុមហ៊ុនជប៉ុន មួយទៀតគឺ Toyota បានបញ្ចប់ការផលិតរថយន្តនៅក្នុងប្រទេសនេះតែម្ដង៕

ប្រទេសចិន បញ្ជាទិញយន្តហោះម្ដង Airbus ដល់ទៅ១៤០គ្រឿងក្នុងតម្លៃ១៧ពាន់លានដុល្លារ

សុខុម

 

ប៉េកាំង: ទីភ្នាក់ងារផ្គត់ផ្គង់អាកាសចរណ៍ចិន (CAS) បានទម្លាយឱ្យដឹងតាមរយៈសេចក្ដីថ្លែងការណ៍ថា ខ្លួនបានចុះហត្ថលេខាបញ្ជាទិញយន្តហោះ Airbus ចំនួន១៤០គ្រឿងដែលមានតម្លៃសរុបរហូតដល់ទៅប្រមាណ១៧ពាន់លានដុល្លារអាមេរិក កាលពីថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា។

ពិធីចុះកិច្ចព្រមព្រៀងជាផ្លូវការនេះបានធ្វើឡើងអំឡុងដំណើរទស្សនកិច្ចរបស់អធិការបតីអាល្លឺម៉ង់ លោក Chancellor Olaf Scholz ទៅកាន់ប្រទេសចិន។

 

ក្រុមហ៊ុនអាកាសចរណ៍ “ធំទាំង៣” របស់ប្រទេសចិន កាលពីខែកក្កដា បានសន្យាទិញយន្តហោះសរុបចំនួន២៩២គ្រឿង ដែលធ្វើឱ្យវាក្លាយជាការបញ្ជាទិញដ៏ធំបំផុតមិនធ្លាប់មានពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍ចិន ចាប់តាំងពីវិបត្តិកូវីដ-១៩ មក ហើយវាជាជោគជ័យដ៏ធំសម្បើមមួយសម្រាប់អឺរ៉ុប ខណៈក្រុមហ៊ុនផលិតយន្តអាមេរិក Boeing មិនអាចចូលទីផ្សារប្រទេសចិន បាននៅពេលនេះដោយសារភាពតានតឹងផ្នែកនយោបាយ។

 

ក្រុមហ៊ុន Boeing ដែលបានចាប់ផ្ដើមលក់ឡើងវិញនូវយន្តហោះដែលដំបូងឡើយផលិតសម្រាប់លក់ឱ្យប្រទេសចិន បានប្រាប់វិនិយោគិនកាលពីថ្ងៃពុធ ទី០២ ខែវិច្ឆិកា ថា ខ្លួនអាចនឹងសម្រេចគោលដៅរបស់ខ្លួនដោយមិនចាំបាច់ពឹងផ្អែកលើទីផ្សារប្រទេសចិន ដែលជាធម្មតាគ្រាប់បណ្ដប់១ភាគ៤នៃការនាំចេញរបស់លោកខាងលិច។

 

ក្រុមហ៊ុននិយាយថា កិច្ចព្រមព្រៀងទិញយន្តហោះកាលពីថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា នេះរួមបញ្ចូលទាំងយន្តហោះធុន A320 និងយន្តហោះ A350 ៨គ្រឿងរបស់ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប មួយនេះផងដែរ៕ Reuters៕

ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនឹងជំរុញឱ្យសកម្មភាពទិញលក់អចលនទ្រព្យមានសន្ទុះកំណើន

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្នុងបរិបទបច្ចេកវិទ្យាកំពុងមានការរីកចម្រើនជាលំដាប់ ការប្រើប្រាស់បច្ចកវិទ្យាឌីជីថលនៅក្នុងអាជីវកម្មកាន់តែមានកំណើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង នៅក្នុងវិស័យអចលនទ្រព្យ  ប្រតិបត្តិករជាច្រើនបាន និងកំពុងប្រើប្រាស់បច្ចកវិទ្យាឌីជីថល នៅក្នុងអាជីវកម្ម ដើម្បីបង្កើននូវទំហំ នៃការទិញលក់អចលនទ្រព្យកាន់តែមានសន្ទុះកំណើន។

លោក សុង ហេង នាយកប្រតិបត្តិក្រុមហ៊ុន Z1 Flexible Solution បានមានប្រសាសន៍ឱ្យដឹងថាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នៅក្នុងវិស័យអចលនទ្រព្យនេះ នឹងជួយដល់ភ្នាក់ងារអចលនទ្រព្យឱ្យមានពេលវេលាគ្រប់គ្រាន់ ឬអាចមានពេលវេលា ក្នុងការធ្វើអ្វីបានផ្សេងទៀត ដូច្នេះវាជួយច្រើនណាស់ទៅដល់ភ្នាក់ងាររបស់យើង។

លោកបន្តថា តាមរយៈរបាយការណ៍ ដែលបង្ហាញដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានឱ្យដឹងថា កំណើននៃអ្នកប្រើប្រាស់ទូរសព្ទដៃចល័ត និងអ្នកប្រើប្រាស់អ៊ីនធើណេត នៅក្នុងប្រទេសកម្ពុជា បានកើនឡើងជាបន្តបន្ទាប់។ ដូច្នេះ យើងរំពឹងថាការដាក់បញ្ចូលប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ទៅក្នុងអាជីវកម្មវិស័យអចលនទ្រព្យ នឹងមានអ្នកប្រើប្រាស់កាន់តែច្រើន ហើយក្នុងនាមជាក្រុមហ៊ុនប្រតិបត្តិករក្នុងវិស័យអចលនទ្រព្យ យើងនឹងជំរុញឱ្យភ្នាក់ងារអចលនទ្រព្យក្នុងគ្រុប Century 21 យល់ដឹងនឹងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែច្រើន។

អ្នកស្រី ហ្គ្រេស រចនី អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia ក៏បានលើកឡើងផងដែរថា បច្ចេកវិទ្យាឌីជីថលនឹងអាចជួយភ្នាក់ងារពន្លឿន នូវការបិទការទិញលក់អចលនទ្រព្យ ថែមទាំងជួយសម្រួលការទិញលក់អចលនទ្រព្យបានលឿនផងដែរ។

អ្នកស្រីបន្តថា “បណ្ដាប្រទេសជាច្រើននៅលើពិភពលោក បានប្រើប្រាស់ប្រព័ន្ធតិចណូឡូជីច្រើនណាស់ ហើយគេក៏បានផលច្រើន ពីការប្រើប្រាស់នៃប្រព័ន្ធតិចណូឡូជីនេះដែរ។ សម្រាប់កម្ពុជាក៏គួរតែជំរុញឱ្យប្រព័ន្ធបច្ចេកវិទ្យានេះ ក្នុងវិស័យអចលនទ្រព្យ កាន់តែទំនើប និងមានការប្រើប្រាសទូលំទូលាយផងដែរ ដែលនឹងអាចជំរុញឱ្យមានការធ្វើប្រតិបត្តិការទិញលក់បានច្រើនជាងមុន”៕

អ្នកជំនាញ៖ ការវិនិយោគខុនដូជាខុនដូតែលជាជម្រើសវិនិយោគថ្មីមួយដ៏ឆ្លាតវៃ

ដោយ៖ សុផារី

ភ្នំពេញ៖ ខុនដូថែល ជានិន្នាការថ្មីមួយ ដែលមិនសូវជាពេញនិយមច្រើនឡើយនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែវាមិនមែនជាពាក្យថ្មីឡើយសម្រាប់ទីផ្សារអចលនទ្រព្យសកល។ អ្នកជំនាញលើកឡើងថា ការកែច្នៃខុនដូចេញជាអូតែល ជាជម្រើសវិនិយោគដ៏ឆ្លាតវៃមួយថ្មី ព្រោះវាបានផ្តល់នូវភាពងាយស្រួលនិងចំណាយទុនវិនិយោគតិចជាងមុន។

លោក ខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA បានប្រាប់គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះថា ខុនដូតែលមិនមែនជារឿងថ្មីឡើយនៅក្នុងទីផ្សារ ប៉ុន្តែវាជារឿងថ្មីសម្រាប់បរិបទប្រទេសកម្ពុជា។ ខុនដូតែល គឺជាការប្រើប្រាស់អាគារខុនដូ ធ្វើជាអូតែល សម្រាប់ការស្នាក់នៅភ្ញៀវក្នុងរយៈពេលខ្លី ឬមធ្យម។

លោកមានប្រសាសន៍ថា ខុនដូតែលចាប់ផ្តើមក្លាយជាការពេញនិយម ដោយសារហេតុផលសំខាន់ៗមួយចំនួន។ ទី១ គឺអ្នកវិនិយោគមិនចាំបាច់ទិញដីដើម្បីធ្វើការសាងសង់នោះទេ ដោយអ្នកវិនិយោគគ្រាន់តែកាន់កាប់អាគារខុនដូ១ឬ២ជាន់មានចំនួន៥០យូនីតក៏អាចប្រែក្លាយជាអាគារសណ្ឋាគារសម្រាប់ស្នាក់នៅបាន។

លោកបន្តថា ហេតុផលទី២ គឺ អ្នកវិនិយោគមិនចាំបាច់ត្រូវចំណាយលើតម្លៃនៃសេវាកម្មមួយចំនួន (Operation cost) ដូចជាការធ្វើប្រតិបត្តិការសណ្ឋាគារបច្ចុប្បន្ននោះទេ។ លោកបានបញ្ជាក់ថា នៅក្នុងការបើកអូតែលធម្មតា ឬ Traditional Hotel មានថ្លៃចំណាយលើ Operation Cost ជាច្រើន ដូចជា បុគ្គលិកផ្នែកសំអាត ផ្នែកប្រតិបត្តិការ ផ្នែកអាហារ ផ្នែកទទួលភ្ញៀវ ។ល។ ខណៈការបើកដំណើរការខុនដូតែលមានManagement fee រួចរាល់ហើយ មានឧបករណ៍ផ្តល់ភាពងាយស្រួលមួយចំនួនស្រាប់ទៅហើយ ដូចជា អាងហែលទឹក ជាដើម។

លោកថា “ដូច្នេះអ្វីដែលអ្នកវិនិយោគត្រូវការកឺការគ្រប់គ្រងអតិថិជនតែប៉ុណ្ណោះ។ យើងចំណេញលើកម្លាំងពលកម្ម និងប្រតិបត្តិការបានច្រើន”។

ចំណុចទី៣ នោះគឺ ការផ្តល់នូវតម្លៃល្អមួយ។ លោកលើកឧទាហរណ៍ប្រៀបធៀបជាក់ស្តែងថា ប្រសិនបើវិនិយោគិនចំណាយ១០ម៉ឺនដុល្លារសម្រាប់ការសាងសង់អូតែលធម្មតា នោះ៥០យូនីត វិនិយោគិនត្រូវចំណាយ៥លានដុល្លារអាមេរិក បូកផ្សំនឹងតម្លៃដីធ្លី និងតម្លៃសេវាកម្មដែលត្រូវជួលកម្លាំងពលកម្មទៀតនោះ នឹងចំណាយមិនតិចជាង២០ទៅ៣០លានដុល្លារអាមេរិកនោះទេ។ ផ្ទុយទៅវិញ ប្រសិនបើយើងចំណាយទិញខុនដូ ហើយកែច្នែជាខុនដូថែល នោះអ្នកវិនិយោគមិនចាំបាច់ត្រូវបារម្ភ និងឈឺក្បាលឡើយ។

ទោះបីជានិន្នាការនេះមិនទាន់មានការពេញនិយមខ្លាំងនាពេលបច្ចុប្បន្នក្តី អ្នកជំនាញខុនដូរូបនេះ ជឿជាក់ថា ប្រសិនបើវិនិយោគិនដែលមានភាពវៃឆ្លាត ពេលនេះជាឱកាសល្អបំផុតសម្រាប់ការវិនិយោគលើនិន្នាការថ្មីមួយនេះ៕

គ្រឹះស្ថានអង្គររកចំណូលបានជាង៦លានដុល្លារអាមេរិកពីភ្ញៀវទេសចរជាង១៦ម៉ឺននាក់ក្នុងរយៈពេល១០ខែនេះ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្នុងរយៈពេល១០ខែ គ្រឹះស្ថានអង្គរ អាចរកចំណូលបានជាង៦លានដុល្លារ ពីទេសចរអន្តរជាតិប្រមាណ ១៦ម៉ឺននាក់ ដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ គិតចាប់ពីខែមករា ដល់ខែតុលាឆ្នាំ២០២២ មានភ្ញៀវទេសចរចំនួន១៦៩.៣៤៩នាក់ បានទិញបណ្ណទស្សនានៅរមណីយដ្ឋានអង្គរ ដែលស្មើនឹង៦.៧៦១.៨០៣ដុល្លារ កើនជាង២ពាន់ភាគរយ។

ដោយឡែក ក្នុងខែតុលា គ្រឹះស្ថានអង្គរអាចរកចំណូលបាន១.៣៩៩.៦៧៤ដុល្លារ ពីទេសចរចំនួន៣៤.១៩៧នាក់ ដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ ចំណូលនេះកើនឡើងជិត៣ពាន់ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ក្រៅពីចំណូលនៅរមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរក៏បង្ហាញចំណូល និងចំនួនទេសចរនៅប្រាសាទកោះកែរផងដែរ។ រយៈពេល១០ខែនេះ ប្រាសាទកោះកែរ រកចំណូលបាន៤៧.៤៩០ដុល្លារពីទេសចរ៣.១៦៦នាក់។

មុនពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ ឧទ្យានអង្គរទទួលបានភ្ញៀវទេសចរអន្តរជាតិរហូតដល់ ២,២លាននាក់ក្នុងឆ្នាំ២០១៩ ដែលរកចំណូលបាន៩៩លានដុល្លារពីការលក់សំបុត្រ៕

ការដោះដូរអចលនទ្រព្យនៅកម្ពុជាបច្ចុប្បន្នមានចន្លោះពី៨០០ទៅ១ពាន់ករណីក្នុងមួយខែ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ទោះស្ថានភាពអចលនទ្រព្យក្នុងឆ្នាំ២០២២នេះមានភាពថមថយទាំងការវិនិយោគ និងការទិញលក់អចលនទ្រព្យ ប៉ុន្តែការដោះដូរទិញលក់ និងផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ក្នុងមួយខែយ៉ោងហោចណាស់ក៏មានប្រមាណពី៨០០ករណី ទៅ១០០០ករណីដែរ។

នេះបើតាមការបញ្ជាក់របស់លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោកបានបញ្ជាក់ថា តាមទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ការដោះដូរអចលនទ្រព្យក្នុងមួយខែ មានចន្លោះពី៨០០ ទៅ១០០០ករណី។ ចំណែក ទំហំសាច់ប្រាក់នៃការដោះដូរអចលនទ្រព្យក៏មានការប្រែប្រួល ទៅតាមតម្លៃអចលនទ្រព្យ ដែលបានដោះដូរ ក្នុងមួយខែៗនេះដែរ។

លោកបន្តថា ការដោះដូរអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា បានបែងចែកជាពីរ ទី១ គឺការដោះដូរដោយផ្ដល់នូវប្រាក់កម្ចី ជាផ្នែកមួយនៃការវិនិយោគអចលនទ្រព្យដែលមានស្រាប់ ដោយពេលខ្លះពួកគាត់មិនដោះដូរជាប្លង់ទេ តែគាត់គ្រាន់តែទទួលបាននូវប្រាក់កម្ចី សម្រាប់ការវិនិយោគបន្ថែម ឬគេឱ្យឈ្មោះថា Real Estate Investment។

លោកបានបន្តទៀតថា “ក្នុងឆ្នាំ២០២១ និង២០២២នេះ ចំនួននៃការដោះដូរអចលនទ្រព្យ គឺមានប្រហាក់ប្រហែលគ្នា។ ដោយឡែក យើងឃើញថា កាលពីឆ្នាំ២០២០ ជាការចាប់ផ្ដើមនៃវិបត្តិកូវីដ១៩ និងអាចសល់ចំហាយ នៃការរីកចម្រើនកាលពីឆ្នាំ២០១៩ កាលនោះការដោះដូរមានចំនួនច្រើន តែឆ្នាំ២០២១ និង២០២២នេះ ការដោះដូរក្នុងមួយខែៗមានទំហំប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ”។

បើយោងតាមបណ្ដាភ្នាក់ងារអចលនវត្ថុ នៅតាមបណ្ដាខេត្តនានា បានបង្ហាញផងដែរថាសកម្មភាពនៃការទិញលក់អចលនទ្រព្យ នាពេលបច្ចុប្បន្ននេះ ឃើញថាមានការថមថយ ប៉ុន្តែមិនស្ងប់ស្ងាត់ខ្លាំងនោះទេ។ អ្នកស្វែងរកទិញដី និងទិញអចលនទ្រព្យនៅតែបន្តស្វែងរក ហើយពួកគាត់កំពុងសម្លឹងមើលអចលនទ្រព្យណា ដែលអាចឱ្យពួកគេចំណេញប្រាក់បានខ្ពស់ ឬមានសក្ដានុពលក្នុងការវិនិយោគនៅពេលអនាគត។

ការដោះដូរអចលនទ្រព្យនៅកម្ពុជា ក៏ត្រូវបានអ្នកជំនាញបង្ហាញឱ្យដឹងថា បើធៀបជាមួយនឹងបណ្ដាប្រទេសជិតខាង កម្ពុជានៅតែមានការដោះដូរច្រើនជាង ដោយសារតែតម្លៃអចលនទ្រព្យនៅកម្ពុជានៅមានកម្រិត ដែលអាចឱ្យវិនិយោគិនទិញ ហើយទុកចំនេញ ចំណេញខ្ពស់ និងបានជឿថា នៅពេលអនាគតស្ថានភាពវិនិយោគអចលនទ្រព្យនឹងល្អប្រសើរ៕

ប្រទេសកម្ពុជារំពឹងកំណើនសេដ្ឋកិច្ចរង្វង់៦នៅឆ្នាំ២០២៣ ខណៈអតិផរណាថយចុះមកត្រឹម៤,៤ភាគរយ

ដោយ៖ សុផារី

ភ្នំពេញ៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា សេដ្ឋកិច្ចរបស់កម្ពុជារំពឹងថានឹងបន្ដកើនឡើងខ្ពស់ក្នុងរង្វង់៥ភាគរយនៅឆ្នាំនេះ និង៦ភាគរយ នៅឆ្នាំ២០២៣ ខណៈអតិផរណាថយចុះមកត្រឹម៤,៤ភាគរយប៉ុណ្ណោះ។

ការលើកឡើងរបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងឱកាសក្នុងជំនួបសវនាការជាមួយលោក Stefan MESSERER ឯកអគ្គរដ្ឋទូតនៃស្ថានទូតអាល្លឺម៉ង់ថ្មីប្រចាំកម្ពុជា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ជា ចាន់តូ បានមានប្រសាសន៍ថា “ស្ថានភាពសេដ្ឋកិច្ចកម្ពុជារំពឹងថា អត្រាកំណើនសេដ្ឋកិច្ចនឹងបន្តកើនឡើងខ្ពស់ជាងឆ្នាំកន្លងទៅ ក្នុងរង្វង់៥ភាគរយ នៅឆ្នាំ២០២២ និង៦ភាគរយនៅឆ្នាំ២០២៣។ ការបន្តងើបឡើងនេះ ត្រូវបានគាំទ្រដោយប្រសិទ្ធភាព នៃការគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ១៩ និងការអនុវត្តគោលនយោបាយគាំទ្រ សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល”។

លោកបានបញ្ជាក់ថា ចំពោះអត្រាអតិផរណាបានថយចុះជាលំដាប់មកនៅត្រឹមប្រមាណ៤,៤ភាគរយ ជាមួយនឹងស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក បើទោះបីតម្លៃប្រាក់ដុល្លារអាមេរិកមាននិន្នាការកើនឡើង ក្រោមឥទ្ធិពលនៃការបង្កើនអត្រាការប្រាក់គោល នៅសហរដ្ឋអាមេរិក។ ដោយឡែកប្រព័ន្ធធនាគារកម្ពុជាបន្តមានភាពរឹងមាំ និងរួមចំណែកយ៉ាងសកម្ម ក្នុងការបន្ថយផលប៉ះពាល់នៃវិបត្តិ និងគាំទ្រកំណើន។

លោក Stefan MESSERER បានថ្លែងថា កម្ពុជានឹងសម្រេចបានកំណើនដូចមុនវិបត្តិកូវីដ១៩ ក្នុងរយៈពេលខ្លីខាងមុខនេះ តាមរយៈការសម្រេចបានកំណើនដូចមុនវិបត្តិកូវីដ១៩របស់កម្ពុជា នឹងធ្វើឲ្យកម្ពុជាបានត្រៀមខ្លួន រួមចំណែកទាក់ទាញការវិនិយោគ ទេសចរណ៍ និងពង្រឹងទំនាក់ទំនងវិស័យសេដ្ឋកិច្ច នៃប្រទេសទាំងពីរកម្ពុជាអាលឺម៉ង់ឱ្យមានការកើនឡើងថែមជាលំដាប់ផងដែរ៕

ប្រទេសកម្ពុជាលើកទឹកចិត្តការវិនិយោគិនពីជប៉ុនបន្ថែមទៀត ខណៈរោងចក្រតម្លើងយានយន្ត Toyota នឹងបើកនៅកម្ពុជាឆាប់ៗ

ដោយ៖ សហការី

ភ្នំពេញ៖ ប្រទេសកម្ពុជាលើកទឹកចិត្តដល់បណ្តាវិនិយោគិនជប៉ុន មកវិនិយោគនៅកម្ពុជា ក្នុងនោះមានការវិនិយោគជាច្រើនពីក្រុមហ៊ុនជប៉ុននៅកម្ពុជា ជាក់ស្តែងក្រុមហ៊ុនតូយ៉ូតាជប៉ុន ដែលនឹងគ្រោងនឹងបើកប្រតិបត្តិការរោងចក្រតម្លើងយានយន្ត នៅកម្ពុជាឆាប់ៗខាងមុខនេះ និងផ្សារ AEON Malls ជាដើម។

ក្នុងកិច្ចពិភាក្សាការងារជាមួយលោក Masahiro MIKAMI ឯកអគ្ដរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី៣ ខែវិច្ឆិកា លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា “សូមការស្វាគមន៍ ចំពោះរាល់គម្រោងវិនិយោគនានា ក្នុងវិស័យឯកជន ជាពិសេស គម្រោងបង្កើតរោងចក្រតម្លើងយានយន្តរបស់ក្រុមហ៊ុនតូយ៉ូតា (Toyota Vehicle Assembly) នៅកម្ពុជា ដែលនេះជាការលើកស្ទើយ ដល់វិស័យវិនិយោគឯកជន និងក៏ជាការផ្តល់នូវទំនុកចិត្តដ៏សំខាន់ទៅដល់វិនិយោគិន មកពីប្រទេសជប៉ុន និងប្រទេសដទៃហើយក៏ជាការនាំមកនូវកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនជប៉ុន មកកាន់កម្ពុជា”។

រាជរដ្ឋាភិបាលកម្ពុជា គាំទ្រចំពោះផែនការគម្រោងវិនិយោគ និងលើកទឹកចិត្តដល់បណ្តាវិនិយោគិនជប៉ុន និងខិតខំបន្តជំរុញបន្ថែម ទៅកាន់ស្ថាប័នពាក់ព័ន្ធ ដើម្បីអាចផ្តល់ឱកាស និងជំរុញបរិយាកាសអំណោយផលវិនិយោគ សម្រាប់វិនិយោគិនជប៉ុនបន្ថែមទៀត។

លោក Masahiro MIKAMI បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានអបអរសាទដែលរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចបាននូវសមិទ្ធិផលថ្មីមួយទៀត គឺការដាក់អនុវត្តជាផ្លូវការ “ក្របខណ្ឌគោលនយោបាយជាតិ ផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥”។

 

 

លោកឯកអគ្គរាជទូតជប៉ុន ស្នើសុំនូវកិច្ចអន្តរាគមន៍ និងការជួយគាំទ្របន្ថែមទៀតលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ក្នុងទិសដៅទាក់ទាញការវិនិយោគពីវិស័យឯកជន និងវិនិយោគិនជប៉ុនចូលមកកម្ពុជាបន្ថែមទៀត៕

ដំណឹងល្អ ផ្លូវជាតិលេខ៦៧នឹងត្រូវសាងសង់លើកកម្រិតក្នុងពេលឆាប់ៗនេះ ក្នុងទំហំទឹកប្រាក់៣០លានដុល្លារអាមេរិក

ដោយ៖ សុផារី

ភ្នំពេញ៖ ប្រទេសកម្ពុជា និងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងលើកកម្រិតផ្លូវជាតិលេខ៦៧ តភ្ជាប់ខេត្តសៀមរាប ទៅស្រុកអន្លង់វែង-ជាំសាង៉ាំ ដែលមានទឹកប្រាក់សរុប៩៨៣លានបាត (ស្មើ៣០លានដុល្លារអាមេរិក) នៅថ្ងៃសុក្រទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ភាគីខាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយលោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ និងភាគីខាងរាជរដ្ឋាភិបាលថៃ តំណាងដោយលោក Perames Vudthitornetiraks ប្រធានទីភ្នាក់ងារ សហប្រតិបត្តិការអភិវឌ្ឍន៍ សេដ្ឋកិច្ច នៃបណ្តាប្រទេសជិតខាង (NEDA)។

លោក Perames Vudthitornetiraks បានមានប្រសាសន៍ថា បច្ចុប្បន្ន NEDA កំពុងដើរតួនាទីជា ដៃគូអភិវឌ្ឍន៍ដ៏សកម្មមួយរបស់កម្ពុជា ដោយផ្តោតសំខាន់ទៅលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងគោលដៅពន្លឿនការតភ្ជាប់រវាងប្រទេសទាំង២ឱ្យកាន់តែប្រសើរឡើង ហើយផ្លូវជាតិលេខ៦៧នេះ គឺជាច្រកមួយដ៏សំខាន់ក្នុងការបម្រើឱ្យគោលដៅនេះ។

លោកប្រធាន NEDA ក៏បានបន្តទៀតផងដែរថា ក្រៅអំពីកិច្ចសហប្រតិបត្តិការវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ NEDA ក៏មានបំណងបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យផ្សេងៗទៀតផងដែរនាពេលអនាគត រួមមាន កិច្ចសហប្រតិបត្តិការលើវិស័យរចនាសម្ព័ន្ធរូបវ័ន្តសាធារណ: ថាមពល សុខាភិបាល និងការអភិវឌ្ឍទីក្រុងជាដើម។

លោក វង្សី វិស្សុត បានសម្តែងនូវក្តីសោមន្សរីករាយ ដែលរាជរដ្ឋាភិបាលថៃ បានអនុម័តឥណទាន សម្រាប់គម្រោងលើក កម្រិតផ្លូវជាតិលេខ៦៧ (សៀមរាប-អន្លង់វែង-ជាំ/សាង៉ាំ) ប្រវែងប្រមាណ១៣៥គីឡូម៉ែត្រ ព្រោះថាផ្លូវជាតិលេខ៦៧នេះ គឺជាច្រកដ៏សំខាន់មួយ ក្នុងការតភ្ជាប់ប្រទេសកម្ពុជា និងប្រទេសថៃ ដោយតភ្ជាប់ខេត្តសៀមរាប និងភាគខាងជើងនៃប្រទេសកម្ពុជាទៅនឹងខេត្តស៊ីសាកេត និងភាគឦសាននៃប្រទេសថៃ។

 

ការធ្វើឱ្យប្រសើរឡើងវិញនូវផ្លូវដ៏សំខាន់នេះ នឹងជួយធ្វើឱ្យការធ្វើចរាចរណ៍ និងការដឹកជញ្ជូនឱ្យកាន់តែប្រសើរឡើង ហើយកាន់តែមានសុវត្ថិភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងចំណាយតិចជាងមុន ដែលនឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន និងជំរុញទេសចរណ៍រវាងប្រទេសទាំងពីរ ព្រមទាំងអាចផ្តល់ជាឱកាសវិនិយោគ និងធុរកិច្ចនិងចូលរួមចំណែកលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋទាំងពីរប្រទេសផងដែរ។

ជាងនេះទៅទៀត ផ្លូវនេះនឹងមិនត្រឹមតែធ្វើឱ្យប្រសើរឡើង នូវការតភ្ជាប់ផ្ទៃក្នុងរបស់កម្ពុជា និងជាមួយប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការតភ្ជាប់ ក្នុងតំបន់នៅក្នុងតំបន់ GMS និងអាស៊ានផងដែរ។ លោកបានបន្តថា ផ្លូវជាតិលេខ៦៧ធ្លាប់ត្រូវបានស្តារ និងសាងសង់ឡើងវិញក្រោមហិរញ្ញប្បទាន សម្បទានរបស់រាជរដ្ឋាភិបាលថៃនៅឆ្នាំ២០០៦ និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅខែកក្កដា ឆ្នាំ២០០៩។ បន្ទាប់ពីបានដាក់ប្រើប្រាស់ជាងមួយទសវត្សរ៍ ផ្លូវនេះពិតជាត្រូវការជួសជុល និងកែលម្អឡើងវិញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍកម្ពុជានាពេលបច្ចុប្បន្ន។

លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា កិច្ចព្រមព្រៀងឥណទានសម្បទាន ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះមិនត្រឹមតែបានឆ្លុះបញ្ចាំងពីភាពជាអ្នកជិតដ៏ល្អរវាងកម្ពុជា-ថៃ ដែលមានព្រពៃណី ទំនាមទំម្លាប់ស្រដៀងគ្នាប៉ុណ្ណោះទេ តែក៏ជាដៃគូដ៏ល្អផងដែរ៕

CDC អនុម័តបង្កើតរោងចក្រពីរកន្លែង​ទុនវិនិយោគ១៤លានដុល្លារនៅខេត្តកណ្តាលនិងកំពង់ស្ពឺ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចអនុម័តគម្រោងបង្កើតរោងចក្រចំនួនពីរកន្លែង នៅខេត្តកណ្តាល និងកំពង់ស្ពឺ ដែលមានទុនវិនិយោគសរុបចំនួន១៤លានដុល្លារ បង្កើតការងារប្រមាណជាង ២ពាន់កន្លែង។

យោងតាមការចេញផ្សាយផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-“NEW SHUI YAT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ថង់ប្លាស្ទិក និងអេប៉ុង ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៨,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៣៥៨កន្លែង។

២- “KANJIN (CAMBODIA) LUGGAGE CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២១B ភូមិអន្លង់សាន្ត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៧០កន្លែង៕