បុរី ចាន់ណាលែន បន្តវឌ្ឍនភាពគម្រោងទី២យ៉ាងរលូននិងនៅតែទទួលបានការគាំទ្រខ្ពស់ពីអតិថិជន

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់លើគម្រោងទី១ គម្រោងអភិវឌ្ឍន៍លំនៅឋានរបស់ក្រុមហ៊ុន ចាន់ណាលែន ដែលមានទីតាំងស្ថិតក្នុងតំបន់វិហារសួគ៌ ប៉ែកខាងកើតរាជធានីភ្នំពេញ បាន និងកំពុងចាប់ផ្ដើមបោះជំហានអភិវឌ្ឍដល់គម្រោងទី២ហើយ។ ​

លោក ថាន់ ចាន់ណា អគ្គនាយកក្រុមហ៊ុនចាន់ណាលែន អភិវឌ្ឍន៍បុរីចាន់ណាលែន បានមានប្រសាសន៍ឱ្យដឹងថា ក្រោយពីគម្រោងទី១ទទួលបានជោគជ័យ លក់ដាច់ខ្លាំង និងមានការគាំទ្រពីអតិថិជនក្នុងស្រុក ក្រុមហ៊ុនរបស់លោកបានចាប់ផ្ដើមអភិវឌ្ឍន៍គម្រោងទី២ ហើយគម្រោងនេះក៏កំពុងបន្តទទួលបានការគាំទ្រពីអតិថិជនជាច្រើនផងដែរ។

លោកថា ”ដោយឃើញមានការគាំទ្រពីអតិថិជនច្រើនបែបនេះ ក្រុមហ៊ុនក៏បានពន្លឿនការសាងសង់ ដើម្បីបញ្ចប់គម្រោង និងផ្ដល់ផ្ទះជូនអតិថិជន ដែលបានទិញគម្រោងពីក្រុមហ៊ុនរបស់យើង”។

លោកបន្តថា ការផ្ដល់ទំនុកចិត្តជូនអតិថិជន គុណភាពនៃសំណង់ ការងារសាងសង់លឿន ជាមួយនឹងបច្ចេកទេសសាងសង់ទំនើបៗ ជាដើម បានធ្វើឱ្យគម្រោងរបស់យើងទទួលបានជោគជ័យ និងបន្តអភិវឌ្ឍបាន ទោះបីប្រឈមស្ថានភាពវិបត្តិកូវីដ១៩ក្តី។

អ្វីដែលពិសេស ក្រុមហ៊ុនបានរៀបចំប្លង់ជូនអតិថិជន ដែលនេះគឺជាទំនុកចិត្តដ៏ធំពីសំណាក់អតិថិជន។ ជាក់ស្ដែង ក្នុងរយៈប៉ុន្មានខែចុងក្រោយនេះ យើងបានដកប្លង់ពីមន្ទីរសុរិយោដីខេត្តកណ្ដាល និងប្រគល់ជូនអតិថិជនតាមការស្នើសុំ ក្រោយពីគាត់បានទិញផ្ដាច់ពីក្រុមហ៊ុនយើង ឬអតិថិជន ដែលស្នើសុំប្លង់បង់ជាមួយធនាគារ។

លោកបន្ថែមថា “មួយរយៈចុងក្រោយនេះដែរ នៅជិតតំបន់អភិវឌ្ឍន៍បុរី ចាន់ណា លែន ក៏មាន គម្រោងវិនិយោគរោងចក្រ ដែលនឹងធ្វើឱ្យតំបន់នោះកាន់តែមានមនុស្សរស់នៅអ៊ូអរ។ ក្រៅពីនោះ គម្រោងសាងសង់ស្ពានតភ្ជាប់ពីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ ក៏នឹងធ្វើឱ្យសន្ទុះនៃការអភិវឌ្ឍអចលនទ្រព្យ នៅតំបន់វិហារសួគ៌ នៃស្រុកល្វាឯម កាន់តែមានសក្ដានុពលខ្ពស់បន្ថែមទៀត”។

 

បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យ បានមើលឃើញថា តម្រូវការលំនៅឋាន នៅក្នុងប្រទេសកម្ពុជានឹងមានកំណើនខ្ពស់ នៅពេលអនាគត។ ជាពិសេស នៅពេលផែនការពង្រីកក្រុងភ្នំពេញកាន់តែធំឡើងៗ ស្របជាមួយនឹងកំណើនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ កាន់តែកើនឡើង ដូច្នេះការអភិវឌ្ឍលំនៅឋាន ពីសំណាក់វិនិយោគិន នឹងទទួលបានផលចំណេញជាបន្តបន្ទាប់ផងដែរ៕

           

ឧទ្យានអង្គរទាក់ទាញភ្ញៀវទេសចរបរទេសជាង១៣ម៉ឺននាក់កើនឡើងជាង២០០០ភាគរយ ក្នុងរយៈពេល៩ខែដំបូង

ដោយ៖ សុផារី

សៀមរាប៖ ឧទ្យានបុរាណអង្គរដ៏ល្បីល្បាញរបស់កម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ១៣៤.១៥២ នាក់ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២  កើនឡើង២.០៧៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ឧទ្យានបុរាណរកចំណូលបាន៥,៣៦លានដុល្លារពីការលក់សំបុត្រ ក្នុងអំឡុងខែមករាដល់ខែកញ្ញាឆ្នាំនេះ កើនឡើង២.០១២ភាគរយ បើធៀបនឹងឆ្នាំមុន។

បើយោងតាមគ្រឹះស្ថានអង្គរ តម្លៃ​ចូល​ទស្សនា​ឧទ្យាន​អង្គរក្នុង​មួយ​ថ្ងៃ ​គឺ៣៧ដុល្លារ ការ​ចូល​ទស្សនា​បី​ថ្ងៃ​មាន​តម្លៃ៦២ដុល្លារ និង​ការ​ចូល​ទស្សនា​រយៈពេល​មួយ​សប្តាហ៍​មាន​តម្លៃ៧២ដុល្លារ។

រដ្ឋាភិបាលបានប្រកាសកាលពីខែមុនថា ជនបរទេស ដែលបានរស់នៅកម្ពុជាលើសពី២ឆ្នាំ អាចដាក់ពាក្យសុំចូលទស្សនាប្រាសាទអង្គរ និងប្រាសាទកោះកេរ្តិ៍ដោយឥតគិតថ្លៃ ក្នុងរយៈមួយឆ្នាំ។

គ្រឹះស្ថានអង្គរបានបន្តទៀតថា ក្នុងអំឡុងពេលមុនការរាតត្បាតនៃជំងឺកូវីដ-១៩ ឧទ្យានអង្គរបានទទួលភ្ញៀវអន្តរជាតិរហូតដល់២,២លាននាក់ក្នុងឆ្នាំ២០១៩ ដោយរកចំណូលបាន៩៩លានដុល្លារពីការលក់សំបុត្រ។

នៅក្នុងឆ្នាំ២០២២នេះ ប្រទេសកម្ពុជារំពឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណ១លាន៥សែន ទៅ២លាននាក់៕

លំហូរទុនវិនិយោគផ្ទាល់ពីបរទេសរួមចំណែកធំក្នុងការជំរុញទីផ្សារអចលនទ្រព្យនៅកម្ពុជា

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ពីមួយឆ្នាំទៅមួយឆ្នាំ លំហូរទុនវិនិយោគផ្ទាល់ពីបរទេសចូលមកកម្ពុជា នៅតែមានកំណើន ទោះប្រឈមវិបត្តិនៃកូវីដ១៩ កម្ពុជានៅតែទទួលបានលំហូរទុនវិនិយោគផ្ទាល់ពីបរទេស ដែលបានរួមចំណែកយ៉ាងធំ ក្នុងការជំរុញទីផ្សារ និងការអភិវឌ្ឍអចលនទ្រព្យ។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលកន្លងទៅនេះ បានបង្ហាញថា ក្នុងពាក់ កណ្ដាលឆ្នាំ២០២២នេះ កម្ពុជាទទួលបានលំហូរទុនវិនិយោគផ្ទាល់ពីបរទេស មានចំនួនទឹកប្រាក់ប្រមាណ៣ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ទីផ្សារអចលនទ្រព្យស្រូបបានទុនវិនិយោគ ពីបរទេសមួយចំនួនធំផងដែរ ជាក់ស្ដែងក្នុងវិស័យសំណង់ និងអចលនទ្រព្យមុនវិបត្តិកូវីដ១៩ បានរួមចំណែកក្នុងសេដ្ឋកិច្ចកម្ពុជា ប្រមាណ៣០ភាគរយឯណោះ។

របាយការណ៍បង្ហាញផងដែរថា ប្រទេសចិនបានមានលំហូរទុនវិនិយោគផ្ទាល់នៅកម្ពុជាច្រើនជាងគេ ដែលមានទឹកប្រាក់ប្រមាណ១,២៩ពាន់លានដុល្លារអាមេរិក ក្នុងពាក់កណ្ដាលឆ្នាំ២០២២នេះ ដែលមានចំណែកប្រមាណ៤៣ភាគរយ ក្រៅពីនោះមាន ប្រទេសជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ជាដើម។

អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជា បានលើកឡើងផងដែរថា ដោយសារតែវិស័យអចលនទ្រព្យកម្ពុជាពឹងផ្អែកលើការវិនិយោគធំពីខាងក្រៅប្រទេស ដូច្នេះនៅគ្រាដែលវិនិយោគិនបរទេសមិនទាន់អាចចូលមកកម្ពុជា ដើម្បីស្វែងរកការវិនិយោគ វិស័យនេះក៏មិនអាចមានសន្ទុះខ្ពស់ ដូចក្នុងគ្រាមុនកូវីដ១៩នោះដែរ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានលើកឡើងថា ការវិនិយោគ ក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ពីសំណាក់វិនិយោគិនក្នុងស្រុក បានជួយទប់ និងជួយឱ្យសកម្មភាពនៃការវិនិយោគអចលនទ្រព្យនៅបន្តដំណើរការ ប៉ុន្តែវាមិនអាចរីកលូតលាស់ខ្លាំង ដូចនៅមុនវិបត្តិកូវីដ១៩អំឡុងឆ្នាំ ២០១៨ ឬ២០១៩នោះទេ។

អ្នកនាង ជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃ នៃក្រុមហ៊ុន CBRE Cambodia ក៏បានឱ្យដឹងថា កត្តាមួយចំនួន ដែលនៅរារាំងការមកដល់វិនិយោគិនបរទេសចូលមកកម្ពុជា ដូចជា វិបត្តិសេដ្ឋកិច្ចសកលមិនទាន់បានប្រសើរ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងបញ្ហាកូវីដ១៩នៅបណ្ដាប្រទេសមួយចំនួន ដែលរដ្ឋាភិបាលរបស់គេនៅតែបន្តរឹតបន្តឹងការចេញចូលរបស់ពលរដ្ឋ ទៅក្រៅប្រទេស ដូចជា ប្រទេសចិនជាដើម ដែលធ្វើឱ្យវិនិយោគិនពិបាកចេញចូល ដើម្បីស្វែងរកការវិនិយោគ៕

 

ព្រំដែនរវាងថៃនិងខេត្តពីររបស់កម្ពុជាគ្រោងត្រូវបានអភិវឌ្ឍជាច្រកព្រំដែនអចិន្ត្រៃយ៍

ដោយ៖ សុផារី

កម្ពុជា-ថៃ៖ រដ្ឋាភិបាលថៃ និងកម្ពុជាបានកំពុងពិចារណាក្នុងការអភិវឌ្ឍច្រកព្រំដែនចំនួនពីរ រវាងខេត្តត្រាតរបស់ប្រទេសថៃ និងខេត្តចំនួនពីររបស់កម្ពុជា ទៅជាច្រកព្រំដែនអចិន្ត្រៃយ៍។

កាសែតបាងកកបុស្តិ៍បានចេញផ្សាយកាលពីពេលថ្មីៗនេះ ដោយស្រង់សម្តីរបស់អភិបាលខេត្តត្រាត លោក Chamnanwit Terat ថា អាជ្ញាធរមូលដ្ឋានក្នុងខេត្ត និងវិស័យឯកជនកំពុងជំរុញធ្វើឱ្យច្រកព្រំដែនចំនួនពីរទៅជាច្រកព្រំដែនអចិន្ត្រៃយ៍​។

ទី​១ គឺ​ច្រក​ព្រំដែនបានថាសែន (Ban Tha Sen) ​ ដើម្បី​ត​ភ្ជាប់​ខេត្ត​ជាមួយ​ខេត្ត​ពោធិ៍សាត់​របស់​កម្ពុជា។ ទី​២ គឺ​ច្រក​ព្រំដែន​បណ្តោះអាសន្នបានមឿង (Ban Muang) ​ ក្នុងស្រុកបូរ៉ៃ (Bo Rai) ​ដើម្បី​ប្រែក្លាយ​ច្រកនេះទៅជា​ច្រកព្រំដែនអចិន្ត្រៃយ៍​ ដែល​ត​ភ្ជាប់​ខេត្ត​ត្រាតរបស់ថៃ​ ជាមួយ​ខេត្តបាត់ដំបង​ក្នុង​ប្រទេស​កម្ពុជា។

ច្រកព្រំដែនអចិន្រ្តៃយ៍បានហាតឡេក (Ban Hat Lek) របស់ខេត្តត្រាត ដែលតភ្ជាប់ជាមួយខេត្តកោះកុង របស់កម្ពុជា ត្រូវបានគេរំពឹងថា នឹងឃើញទំហំពាណិជ្ជកម្មទ្វេភាគីមានតម្លៃ៣២,៣៣ពាន់លានបាតនៅឆ្នាំនេះ កើនឡើងពី ៣១,២ពាន់លានបាត ប្រៀបធៀបកាលពីឆ្នាំមុន។ ក្នុងរយៈពេល៩ខែដំបូង ពាណិជ្ជកម្មទ្វេភាគីតាមច្រកនេះមានតម្លៃ២៨ពាន់លានបាត។

អភិបាលខេត្តត្រាត លោក Chamnanwit បានបន្តថា បន្ទាប់ពីខេត្តទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ១៩ និងកំណើនសេដ្ឋកិច្ចមានត្រឹមតែ១,៤ ភាគរយកាលពីឆ្នាំមុន ប៉ុន្តែឆ្នាំនេះរំពឹងថានឹងកើនឡើង៤,៤ភាគរយ។

សេដ្ឋកិច្ច​ខេត្ត​ជាប់ព្រំដែនកម្ពុជាមួយនេះ ​ពឹងផ្អែកលើវិស័យ​កសិកម្ម​ ដែល​មាន​៤៧​ភាគរយ វិស័យ​ទេសចរណ៍ ​​សេវាកម្ម​មាន​៤៤​ភាគរយ ​និង​វិស័យ​ឧស្សាហកម្ម​៦​ភាគរយ​ ហើយ​គ្រប់​វិស័យ​ទាំងអស់​បង្ហាញ​សញ្ញា​កើនឡើង​៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១

ដោយ៖ សហការី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ដែលជាព្រឹត្តិការណ៍ដ៏មានសំខាន់សម្រាប់ការជជែកពិភាក្សាលើព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ី ហើយត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២២នេះ។

មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដែលធ្វើឡើងចន្លោះពីថ្ងៃទី០១ មានប្រតិភូផ្នែកកីឡាប្រមាណ៣៣៦រូប មកពី ៥៥ប្រទេសជុំវិញពិភពលោក។ ក្នុងនោះមានប្រតិភូមកពីបណ្តាប្រទេសក្រុមប្រឹក្សាអូឡាំពិកអាស៊ី ចំនួន៤៥ប្រទេស ព្រមទាំងប្រទេសចលនាអូឡាំពិកអន្តរជាតិ ចូលរួមសង្កេតការណ៍ប្រមាណ១០ប្រទេសទៀត។ ក្រៅពីនោះ ក៏មានប្រតិភូថ្នាក់ដឹកនាំគណៈកម្មាធិការអូឡាំពិកអន្តរជាតិមួយចំនួនទៀតផងដែរ។

ដើមឡើយ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១នេះ គ្រោងធ្វើឡើងនៅប្រទេសចិន ប៉ុន្តែដោយសារការពន្យារពេលនៃព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ២០២២នៅចិន ត្រូវបានលើកពេលទៅឆ្នាំ២០២៣ ទើបក្រុមប្រឹក្សាអូឡាំពិកអាស៊ី ផ្តល់សិទ្ធិជូនកម្ពុជា រៀបចំធ្វើម្ចាស់ផ្ទះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ (CAMSOC) បានឱ្យដឹងថា ការធ្វើជាម្ចាស់ផ្ទះមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីនេះ គឺជាឱកាសដ៏កម្រមួយសម្រាប់កម្ពុជាក្នុងស្វះស្វែងរកការគាំទ្រឱ្យបានពេញលេញពីអន្តរជាតិទៅលើនយោបាយកីឡារបស់កម្ពុជា ដែលកំពុងត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្កេម លើកទី១២ ឆ្នាំ២០២៣ និងការធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីឆ្នាំ២០២៩។

លោកបានអះអាងថា ការធ្វើម្ចាស់ផ្ទះមហាសន្និបាតនេះ កម្ពុជានឹងទទួលបានផលប្រយោជន៍ជាច្រើនពីសហគមន៍អន្តរជាតិ ដូចជាការជួយផ្សព្វផ្សាយពីកម្ពុជាតាមបណ្តាញសារព័ត៌មានអន្តរជាតិទៅកាន់ពិភពលោក។

បន្ថែមពីលើនោះព្រឹត្តិការណ៍នេះ ក៏នឹងផ្តល់ភាពងាយស្រួលក្នុងការទាក់ទងគ្នារវាងសហព័ន្ធកីឡាជាតិកម្ពុជា ជាមួយសហព័ន្ធកីឡាអន្តរជាតិ ចលនាអូឡាំពិកអន្តរជាតិ ក្នុងគោលបំណងជួយពង្រឹងការអភិវឌ្ឍវិស័យកីឡាជាតិនៅកម្ពុជា។ ជាពិសេសជំរុញបន្ថែមដល់ចលនាកីឡាពិភពលោក មើលឃើញពីសក្តានុពលរបស់កម្ពុជា។

លោកបានលើកឡើងថា “នេះជាពេលវេលាដ៏ល្អមួយដែលសហគមន៍អន្តរជាតិ និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានមើលឃើញពីសក្តានុពលកម្ពុជានូវវិស័យកីឡា សេដ្ឋកិច្ច ជាពិសេសកត្តាចម្បងនៃម្លប់សន្តិភាពរបស់កម្ពុជា ដែលកំពុងបោះជំហាននៃការ អភិវឌ្ឍលើគ្រប់វិស័យពីមួយដំណាក់កាលទៅមួយដំណាក់កាល ខណៈគោលដៅនៃសុខសុវត្ថិភាពពីជំងឺកូវីដ១៩ ក៏ត្រូវបានអន្តរជាតិបានលើកឡើងផងដែរ”។

ក្រុមប្រឹក្សាអូឡាំពិកអាស៊ី មានសមាជិកជាគណៈកម្មាធិការជាតិអូឡាំពិកចំនួន ៤៥ប្រទេស ក្នុងទ្វីបអាស៊ី ក្នុងនោះក៏មានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចូលជាសមាជិកក្រុមប្រឹក្សាអូឡាំពិកអាស៊ី ឆ្នាំ១៩៩៤៕

ចរាចរណ៍យានយន្តមានការកើនឡើង៦០ភាគរយលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុធៀបនឹងថ្ងៃទី១

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រោយពីបើកដំណើរការបានរយៈពេល៣ថ្ងៃ ចរាចរណ៍លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នៅក្នុងថ្ងៃទី២ បានកើនឡើងជាង៦០ភាគរយ បើធៀបនឹងតួលេខនៅក្នុងថ្ងៃបើកដំណើរការដំបូង។

នេះបើយោងតាមទិន្នន័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នាថ្ងៃទីមួយ នៃការបើកដំណើរការសាកល្បងផ្លូវល្បឿនលឿន មានយានយន្តជិត៩.០០០គ្រឿងបានចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុថ្មី។

គិតចាប់ពីម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី០២ ដល់ម៉ោង៧:០០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ មានយានយន្តចំនួន១៤.៣២២ គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

ក្រសួងបានឱ្យដឹងថា តួលេខថ្ងៃទី២នេះបានបង្ហាញឱ្យឃើញពី កំណើននៃការធ្វើដំណើរលើផ្លូវល្បឿនលឿនក្នុងថ្ងៃទីពីរ នៃការដាក់ឱ្យដំណើរសាកល្បង ដែលស្មើនឹងជាង៦០% បើធៀបនឹងតួលេខពីម្សិលមិញ។ នេះជាសញ្ញាណវិជ្ជមានមួយបង្ហាញថា ផ្លូវល្បឿនលឿនជម្រើសប្រសើរមួយសម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូនផងដែរ។

ក្រសួងសាធារណការ បានបញ្ជាក់ទៀតថា ក្នុងចំណោមយានយន្តដែលបានចរាចរ ក្នុងថ្ងៃទី២នេះ មានករណីដែលត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបមានចំនួន ៥៣ករណី ដែលបានធ្វើការទាក់ទងទៅកាន់លេខ១៣៩៩ ក្នុងថ្ងៃនោះ៕

NA leader requires accelerating ground clearance for Long Thanh airport project

Dong Nai (VNA) – National Assembly Chairman Vuong Dinh Hue has urged the southern province of Dong Nai to continue to cooperate with the management board of Long Thanh International Airport project and the Airports Corporation of Vietnam (ACV) to accelerate ground clearance work so that construction of the project can start as scheduled.

 

Inspecting the progress of the airport project on October 2, the top legislator lauded the province’s performance in building the Loc An-Binh Son resettlement areas, requesting the locality to ensure that the living conditions in the area is equal to or higher than that in the old one.

 

He underlined that the Long Thanh project has seen a slow progress as it has so far spanned through three NA tenures. However, the NA Chairman noted that recently, under the direction of the Government and the direct management of Deputy Prime Minister Le Van Thanh, the project has been sped up.

As scheduled, in the first phase, one runway and one passenger terminal of Long Thanh International Airport will be put into operation by 2025, enabling the airport to welcome 25 million passengers and handle 1.2 million tonnes of cargo per year. This means there are only three years left to complete the plan, he noted, stressing the need to take drastic actions to ensure the progress of the project.

 

He asked Dong Nai to report all difficulties and obstacles facing the implementation of the project to the NA Standing Committee to seek timely solutions.

 

The top legislator assigned the NA General Secretary and Chairman of the NA Office to organise a working session to find solutions to the difficulties, highlighting that the NA always accompany the Government and localities during this important project.

 

He requested the ACV to select contractors with full financial capacity and experience to construct the project, ensuring openness and transparency during the process.

Source: Vietnam Plus

រដ្ឋាភិបាលដកចេញវិធានការសុខាភិបាលសម្រាប់ជនបរទេសចូលមកកម្ពុជាមិនតម្រូវឱ្យបង្ហាញកាតវ៉ាក់សាំងទៀតឡើយ

ដោយ៖ សុផារី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដដកចេញវិធានការសុខាភិបាលមួយចំនួន សម្រាប់ជនបរទេសដែលចូលមកប្រទេសកម្ពុជា ដោយមិនតម្រូវឲ្យបង្ហាញសេចក្ដីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពេញលេញនៅពេលមកដល់កម្ពុជា។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ទី១ ដកចេញនូវវិធានការដែលតម្រូវឲ្យអ្នកដំណើរមកពីបរទេសទាំងអស់ ទាំងច្រកចូលផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស បង្ហាញសេចក្ដីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ១៩ ពេញលេញ នៅពេលមកដល់កម្ពុជា។

ក្រសួងក៏បានបញ្ជាក់ថា បន្ដរក្សាទុកនូវម៉ាស៊ីនវ៉ាស់កម្ដៅពីចម្ងាយ នៅតាមច្រកទ្វារចេញ-ចូលប្រទេស ព្រមទាំងរក្សាទុកមន្ដ្រីទទួលបន្ទុកការងារចត្តាឡីស័កមួយចំនួន នៅតាមច្រកទ្វារព្រំដែន ដើម្បីពិនិត្យ ផ្ដល់យោបល់ចំពោះអ្នកដំណើរដែលមានរោគសញ្ញា ឬអ្នកជំងឺដែលមានតម្រូវការជាយថាហេតុ៕

គម្រោងវិនិយោគទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចជាង៣០០គម្រោងត្រូវបានអនុញ្ញាត នៅក្នុងតំបន់ការពារធនធានធម្មជាតិ

ដោយ៖ សុផារី

ភ្នំពេញ៖ គិតត្រឹមខែកញ្ញា ឆ្នាំ២០២២នេះ មានគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចចំនួន៣០៧គម្រោង និងមានផ្ទៃដី២.៦៧០ហិកតា ត្រូវបានក្រសួងបរិស្ថាន អនុញ្ញាតនៅក្នុងតំបន់ការពារធនធានធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះកម្ពុជា។

គម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” តាមរយៈហិរញ្ញប្បទានឥណទានពីធនាការពិភពលោក ក្រសួងបរិស្ថានបាននឹងកំពុងរៀបចំប្រកាសសំខាន់ៗចំនួន៣ រួមមានទី១ ប្រកាសស្តីពីគោលការណ៍ណែនាំ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច ដែលមានទំហំផ្ទៃដីក្រោម១០ហិកតា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ ដោយរៀបចំកិច្ចសន្យាប្រើប្រាស់ទីតាំងដីក្នុងរយៈពេលមិនលើសពី១៥ឆ្នាំ។

ក្រសួងក៏រៀបចំប្រកាសស្តីពី គោលការណ៍ណែនាំក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតធំ ដោយរៀបចំកិច្ចសន្យាជួលទីតាំងដី ក្នុងរយៈពេលមិនលើសពី៥០ឆ្នាំ និង៣ ប្រកាសស្តីពីការរៀបចំ និងផ្តល់សេវាកម្មសហគមន៍ទេសចរណ៍ធម្មជាតិស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។

ដើម្បីជំរុញសកម្មភាពនេះ ឱ្យទទួលបានជោគជ័យ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ ក្រសួងបរិស្ថាន ក៏បានប្រកាសដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច ដែលមានទំហំផ្ទៃដីក្រោម១០ហិកតា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។

គម្រោងមានគោលបំណងផ្តល់ការណែនាំ បង្កលក្ខណៈងាយស្រួល និងសម្របសម្រួលដល់ម្ចាស់សំណើ និងម្ចាស់គម្រោងអំពីនីតិវិធី និងដំណើរការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ និងកំណត់វិសាលភាពនៃការអនុវត្តលើគម្រោងដែលមានទំហំដីមិនលើសពី១០ហិកតា ដោយប្រើប្រាស់លក្ខណៈវិនិច្ឆ័យជាឧបករណ៍ក្នុងការវាយតម្លៃលើគ្រប់ទិដ្ឋភាពពាក់ព័ន្ធ។

លោក រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ដើម្បីសម្រេចបាននូវបំណងជាយុទ្ធសាស្រ្តខាងលើ ក្រសួងបរិស្ថានបាននិងកំពុងបន្តការធ្វើទំនើបកម្មស្ថាប័ន កែសម្រួលរបៀបរបបការងារ រដ្ឋបាលទំនើប និងការគ្រប់គ្រង ហិរញ្ញវត្ថុ ធ្វើប្រតិភូកម្មអំណាចនិងផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពង្រឹងសមត្ថភាពមន្ត្រីរាជការឧទ្យានុរក្ស ទាំងបរិមាណ និងគុណភាព កសាងហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្ត ពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់ជីវភាពនិងសុខុមាលភាពមន្រ្តីរាជការ។

លោកបន្តថា បច្ចុប្បន្ន ក្រសួងបរិស្ថានបាន និងកំពុងយកចិត្តទុកយ៉ាងខ្លាំង ក្នុងបន្តការពង្រឹង ក្របខណ្ឌច្បាប់ក្នុងវិស័យបរិស្ថាន ដោយបាននិងកំពុងជំរុញការងាររៀបចំកែសម្រួល និងធ្វើសមាហរណកម្មច្បាប់ ដែលមានស្រាប់ឱ្យទៅជា “ក្រមបរិស្ថាន និងធនធានធម្មជាតិ” រួមតែមួយដែលកិច្ចការនេះកំពុងបន្តបញ្ចប់។

លោកបានបន្តថា ក្រសួងបរិស្ថានក៏បាន និងកំពុងរៀបចំសេចក្តីព្រាងលិខិត បទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការគ្រប់គ្រងគុណភាពបរិស្ថាន ការគ្រប់គ្រងសំណល់រឹងរាវ ការគ្រប់គ្រង តំបន់ការពារធម្មជាតិ ការអភិរក្ស ជីវៈចម្រុះ និងការងារអប់រំបរិស្ថាន ដែលក្នុងនោះមានយុទ្ធសាស្រ្ត និងផែនការ សកម្មភាព បរិស្ថានជាតិ ២០១៦-២០២៣ (NESAP) និងផែនការជាតិគ្រប់គ្រងតំបន់ការពារធម្មជាតិ ២០១៦-២០៣០ (NPASMP) និងការដាក់បញ្ចូលគោលដៅ គោលបំណង និងសកម្មភាពពាកព័ន្ធវិស័យបរិស្ថានទៅក្នុងដំណើរ ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDG)៕

 

 

សម្តេចតេជោព្រមានអ្នករស់នៅខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរប្រយ័ត្នមិនបានទទួលសំណងមួយសេន បើចង់ងងឿក

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ជាការផ្ញើរសារដ៏កម្រមួយ ទៅកាន់ប្រជាពលរដ្ឋរស់នៅខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា កុំចង់ងឿកតថ្លៃសំណងជាមួយរាជរដ្ឋាភិបាលឲ្យសោះ បើដល់ពេលសូម្បីមួយសេនមិនបានផង។

សម្តេចតេជោបានផ្តាំបែបនេះ បន្ទាប់ពីមានអ្នករស់នៅតំបន់រមណីយដ្ឋានអង្គរ ដែលមិនទាន់បានចាកចេញ ទទួលការឃោសនាថា ដីនោះនឹងត្រូវយកលក់ឲ្យ​ឯកជន ហើយពួកគាត់នឹងបានសំណងកាន់តែច្រើន។

ថ្លែងនៅក្នុងកម្មវិធីចែកសញ្ញាបត្ររបស់វិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅអ្នករស់នៅតំបន់រមណីយអង្គរទៀតថា ចំណាត់ការរបស់រាជរដ្ឋាភិបាលពេលនេះ ធ្វើឡើងមិនថមថយនោះទេ។

សម្តេចតេជោបានគូសបញ្ជាក់ថា “បើដល់ពេលវេលា អ្នករស់នៅទីនោះមិនចាកចេញទៀត សំណង១សេនក៏មិនទទួលបានឡើយ ព្រោះពួកគាត់រស់នៅទីនោះ សុទ្ធតែមិនមានបណ្ណសម្គាល់កម្មសិទ្ធិឡើយ”។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “មានសាច់ញាតិម្នាក់ ដែលមានសាច់ញាតិនៅតំបន់អង្គរ បានវាយសារមកប្រាប់ខ្ញុំ តាំងពីខ្ញុំមុនទៅសៀមរាប”។ សម្តេចបន្តថា “អញ្ចឹង លើកទីមួយកុំប្រគល់ ក្រែងគេឃោសនាថា រដ្ឋបាលនឹងយកដីហ្នឹងទៅលក់ឲ្យ​ឯកជន”។

លើកទី២ បន្តទៀតគេថា សុំទុកសិន ដើម្បីតថ្លៃឲ្យបានដីធំជាងហ្នឹង ដើម្បីបានសំណងឲ្យច្រើនជាងហ្នឹង។

សម្តេចបញ្ជាក់ថា “ខ្ញុំសូមជម្រាបជូនថា ពេលនេះជាពេលដែលរាជរដ្ឋាភិបាលធ្វើការថ្នាក់ថ្នម អង្វរកបងប្អូនឲ្យចាកចេញ។ ខ្ញុំទៅជួបផ្ទាល់ ជិត ៤ពាន់គ្រួសារ ប៉ុន្តែនៅពេលវេលាមកដល់១សេន ក៏មិនឲ្យដែរ ហើយបញ្ជូនចេញ ពីតំបន់ហ្នឹងតែម្តង សូមផ្តាំទៅឲ្យហើយ”។

រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា ឆ្នាំ២០២២កន្លងទៅនេះ តាមរយៈគណៈកម្មការអន្តរក្រសួងមួយ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី នៅរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។

ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទ ក្នុងតំបន់រម​ណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកតំបន់រមណីយដ្ឋានអង្គរ ចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើង ផ្ទុយពីលក្ខខណ្ឌកំណត់ ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូល ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

សម្តេចតេជោហ៊ុន សែនបានបន្ថែមថា “បើដល់ពេលវេលាមួយហើយ មិនឲ្យអង្គរវ ត្តត្រូវបានគេដកចេញពីបេតិកភណ្ឌពិភពលោកទេ ច្បាស់ជាដកគ្រួសារហ្នឹងចេញហើយ”។ សម្តេចបន្ថែមថា “កុំគិតថា ថ្ងៃក្រោយអាចតថ្លៃបានដីធំជាងហ្នឹង ឬបានចំណងច្រើនជាងហ្នឹង អត់មានទេ។ ដីអ្នកទាំងអស់គ្នា អត់មានកម្មសិទ្ធិទេ”។


យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ប្រតិបត្តិការរក្សារមណីយដ្ឋានអង្គរ ជាសម្បត្តិមនុស្សជាតិលើពិភពលោក សម្រេចបានការវាស់វែង និងស្រង់ទិន្នន័យក្បាលដីដែលប្រជាពលរដ្ឋកាន់កាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរស្ថិតនៅ១១៤ភូមិ, ២៤ឃុំ/សង្កាត់ និង៥ក្រុង/ស្រុក ស្មើនឹង៩៧,៨៥៥ក្បាលដី ទំហំ ២៩,១៧៤ហិកតា។

ជាមួយគ្នានោះប្រជាពលរដ្ឋស្ម័គ្រចិត្ត រុះរើសំណង់ខុសច្បាប់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា បានចាប់ឆ្នោតជ្រើសរើសដីឡូតិ៍ ទៅតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯកសរុប៣,៨៦៨គ្រួសារ។ ប្រជាពលរដ្ឋស្ម័គ្រចិត្ត និងបានរុះរើតូប រោង កញ្ចុះ និងផ្ទះសាងសង់ខុសច្បាប់ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរបានប្រមាណ៤០០តូប។

អង្គការយូណេស្កូ បានថ្លែងការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងការពារតំបន់បេតិកភណ្ឌអង្គរ។

ការកោតសរសើរ បានធ្វើឡើងតាមរយៈលោកSardar Umar Alam តំណាងអង្គការយូណេស្កូ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពេលលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អនុញ្ញាតទទួលជួ បដើម្បីពិភាក្សាការងារ ជាពិសេសផ្ដោតទៅលើវឌ្ឍនភាពការងាររួមគ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២៕