តើហេដ្ឋារចនាសម្ព័ន្ឋដើរតួនាទីសំខាន់ដូចម្តេចក្នុងការជ្រើសរើស ជាទីតាំងសម្រាប់រស់នៅ?

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ហេដ្ឋារចនាសម្ព័ន្ឋរាប់ចាប់ពីផ្លូវជាតិ និងផ្លូវក្រវ៉ាត់ក្រុងនានាពិតជាដើរតួនាទីសំខាន់ណាស់ សម្រាប់ការសម្រេចចិត្តទិញលំនៅដ្ឋាននៅបុរីណាមួយ។

ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ឋ អ្នករស់នៅទីក្រុងភ្នំពេញក៏បានគិតដល់សេវាកម្មបំរើឲ្យការរស់នៅ ដើម្បីមានភាពងាយស្រួលផងដែរ ដូចជា ផ្សារទំនើប ផ្សារសហគមន៍ ស្ថានីយ៍ប្រេងឥន្ឋនៈ ហាងកាហ្វេជាដើម។

ដោយមើលឃើញរសនិយមនេះ និងឆ្លើយតបនឹងតម្រូវការអតិថិជន​ទើបថ្នាក់ដឹកនាំបុរីបុស្បា បានសម្រេចចិត្តជ្រើសរើសទីតាំងមួយ ដែលមានភាពងាយស្រួល ក្នុងការធ្វើដំណើរតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៣ លេខ៣ ផ្លូវក្រវ៉ាត់ក្រុងទី២ ទី៣ និងជាតំបន់ព័ន្ឋជុំវិញដោយផ្សារទំនើបដូចជា ផ្សារទំនើបAEON Mall3 ផ្សារ Mini Mart Luckyជាដើម។

លោកអ៉ី ពិសិដ្ឋក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃគណកម្មការទីផ្សារបុរីបុស្បា បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ឆ្លើយតបនឹងរសនិយម ដែលសាងសង់ផ្ទះតាមបែបClassic និងសមស្របជាមួយលក្ខខ័ណ្ឌអាកាសធាតុ និងមានភាពបៃតង ការគិតគូពីទីតាំងសំរាប់ការរស់នៅពិតជាមានសារៈសំខាន់ ដែលយើងមិនអាចមើលរំលងបាន។

លោកបន្តថា “មើលឃើញពីចំណុចសំខាន់នេះហើយ ទើបយើងសម្រេចចិត្តជ្រើសរើសទីតាំងនេះ សម្រាប់សាងសង់បុរី ដើម្បីផ្តល់ឲ្យអ្នករស់នៅមានភាពងាយស្រួល ក្នុងការធ្វើដំណើរកំសាន្ត ទៅតាមបណ្តាខេត្តផង និងសម្រួលដល់ការរស់នៅផង”។

បុរីបុស្បា មានទីតាំងនៅក្នុងសង្កាត់ព្រែវែង ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកអ៉ី ពិសិដ្ឋបានបន្តឲ្យដឹងទៀតថា ជាមួយនឹងល្បឿននៃការសាងសង់ផ្ទះ ការលក់របស់យើង ក៏សម្រេចបានវឌ្ឍនភាពយ៉ាងប្រសើរផងដែរ ពិសេសយើងមានលក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួល និងសម្រួលបត់បែនតាមស្ថានភាពលំហូរសាច់ប្រាក់របស់អតិថិជនផងដែរ ព្រោះការបង់ប្រាក់មានសារៈសំខាន់ណាស់ ដើម្បីឲ្យអតិថិជនអាចមានលទ្ឋភាព និងបែងចែកសាច់ប្រាក់សម្រាប់ទិញបុរីរបស់យើង៕

 

វិភាគៈ នយោបាយកាទូត ភាពប៉ិនប្រសព្វ បានធ្វើឲ្យកម្ពុជាលេចត្រដែត ជាថ្មីលើឆាកអន្តរជាតិ

 ដោយៈ យិន លាងគង់សហហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia

       ភ្នំពេញៈ នៅពេលមួយនោះ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានស្រមៃ ប្រែក្លាយកម្ពុជាខ្លាសេដ្ឋកិច្ចមួយ ប្រែក្លាយប្រទេសពីសង្រ្គាម ទៅជាទឹកដីនៃសុខសន្តិភា​ព និងខិតខំសមាហរណកម្មប្រទេសរបស់ខ្លួនទៅក្នុងកម្រិតតំបន់ និងពិភពលោក។

ជាបណ្តើរៗ ក្តីស្រម៉ៃរបស់មេដឹកនាំកម្ពុជាបានក្លាយជាការពិត ហើយ​កម្ពុជាត្រូវបានមេដឹកនាំពិភពលោក ធ្វើដំណើរមកដល់ និងចាកចេញទៅវិញដោយសុវត្ថិភាព និងស្នាមញញឹម។

ក្នុងនាមជាប្រធានអាស៊ាន ដែលបាននិងកំពុងរៀបចំកិច្ចប្រជុំកំពូលលើកទី៣នាពេលនេះ ចន្លោះឆ្នាំ២០០២ ឆ្នាំ២០១២ និងឆ្នាំ​២០២២ កម្ពុជាត្រូវបានពិភពលោកសម្លឹងមកម្តងទៀត ជាមួយសារវិជ្ជមានជាងមុន។

ទន្ទឹមនឹងនេះ អ្នកធុរកិច្ចក្នុងពិភពលោក ​បានសម្លឹងមកកាន់ប្រទេសនេះកាន់តែច្រើន ដោយសារប្រទេសនេះជាទីផ្សារថ្មី ដែលពួកគេមានឱកាសរកផលចំណេញបានច្រើន រួមផ្សំនឹងបរិយាកាសវិនិយោគ និងច្បាប់បទដ្ឋានគតិយុត្តិនានា បានលើកទឹកចិត្ត ដល់អ្នកវិនិយោគគ្រប់ជាតិសាសន៍ រួមទាំងកត្តា​សុខសន្តិភាព និងស្ថេរភាពសេដ្ឋកិច្ច សង្គមរយៈពេលវែង។

ការលេចឡើងលើឆាកអន្តរជាតិ ក្នុងនាមជាប្រទេសតូចមួយ ដែលចាកចេញពីភាពក្រីក្រ ការចាកចេញពីវិនាសកម្ម និងកលយុគមិនមែនជារឿង​សាមញ្ញនោះទេ ប្រសិនជាប្រទេសនេះ គ្មានមេដឹកនាំឆ្លាតវៃ គ្មានមានយុទ្ឋ​សា​ស្រ្ត គោលនយោបាយច្បាស់លាស់ និងចក្ខុវិស័យដ៏វែងឆ្ងាយ។

សម្តេចតេជោនិងយុទ្ឋសាស្រ្តកាទូត

       កាន់តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស តាំងពីអាយុ២៧ឆ្នាំ ក្នុងនាមជារដ្ឋមន្រ្តីការបររទេស វ័យក្មេងជាងគេក្នុងពិភពលោក និងបានបន្តកាន់ដំណែងជានាយករដ្ឋមន្រ្តី ដែលមានរយៈពេលយូរជាងគេមួយរូប ភាពជោគជាំដោយ​ការរៀនសូត្រ បទពិសោធន៍ និងភាពប៉ិនប្រសព្វបានធ្វើឲ្យ សម្តេច ក្លាយជាវីរៈជនលេចធ្លោមួយរូបនៅកម្ពុជា ក៏ដូចជា ក្នុងពិភពលោក បើទោះបីជាបញ្ហាកម្ពុជាមួយចំនួនត្រូវបានគេបំភ្លៃ និងមិនចង់ឲ្យកម្ពុជាលេចត្រដែតក្តី។

ទេពកោសល្យ ភាពក្លាហាន និងការសិក្សាជាប់ជាប្រចាំ បានធ្វើឲ្យ  សម្តេចត្រូវបានមេដឹកនាំ ក្នុងពិភពលោកកត់សំគាល់ និងលើកសរសើរ ក្នុងឋានៈជាមេដឹកនាំប្រទេស ដែលងើបចេញពីផេះផង់នៃភ្លើង​សង្រ្គាម ទៅជាមេដឹកនាំដែលបានធ្វើឲ្យកម្ពុជា មានកំណើនសេដ្ឋកិច្ច៧ភាគរយ ក្នុងរយៈពេ​លពីរទសវត្សរ៍(មុនវិបត្តិកូវីដ១៩) ហើយប្រទេសនេះត្រូវបានធនាគារអភិ​វ ឌ្ឍន៍អាស៊ីប្រកាសជា “ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី”នៅឆ្នាំ​២០១៥។

លទ្ឋផលនៃការដឹកនាំដ៏ឈ្លាសវៃ ការកសាងនូវសមិទ្ឋផល និងអ្វីៗត្រូវបានមើលឃើញ តាមរយៈការរីកចម្រើនសេដ្ឋកិច្ច សង្គម ការកាត់បន្ថយភាពក្រីក្រ និងបានប្រែក្លាយរាជធានីដ៏តូចរបស់ខ្លួន មកជារាជធានីជាទីចាប់អារម្ម​ណ៍នៃហ្វូងអ្នក​ធុរកិច្ចអន្តរជាតិ។

សម្តេចតេជោហ៊ុន សែនបានសម្រេចនូវសមិទ្ឋផលជាច្រើន សំរាប់​ប្រទេសនេះដូចជា ទី១ ដឹកនាំប្រទេសពីភ្នក់ភ្លើងសង្រ្គាម មកកាន់សុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញ ទី២ ដឹកនាំប្រទេសពីបាតដៃទទេ មកកាន់ប្រទេស ដែលពោរពេញដោយសក្តានុពល និងឱកាសវវិនិយោគ ទី៣ ដឹក​នាំ​ប្រទេសពីចំណុចសូន្យនៃសេដ្ឋកិច្ច មកកាន់ប្រទេសដែលជាប់លំដាប់Top Tenនៅលើពិភពលោក។

ទី៤ ដឹកនាំប្រទេសពីការបែកបាក់ មករកភាពសុខដុម និងវិបុលភាព ទី៥ ជាមេដឹកនាំដែលបានកសាង ផែនការអភិវឌ្ឈរយៈពេលវែងដំបូងគេក្នុងប្រវត្តិសាស្រ្ត តាមរយៈគោលនយោបាយ ផែនការយុទ្ឋសាស្រ្ត និងផែនទីបង្ហាញ​ផ្លូវក្នុងការនាំកម្ពុជា ចាកចេញពីភាពក្រីក្រ មកកាន់ប្រទេសមានប្រាក់ចំណូ​លមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងត្រៀមប្រែក្លាយប្រទេសពីប្រាក់ចំណូ​លមធ្យមកម្រិតទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ​២០៣០ និងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០០៥០ខាងមុខ។

សន្តិភាពជាមូលដ្ឋាននៃការរីកចម្រើននិងអាទិភាព

       ដាក់ចេញគោលនយោបាយ ទឹក ភ្លើង ផ្លួវ មនុស្សតាំងពីទសវត្សរ៍ទី៨០ សម្តេចតេជោហ៊ុន សែនបានកសាងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច ក្នុងភាពច្បាស់លា​ស់ទោះជាដៃម្ខាងស្ពានកាំភ្លើងការពារជាតិ និងអាយុជីវិតប្រជាជនក្តី។

ពេលនោះយុគសម័យដ៏ខ្មៅងងឹត សម្តេចប្រើ “ដៃម្ខាងជម្រុញឲ្យប្រជាជនឲ្យបង្កបង្កើនផល ដៃម្ខាងការពារជាតិ ដើម្បីកុំឲ្យខ្មែរក្រហមវិលមកដឹកនាំប្រទេសជាថ្មី”។

ក្នុងភាពជាមេដឹកនាំ ដែលឈឺចាប់ដោយសារសង្រ្គាម និងស្អប់សង្រ្គា​ម ហើយស្រលាញ់សន្តិភាពយ៉ាងងប់ងុល សម្តេចតេជោបានដាក់ចេញនូវ​យុទ្ឋសាស្រ្តឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ក្នុងឆ្នាំ១៩៩៨ ហើយបានសមាហរណកម្មក្រុមឧទ្ទាមខ្មែរក្រហម មកក្នុងសង្គមជាតិវិញ ក្នុងនាមជាខ្មែរតែមួយ ដែលពួកគេត្រូវបានលើកទឹកចិត្តឲ្យរក្សាបាន នូវទ្រព្យ​សម្បត្តិ កិត្តិយស ការលើកទឹកចិត្ត និងមិនជាប់ទោសពៃ ព្រោះសម្តេចបានចាត់ទុកបញ្ហាបែកបាក់ខ្មែរ “មិនមែនជាកំហុសអ្នកជំនាន់ក្រោយឡើយ”។

ការកសាងមូលដ្ឋានគ្រឹះ និងរក្សាសុខសន្តិភាព មានតម្លៃមិនអាចកាត់ថ្លៃបាន។

នេះជាអ្វីដែលសម្តេចតេជោ បានលើកឡើងជារឿយៗថា “ទោះ​លះ​បង់ក្នុងតម្លៃណាក៏ដោយ ក៏សម្តេចត្រូវរក្សាសុខសន្តិភាពឲ្យបាន”។

ដៃម្ខាងធ្វើសង្រ្គាម ដៃម្ខាងបង្កបង្កើនផលនេះហើយ បានធ្វើឲ្យប្រជាជនកម្ពុជាមានស្នាមញញឹមជាថ្មី ជាមួយក្តីសង្ឃឹមថ្មី ពោរពេញដោយសុទិដ្ឋិ​និយមជាងមុន ហើយធនធានមនុស្សរបស់ប្រទេស កាន់តែមានការកើនឡើង ដោយពួកគេបាន និងកំពុងរួមចំណែកកសាងសង្គមនេះ ហើយពួកគេកំពុងដើរលើផ្លូវត្រឹមត្រូវ ដើម្បីកសាងសង្គម ប្រកបដោយវិបុលភាពមួយនាពេលអនាគត។

សមិទ្ឋិផលនៃការដឹកនាំអាស៊ានកន្លងមក

       ក្នុងនាមជាមេដឹកនាំអាស៊ានប្តូរវេន ការកសាងសហគមន៍អាស៊ាន​ដើម្បីឆ្ពោះទៅកាន់វិបុលភាពរួមគ្នា បានធ្វើឲ្យកម្ពុជាសម្រេចបានសមិទ្ឋផល​គួរឲ្យកត់សំគាល់ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។

កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះលើកទី១ នៅឆ្នាំ២០០២ កម្ពុជាបានសម្រេចបាននូវឯកសារធំៗចំនួនបី ទី១ ឯកសារគំនិតផ្តួចផ្តើមឲ្យមានការអភិវឌ្ឍន៍ស្នូល ក្នុងក្របខ័ណ្ឌអាស៊ានពីឆ្នាំ​២០០២ ដល់ឆ្នាំ២០០៨ ទី២ ឯកសារស្តីពីសេចក្តីថ្លែងការណ៍ ក្នុងក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង ទី៣ ឯកសារពាក់ព័ន្ឋនឹងកិច្ចប្រជុំកំពូលលើកទី១រវាងអាស៊ាន និងឥណ្ឌា ជាពិសេសឯកសារដែលគេចងចាំជាងគេគឺឯកសារស្តីពី “ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង”។

កិច្ចប្រជុំលើកទី២ ដែលកម្ពុជាធ្វើជាប្រធាននិងម្ចាស់ផ្ទះលើកទី២ គឺទី១ នៅឆ្នាំ២០១២ ដែលពេលនោះកម្ពុជា សម្រេចបាននូវសេចក្តីប្រកាសមួយស្តីពី សេចក្តីថ្លែងការណ៍សិទ្ឋមនុស្សអាស៊ាន ចេញពីទីក្រុងភ្នំពេញ ទី២ សេចក្តីប្រកាសបង្កើតមជ្ឈមណ្ឌលកំចាត់មីនអាស៊ាន និងទី៣ ការចាប់ផ្តើមនៃការចចារ ដែលផ្តោតលើតំបន់សេដ្ឋកិច្ចក្នុងតំបន់នេះ ដែលមានប្រទេសចំនួន១៥ជាសមាជិក និងចុងក្រោយក៏មានការបង្កើនបាននូវ “តំបន់សេដ្ឋកិច្ចភាពជាដៃគូតំបន់គ្រប់ជ្រុងជ្រោយ” ឬហៅកាត់RCEP។

កសាងឧត្តមភាព និងភាពលេចធ្លោជាថ្មី

បណ្តាមេដឹកនាំល្បីៗ និងជាមេដឹកនាំប្រទេសមហាអំណាច លើពិភពលោកបាន និងកំពុងធ្វើដំណើរមកដល់កម្ពុជាបណ្តើរៗហើយ ក្នុងនោះរួមមាននាយ​ករដ្ឋមន្រ្តីវៀតណាម នាយករដ្ឋមន្រ្តីប្រទេសមានសេដ្ឋកិច្ចលូតលាស់លំដាប់ទី២លើពិភពលោក គឺនាយករដ្ឋមន្រ្តីចិន។

មេដឹកនាំប្រទេសសរុបចំនួន១៨នឹងមកចូលរួម ប៉ុន្តែបើបូករួមជាមួយមេដឹកនាំាំអង្គការអន្តរជាតិធំៗដទៃទៀត គឺមានរហូតដល់៣៤រូប ដែលនឹងមកចូលរួមក្នុងកិច្ចប្រជុំដ៏មានកិត្យានុភាពនេះ ប៉ុន្តែអ្វីដែលកិច្ចប្រជុំនេះមានភាពលេចធ្លោជាងគេ គឺវត្តមានរបស់ប្រធានាធិបតីអាមេរិក ដែលលោកនឹងញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី១១ដល់​១៣ វិច្ឆិកាខាងមុខនេះ។

ឆ្នាំ២០១២ កម្ពុជាមានភាពលេចត្រដែត និងត្រូវបានពិភពលោកសម្លឹងមករួចទៅហើយ គឺវត្តមានរបស់ប្រធានាធិបតីបារ៉ាក់ អូបាម៉ា ដែលជាប្រធានាធិបតីស្បែកខ្មៅដំបូងគេរបស់អាមេរិក។

នៅឆ្នាំ២០២២នេះ ស្របពេលវិបត្តិកូវីដ១៩បានធូរស្រាល កម្ពុជាមានវាសនា ទទួលមេដឹកនាំប្រទេសមហាអំណាចលេខ១ នៅលើពិភពលោកមួយរូបទៀត គឺលោកចូ បៃដិន ជាប្រធា​នាធិបតីកំពុងកាន់អំណាច​បច្ចុប្បន្ន។

វត្តមានលោកចូ បៃដិនអញ្ជើញមកកាន់កម្ពុជា ដោយលោកសុខចិត្តបោះបង់ និងមិនចូលរួមកិច្ចប្រជុំកំពូលAPEC នៅប្រទេសថៃ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែលោកបានជ្រើសរើសមកកាន់កម្ពុជា គឺជារឿងកម្រ និងគួរឲ្យចាប់អារម្មណ៍៍បំផុត។

ការអញ្ជើញមកកាន់កម្ពុជា ហើយបោះបង់មិនចូលរួមកិច្ចប្រជុំកំពូលAPECនៅប្រទេសថៃ មិនមែនជារឿងសាមញ្ញពេកនោះទេ ប៉ុន្តែយុទ្ឋសាស្រ្តកាទូតដ៏ទន់ភ្លន់ ភាពបត់បែន ការធ្វើឲ្យអាស៊ានកាន់តែលេចធ្លោ និងមានសារៈសំខាន់ឡើង ក្នុងសហគមន៍អន្តរជាតិ ក្នុងតួនាទីជាមេដឹកនាំក្នុងតំបន់ ដែលបានជួយសម្របសម្រួល បញ្ហាប្រទេសមីយ៉ាន់ម៉ា និងបញ្ហាជាច្រើនទៀតនៅក្នុងពិភពលោករបស់សម្តេចតេជោ ថ្នាក់ដឹកនាំកម្ពុជាដែលបានផ្តើមជីវិតពីកូនកសិកររូបនេះ ក្លាយជាតួអង្គគំរូមួយក្នុងតំបន់ ក្នុងនាមជាអ្នកយុទ្ឋសាស្រ្តផ្នែកកាទូត ជាសេដ្ឋវិទូ និងជាអ្នកដឹកនាំមួយរូបដែលយល់តម្លៃសន្តិភាព និងកំពុងដើរតួនាទីកាន់តែសកម្មឡើង ក្នុងឆាកអន្តរជាតិ។

មេដឹកនាំដែលយកឈ្នះខ្លួនឯង មិនមែនមេដឹកនាំដែលគិតពីប្រ​យោ​ជន៍សួនតួ និងមិនឲ្យគេបំផ្លាញប្រទេសខ្លួននោះទេ ប៉ុន្តែគឺជាមេដឹកនាំដែលនាំមកនូវសុខសន្តិភាព វិបុលភាព និងលើកកំពស់កិត្យានុភាពជាតិនៅក្នុងឆាកអន្តរជាតិ និងកំរាលព្រំពិភពលោក៕

 

រដ្ឋាភិបាលបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ១ពាន់ហិចតាក្នុងស្រុក មេមេត់ ខេត្តត្បូងឃ្មុំក្នុងពេលឆាប់ៗនេះ

ដោយៈ សុផារី

ត្បូងឃ្មុំៈ តំបន់សេដ្ឋកិច្ចពិសេសធំមួយ ដែលមានទំហំផ្ទៃដីប្រមាណ១ពាន់ហិចតា មានទីតាំងនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានរាជរដ្ឋាភិបាលកំណត់យកជាទីតាំង សម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេស និងជាកន្លែងដោះដូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម។

លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍នៅក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម នៅថ្ងៃទី៨ ខែ វិច្ឆិកាថា ការសម្រេចយក ទីតាំងស្រុកមេមត់នេះធ្វើឡើង ក្នុងគោលបំណងកែប្រែតំបន់តាមបណ្តោយព្រំដែនកម្ពុជា -វៀតណាម ឱ្យទៅជាតំបន់សន្តិភាព ព្រំដែនសហប្រតិបត្តិការ និងការអភិវឌ្ឍ និងដើម្បីបង្កើននូវទំនាក់ទំនងការទូត និងទំហំពាណិជ្ជកម្មផងដែរ។

លោកបានបញ្ជាក់ថា “ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅបន្តបើកទ្វាររង់ចាំទទួលស្វាគមន៍វិនិយោគិនវៀតណាម ដែលសម្រេចចិត្តជ្រើសរើសកម្ពុជា ជាគោលដៅបណ្តាក់ទុនវិនិយោគ និងពង្រីកវិសាលភាពប្រតិបត្តិការវិនិយោគរបស់ខ្លួន”។

លោកអគ្គលេខាធិការក៏លើកទឹកចិត្តដល់វិនិយោគិន និងធុរជនវៀតណាម មកសិក្សាស្វែងយល់ដោយផ្ទាល់បន្ថែមទៀត ពីសក្ដានុពល និងកាលានុវត្តវិនិយោគ និងធុរកិច្ចនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុន ឬសហការវិនិយោគរួមគ្នា ដើម្បីទាញយកអត្ថប្រយោជន៍អតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគី ជាពិសេសកិច្ចព្រមព្រៀងអាសិប (RCEP) ដែលបានចូលជាធរមានកាលពីដើមឆ្នាំ២០២២នេះ។

កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់អនុសាសន៍គាំទ្រ ឱ្យមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមព្រំដែនកម្ពុជា-វៀតណាម ក្នុងទឹកដីប្រទេសកម្ពុជា ដើម្បីទាក់ទាញការវិនិយោគក្នុងវិស័យផលិតកម្ម ដែលនឹងអាចគាំទ្រ ឬតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ជាមួយសហគ្រិនធំៗ ដែលមានទំតាំងក្នុងប្រទេសវៀតណាមបាន៕

ផ្សារហ៊ុនរបស់បណ្តាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យចិនហក់ឡើង ក្រោយពីរដ្ឋាភិបាលគាំទ្រដល់ផ្នែកហិរញ្ញប្បទាន

ដោយ: លាងហួរ

ប៉េកាំង: ផ្សារហ៊ុនរបស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យរបស់ប្រទេសចិន បានហក់ឡើងនៅថ្ងៃពុធនេះ បន្ទាប់ពីទីក្រុងប៉េកាំងបានពង្រីកកម្មវិធីផ្តល់ហិរញ្ញប្បទាន ដើម្បីទ្រទ្រង់ការបោះពុម្ពមូលបត្របំណុល ក្នុងវិស័យដែលជួបនូវវិបត្តិ។

ផ្សារហ៊ុនរបស់ក្រុមហ៊ុនCountry Garden បានហក់ឡើង២៣ភាគរយ ចំណែកផ្សារហ៊ុនរបស់ក្រុមហ៊ុន Longfor Group បានហក់ឡើង១៧ភាគរយ ហើយសន្ទស្សន៍អចលនទ្រព្យរបស់ប្រទេសចិនHang Sengបានហក់ឡើង៨ភាគរយ។

សមាគមជាតិនៃវិនិយោគិនស្ថាប័នទីផ្សារហិរញ្ញវត្ថុ បានប្រកាសកាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះថា ខ្លួននឹងពង្រីកកម្មវិធីមួយ ដើម្បីគាំទ្រការលក់បំណុលប្រហែល២៥០ពាន់លានយ័ន (៣៤,៥ពាន់លានដុល្លារ) ដោយក្រុមហ៊ុនឯកជន រួមទាំងអ្នកអភិវឌ្ឍន៍អចលនទ្រព្យផងដែរ។

សកម្មភាពនេះ ធ្វើឡើងស្របពេលក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យនៅក្នុងប្រទេសចិន ប្រឈមមុខនឹងគំនាបសាច់ប្រាក់ ដោយពួកគេស្វះស្វែងរកប្រភពថវិកាថ្មី ដើម្បីបញ្ចប់ការសាងសង់អាផាតម៉ិន និងបង់ប្រាក់ឱ្យអ្នកផ្គត់ផ្គង់។

មូលបត្របំណុលជាប្រាក់ដុល្លារក្រៅប្រទេស ដែលបោះពុម្ពដោយក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនចិន ក៏បានស្ទុះងើបឡើងវិញផងដែរ ដែលក្នុងនោះមូលបត្របំណុលSeazen២០២៦ កំពុងជួញដូរនៅតម្លៃ១៤,៣៥សេនលើប្រាក់ដុល្លារនៅថ្ងៃពុធនេះ៕

 

កម្ពុជា វៀតណាមពិភាក្សាគ្នាពីចំណុចតភ្ជាប់រវាងផ្លូវល្បឿនលឿន រវាងប្រទេសទាំងពីរ

ដោយៈ សុផារី

ស្វាយរៀងៈ មន្រ្តីជាន់ខ្ពស់កម្ពុជា និងភាគីវៀតណាមកំពុងពិភាក្សាគ្នាអំពីចំណុចតភ្ជាប់ រវាងផ្លូវល្បឿនលឿនរបស់វៀតណាមម៉ុកបៃ-ហូជីមិញ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដោយភាគីវៀតណាមសន្យានឹងផ្តល់ព័ត៌មាន ក្រោយក្រុមការងារបច្ចេកទេសបញ្ចប់នីតិវិធីការងាររៀបចំ។

នេះបើយោងតាមលទ្ធផល នៃកិច្ចប្រជុំពិភាក្សាការងារ រវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Nguyen Van Thang រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញ។

កិច្ចប្រជុំពិភាក្សានេះ បានពិភាក្សាលើការតភ្ជាប់ រវាងផ្លូវល្បឿនលឿនទាំងពីរ ដោយភាគីកម្ពុជាបានស្នើឱ្យភាគីវៀតណាម បញ្ជាក់ឱ្យបានច្បាស់អំពីចំណុចតភ្ជាប់របស់ផ្លូវល្បឿនលឿន របស់វៀតណាមម៉ុកបៃ-ហូជីមិញ ដើម្បីអាចធ្វើការតភ្ជាប់ ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិតរបស់កម្ពុជា។

ជាលទ្ធផល ភាគីវៀតណាមសន្យានឹងផ្តល់ព័ត៌មានជាក់លាក់ ក្រោយក្រុមការងារបច្ចេកទេសបញ្ចប់នីតិវិធីការងាររៀបចំ និងបានបញ្ជាក់ថា ការសិក្សាសមិទ្ធិលទ្ធភាព ផ្លូវល្បឿនលឿនរបស់វៀតណាមម៉ុកបៃ- ហូជីមិញ បានបញ្ចប់រួចរាល់ហើយ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនម៉ុកបៃ -ហូជីមិញត្រៀមនឹងអនុវត្តនៅចុងឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ដែលស្រដៀងគ្នានេះដែរ ភាគីកម្ពុជាគ្រោងអនុវត្តគម្រោងល្បឿនលឿនភ្នំពេញ-បាវិត នៅត្រឹមពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧៕

អ្នកវិភាគលើកឡើងថាទំនាក់ទំនង​កម្ពុជា-ចិន មិត្តភាព​ដែល​មិនអាច​បំបែក​បាន

 ដោយៈគិន ភាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា

ភ្នំពេញៈ ​មិត្តភក្តិ​ដែល​គួរឱ្យ​ទុកចិត្ត​បំផុត” “មិត្ត​ល្អ​ជួយ​គ្នា​ក្នុង​គ្រាក្រ” “​មិត្តភាព​ដែក” “ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ” និង “សហគមន៍​ចិន​-​កម្ពុជា​ដែលមាន​អនាគត​រួមគ្នា” ជា​ឃ្លោងឃ្លា​មួយចំនួន​ក្នុង​ចំណោម​ឃ្លោងឃ្លា​ដទៃទៀត​ ដែល​តែងតែ​ត្រូវបាន​ប្រើ​​ ដើម្បី​បរិយាយ​អំពី​ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការ​កម្ពុជា​-​ចិន​។

ផ្អែក​តាម​ប្រវត្តិសាស្ត្រ ទំនាក់ទំនង​ចិន​-​កម្ពុជា​មាន​អាយុកាល​តាំងពី​សតវត្សរ៍​ទី​១៣ ​មកម្ល៉េះ​។ ក្នុង​សម័យ​ទំនើប ទំនាក់ទំនង​ការទូត​ផ្លូវការ​រវាង​ប្រទេស​ទាំងពីរ ​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​ ១៩៥៨ ​។ ចាប់ពី​ពេល​នោះ​មក ក្នុងនាម​ជា​ប្រទេស​ជិតខាង​និង​ដៃគូ​ដ៏​ជិតស្និទ្ធ កម្ពុជា​និង​ចិន​បាន​បង្កើត​ និង​បីបាច់​ថែរក្សា​ចំណងមិត្តភាព “​ដែកថែប” ដែល​មិនអាច​បំបែក​បាន ​ដោយបាន​ឆ្លងកាត់​ការសាកល្បង​ និង​ការលំបាក​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន​។

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែង​បញ្ជាក់​ជា​សាធារណៈ​ជា​បន្តបន្ទាប់​ថា ចិន​ជា “​មិត្តភក្តិ​ដែល​គួរឱ្យ​ទុកចិត្ត​បំផុត” របស់​ប្រទេស​កម្ពុជា​។ ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ត្រូវបាន​ចាក់ឫស​ជ្រៅ ​ដោយ​ផ្អែកលើ​គោលការណ៍​ បញ្ចសីលា​សន្តិសហវិជ្ជមាន គោលការណ៍​ស្មើភាព​ និង​ស្មើ​សិទ្ធិ ការគោរព​ផលប្រយោជន៍​គ្នា​ទៅវិញ​ទៅមក និង​ការ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ផង​គ្នា​ទៅវិញទៅមក​។ ថ្វីបើ​មិនមាន​ព្រំដែន​ជាប់​គ្នា តែ​ប្រទេស​ទាំងពីរ​ ត្រូវបាន​ចងភ្ជាប់​ដោយ​ទន្លេមេគង្គ​ និង​ទន្លេ​ឡាន​ឆាង – យើង​មាន​ទឹក​រួមគ្នា​ យើង​មាន​ទន្លេ​រួមគ្នា​។

ក្នុង​ទិដ្ឋភាព​នយោបាយ កម្ពុជា​គឺជា​សម្ព័ន្ធមិត្ត​ដ៏ចំណាស់​ និង​ជិតស្និទ្ធ​បំផុត​របស់​ចិន​។ ប្រទេស​ទាំងពីរ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ និង​ផ្លូវការ​កម្រិត​ខ្ពស់​ជា​ញឹកញាប់​ និង​ទៀងទាត់​។ កម្ពុជា​តែងតែ​ជា​អ្នកគាំទ្រ​ដ៏​មុតមាំ​បំផុត​នៃ​គោលនយោបាយ​ចិន​តែមួយ​។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បាន​បញ្ជាក់​យ៉ាងច្បាស់​ថា​ “កម្ពុជា ​នឹង​មិន​ផ្លាស់ប្តូរ​គោលនយោបាយ​ចិន​តែមួយ​របស់ខ្លួន​នោះទេ”​។

ក្នុង​ទិដ្ឋភាព​សេដ្ឋកិច្ច ប្រទេស​ចិន​គឺជា​អ្នកវិនិយោគ​បរទេស​ដ៏ធំ​ជាងគេ​របស់​កម្ពុជា ជា​ម្ចាស់ជំនួយ​ដ៏សំខាន់ និង​ជា​ដៃគូ​ពាណិជ្ជកម្ម​កាន់តែ​សំខាន់​ខ្លាំង​ឡើង​របស់​កម្ពុជា​។ ចក្ខុវិស័យ​របស់​ប្រទេស​ចិន​សម្រាប់​ការអភិវឌ្ឍ​សកល​ និង​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​របស់​ខ្លួន​ជាមួយ​កម្ពុជា ត្រូវបាន​គេ​មើលឃើញ​ តាមរយៈ​កំណត់ត្រា​នៃ​ការវិនិយោគ ​របស់​ចិន​នៅ​កម្ពុជា​។

យោងតាម​ស្ថិតិ​ដែល​ចេញផ្សាយ ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ដែល​ត្រូវ​បានអនុម័ត​ក្នុង​អំឡុង​ឆ្នាំ ១៩៩៤-២០១៩ ភាគរយ​ធំ​បំផុត​គឺ​មកពី​ប្រទេស​ចិន (២១,៨១%) ​។ នៅ​បណ្តា​ឆ្នាំ​ដំបូងៗ ប្រទេស​ចិន​បាន​ធ្វើការ​វិនិយោគ​យ៉ាង​សម្បើម​ សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និង​ធនធានធម្មជាតិ​។

ក្នុង​ឆ្នាំ​ ២០២១ ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ពី​ប្រទេស​ចិន ​បាន​ជាប់​ចំណាត់​ថ្នាក់​កំពូល​ ជាមួយ​នឹង​ការវិនិយោគ​សរុប​ចំនួន២៣២៦​លាន​ដុល្លារ​អាមេរិក កើនឡើង​៦៧% បើ​ធៀប​នឹង​ឆ្នាំ​២០២០ ​។ នៅ​ឆ្នាំ​២០១៧ កម្ពុជា​ទទួល​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) ប្រមាណ​៤,២ ​ពាន់​លាន​ដុល្លារ​អាមេរិក ដែលជា​ជំនួយ​ឥតសំណង និង​កម្ចីសម្បទាន​ពី​ប្រទេស​ចិន​។

ក្នុង​ទិដ្ឋភាព​វប្បធម៌ គុណ​តម្លៃ​របស់​ប្រទេស​ចិន​ ត្រូវបាន​បង្កប់​យ៉ាងជ្រៅ​ នៅក្នុង​ទិដ្ឋភាព​ជាច្រើន​នៃ​សង្គម​កម្ពុជា​។ ទំនាក់ទំនង​រឹងមាំ​រវាង​ប្រជាជន​ និង​ប្រជាជន និង​ទំនាក់​ទំនង​សង្គម បង្កើត​បាន​ជា​មូលដ្ឋាន​រឹងមាំ​សម្រាប់​ការរីកចម្រើន​ជា​បន្តបន្ទាប់ ​នៃ​កិច្ចសហប្រតិបត្តិការ​ជា​មិត្តភាព​រវាង​កម្ពុជា​ និង​ចិន​។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កិច្ចសហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ជំរុញ​ឱ្យ​ទំនាក់ទំនង​កម្ពុជា​-​ចិន​កាន់តែ​អភិវឌ្ឍ​ទៅដល់​កម្រិត​ខ្ពស់​បំផុត​ ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​។

ក្នុង​ឆ្នាំ​ ២០០៦ ប្រទេស​ទាំងពីរ​បាន​ដំឡើង​កម្រិត ​ទំនាក់ទំនង​ទ្វេភាគី​ទៅជា “ភាពជា​ដៃគូ​នៃ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ” ហើយ​នៅ​ឆ្នាំ​ ២០១០ បាន​ដំឡើង​ទៅជា “ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ”។

ប្រទេស​កម្ពុជា ​គឺជា​ប្រទេសមួយ​ក្នុង​ចំណោម​ប្រទេស​ដំបូង​គេ​ ដែល​គាំទ្រ​និង​ទទួលយក​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ និង​ផ្លូវ (BRI) ដែល​បង្កើតឡើង​ដោយ​ប្រទេស​ចិន​នា​ឆ្នាំ ​២០១៣ ដោយ​ទទួល​ស្គាល់​ថា ឱកាស​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សំខាន់ៗ​នឹង​ត្រូវបាន​បង្កើតឡើង​។

ក្នុង​ឆ្នាំ​ ២០១៦ ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា ​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ ការបង្កើត​ផែនការ​សហប្រតិបត្តិការ​ទ្វេភាគី ដើម្បី​រួមគ្នា​កសាង​ខ្សែក្រវាត់​សេដ្ឋកិច្ច​ផ្លូវ​សូត្រ និង​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​ ២១ ​។

មួយឆ្នាំ​ក្រោយមក “គ្រោង​នៃ​ផែនការ​សហប្រតិបត្តិការ​ទ្វេភាគី​ ដើម្បី​រួមគ្នា​កសាង​ខ្សែក្រវាត់​សេដ្ឋកិច្ច​ផ្លូវ​សូត្រ​ និង​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី២១” ត្រូវបាន​ចុះហត្ថលេខា​។

វិស័យ​សំខាន់ៗចំនួន​៧ ​ត្រូវ​បានផ្តល់​អាទិភាព​ សម្រាប់​កិច្ចសហប្រតិ​បត្តិការ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការកសាង​សមត្ថភាព ឧស្សាហកម្ម វប្បធម៌​ និង​ទេសចរណ៍ ហិរញ្ញវត្ថុ និង​ការការពារ​បរិស្ថាន​។

នា​ខែមេសា ឆ្នាំ២០១៩ កម្ពុជា​ និង​ចិន​បាន​ចុះហត្ថលេខា​លើ​ផែនការ​”សកម្មភាព ឆ្នាំ​២០១៩- ២០២៣ ស្តីពី​ការកសាង​សហគមន៍​ចិន​-​កម្ពុជា​ដែល​មាន​អនាគត​រួមគ្នា”។ នៅក្រោម​ផែនការ​សកម្មភាព​នេះ ប្រទេស​ទាំងពីរ​បាន​ប្តេជ្ញា​អនុវត្ត​វិធានការ​ចំនួន​៣១ ក្នុង​វិស័យ​ទាំង៥ រួមមាន នយោបា​យ សន្តិសុខ សេដ្ឋកិច្ច ទំនាក់​ទំនង​ប្រជាជន​ និង​ប្រជាជន និង​កិច្ចសហប្រតិបត្តិការ​ពហុភាគី​។

ថ្មីៗ​បំផុត កម្ពុជា​ និង​ចិន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិ​ជ្ជកម្ម​សេរី (CCFTA) នា​ខែតុលា ឆ្នាំ​ ២០២០ ដែលជា​ការកត់សម្គាល់​ការចាប់ផ្តើម​នៃ​យុគសម័យ​ថ្មី ​នៃ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​។

តួនាទី​ដ៏​សំខាន់​របស់​កម្ពុជា ​នៅក្នុង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ និង​ផ្លូវ និង​ភាពជា​ដៃគូ​ដ៏រឹងមាំ ​ជាមួយ​ប្រទេស​ចិន​លើ​វិស័យ​ពាណិជ្ជកម្ម​ និង​ការវិនិយោគ ត្រូវបាន​បង្ហាញ​នៅក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ សេរី​កម្ពុជា​-​ចិន និង​បាន​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុជា​ ចំពោះ​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​សកល (GDI) គំនិត​ផ្តួចផ្តើម​សន្តិសុខ​សកល (GSI) និង​សហគមន៍​ដែលមាន​អនាគត​រួមគ្នា​។

ការផ្ទុះ​ឡើង​នៃ​រោគរាតត្បាត​កូវីដ​១៩ បាន​សាកល្បង​សាមគ្គីភាព​សកល និង​ភាពធន់​នៃ​ការឆ្លើយតប​របស់​ប្រទេស​នានា ​ចំពោះ​ជំងឺ​រាតត្បាត​នេះ​។ នៅពេលដែល​កម្ពុជា​ជួបប្រទះ​ នឹង​បញ្ហា​ប្រឈម​ដ៏ធ្ងន់ធ្ងរ​នៃ​កូវីដ ១៩ ប្រទេស​ចិន​ បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ ដើម្បី​ជួយ​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រោគរាតត្បាត​នេះ​។

ក្នុងដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេជោ ​នាយករដ្ឋមន្ត្រីហ៊ុន សែន ទៅកាន់​ប្រទេស​ចិន នា​ខែកុម្ភៈ ឆ្នាំ​ ២០២០ ខណៈ​ស្ថានភាព​រោគរាតត្បាត​កូវីដ ​១៩​ នៅ​ប្រទេស​ចិន​នៅតែ​ធ្ងន់ធ្ងរ​នៅឡើយ​នោះ បានបង្ហាញ​ពី​ការគាំទ្រ​ដ៏រឹងមាំ​របស់​កម្ពុជា​ចំពោះ​ប្រទេស​ចិន​។

ការគាំទ្រ​របស់​ប្រទេស​ចិន​ចំពោះ​កម្ពុជា ​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​ តាមរយៈ​ការផ្តល់​ដល់​កម្ពុជា​នូវ​វ៉ាក់សាំង​រាប់លាន​ដូស បាន​បង្ហាញ​ឱ្យឃើញថា សម្តេច​តេជោ​នាយករដ្ឋមន្ត្រីហ៊ុន សែន បាន​ធ្វើការ​សម្រេចចិត្ត​ដ៏ត្រឹមត្រូវ ​ក្នុងការ​ជ្រើសរើស​ប្រទេស​ចិន ​ជា​ប្រភព​វ៉ាក់សាំង​ដ៏សំខាន់​របស់​ប្រទេស និង​ជា​អ្នកផ្គត់ផ្គង់​វ៉ាក់សាំង​ជា​យុទ្ធសាស្ត្រ​។ ប្រទេស​ចិន​ក៏បាន​ដើរតួនាទី​យ៉ាងសំខាន់​ ក្នុងការ​ស្តារ​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ​ក្រោយ​កូវីដ​១៩​។

ពាក់ព័ន្ធ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង កម្ពុជា​តែងតែ​អំពាវនាវ​ដល់​ភាគី​ទាំងអស់ ​ឱ្យ​អនុម័ត​ដំណោះស្រាយ​ប្រកប​ដោយ​សន្តិវិធី​ និង​បន្ត​ប្រើប្រាស់​យន្តការ​អាស៊ាន​-​ចិន សម្រាប់​ការអនុវត្ត​ដោយ​ពេញលេញ ​នូវ​សេចក្តី​ប្រកា​ស​ស្តីពី ​ការប្រតិបត្តិ​នៃ​ភាគី​នានា​នៅ​សមុទ្រ​ចិន​ខាងត្បូង (DOC) និង​ជំរុញ​ឱ្យ​អាស៊ាន​ និង​ចិន​ធ្វើការ​រួមគ្នា​បន្ថែមទៀត ដើម្បី​សម្រេច​បាន​នូវ​ក្រម​ប្រតិ​បត្តិ​នៅ​សមុទ្រ​ចិន​ខាងត្បូង (COC) ​។

សំខាន់​ជាងនេះទៀត ជំហរ​អព្យាក្រឹត​ និង​យុត្តិធម៌​របស់​កម្ពុជា​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ ​បានរួម​ចំណែក​ដល់​ការថែរក្សា​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់ ទន្ទឹមនឹង​ការលើកកម្ពស់​ផលប្រយោជន៍​ទៅវិញ​ទៅមក​ដែល​កើតចេញពី​ទំនាក់​ទំនង កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ ដែល​មាន​ផលប្រយោជន៍​ទៅវិញ​ទៅមក​រវាង​អាស៊ាន​ និង​ចិន​។

កម្ពុជា​ក៏​រក្សា​ទំនាក់​ទំនង​ល្អ ជា​មួយ​ប្រទេស​ចិន​ ក្នុង​កម្រិត​ពហុភាគី​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ផងដែរ ដូចជា ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​អាស៊ាន​+១ អាស៊ាន​+៣ និង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡានឆាង ជាដើម​។ ប្រទេស​ទាំងពីរ​ប្រកាន់ខ្ជាប់ ​យ៉ាង​ពេញលេញ​នូវ​គោលការណ៍​ពហុភាគី​និយម ជាពិសេស​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ដែល​មាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) គឺជា​កម្លាំង​ចលករ​ស្នូល​ សម្រាប់​ជំរុញ​ទំនាក់​ទំនង​អន្តរជាតិ​ ដោយ​ផ្អែកលើ​គោលការណ៍​នៃ​ការគោរព​គ្នា​ទៅវិញ​ទៅមក សមធម៌ និង​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​។

ចំណង​មិត្តភាព​ដែកថែប​របស់​កម្ពុជា​ជាមួយ​ចិន បាន​ពង្រឹង​និង​ពង្រី​ក​កិច្ចសហប្រតិបត្តិការ​រវាង​អាស៊ាន​ និង​ចិន ព្រមទាំង​ធានា​សិទ្ធិ​ និង​ផលប្រយោជន៍​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍ បង្កើន​ការយោគយល់​គ្នា និង​ការជឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក និង​លើកកម្ពស់​សន្តិភាព​ និង​ស្ថិរភាព​ក្នុង​តំបន់​។ ទោះបី​ជា​មាន​ជំងឺ​រាតត្បាត​កូវីដ​១៩​ក្តី ក៏​អាស៊ាន​ និង​ចិន​នៅតែ​ជា​ដៃគូ​ពា​ណិ​ជ្ជកម្ម​ធំ​បំផុត​របស់​គ្នា​ទៅវិញ​ទៅមក និង​រក្សាបាន​នូវ​សន្ទុះ​នៃ​កំណើន​។

ទាំង​ក្របខ័ណ្ឌ​ទ្វេភាគី​ និង​ក្របខ័ណ្ឌ​ពហុភាគី ទំនាក់​ទំនង​កម្ពុជា​-​ចិន បន្តធ្វើ​ពិពិធកម្ម​ និង​ពង្រឹង​លើ​គ្រប់​វិស័យ ​ដែល​មាន​ផលប្រយោជន៍​រួម​។ សាមគ្គីភាព ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​អន្តរជាតិ បទពិសោធ​រឹងមាំ​ក្នុង​កិច្ចសន្ទនា​ទ្វេភាគី ការ​ពន្លឿន​ទំនាក់ទំនង​គ្រប់​កម្រិត​លើ​វេទិកា​ផ្សេងៗ ការយោគយល់​គ្នា​ទៅវិញ​ទៅមក​ ដែល​ចាក់ឫស​យ៉ាង​ស៊ីជម្រៅ និង​វិធីសាស្ត្រ​ប្រកបដោយ​ការគោរព​គ្នា ពិតជា​ធានា​ឱ្យ​ប្រទេស​ទាំងពីរ​អាច​សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ​ថែមទៀត ទាំង​កម្រិត​ជាតិ​ និង​ពិភពលោក​។

ដូច្នេះ​ទំនាក់ទំនង​ចិន​-​អាស៊ាន ក៏បាន​ឈានចូល​ទំព័រ​ថ្មី​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដើម្បី​រួមគ្នា​កសាង​សហគមន៍​ ដែល​មាន​អនាគត​រួមគ្នា​សម្រាប់​មនុស្សជាតិ​៕

ការត្រៀមបង្ហាញវត្តមានផ្សារទំនើបAK Avenueនឹងចូលរួមលើកកំពស់សក្តានុពលតំបន់អរិយក្សត្រ

ដោយៈ គង់ សូរិយា

       កណ្តាលៈ ប្រជាជននៅមូលដ្ឋានបានបង្ហាញក្តីរីករាយ នៅពេលផ្សារទំនើបបែបសហគមន៍មួយ ត្រៀមបើកដំណើរការនៅមូលដ្ឋានរបស់ខ្លួន ដែលពួកគេរំពឹងថា តម្លៃអចលនទ្រព្យ និងការរីកចម្រើននៅតំបន់នេះនឹងមានភាពកាន់តែប្រសើរឡើង។

ផ្សារទំនើបបែបសហគមន៍ ដែលគ្រោងបើកដំណើរការនៅពេលឆាប់ៗនេះ បានដាក់ឈ្មោះAK Avenue និងបានសាងសង់លើផ្ទៃដីទំហំ៧០០០ម៉ែត្រការ៉េ ដែលបច្ចុប្បន្នការរៀបចំដំណើរការបាន និងកំពុងប្រព្រឹត្តទៅដោយរលូន និងគ្រោងបើកដំណើរការនៅខែធ្នូខាងមុខនេះ ឬដើមឆ្នាំ២០២៣ខាងមុខនេះ។

អ្នកគ្រប់គ្រងនិងចាត់ការទូទៅនៃផ្សារAK Avenue នៃបុរីវីឡាទួលសង្កែ អរិយក្សត្រ អ្នកនាងឈាវ គីមហ័ង្ស បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា បច្ចុប្បន្នមានអ្នកជួលស្តង់ផ្សារចន្លោះពី៥០ ទៅ៦០ភាគរយ នៃទំហំស្តង់សរុបរបស់ផ្សារហើ​យ ដែលពួកគាត់មានលក់សម្លៀកបំពាក់ ហាងថែរក្សាសម្ឆស្ស ហាងលក់​  ម្ហូបអាហារ ហាងតែគុជ ហាងកាហ្វេ បន្លែ ផ្លែឈើ ដែលភ្ញៀវក្នុងនិងក្រៅបុរីអាចចូលទិញ និងប្រើប្រាស់សេវាកម្មរបស់ផ្សារនេះ។

អ្នកនាងបន្តថា “រហូតមកទល់ពេលនេះ យើងដំណើរការរៀបចំបាន៩០ភាគរយហើយ ចំណុចនៅសល់គឺការរៀបចំសួនច្បារ និងការរៀបចំខ្លោងទ្វារ កន្លែងក្មេងលេងជាដើម”។ អ្នកនាងបន្តថា “អតិថិជនដែលបាន​និងកំពុងជួលស្តង់នៅក្នុងផ្សារនេះ នឹងបើកដំណើរការនៅខែវិច្ឆិកាខាងមុខនេះ ហើយដំណើរការបើកសម្ភោធផ្សារជាផ្លូវការ គ្រោងនឹងរៀបចំនៅខែធ្នូចុងឆ្នាំនេះឬដើមឆ្នាំ២០២៣ខាងមុខ”។

អ្នកនាងឈាវ គឹងហ័ង្សបានបន្តថា ចំណុចពិសេសមួយទៀត អតិថិជន ដែលចង់ជួលស្តង់ផ្សាររបស់យើង នឹងទទួលបានការប្រឹក្សាយោបល់លើការជ្រើសរើសមុខទំនិញ របៀបនៃការរៀបចំហាង ឬធ្វើសេវាកម្មអ្វីនៅក្នុងផ្សារនេះដោយឥតគិតថ្លៃផងដែរ ពិសេសក្រុមហ៊ុនមានតារាងសម្រាប់បង្ហាញអតិថិជន ក៏ដូចជា យើងនឹងមានការបង្ហាញពីការឌីសាញ និងការរៀបចំស្តង់បែបណា ដើម្បីទាក់ទាញអតិថិជនផងដែរ។

ផ្សារទំនើបសហគមន៍AK Avenueមានទីតាំងស្ថិតក្នុងគំរោងបុរីវីឡាទួលសង្កែអរិយក្សត្រ ដែលជាគំរោងអភិវឌ្ឍន៍ដ៏ធំមួយ ស្ថិតនៅលើផ្ទៃដីជាង៦០ហិកតា នៅក្នុងតំបន់អរិយក្សត្រ ដែលរាជរដ្ឋាភិបាលបាន និងកំពុងសិក្សាបង្កើតទីក្រុងថ្មីមួយនៅតំបន់នេះ។

បុរីវីឡាទួលសង្កែ ជាបុរីថ្មីមួយដែលបាន និងកំពុងអភិវឌ្ឍន៍បែបបៃតង​និងការរស់នៅបែបសហគមន៍ ដោយបុរីនេះបាននិងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ និងមានផ្ទះជាច្រើនប្រភេទ ដែលទទួលបានផលចំណេញពីការវិនិយោគនាពេលអនាគតដ៏ខ្លីខាងមុខនេះ។

លោកធី វណ្ណាប្រធានផ្នែកទីផ្សារនៃបុរីវីឡាទួលសង្កែអរិយក្សត្របានមានប្រសាសន៍ឲ្យដឹងផងដែរថា ការត្រៀមបើកដំណើរការផ្សារទំនើបខាងលើនេះ បាននិងកំពុងផ្តល់សញ្ញាវិជ្ជមាន ដល់អ្នករស់នៅក្នុងបុរីនេះផង និងអ្នកទិញផ្ទះសម្រាប់វិនិយោគយកផលចំណេញពីបុរីនេះផង ដោយផ្ទះអាជីវកម្មនៅជុំំវិញផ្សារនឹងមានតម្លៃកើនឡើងខ្ពស់ ខណៈផ្ទះនៅក្នុងបុរីនេះក៏នឹងមានតម្រូវការជួល និងស្នាក់នៅកើនឡើងជាប្រចាំផងដែរ។

លោកបន្តថា “នេះជាលើកដំបូងហើយ ដែលតំបន់អរិយក្សត្រមានផ្សារទំនើបបែបសហគមន៍ស៊ីវិល័យបែបនេះ វានឹងទាក់ទាញការវិនិយោគកាន់តែច្រើនមកកាន់តំបន់នេះ”៕

   

លោកបណ្ឌិតគីម ហ៊ាងបង្ហើបពីមូលហេតុធំៗដែលជម្រុញឲ្យវិស័យអចលនទ្រព្យកម្ពុជារីកចម្រើនខ្លាំង

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ផ្តើមអាជីពជាភ្នាក់ងារអចលនទ្រព្យសាមញ្ញមួយរូប រហូតក្លាយជាអ្នកវិនិយោគដ៏ធំ និងលេចធ្លោក្នុងវិស័យនេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងតែងតែចែករំលែកចំណេះដឹងនានា ពាក់ព័ន្ឋនឹងវិស័យនេះ ដើម្បីឲ្យសាធារណៈជនមានការយល់ដឹង។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia បានមាន​ប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់៧ភាគរយ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យកម្ពុជាឈា​នពីប្រទេសតតិយ​លោក មកកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប និងកំពុងឈានទៅកាន់ទៅកាន់ ប្រទេសមធ្យមកម្រិតខ្ពស់ និងប្រទេសមានប្រាក់ចំណូលខ្ពស់នាពេលខាងមុខ។

លោកឧកញ៉ាបន្តថា “ចំណែកកត្តាមួយទៀត គឺកម្ពុជាមានស្ថេរភាពនយោ​បាយ មិនដូចមនុស្សមួយចំនួនមិនធ្លាប់ស្គាល់កម្ពុជា ចេះតែនិយាយផ្តេសផ្តាសឡើយ ប៉ុន្តែក្រោមការដឹកនាំរបស់សម្តេចតេជោ នយោបាយកម្ពុជាមានលំនឹងល្អណាស់”។

លោកបន្ថែមថា “ការវិនិយោគដីធ្លីមានភាពពេញនិយម នៅកម្ពុជា ដោ​​យអ្នកមានប្រាក់ក្នុងរង្វង់៧០ភាគរយ ទទួលភាពមានបានដោយសារដីធ្លី”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង បានបន្តថា កត្តាសំខាន់ទី២ លំហូរទុនវិនិយោគពីបរទេសច្រើន ព្រោះប្រជាពលរដ្ឋកម្ពុជា មានបេះដូងទូលាយ មានភាពរួសរាយរាក់ទាក់ រៀនគ្រប់ភាសា ដែលធ្វើឲ្យកម្ពុជាមានភាពទាក់ទាញទុនវិនិយោគពីបរទេស គួរផ្សំនឹងការរីកចម្រើនសេដ្ឋកិច្ច ស្ថេរភាពនយោបាយ និងមូលដ្ឋានច្បាប់វិនិយោគដ៏ល្អ។

លោកបន្តថា ប្រភពទុនវិនិយោគចំនួនប្រភេទ៣ អាចជួយសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើនកាន់តែខ្លាំង មានដូចជា ទី១ អ្នកវិនិយោគក្នុងស្រុក ដែលពួកគាត់បញ្ចេញលុយវិនិយោគ ព្រោះនៅកម្ពុជាមានអ្នកមានក្នុងស្រុកច្រើន បើពួកគាត់បញ្ចេញទុនវិនិយោគច្រើន នឹងជួយសេដ្ឋកិច្ចយើងបានកាន់តែប្រសើរ។

ទី២ ទុនវិនិយោគពីបរទេស ដែលរយៈពេល១០ឆ្នាំចុងក្រោយនេះ អ្នកវិនិយោគចិនបានដើរតួនាទីសំខាន់ណាស់ ក្នុងសេដ្ឋកិច្ច ពិសេសក្នុងវិស័យអចលនទ្រព្យ និងទី៣ ពេលអញ្ជើញទៅកាន់អាមេរិក និងប្រទេសស្វីសសម្តេចតេជោ នឹងពិចារណាពីលទ្ធភាព ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលនេះជាសញ្ញាដ៏ល្អមួយ ដែលយើងរង់ចាំជាយូរមកហើយ។

ទី៣ បើពួកគាត់ (ខ្មែរនៅក្រៅប្រទេស) ទទួលបានអត្តសញ្ញាណប័ណ្ណ ហើយ យើងទាក់ទាញឲ្យពួកគាត់មកវិនិយោគនៅកម្ពុជា ពិតជាសំខាន់ណាស់ ព្រោះទុនវិនិយោគរបស់អ្នកមានខ្មែរនៅក្រៅប្រទេស ទំហំទុនវិនិយោគរបស់ពួកគាត់ មានមិនតិចជាងទុនវិនិយោគ ពីជនបរទេសនោះទេ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា “ប្រសិនជាយើងមានប្រភពទុនទាំងបីនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចរបស់យើង កាន់តែរីកចម្រើនលឿនជាងមុនបន្ថែមទៀតមិនខាន”៕

កម្ពុជា វៀតណាមគ្រោងនឹងបើកច្រកព្រំដែនបន្ថែមដើម្បីជំរុញការធ្វើពាណិជ្ជកម្មទៅវិញទៅមក

  ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា និងលោកផាម មិញជិញនាយករដ្ឋមន្ត្រី ប្រទេសវៀតណាមកាលពីព្រឹកថ្ងៃទី៨ វិច្ឆិកា ២០២២ នៅវិមានសន្តិភាព ភាគីទាំងពីរបានប្ដេជ្ញាជំរុញការធ្វើពាណិជ្ជកម្ម រវាងគ្នានឹងគ្នាបន្ថែម ដោយនឹងបើកច្រកព្រំដែនបន្ថែមទៀត ដើម្បីសម្រួលដល់ការដឹកទំនិញឆ្លងទៅវិញទៅមក។

ក្នុងជំនួបរវាងថ្នាក់ដឹកនាំទាំងពីរ កាលពី​ថ្ងៃទី៨​វិច្ឆិកា​២០២២ ថ្នាក់់ដឹក​នាំទាំងពីរ ​បានឯកភាពលើការជំរុញការតភ្ជាប់ រវាងប្រទេសទាំងពីរ ទាំងតាមផ្លូវគោក ទាំងតាមផ្លូវអាកាស តាមរយៈការឱ្យមានការហោះហើរត្រង់ពីខេត្តផ្សេងៗ ឬពីទីក្រុងធំៗទៅកាន់គ្នាទៅវិញទៅមក។ ក្នុងនោះដែរក៏មានការឯកភាពគ្នា ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំង ទៅលើវិស័យឌីជីថល ជាពិសេសទៅលើវិស័យដទៃទៀតផងដែរ ។

នៅក្នុងជំនួបនោះដែរ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាលើទិដ្ឋភាពទាំងនយោបាយ ទាំងទិដ្ឋភាពសេដ្ឋកិច្ច ដែលក្នុងនោះថ្នាក់ដឹកនាំកំពូលទាំងពីរបានឯកភាពគ្នាពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការមិត្ត​ភាពរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច តាមរយៈបន្តជំរុញការផ្លាស់ប្តូរថ្នាក់ដឹកនាំប្រទេសទាំងពីរ ទាំងយុវជនទាំងប្រជាជនប្រទេសទាំងពីរ ធ្វើទស្សនកិច្ចរវាងគ្នាទៅវិញទៅមក ជំរុញការតភ្ជាប់ខឿនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ទាំងផ្នែកទន់ និងផ្នែករឹង ជំរុញពាណិជ្ជកម្មឆ្លងដែនរវាងគ្នា តាមរយៈការពង្រឹងពាណិជ្ជកម្មតាមព្រំដែនផង និងពង្រីកឱ្យមានទីផ្សារនិងបើកច្រកសំខាន់ៗ ដើម្បិឱ្យមានទំនិញចេញចូលរវាងប្រទេសទាំងពីរផង ។

សម្ដេចតេជោ ធ្លាប់បានលើកឡើង និងជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់សិក្សាលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅតាមច្រកព្រំដែនកម្ពុជាវៀតណាម ដើម្បីផលិតនិងនាំចេញទៅកាន់ប្រទេសវៀតណាម ក៏ដូចជា សិក្សាលើការសាងសង់ផ្លូវ តភ្ជាប់ទៅកាន់ច្រកព្រំដែនងាយស្រួល ក្នុងការដឹកទំនិញពីកម្ពុជាទៅវៀតណាម និងដឹកទំនិញពីវៀតណាមចូលប្រទេសកម្ពុជាវិញ។

ក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំ ២០២២នេះ ទំហំពាណិជ្ជកម្មកម្ពុជាវៀតណាម សម្រេចបានទំហំទឹកប្រាក់ចំនួន៤,៦៣ពាន់លានដុល្លារអាមេរិក កើនឡើង២២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជានាំចេញទៅវៀតណាម មានទឹកប្រាក់១,៥៥ពាន់លានដុល្លារអាមេរិកនិងនាំចូលពីវៀតណាមវិញ មានទឹកប្រាក់៣,០៧ពាន់លានដុល្លារអាមេរិក ៕

អាជីវកម្មមួយចំនួនតាមបណ្ដោយផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញត្រូវបានហាមឃាត់ដើម្បីការពារសុវត្ថិភាពជូនថ្នាក់ដឹកនាអាស៊ាននិងពិភពលោក

   ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងអំឡុងកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ាន ដែលធ្វើឡើងនៅរាជធានីភ្នំពេញ អាជីវកម្មមួយចំនួននៅតាមបណ្ដោយផ្លូវសំខាន់ៗត្រូវសាលារាជធានីភ្នំពេញ ហាមឃាត់មួយរយៈចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ វិច្ឆិកា២០២២ ដើម្បីការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំអាស៊ាន និងពិភពលោកដែលនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងអង្គប្រជុំកាលពីពេលថ្មីៗនេះឱ្យដឹងថា ស្ថានីយ៍លក់ប្រេង ទីតាំងលក់រថយន្ត ការដ្ឋានសំណង់ផ្សេងៗ ទីតាំងKTV ក្លឹបកម្សាន្ត ទីតាំងផ្ញើម៉ូតូ ឡានចតតាមចិញ្ចើមថ្នល់តាមផ្លូវសហព័ន្ធរុស្ស៊ីត្រូវបានបានឃាត់។

លោកបានលើកឡើងថា “សណ្ដាប់ធ្នាប់តាមដងទន្លេរ មានដាយត្រី បែរត្រីវ កប៉ាល់កាណូតទេសចរណ៍ឬទូកនេសាទ ក៏ត្រូវបានហាមឃាត់មិនឱ្យមានការបើកឆ្លងកាត់ ឬបង្កឱ្យបាត់បង់សណ្ដាប់ធ្នាប់ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននេះដែរ”។

លោកបន្តថា ចំពោះភ្ញៀវដែលមកស្នាក់នៅ តាមសណ្ឋាគារ ផ្ទះសំណា​ក់ ម្ចាស់ទីតាំង ត្រូវកិច្ចសហការឱ្យបានច្បាស់លាស់ ជាមួយសមត្ថកិច្ចនិងអាជ្ញាធរដែនដី តាមរយៈការកំណត់អត្តសញ្ញាណភ្ញៀវ ដែលចូលស្នាក់នៅក្នុងសណ្ឋាគារ ឬផ្ទះសំណាក់របស់ខ្លួន រួមទាំងផ្ដល់បញ្ជីឈ្មោះជាប្រចាំថ្ងៃដល់អាជ្ញាធរ។

សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក៏បានលើកឡើងកន្លងមកថា នៅក្នុងអំឡុងកិច្ចប្រជុំនោះដែរ តាមបណ្ដាផ្លូវសំខាន់ៗ ដែលប្រតិភូឆ្លងកាត់នឹងត្រូវបានបិទ ឬផ្អាកចរាចរណ៍ដើម្បីទុកអាទិភាពជូនភ្ញៀវធ្វើដំណើរបានស្រួល ហើយសម្ដេចក៏សុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ។

សម្ដេចមានប្រសាសន៍ថា “បើពុំមានការចាំបាច់ទេ កុំធ្វើដំណើរកាត់តាមផ្លូវ ដែលប្រតិភូឆ្លងកាត់ឬកុំចេញពីផ្ទះ ឬក៏អាចធ្វើដំណើរទៅកម្សាន្តតាមបណ្ដាខេត្តវិញ ពីព្រោះនៅភ្នំពេញនឹងមានការបិទផ្លូវជាច្រើន នៅពេលមានប្រតិភូឆ្លងកាត់”៕