ទីផ្សារជួលការិយាល័យបន្តងើបឡើងយឺតៗ ខណៈការជួលអាផាតមិន បន្តស្ងប់ស្ងាត់

ដោយៈ សុផារី

ភ្នំពេញៈ គិតមកទល់ដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២ លំហូរនៃទេសចរ និងជនជាតិបរទេស ចូលមកកាន់ប្រទេសកម្ពុជា បានកើនឡើងបណ្តើរៗហើយ ប៉ុន្តែកំណើននេះហាក់មិនសូវគាំទ្រខ្លាំងដល់ទីផ្សារជួល ដែលភាគច្រើនពឹងផ្អែកលើវិនិយោគិន និងជនជាតិបរទេសនោះទេ។

ស្របពេលជាមួយគ្នានេះ អ្នកជំនាញមើលឃើញថា ទីផ្សារជួលនៃការិយាល័យ មានភាពប្រសើរឡើងបណ្តើរៗហើយ តែការជួលអាផាតម៉ិនមិនទាន់មានសញ្ញាវិជ្ជមានខ្លាំងនៅឡើយ។

លោក ហិន ម៉េងហៀង អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងកាលពីចុងសប្ដាហ៍មុននេះថា នៅក្នុងកំឡុងសម័យកូវីដ១៩នេះ អ្វីដែលប៉ះពាល់ខ្លាំងជាងគេគឺទីផ្សារជួល ហើយអត្រាការជួលនៅក្នុងសេវាកម្ម គ្រប់គ្រងអចលនទ្រព្យមានការធ្លាក់ចុះខ្លាំង។

លោកបន្តថា “ការធ្លាក់ចុះនេះ ដោយសារមិនសូវមានលំហូរនៃអ្នកវិនិយោគ និងលំហូរនៃជនបរទេស ដែលមានតម្រូវការនៃការជួល ដោយមានតែអ្នកជួលនៅក្នុងស្រុកតែប៉ុណ្ណោះ”។

អ្នកជំនាញរូបនេះអះអាងថា “បញ្ហានេះបានជះឥទ្ធិពល ដោយធ្វើឱ្យប៉ះពាល់ដល់អត្រាការជួល (Occupancy Rate) និងតម្លៃជួលស្ទើរគ្រប់ប្រភេទនៃអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា”។ លោកថា “មានការស្នើសុំឱ្យមានតម្លៃធូរថ្លៃ អ្នកជួលក៏មានវិបត្តិហិរញ្ញវត្ថុដូចគ្នា ដែលនាំឲ្យមានការបញ្ចុះតម្លៃ”។

 

ជាមួយគ្នានេះ លោក ប៉ូវ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance Property បានមានប្រសាសន៍ប្រាប់ Property Area Asia ថា ទីផ្សារជួលការិយាល័យ ចាប់ផ្តើមមានភាពល្អប្រសើរបណ្តើរៗហើយ ខណៈទីផ្សារមួយនេះ មានកំណើនយឺតៗ ស្របពេលតម្រូវការក៏មានកំណើនទន្ទឹមគ្នាផងដែរ។

ចំណែកទីផ្សារជួលអាផាតមិន អ្នកជំនាញរូបនេះអះអាងថា នៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ដោយសារការប្រកួតប្រជែងខ្ពស់ ជាមួ​យខុនដូ។ លោកថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាផាតម៉ិនមានការកើនឡើងច្រើននោះទេ ខណៈទីផ្សារខុនដូវិញមានការកើនឡើងខ្លាំង។

លោកបានបន្តថា “សេដ្ឋកិច្ចមិនមានការកើនឡើង ជាគំហុកដូចមុន ធ្វើឲ្យទីផ្សារអាផាតម៉ិន មានការប្រកួតប្រជែងខ្ពស់ជាមួយខុនដូ នាពេលបច្ចុប្បន្ន”៕

សម្តេចតេជោៈពិភពលោកកំពុងរំកិលទៅរកវិបត្តិសេដ្ឋកិ​ច្ចសកលជាថ្មី

ដោយៈ គង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានបន្ទរ

តាមការវិភាគរបស់អ្នកសេដ្ឋកិច្ចសកលថា ពិភពលោកពេលនេះកំពុងរំកិលទៅរកវិបត្តិសេដ្ឋកិច្ចសកលជាថ្មីម្តងទៀត។

ត្រូវសម្តេចអះអាងបែបនេះ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតជាង៣០០០នាក់នៅព្រឹកថ្ងៃទី៣ តុលានេះ ដោយសម្តេចបានលើកពីមូលហេតុខាងលើនេះថា ដោយសារមួយផ្នែកមកពីសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ហើយមួយផ្នែកទៀតបណ្តាលមកពីការដាក់ទណ្ឌកម្មទៅវិញទៅមក។

សម្តេចតេជោហ៊ុន សែនបានបញ្ជាក់ទៀតថា មានការទស្សទាយជាច្រើន វាយតម្លៃជាច្រើនពីអ្នកសេដ្ឋកិច្ចសកល​ថា ពិភពលោកកំពុងឈានជើងឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ចដ៏ធំ ដែលផ្តើមចេញពីអាមេរិក និងអឺរ៉ុប ដែលឥឡូវនេះ វាពិតណាស់ថា វាផ្តើមចេញពីសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន តែវាមិនមែនជាមូលហេតុតែមួយគត់ទេ មូលហេតុដែលនាំឱ្យសេដ្ឋកិច្ចជួបការលំបាក គឺទណ្ឌកម្មទៅវិញទេ។


សង្គ្រាមឈ្លានពានរបស់រុស្ស៉ី ទៅលើប្រទេសអ៊ុយក្រែន ដែលជាប់ជិតខាងគ្នា បានកើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយអូសអន្លាយរហូតដល់សព្វថ្ងៃ។ ការឈ្លានរបស់រុស្ស៉ី ទៅលើប្រទេសអ៊ុយក្រែន បានធ្វើឱ្យសហរដ្ឋអាមេរិក និងបច្ចិមប្រទេស សម្រេចប្រើប្រាស់ទណ្ឌកម្មជាបន្តបន្ទាប់ប្រឆាំងរុស្ស៉ី។ ចំណែករុស្ស៉ី ក៏បានប្រើប្រាស់ទណ្ឌកម្មតាមលទ្ធភាពរបស់ខ្លួន ដើម្បីប្រឆាំងនឹងទណ្ឌកម្មផងដែរ។ បញ្ហានេះ បានធ្វើឱ្យពិភពលោករងនូវវិបត្តិជាបន្តបន្ទាប់ ក្នុងនោះមានការកើនឡើងតម្លៃប្រេងឥន្ធនៈ ការកើនឡើងនូវអតិផរណា និងវិបត្តិអាកាសធាតុនៅអឺរ៉ុបផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទណ្ឌកម្មទៅវិញទៅមក បានរាលដាលដល់ប្រទេសតូចៗ ដែលមិនពាក់ព័ន្ធ។

សម្តេចបានបន្តថា ដាក់ទណ្ឌកម្មចុះឡើង ទណ្ឌកម្មត្រូវទាំងរុស្ស៉ីផង អឺរ៉ុបខ្លួនឯងផង ហើយត្រូវទាំងយើងដែលមិនដឹងអីទៅទៀត។ នេះជាចំណុ​ចដែលយើងគិតថា ត្រូវទប់ទល់នឹងសភាពការណ៍នេះ វានឹងមកដល់៕

ប្រទេសវៀតណាមគ្រោងបញ្ចប់ការសាងសង់អាកាសយានដ្ឋានដ៏ធំ មួយត្រឹមឆ្នាំ២០៥០

ដោយ: លាងហួរ

ហាណូយ: ប្រទេសវៀតណាម បានចាប់ផ្តើមគម្រោងអាកាសយាន  ដ្ឋានអន្តរជាតិ Long Thanh ក្នុងខេត្ត Đồng Nai ភាគខាងត្បូងចាប់តាំងពីឆ្នាំ២០២១។

គម្រោងទាំងនេះ គឺជាហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ ដែលដំណើរការជាមួយនឹងបច្ចេកវិទ្យាស្មុគ្រស្មាញបំផុត ដែលមិនធ្លាប់មានដោយសាជីវកម្មគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសវៀតណាម (VATM)។

គម្រោងនេះ បានទុនវិនិយោគសរុបជិត ៣,៥ពាន់ពាន់លានដុង ឬ១៤៧,៣លានដុល្លារអាមេរិក ក្នុងដំណាក់កាលចាប់ផ្តើម។

ការងាររបស់គម្រោងនេះ រួមមាន ប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស និងធាតុជំនួយ ស្ថានីយ៍រ៉ាដាឃ្លាំមើលបឋម និងស្ថានីយ៍មូលដ្ឋានវិទ្យុ VHF រ៉ាដាឃ្លាំមើលអាកាសធាតុ និងប្រព័ន្ធសង្កេតអាកាសធាតុស្វ័យប្រវត្តិ (AWOS) ដែលគ្របដណ្តប់លើផ្ទៃដីសរុបជាង៥៥៨០ហិកតា។

អាកាសយានដ្ឋានអន្តរជាតិLong Thanh នឹងលាតសន្ធឹងលើឃុំចំនួន៦ក្នុងស្រុក Long Thanh ក្នុងខេត្ត Đồng Nai ។ការវិនិយោគសរុបរបស់អាកាសយានដ្ឋាននេះ មានទំហំទឹកប្រាក់៣៣៦,៣ពាន់ពាន់លានដុង ដោយការសាងសង់ចែកចេញជាបីដំណាក់កាល។

ក្នុងដំណាក់កាលដំបូង ផ្លូវយន្តហោះចុះឡើងមួយ និងចំណតអ្នកដំណើរមួយ រួមជាមួយនឹងសម្ភារៈជំនួយផ្សេងទៀត នឹងត្រូវសាងសង់ក្នុងទំហំទឹកប្រាក់១០៩,១១២ពាន់ពាន់លានដុង ដើម្បីបម្រើអ្នកដំណើរ២៥លាននាក់ និងទំនិញ ១.២លានតោនក្នុងមួយឆ្នាំៗ។

គម្រោងនេះបានចាប់ផ្តើមនៅឆ្នាំ២០២១ នៅពេលដែលគម្រោងបានបញ្ចប់ទាំងស្រុងនៅឆ្នាំ២០៥០ អាកាសយានដ្ឋាននេះ នឹងអាចផ្ទុកអ្នកដំណើរបាន១០០លាននាក់ និងទំនិញចំនួន៥លានតោនក្នុងមួយឆ្នាំ៕

តោះមកស្វែងយល់ពីសារៈសំខាន់នៃសារធាតុDHAនៅក្នុងផលិត​ផល​ទឹកដោះគោម្សៅBalactan

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ផលិតផលទឹកដោះគោម្សៅ សម្រាប់យកមកប្រើប្រាស់ ដើម្បី​ផ្តល់ភាពលូតលាស់ដល់រាងកាយ សតិបញ្ញា ស្មារតីទារក និងកុមារពិតជាមានសារៈសំខាន់ណាស់ ដែលមាតាបិតា អាណាព្យាបាលត្រូវគិតគូរបំផុត។

ផលិតផលទឹកដោះគោម្សៅ Balactan ដែលបានបន្ថែមសាធាតុDHA បាននិងកំពុងផ្តល់ជម្រើសដ៏ប្រសើ​រ សំរាប់មាតា បិតាគ្រប់រូប ដើម្បីឲ្យខួរក្បាលទារក និងកុមារមានលការលូតលាស់បានល្អ​ប្រសើរ។

លោកប៊ូ​ ខេមរិន្ទ្រ ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន MTSL Investment Co., Ltdបានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា បច្ចុប្បន្នផលិតផល ទឹកដោះគោម្សៅ Balactan បានបន្ថែមសារធាតុ DHA សម្រាប់ផលិតផលថ្មីរបស់យើង ដែលសារធាតុនេះ ជួយដល់ការអភិវឌ្ឍលូតលាស់ខួរក្បាលក្មេងឲ្យចងចាំបានល្អ រៀនសូត្រចាប់បានលឿន រហ័ស និងចងចាំបានយូរ ពិសេសពួកគាត់អាចប្រើប្រាស់ខួរក្បាលបានល្អ។

លោកបន្តថា“អ្វីកាន់តែពិសេស ពេលកុមារទទួលបានសារធាតុ DHA បានច្រើនរហូតដល់អាយុ៦ឆ្នាំ ធ្វើឲ្យពួកគាត់រៀនសូត្របានចេះ ចាំលឿន ពិសេសពេលពួកគាត់ចាស់ទៅ ក៏មិនមានភាពរង្វេងផងដែរ”។ លោកបន្តថា “នៅកម្ពុជាមានផលិតផលទឹកដោះគោ ដែលមានសារធាតុ DHA ផងដែរ ប៉ុន្តែគេលក់តម្លៃថ្លៃ តែសារធាតុ DHA នៅមានកម្រិត បើធៀបនឹងផលិត ផលរបស់យើង”។

ផលិតផលទឹកដោះគោម្សៅ Balactan បាននិងកំពុងចរាចរណ៍លើទីផ្សារយ៉ាងទូលំទូលាយនៅកម្ពុជា និងកំពុងទទួលបានការគាំទ្រច្រើនពីសំណាក់មាតា បិតា អាណាព្យា​បាលកុមារនៅទូទាំងប្រទេស។

អគ្គនាយិការងក្រុមហ៊ុន ​​​MTSL Investment Co., Ltd លោកជំទាវថេង សុខលីបានមានប្រសាសន៍ថា ដោយសារមាននិស្ស័យស្រលាញ់កុមារ ទើបលោកជំទាវ បានសម្រេចសំរេចជ្រើសរើស ផលិតផលទឹកដោះគោម្សៅ ប្រកបដោយភាពសំរិតសំរាំង យកមកចែកចាយនៅកម្ពុជា ព្រោះចង់ឃើញទារក និងកុមារនៅកម្ពុជាមានសុខភាពល្អ និងបញ្ញាឆ្លាតវៃ ដូចកុមារនៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន។

លោកជំទាវបានបន្តថា “ហេតុនេះមុនសម្រេចចិត្ត ជ្រើសរើសផលិត​ផលណាមួយ សំរាប់ទារក និងបុត្រធីតារបស់ សូមពិចារណាទៅលើសារធាតុផ្សំ និងជាផលិតផលលំដាប់ ISO ដូចជា Balactan”។ លោកជំទាវបន្តថា “ការសំរិតសំរាំងផលិតផលមានគុណភាព សុវត្ថិភាព ជាការជ្រើសរើសក្តីស្រលាញ់សំរាប់បុត្រ ធីតារបស់ខ្លួន ដែលនាងខ្ញុំផ្ទាល់ក៏បានជ្រើសរើស Balactan សំរាប់កូនរបស់ខ្ញុំផងដែរ”៕

ដំណឹងល្អ តម្លៃប្រេងសាំងចុះថ្លៃ១០០រៀលនិងប្រេងម៉ាស៊ូតបន្តចុះថ្លៃ១៥០រៀល

ដោយ៖ សុផារី

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានប្រកាសថា ប្រេងសាំងធម្មតាលក់រាយមានតម្លៃ៤.២៥០រៀល និងប្រេងម៉ាស៊ូត៤.៧០០រៀល ក្នុង១លីត្រ ចាប់អនុវត្តពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ផ្អែកតាមតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ តម្លៃលក់រាយប្រេងឥន្ធនៈក្នុងរយៈពេលដូចគ្នាខាងលើ ត្រូវលក់៤.៥១៧រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង៤.៩៦៧រៀល សម្រាប់ប្រេងម៉ាស៊ូត ក្នុងមួយលីត្រ។

ក្រសួងបានបញ្ជាក់បន្ថែមថា ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦,៥សេនដុល្លារ ក្នុងមួយលីត្រ៕

សម្តេចតេជោ៖ ប្រជាពលរដ្ឋដែលមិនព្រមចេញពីតំបន់អង្គរ គិតថាថ្ងៃក្រោយអាចតថ្លៃបានច្រើន ដីធំជាង នោះជាការគិតខុស 

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ករណីពលរដ្ឋនៅតំបន់អង្គរ កុំឃើញនាយករដ្ឋមន្ត្រីទៅនិយាយ គិតថាថ្ងៃក្រោយអាចតថ្លៃបានច្រើន ដីធំជាង នោះជាការគិតខុស  ព្រោះបើដល់ពេលចាំបាច់ អាជ្ញាធរនឹងឱ្យពលរដ្ឋចាកចេញ ដោយមិនទទួលបានអ្វីទាំងអស់។

សម្ដេចតេជោអះអាងថា នឹងមិនឲ្យតំបន់អង្គរត្រូវបានដកចេញពីសម្បត្តិបេតិកភណ្ឌពិភពលោកនោះទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ៣.៨៦៦នាក់ នារី៣.៣៨២នាក់ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន ថាក្នុងពេលនេះ គឺរដ្ឋាភិបាលប្រើវិធីសាស្ត្រទន់ភ្លន់ក្នុងការស្នើឲ្យពលរដ្ឋចាកចេញពីតំបន់អង្គរ។ សម្ដេចបន្តថា ទៅថ្ងៃមុខទៀតបើសិនជាមានពលរដ្ឋណារឹងទទឹង មិនព្រមចាកចេញ រដ្ឋាភិបាលនឹងអនុវត្តវិធានការរដ្ឋបាល ហើយពេលនោះសូម្បីតែសំណងក៏ពុំមានជូនដែរ។

យោងតាមទិន្នន័យរដ្ឋាភិបាល រហូតមកដល់បច្ចុប្បន្ន មានពលរដ្ឋប្រមាណជាង៦.០០០គ្រួសាររួចហើយ ដែលត្រូវបានរដ្ឋាភិបាលសម្រេចផ្ដល់សំណង ដើម្បីដោះដូរឲ្យពួកគាត់ផ្លាស់ប្ដូរពីតំបន់អង្គរ ទៅភូមិធម្មជាតិរុនតាឯក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ការដោះដូរឲ្យពលរដ្ឋផ្លាស់ប្ដូរទៅភូមិរុនតាឯកនេះ គឺដោយសារតែអង្គការយូណេស្កូបានលើកឡើងថាសំណង់ដែលបានសាងសង់ក្នុងតំបន់អង្គរបានប៉ះពាល់ទៅដល់តំបន់អង្គរដែលត្រូវតែរុះចេញ ខណៈបើសិនបន្តឲ្យមានបញ្ហានេះបន្ត គឺតំបន់អង្គរប្រឈមនឹកការដកចេញពីសម្បត្តិបេតិកភណ្ឌពិភពលោក៕

កម្ពុជាត្រូវរង់ចាំរហូតដល់ឆ្នាំ២០២៨ ទើបអាចចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជ​កម្ពុជា លោកអ៊ុក ប្រជាបាននិយាយថា ​ការ​ទាញ​ប្រយោជន៍​ពី​កិច្ច​ព្រមព្រៀងRCEP នឹង​ជួយ​ធ្វើ​កំណែ​ទម្រង់​ប្រទេស​កម្ពុជា ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​នៅពេល​ខាងមុខ ខណៈ​កម្ពុជា ​នឹង​អាច​ចាក​ចេញ​ពី​ប្រទេស​ កម្រិត​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ ២០២៨ តាមរយៈ​ការបង្កើត​ក្របខ័ណ្ឌ​គតិយុត្ត​ទំនើប​ថ្មី។​

លោកបានថ្លែបបែបនេះ ក្នុង​វេទិកា​ធុរកិច្ច​អាស៊ាន​ស្តីពី “​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់់”កាលពីសប្តាហ៍មុន តាម​ប្រព័ន្ធ​វីដេអូ​ដែល​សហការ​រៀបចំ​ ដោយ​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​ក្រុមប្រឹក្សា​ពិគ្រោះ​យោ​បល់​ធុរកិច្ច​អាស៊ាន។

លោក​អ៊ុក ប្រជាបានអះអាងថា តាមរយៈ​ការ​ទាញ​ប្រយោជន៍​ជា​អតិបរមា​ នៃ​ពី​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច ​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) នឹង​ជួយ​កម្ពុជា​ឱ្យ​ចាក​ចេញ​ពី​ប្រទេស​ ដែល​មាន​កម្រិត​អភិវឌ្ឍន៍​តិចតួច​ក្នុង​ឆ្នាំ ២០២៨ ប្រកប​ដោយ​ប្រសិទ្ធ​ខ្ពស់ ដោយសារ​បង្កើតជា​ក្របខណ្ឌ​គតិយុត្ត​ទំនើប​ថ្មី។​

លោកបញ្ជាក់ថា “​យើង​នឹង​អាច​បង្កើតជា​ក្របខ័ណ្ឌ​គតិយុត្ត ​ទំនើប​ថ្មី ដែល​ជំរុញ​ការធ្វើ​កំណែទម្រង់​ ទាំង​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ច្បាប់ គតិយុត្ត និង​ស្ថាប័ន ដើម្បី​ធានា​ស្តង់ដា​ខ្ពស់​របស់​កម្ពុជា​នាពេល​ខាងមុខ ស្រប​ពេល​ដែល​កម្ពុជា អាច​នឹង​ចាក​ចេញពី​ឋានៈ​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) នៅ​ឆ្នាំ ២០២៨ និង​គ្រោង​ប្រែក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៥០”។​

កិច្ចព្រមព្រៀង RCEP ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏ធំ ​បំផុត​លើ​ពិភពលោក​ ដែល​មាន​សមាជិក​ចំនួន១៥ប្រទេស រួមមាន ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង ១០ និង​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចំនួន ៥ មាន​ដូចជា អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ចិន និង​នូវែលសេឡង់ គ្របដណ្តប់ ប្រជាជន​ប្រមាណ ២,២ ពាន់​លាន​នាក់ ឬ​ស្មើ៣០% នៃ​ចំនួន​ប្រជាជន​លើ​ពិភពលោក និង​មាន​ផលិតផល​ក្នុង​ស្រុក​សរុប​ប្រមាណ២៦,២ ទ្រីលាន​ដុល្លារ ឬ ៣០% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក និង​ទំហំ​ពាណិជ្ជកម្ម​ចំនួន​ប្រមាណ ២៨% នៃ​ទំហំ​ពាណិជ្ជកម្ម​ពិភពលោក​ទាំងមូល។៕

 

សម្តេចតេជោ ហ៊ុន សែន៖ វិស័យឯកជនជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋកិច្ចកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនរថភ្លើង នៃកំណើនសេដ្ឋកិច្ច ដោយសារការរីកចម្រើននៃវិស័យឯកជន បានជួយដោះស្រាយបញ្ហាសម្រាប់សេដ្ឋកិច្ចរបស់ប្រទេស ហើយនៅពេលវិស័យឯកជនកាន់តែខ្លាំង ការបង់ពន្ធជូនរដ្ឋក៏កាន់តែច្រើនដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ៣.៨៦៦នាក់ នារី៣.៣៨២នាក់ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២នេះ។

សម្តេចតេជោ​បានមានប្រសាសន៍ថា វិស័យឯកជន បាននិងកំពុងពង្រឹងខ្លួនឡើង ដែលទាមទារនូវធនធានមនុស្ស សម្រាប់អភិវឌ្ឍន៍ ហើយរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនរថភ្លើង នៃកំណើនសេដ្ឋកិច្ច។

សម្ដេចតេជោមានប្រសាសន៍បន្តថា ធនធានមនុស្ស ដែលបានបណ្ដុះបណ្ដាលនៅតាមបណ្ដាគ្រឹះស្ថានឧត្ដមសិក្សានានា គឺមួយផ្នែកធំបានវិស័យឯកជនទទួលយកទៅធ្វើការ ដោយម្ខាងដោះស្រាយធ្វើការងារឲ្យនិស្សិត និងម្ខាងទៀត គឺដើម្បីការរីកចម្រើននៃវិស័យឯកជនខ្លួនឯង។

សម្ដេចតេជោលើកឡើងថា មានអ្នកខ្លះនិយាយថា ការរីកចម្រើននៃក្រុមហ៊ុនខ្លួ​នឯង​ ជាផលប្រយោជន៍របស់ឯកជន តែអ្នកមិនត្រូវភ្លេចនូវចំណងទាក់ទងរបស់វា រវាងវិស័យឯកជន ជាមួយសង្គមជាតិនោះទេ។

សម្ដេចតេជោ បានថ្លែងបន្ថែមទៀតថា “វិស័យឯកជន រីកធំធាត់កាលណា គឺវាជួយដោះស្រាយបញ្ហាសម្រាប់សេដ្ឋកិច្ចរបស់ប្រទេស តាមរយៈការដោះស្រាយការងារធ្វើ និងតាមរយៈនៃការបង់ពន្ធវិស័យឯកជនកាន់តែខ្លាំង ការបង់ពន្ធកាន់តែច្រើន ហើយដែលការបានប្រាប់ពីការបង់ពន្ធនោះ យើងមានលទ្ធភាពយកទៅវិនិយោគ ធ្វើផ្លូវថ្នល់ ​ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ ដំឡើងបៀវត្សមន្ត្រីរាជការរបស់យើង”។

សម្តេចតេជោបានអះអាងថា កម្ពុជាតែងតែទទួលបានចំណូលពីពន្ធដារប្រមាណ២៥០លានដុល្លារ យ៉ាងតិចជារៀងរាល់ខែ៕

 

តម្លៃ​ផ្ទះ​ថ្មី​របស់​ប្រទេសចិន​បានបន្តដាំក្បាលចុះ​ក្នុង​រយៈ​ពេល​៣ខែ​ជាប់​គ្នា

ដោយ: លាងហួរ

ប៉េកាំង: ការស្ទង់មតិឯកជនមួយបានបង្ហាញកាលពីថ្ងៃសៅរ៍ ទី១ ខែតុលាថា តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិន បានដាំក្បាលចុះ៣ខែជាប់ៗគ្នា ក្នុងខែកញ្ញា ដោយសារអតិថិជនធ្វើពហិកា ឈប់បង់ប្រាក់និងកត្តាសេដ្ឋកិច្ច។

វិបត្តិទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន កាន់តែអាក្រក់ឡើងក្នុងរដូវក្តៅនេះ ដោយទិន្នន័យផ្លូវការបង្ហាញពីតម្លៃផ្ទះ ការលក់ និងការវិនិយោគទាំងអស់បានធ្លាក់ចុះ នៅក្នុងខែសីហា ដោយបន្ថែមសម្ពាធលើប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះ។

តម្លៃផ្ទះនៅក្នុងទីក្រុងចំនួន១០០ បានធ្លាក់ចុះ០,០២ភាគរយ នៅក្នុងខែកញ្ញា ធៀបនឹងខែមុនបន្ទាប់ពីការធ្លាក់ចុះ០,០១ភាគរយ នៅក្នុងខែក    ក្កដា។ នេះបើយោងតាមការស្ទង់មតិដោយ China Index Academy (CIA) ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យឯករាជ្យ ធំបំផុតមួយរបស់ប្រទេសចិន។

ការស្ទង់មតិបានបង្ហាញថា ក្នុងចំណោមទីក្រុងទាំង១០០ ទីក្រុងចំនួន៥៦ បានប្រកាសពីការធ្លាក់ចុះតម្លៃផ្ទះប្រចាំខែ ។

តម្លៃផ្ទះថ្មីជាផ្លូវការសម្រាប់ខែកញ្ញា នឹងត្រូវបានចេញផ្សាយដោយការិយាល័យស្ថិតិជាតិនៅថ្ងៃទី១៩ខែតុលា។

ការដាំក្បាលចុះនៅក្នុងវិស័យអចលទ្រព្យចិន កាន់តែខ្លាំងឡើងៗបន្ទា​ប់ពីអ្នកអភិវឌ្ឍន៍ឈានមុខគេ មួយចំនួនបានខកខានសងបំណុល ហើយបរាជ័យក្នុងការបញ្ចប់គម្រោង ឬសូម្បីតែចាប់ផ្តើមសាងសង់ថ្មី ដែលជំរុញឱ្យអ្នកទិញផ្ទះជាច្រើនបញ្ឈប់​ការ​បង់​រំលោះ។

ការបិទខ្ទប់ជំងឺរាតត្បាត ក៏បានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់ផងដែរ ខណៈដែលការបាត់បង់ការងារ និងកត្តាសេដ្ឋកិច្ចចុះខ្សោយបានធ្វើឱ្យមនុស្សជាច្រើន មានការប្រុងប្រយ័ត្ន ចំពោះការចំណាយរបស់ពួកគេ៕

លោកឧកញ៉ានួន រិទ្ធីៈ អ្នកមានចំណូលទាបនិងមធ្យមមិនគួរវិនិយោគលើសពី៣០ភាគរយនៃចំណូលប្រចាំខែ

ដោយៈ សុផារី

ភ្នំពេញៈ អ្នកជំនាញលើវិស័យអចលនទ្រព្យល្បីមួយរូប បានផ្តល់យោបល់ដល់អ្នកដែលមានចំណូលទាប និងមធ្យម បើចង់ធ្វើការវិនិយោគ សូមកុំវិនិយោគលើសពី៣០ភាគរយ នៃចំណូលប្រចាំខែរបស់ខ្លួន និងលើកទឹកចិត្ដឲ្យវិនិយោគលើវិស័យដីធ្លី ជាងជាការទិញលំនៅដ្ឋាន បើសិនជាពុំមានតម្រូវការចាំបាច់ ក្នុងការទិញមកស្នាក់នៅ។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្នុងដំណាក់កាលនេះ យើងឃើញហើយថា អ្នកសាងសង់ក៏លក់ពុំមិនសូវបាន ហើយមានចំនួនតិចណាស់ដែលលក់បាន បើកលក់បាន គឺអតិថិជនជាអ្នកមានតម្រូវការចាំបាច់ ក្នុងការទិញលំនៅដ្ឋាន។

ដោយឡែក លំនៅដ្ឋានតម្លៃមធ្យម និងទាបឃើញថា ក៏មិនមានទីតាំងនៅតំបន់ទីប្រជុំជន ទីក្រុងផងដែរ ដែលភាគច្រើននៅតំបន់ជ្រាយក្រុង ឬក៏ក្រវាត់ក្រុងជាដើម។ ដូច្នេះអ្នកខ្លះក៏មិនសូវចង់បាន ដែលតម្រូវការមិនដូច នៅពេលមានសេដ្ឋកិច្ចល្អ ដែលម្នាក់ៗគិតថា នៅកន្លែងណាក៏បាន ដោយគិតថាងាយស្រួលលក់។

លោកឧកញ៉ានួន រិទ្ឋីបានបន្តថា  “ចំពោះអ្នកមានចំណូលទាប និងមធ្យម អាចមានឱកាសទិញដី ដើម្បីចំណេញបានច្រើន ជាងការទិញលំនៅដ្ឋាន ដែលមានតម្លៃទាប និងមធ្យម ដោយសារតែអ្វីៗ អ្នកអភិវឌ្ឍន៍បានគិតគូររួចហើយ”។លោកបន្តថា “ការរស់នៅក្នុងលំនៅដ្ឋានមធ្យម អាចប្រើពេលចន្លោះទៅ៣-៥ឆ្នាំ ទើបអាចលក់បានចំណេញ ដោយយោងតាមការអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយការកើនឡើងថ្លៃផ្ទះ ឡើងថ្លៃដោយសារដី”។

លោកឧកញ៉ាបន្តថា ចំពោះអ្នកមានចំណូលទាប និងមធ្យម នៅពេលមានបញ្ហាប្រឈម នឹងស្ថានភាពសេដ្ឋកិច្ចបែបនេះ បើចង់វិនិយោគ គឺត្រូវចំណាយត្រឹមតែ១៥-៣០ភាគរយ នៃចំណូលដែលទទួលបាន។

លោកសង្កេតមើលឃើញថា អ្នកវិនិយោគខ្លះទិញតាមគេ ដោយចេះតែបោះលុយ ដូច្នេះពេលខ្លះចំតំបន់ ដែលមិនមានសក្ដានុពល១០ឆ្នាំ ក៏មិនទាន់មានហាងឆេងផង។ អ្នកខ្លះវិនិយោគទៅចំដី ដែលស្ថិតនៅក្រោមដែនរបស់រដ្ឋ ដែលនេះជាបញ្ហា។

ជាមួយគ្នានេះ លោកជឿថា ដំណាក់កាលនេះ ធនាគារទាំងអស់ ក៏មានការរឹតបន្ដឹង ពាក់ព័ន្ធនឹងហិរញ្ញប្បទានលើលំនៅដ្ឋាន និងអ្នកវិនិយោគដីធ្លីផងដែរ៕