ក្រុមហ៊ុនដ៏ធំរបស់កាណាដាគ្រោងសាងសង់ “សណ្ឋាគារព្រះចន្ទ” ខ្នាតយក្សនៅក្រុងឌូបៃ

ដោយៈ សុខុម

ឌូបៃ: ក្រុមហ៊ុនដ៏ធំមួយរបស់កាណាដា Moon World Resorts មានគម្រោងសាងសង់សណ្ឋាគារ ព្រះចន្ទមួយនៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។

សណ្ឋាគារនេះ នឹងមានសណ្ឋានដូចព្រះចន្ទបេះបិទ ហើយអាចមានកម្ពស់រហូតដល់ទៅ២២៤ម៉ែត្រជាមួយនឹងបរិមណ្ឌល (បរិមាណផ្ទៃក្រៅ) ៦២២ម៉ែត្រអាស្រ័យលើទីតាំង និងការអនុញ្ញាតលើគម្រោងប្លង់។

លោក Michael R. Henderson ដែលជាសហស្ថាបនិកក្រុមហ៊ុនកាណាដា Moon World Resorts បានបង្ហើបប្រាប់សារព័ត៌មាន CNN ថា ចំណុចសំខាន់បំផុតនៃគម្រោងនេះ គឺផ្ដោតលើព្រះចន្ទ (Moon) ដែលជា “ប្រេនដ៏ល្បីល្បាញដែលមានការទទួលស្គាល់”។

លោកបានអះអាងថា “មនុស្សចំនួន៧,៥ពាន់លាននាក់ទៅហើយដែលបានស្គាល់វា ហើយគ្រប់គ្នាសុទ្ធតែចូលចិត្តវា”។

លោកMichael R. Henderson បានឱ្យដឹងថា សណ្ឋាគារ Moon World Resort នីមួយៗនឹងក្លាយជារីហ្សតប្រណីត បែបសហសម័យ ដោយនៅខាងក្នុង អគារមានអ្វីៗពិសេសជាច្រើន ដូចជា សាលសន្និបាត ភោជនីយដ្ឋាន ស្ប៉ា ដែលមានសណ្ឋានជាព្រះចន្ទ។

ក្រុមហ៊ុនកាណាដាមួយនេះ គ្រោងសាងសង់សណ្ឋាគារព្រះចន្ទប្រភេទនេះចំនួន៤ ដោយ១នៅទ្វីបអាមេរិកខាងជើង ១នៅអឺរ៉ុប ១នៅតំបន់មជ្ឈិមបូព៌ា (ឌូបៃ)  និង១នៅអាស៊ី។

ទោះជាយ៉ាងណា លោក Michael R. Henderson ក៏បានលើកឡើងដែរថា គម្រោងអាចនឹងមានការប្រេប្រួល ដូចនេះលោកបដិសេធមិនផ្ដល់ព័ត៌មានលម្អិតអំពីគម្រោងទាំងនេះទេ រហូតមកទល់ពេលនេះ៕ CNN៕

អ្នកអភិវឌ្ឍន៍ផ្តោតលើការសាងសង់លំនៅដ្ឋានតម្លៃសមរម្យនៅក្នុងខណ្ឌដង្កោ និងកំបូល

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្នុងចំណោមបណ្ដាខណ្ឌនានា ក្នុងរាជធានីភ្នំពេញ គេសង្កេតឃើញថាមានខណ្ឌចំនួនពីរ ដែលទាក់ទាញវិនិយោគិនក្នុងការអភិវឌ្ឍលំនៅជាពិសេសលំនៅឋានតម្លៃសមរម្យ ដោយមួយរយៈពេលចុងក្រោយនេះ ខណ្ឌដង្កោ និងខណ្ឌកំបូល ទទួលបានការអភិវឌ្ឍលំនៅឋានច្រើនជាងគេ។

ក្រលេកមើលទៅខណ្ឌដង្កោ ឃើញថាគម្រោងលំនៅឋានថ្មីៗជាច្រើនបានចាប់ផ្ដើមសាងសង់យ៉ាងមមាញឹក ទោះបីជាស្ថិតនៅក្នុងវិបត្តិនៃកូវីដ១៩ក៏តំបន់នេះ ទទួលគម្រោងអភិវឌ្ឍន៍លំនៅឋានថ្មីៗជាច្រើន និងមានការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋ ដែលជាអ្នកវិនិយោគនិងពលរដ្ឋទិញផ្ទះសម្រា​ប់ស្នាក់នៅផងដែរ។

ដោយឡែកខណ្ឌកំបូលវិញក៏ឃើញថា មានគម្រោងអភិវឌ្ឍន៍ច្រើនក្នុងរយៈពេលចុងក្រោយនេះ  និងបន្តអភិវឌ្ឍន៍ជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ ។

លោកប៉ូ អ៊ាវគង់ អគ្គនាយកនៃក្រុមហ៊ុនអចនទ្រព្យ Advance បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា តំបន់ប៉ែកខាងលិចនិងប៉ែកខាងត្បូងភ្នំពេញ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ជាច្រើនជាពិសេសយើងឃើញមានគម្រោងអភិវឌ្ឍន៍ផ្លូវ ប្រព័ន្ធទឹក និងភ្លើង ហើយតំបន់ទាំងនោះតម្លៃ ក៏នៅមានកម្រិតទាបជាបណ្ដាខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ ដូច្នេះហើយអ្នកអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ អាចស្វែងរកដីដើម្បីវិនិយោគ ឬអភិវឌ្ឍន៍លំនៅឋាន សម្រាប់លក់ជូនប្រជាពលរដ្ឋដែលមានតម្រូវការ។

លោកបន្តថា ការអភិវឌ្ឍលំនៅឋាននៅបណ្ដាខណ្ឌជាយក្រុង ក៏ជាការចូលរួមមួយក្នុងការរួមចំណែក ក្នុងផែនពង្រីកទីក្រុងភ្នំពេញ ពីព្រោះនៅពេលអនាគតខាងមុខ ទីក្រុងកាន់តែរីកសាយហើយតំបន់ ជាយក្រុងនាពេលបច្ចុប្បន្ននេះ នឹងក្លាយជាទីប្រជុំជនដ៏មានសក្ដានុពល ទាំងផ្នែកពាណិជ្ជកម្មនិងការរស់នៅ។

ចំណែកលោកបណ្ឌិតឧកញ៉ាគីម ហ៊ាង អ្នកជំនាញអចលនទ្រព្យជើងចាស់មួយរូបនៅកម្ពុជាក៏ធ្លាប់បានលើកឡើងផងដែរថា អ្នកអភិវឌ្ឍន៍លំនៅឋានតម្លៃក្រោម១០ម៉ឺនដុល្លារ អាចទៅកាន់ផ្លូវជាតិលេខ៣ ប៉ែកខាងត្បូងឈៀងខាងលិចភ្នំពេញ ពីព្រោះថាតម្លៃដីធ្លីនៅតំបន់នោះ នៅមានកម្រិតទាបនៅឡើយ ដែលវិនិយោគិនអាចទិញដីហើយ អភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យបាន តែបើទៅតំបន់ផ្សេងដូចជា ទៅតំបន់ខាងជើងភ្នំពេញជាតំបន់ដែលមានតម្លៃខ្ពស់បន្តិច ដោយផ្ទះខ្លះមានតម្លៃជាង១លានដុល្លារអាមេរិក ។

អ្នកស្រីអាន សុធីតា អគ្គនាយិកាប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យPropNex Cambodia ក៏បានលើកឡើងផងដែរថា ខណ្ឌដង្កោជាខណ្ឌដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើន ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍លំនៅឋាន បានងាកទៅតំបន់នោះ ដើម្បីអភិវឌ្ឍន៍លំនៅឋាន ហើយការអភិវឌ្ឍលំនៅឋាននៅតំបន់នោះក៏ឃើញថា មានកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ៕

ក្រុមហ៊ុនទ្រី ភាពចាប់ផ្តើមដំណើរការអភិវឌ្ឍន៍កោះទន្សាយ ក្រោយទទួលបានការអនុម័តពីរាជរដ្ឋាភិបាល

ដោយៈសុផារី

កែប: ក្រោយទទួលបានការអនុម័ត ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីពេលថ្មីៗកន្លងមកនេះ ក្រុមហ៊ុន ទ្រីភាព បានចាប់ផ្តើមដំណើរការអភិវឌ្ឍន៍កោះទន្សាយ នៅក្នុងខេត្តកែប ឲ្យក្លាយទៅជារីសតប្រណីតមួយហើយ។

ក្រុមហ៊ុនទ្រី ភាព នៅថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២២ និងទើបត្រូវបានចែករំលែកថ្មីៗនេះ បានប្រកាសជូនដំណឹង ជុំវិញការប្រើប្រាស់រំសេវគ្រឿងបំផ្ទុះ សម្រាប់បំផ្ទុះបំបែកថ្មសំណង់ នៅតំបន់កោះទន្សាយដែលមានទីតាំងស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

ក្រុមហ៊ុន ទ្រី ភាព កោះទន្សាយរីសត បានបញ្ជាក់ថា ខ្លួន ទទួលបានការអនុញ្ញាត ពីគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍កោះទន្សាយ ប៉ុន្តែដោយទីតាំងលើកោះទន្សាយ ភាគច្រើនសម្បូរទៅដោយផ្ទាំងថ្ម ទើបក្រុមហ៊ុនមានការស្នើសុំទៅដល់ ក្រសួងរ៉ែ និងថាមពល ដើម្បីប្រើប្រាស់រំសេវគ្រឿងផ្ទុះ។

សម្រាប់ការបំផ្ទុះបំបែកថ្ម គឺចាប់ពីថ្ងៃចន្ទដល់ថ្ងៃព្រហស្បតិ៍ ចន្លោះពីម៉ោង៩ព្រឹក ដល់ម៉ោង៣រសៀល ហើយមុននិងធ្វើការបំផ្ទុះ ក្រុមហ៊ុននឹងបន្លឺសំឡេងស៊ីរ៉ែន ជាសញ្ញាក្នុងរយៈពេល១០នាទីម្តង ចំនួន៣ដង៕

 

សម្តេចតេជោៈរដ្ឋាភិបាលកំពុងស្នើដាក់ប្រាសាទកោះកេរជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក

ដោយៈ គង់ សូរិយា

       សៀមរាបៈ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានបន្ថែមថា ប្រាសាទបុរាណជាច្រើន ត្រូវបានដូនតាខ្មែរសាងសង់ឡើង ក្នុងនោះមានមួយចំនួន ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក រួមមាន ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ដែលនាំមកនូវប្រយោជន៍ ដល់ការថែរក្សាសម្បត្តិបេតិកភណ្ឌផង និងប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋផង។

សម្តេចតេជោបានថ្លែងបែបនេះ ក្នុងពេលសម្តេចអញ្ជើញជួបសំណេះ​សំណាលជាមួយប្រជាពលរដ្ឋ ដែលរើទីលំនៅថ្មីទៅកាន់តំបន់រុនតាឯកនាព្រឹកថ្ងៃទី១ តុលានេះ។

សម្តេចបានបន្តថា ឆ្លងកាត់ការចុះបញ្ជីប្រាសាទរបស់កម្ពុជា ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវការវាយតម្លៃយ៉ាងល្អិតល្អន់ណាស់ ពីអង្គការយូណេស្កូ គឺត្រូវមានគ្រប់លក្ខណៈសម្បត្តិ ទើបអាចចុះបញ្ជីបាន ហើយនៅពេលចុះបញ្ជីបាន ក៏អាចលុបចេញពីបញ្ជីវិញដែរ បើសិនមិនអនុវត្តតាមលក្ខខណ្ឌតម្រូវនោះ។ ក្នុងន័យនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសម្បត្តិវប្បធម៌ទាំងនោះ កុំដើម្បីផលប្រយោជន៍តិចតួចរបស់ខ្លួន ប៉ះពាល់ដល់ផលប្រយោជន៍ប្រជាជន និងប្រទេសជាតិទាំងមូល។

សម្តេចតេជោ ហ៊ុន សែនបញ្ជាក់ថា “រាជរដ្ឋាភិបាលកំពុងស្នើសុំចុះបញ្ជីប្រាសាទកោះកេរ ដែលស្ថិតក្នុងខេត្តព្រះវិហារ ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកថែមទៀត ហើយប្រាសាទផ្សេងៗ ក៏កំពុងគិតគូរចុះបញ្ជីជាបន្តបន្ទាប់”។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ករណីដែលអង្គការយូណេស្កូ គណៈកម្មការបេតិកភណ្ឌពិភពលោក សម្រាប់ការវាយតម្លៃឲ្យចូល ទាមទារនូវការគ្រប់លក្ខណៈសម្បត្តិ បើមិនគ្រប់លក្ខណៈសម្បត្តិ គេមិនទទួល ឬគេទទួលហើយត្រូវបានបណ្តេញចេញវិញ វាជាការខាតបង់។ យើងបានដាក់ប្រាសាទអង្គរ បន្ទាប់ទៅដាក់ប្រាសាទព្រះវិហារ បន្ទាប់ទៅដាក់ប្រាសាទសំបូរព្រៃគុក ឥឡូវយើងកំពុងដាក់ប្រាសាទមួយចំនួនទៀត យើងដាក់ប្រាសា​ទកោះកេរ យើងដាក់ជាបន្តបន្ទាប់នេះជាការយកចិត្តទុកដាក់។


ប្រវត្តិប្រាសាទកោះកេរ

តំបន់ប្រាសាទកោះកេរ គឺជាអតីតរាជធានីបុរាណនាសតវត្សទី១០ ក្នុងនោះមានព្រះមហាក្សត្រខ្មែរចំនួន២អង្គ ដែលបានសោយរាជ្យនៅទៅនោះ គឺព្រះបាទជយវម៌្មទី៤ ឬជ័យវរ្ម័នទី៤ (៩២១-៩៤១) និងព្រះបាទហស៌វម៌្មទី២ ឬហស៌វរ្ម័នទី២ (៩៤១-៩៤៤)។

លុះដល់រជ្ជកាលព្រះបាទរាជេន្ទ្រវម៌្មទី២ ឬរាជេន្ទ្រវរ្ម័នទី២ (៩៤៤-៩៦៨) ព្រះអង្គក៏បានផ្លាស់រាជធានីវិលមកក្រុងអង្គរវិញ។

តំបន់កោះកេរ មានចម្ងាយប្រមាណ៧០គីឡូម៉ែត្រ ភាគឦសានរាជធានីអង្គរ ដោយបច្ចុប្បន្នស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ តំបន់កោះកេរធ្លាប់មានឈ្មោះ ដើមជាភាសាខ្មែរបុរាណថា “ឆោកគគ៌្យរ” ឬ”ឆោកគគីរ” ដែលជាទីប្រជុំជនមួយ របស់អាណាចក្រខ្មែរនាសម័យអង្គរ។

យោងតាមសៀវភៅ ដែលមានចំណងជើង “ដែនដីអាថ៌កំបាំង អច្ឆិរយៈ ប្រាសាទកោះកេរ ព្រះបាទជ័យវរ្ម័នទី៤” តំបន់អតីតរាជធានីកោះកេរនេះ មានក្រុមប្រាសាទ និងបុរាណដ្ឋានមិនតិចជាង១២៧កន្លែងឡើយ ក្នុងនោះមានប្រាសាទ៦៥កន្លែង ទម្រង់សិលា១៤កន្លែង សំណង់ថ្មបាយក្រៀម៦កន្លែង ទម្របែកបាក់រាយប៉ាយ១៣កន្លែង ថ្មគោល៩កន្លែង ស្រះទឹកបុរាណ១០កន្លែង រចនាសម្ពន្ធព្រែកជីក/ទំនប់/ផ្លូវបុរាណ៧កន្លែង ការដ្ឋានយកថ្មបុរាណ៣កន្លែង និងស្លាកស្នាមបុរាណនៅ៧កន្លែងទៀត។ បុរាណវិទូបានចាត់ទុកស្ថាបត្យកម្មក្នុងរជ្ជកាលព្រះអង្គ និងបុត្ររបស់ព្រះអង្គស្ថិតក្នុង “រចនាបថកោះកេរ”។
ក្រុមប្រាសាទសំខាន់នៅតំបន់នេះមានដូចជា


* ក្រុមប្រាសាទកោះកេរខាងត្បូង៖ ប្រាសាទប្រាំ ប្រាសាទនាងខ្មៅ ប្រាសាទសោភី ប្រាសាទបាក់ ប្រាសាទបុះល្ហុង ប្រាសាទក្រោល ប្រាសាទចិន ប្រាសាទត្រពាំងខាងត្បូង ប្រាសាទខ្នារឬប្រាសាទចាប់នាង ប្រាសាទក្ទម្ភ ប្រាសាទកណ្ដឹងដំរី ប្រាសាទបល្ល័ង្ក ឬហៅទួលគ្រឹះ ប្រាសាទពពិល ប្រាសាទសំភីជាដើម។

* ក្រុមប្រាសាទកោះកេរខាងជើង៖ ប្រាសាទត្រពាំងឫស្សី ប្រាសាទត្រពាំងព្រៃ ប្រាសាទគោកក្រោល ប្រាសាទកកោះ ប្រាសាទបឹងវែង ប្រា​សាទតាមាន ប្រាសាទដាន ប្រាសាទរលំ ប្រាសាទបី ឬប្រាសាទខ្យងហោង ប្រាសាទដងទង់ខាងជើង ឬប្រាសាទរាមកេរ ប្រាសាទដងទង់ខាងត្បូង ឬប្រាសាទទួលថ្មបាយក្រៀម ប្រាសាទក្រហម ប្រាសាទធំជាដើម។

* ក្រុមប្រាសាទកោះកេរខាងកើត៖ ប្រាសាទច្រាប ប្រាសាទចម្រេះ ឬប្រាសាទឱបកូន ប្រាសាទបន្ទាយពីរជាន់ ឬប្រាសាទអណ្ដូងគុក ប្រាសាទផ្លែបេង ប្រាសាទថ្លឹង ឬប្រាសាទលិង្គទី១ ប្រាសាទអណ្ដូងគុក ឬប្រាសាទលិង្គទី៣ ប្រាសាទបល្ល័ង្ក ប្រាសាទឆ្នាំងជាដើម។

ក្រុមប្រាសាទកោះកេរខាងលិច៖ ទួលក្រួស ទួលបន្តុប ខ្លោងទ្វារ គ្រឹះលិង្គ ប្រាសាទស្រោងស្រឡៅ ប្រាសាទគុកស្រគុំ ប្រាសាទលិង្គ ប្រាសាទព្រះជ័យលិង្គ ទួលពេជ្រជាដើម៕

 

 

China asks top banks to provide US$84 billion in property funding: Report

China’s financial regulators have asked its six largest banks to offer at least 600 billion yuan (US$84.32 billion) of financial support to the property sector in a bid to gear up for the deepening liquidity crisis, Bloomberg News reported on Friday (Sep 30), citing people familiar with the matter.

The People’s Bank of China and the China Banking and Insurance Regulatory Commission have told these state-owned banks to help in any form including mortgages, loans to developers and purchases of their bonds, the report said.

The central bank on Thursday introduced measures for speeding up the use of special loans to ensure housing sales are completed, and its plans to guide commercial banks to provide financing support for the scheme.

The government has in recent months rolled out a raft of measures to support the economy, which narrowly escaped a contraction in the June quarter, but the recovery remains shallow due to strict COVID-19 curbs and a property slump.

PBOC and CBIRC could not be immediately reached for comment.

 

ទ្រព្យ​ឯកជនៅ​ប្រទេស​ចិន​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ក្នុង​មួយ​ ទសវត្សរ៍​កន្លង​ទៅ​នេះ

ដោយ: លាងហួរ

ប៉េកាំង: ក្រុមអ្នករៀបចំផែនការសេដ្ឋកិច្ចកំពូល របស់ប្រទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទ្រព្យសម្បត្តិជាលក្ខណៈឯកជន របស់ប្រជាជនចិន បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយសារបរិយាកាសទីផ្សារមានភាពប្រសើរឡើង។

គណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ (NDRC) បានប្រាប់សន្និសីទសារព័ត៌មានមួយថា ចំនួនក្រុមហ៊ុនឯកជននៅប្រទេសចិន បានកើនឡើងច្រើនជាងបួន ដោយកើនឡើងពី១០,៨៥លាន ទៅ៤៤,៥៧លាន ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដោយសារបរិយាកាសសម្រាប់សេដ្ឋកិច្ចឯកជន ត្រូវបានកែលម្អជាបន្តបន្ទាប់។

ជាលទ្ធផលនៃវិធានការគាំទ្រទីផ្សារជាច្រើន ចំណាត់ថ្នាក់សកលរបស់ប្រទេសចិន សម្រាប់បរិយាកាសធុរកិច្ចរបស់ខ្លួន បានកើនឡើងដល់ចំណាត់ថ្នាក់ទី៣១ នៅក្នុងចំណាត់ថ្នាក់ចុងក្រោយបំផុត ពីចំណាត់ថ្នាក់ទី៩៦ក្នុងឆ្នាំ២០១៣។

នៅចុងឆ្នាំ២០២១ ប្រទេសចិនបានទាក់ទាញ ការវិនិយោគផ្ទាល់ពីបរទេសជាង២,៦ពាន់ពាន់លានដុល្លារ។

យោងតាម ​​NDRC បានឱ្យដឹងថា ចំនួនសហគ្រាស ដែលផ្តល់មូលនិធិដោយប្រទេសចិននៅក្រៅប្រទេស បានកើនឡើងពីជិត២២.០០០នៅចុងឆ្នាំ២០១២ ដល់ជាង៤៥.០០០នៅថ្ងៃនេះ៕

អ្នកអភិវឌ្ឍន៍បុរីសម្លឹងឱកាសវិនិយោគខ្ពស់នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ

ដោយៈ សុផារី

តាកែវៈ តំបន់ជាយរាជធានីភ្នំពេញ នៅតាមបណ្តាខេត្តមួយចំនួន បានក្លាយជាទីតាំងថ្មីមួយ សម្រាប់ការវិនិយោគ ទៅលើគម្រោងលំនៅឋាន និងដីឡូតិ៍ នាពេលបច្ចុប្បន្ននេះ។

ជាក់ស្ដែង គម្រោងបុរីដ៏ធំមួយ បានសម្លឹងឱកាសវិនិយោគ និងបានបោះទុនច្រើនលានដុល្លារ ក្នុងការអភិវឌ្ឍលើគម្រោងបុរីមួយ នៅដើមផ្លូវចូលរមណីយដ្ឋានភ្នំតាម៉ៅ ខេត្តតាកែវ ដែលមានចម្ងាយមិនឆ្ងាយពីរាជធានីភ្នំពេញឡើយ។

គម្រោងបុរីនេះមានឈ្មោះថា HK Residence ដែលមានទីតាំងស្ថិតនៅភូមិកណ្ដឹងតូច ឃុំកណ្ដឹងតូច ស្រុកបាទី ខេត្តតាកែវ ស្ថិតនៅព្រំប្រទល់រវាងខេត្តកណ្តាលនិងរាជធានីភ្នំពេញ។

HK Residence សាងសង់ប្រភេទផ្ទះវីឡាតឿ ស្ថិតនៅលើទំហំផ្ទះ ១៣,៥ម៉ែត្រគុណ៧,២ និងទំហំដី ២៣,៥ ម៉ែត្រ គុណ ៧,២ ម៉ែត្រ ដែលមាន៣បន្ទប់គេងនិង៣បន្ទប់ទឹក អមជាមួយសួនច្បារដ៏ស្រស់ស្អាត នៅក្នុងផ្ទះនីមួយៗដាច់ដោយឡែកពីគ្នា។ ជាពិសេ​ស ផ្លូវនៅក្នុងបុរីមានទំហំ២០ទៅ៣០ម៉ែត្រ និងមានសួនច្បារ ទីលានកំសាន្តសម្រាប់កុមារ កន្លែងហាត់ប្រាណ ។ល។

លោក ចាប ពៅ អគ្គនាយកបុរី HK Residence បានមានប្រសាសន៍ឱ្យដឹងនាពេលថ្មីៗនេះថា មូលហេតុដែលក្រុមហ៊ុនរបស់លោក ឈានជើងចូលមកអភិវឌ្ឍន៍គម្រោងលំនៅឋាន នៅក្នុងតំបន់នេះ ដោយសារក្រុមហ៊ុនសម្លឹងមើលឃើញ លក្ខខណ្ឌអំណោយផល នៃភាពងាយស្រួលក្នុងការធ្វើដំណើរពីរាជធានីភ្នំពេញ តាមរយៈផ្លូវជាតិលេខ២ ដែលបានសម្រេចការសាងសង់ស្ទើ១០០ភាគរយហើយ ជីវភាពធូរធាររបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន កាន់តែជំរុញសក្តានុពលវិនិយោគនៅក្នុងតំបន់នេះ។

លោកបានបញ្ជាក់ថា បន្ថែមលើសនេះ បុរីមានទីតាំងស្ថិតនៅជិតផ្លូវក្រវាត់ក្រុងទី៤ ដែលគ្រោង និងសាងសង់ នាពេលខាងមុខឆាប់ៗនេះផងដែរ។ ជាពិសេស ទីតាំងរមណីយដ្ឋានភ្នំតាម៉ៅ គឺជារមណីយដ្ឋានដែលមានចម្ងាយជិតបំផុតពីរាជធានីភ្នំពេញ។

លោកបញ្ជាក់ថា “ប្រសិនបើយើងទិញផ្ទះ ដែលមានទីតាំងនៅកៀករាជធានីភ្នំពេញ នៅកៀកផ្លូវក្រវាត់ក្រុងផង ធ្វើដំណើរត្រឹម១៥នាទីហើយតម្លៃក៏មានភាពសមរម្យផងនោះ តើបងប្អូននឹងចំណេញច្រើនប៉ុណ្ណា?”។

 

ក្រៅពីគម្រោងរបស់លោកចាប ពៅបានបង្ហើបឲ្យដឹងថា នៅក្នុងតំបន់នេះ ក៏មានគម្រោងវិនិយោគធំៗជាច្រើន គ្រោងមកបណ្ដាក់ទុន ដូចជា គម្រោងរមណីយដ្ឋាន ខ្នាតអន្តរជាតិលំដាប់ខ្ពស់ ទំហំជាង៥០ហិចតា និងគម្រោងបុរីរបស់ក្រុមហ៊ុនផ្សេងៗទៀត។ អ្វីដែលសំខាន់ជាងនេះ ការអភិវឌ្ឍលើបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង គឺមានគ្រប់គ្រាន់ ដោយមិនមានភាពខ្វះខាតឡើយ ដែលនេះនឹងបង្កលក្ខណៈកាន់តែងាយស្រួល ដល់ការរស់នៅរបស់អតិថិជន។

លោកអគ្គនាយកអះអាងថា ក្នុងរយៈពេលត្រឹម៣ទៅ៥ឆ្នាំខាងមុខ តម្លៃដី និងផ្ទះនៅក្នុងតំបន់នេះ នឹងកើនឡើងពីរដង ហើយកំឡុងពេលនេះគឺជាឱកាសល្អសម្រាប់អ្នក ដែលមានបំណងចង់វិនិយោគ ដោយសារតម្លៃដីធ្លី និងផ្ទះ នៅពេលនេះមានតម្លៃសមរម្យនៅឡើយ។

លោកចាប ពៅ បានឱ្យដឹងថា គិតត្រឹមដើមខែកញ្ញាឆ្នាំ២០២២ បុរីទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់អតិថិជនទាំងក្នុងមូលដ្ឋាន និងក្នុងរាជនីភ្នំពេញ ដោយសម្រេចការលក់បាន ប្រមាណ២០ភាគរយក្នុងរយៈពេលខ្លីប៉ុណ្ណោះ៕

លោកបណ្ឌិតគីម ហ៊ាងៈសូមធ្វើជើងដំរី កុំធ្វើក្បាលមាន់ សម្រាប់អ្នកចង់ចេញរកស៊ីអចលនទ្រព្យដំ​បូង

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ស្ថានភាពអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាស្ថិតនៅក្នុងភាពមិនទាន់ច្បាស់លាស់នៅឡើយ ហើយអ្នកដែលចង់បង្កើតក្រុមហ៊ុនថ្មីៗក្នុងវិស័យអចលនទ្រព្យក៏ គួរមានការប្រុងប្រយ័ត្នខ្ពស់ដែរ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ដែលជាបុគ្គលជោគជ័យក្នុងវិស័យអចលនទ្រព្យមួយរូប បានផ្ដល់ជាទស្សនទានមួយចំនួន ដល់អ្នកគ្រោងនឹងបើកក្រុមហ៊ុនក្នុងវិស័យអចលនទ្រប្យនៅឆ្នាំក្រោយ។

លោកឧកញ៉ាបានមានប្រសាសន៍ថា “អ្នកចង់បើកក្រុមហ៊ុនReal Estate ក្នុងឆ្នាំ២០២៣ គាត់ត្រូវរកបង្អែកដ៏រឹងមាំមួយដើម្បីដើរតាម ។ មានន័យថា គាត់ត្រូវធ្វើជារោមដំរី ជើងដំរីក៏បានដែរ ដោយមិនចាំបាច់ធ្វើជាក្បាល តែជាក្បាលមាន់នោះទេ”។ លោកបន្តថា “ក្នុងន័យនេះ បើសិនជាយើងមានក្រុមហ៊ុនណាមួយ ឬមានអ្នកណាម្នាក់ខ្លាំង ក្នុងវិស័យអចលនទ្រព្យ យើងសុំគាត់នៅអែបៗ ដើម្បីទប់យើងមិនឱ្យដួល ហើយយើងក៏ស្វះស្វែងរកឱកាស”។

លោកឧកញ៉ាបន្តថា ការបើកក្រុមហ៊ុនមួយ គឺត្រូវចំណាយច្រើនណាស់ ដូចជា ការជួលការិយាល័យ ចំណាយទៅលើការផ្សព្វផ្សាយពាណិជ្ជកម្ម បុគ្គលិក និងការបង់ពន្ធជាដើម។ ដូច្នេះហើយបើសិនជាយើងមិនមានបង្អែករឹងមាំ មិនមានហិរញ្ញវត្ថុច្បាស់លាស់ យើងត្រូវការចំណាយច្រើនដែលពេលវេលានេះ មិនមែនជាពេលវេលា ដែលយើងត្រូវចំណាយច្រើននោះទេ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា ក្នុងស្ថានភាពបែបនេះ សូមកុំអាលបើកជាក្រុមហ៊ុនដោយខ្លួនឯង កុំដាក់យីហោខ្លួនឯង ឬកុំធ្វើជាក្បាលមាន់ តែសូមធ្វើជាក្រចកជើងដំរីសិនទៅ ដែលមានន័យថាមានក្រុមហ៊ុនណាធំ សូមដើរតាមគេបណ្ដើរៗទៅ ហើយនៅពេលយើងមានបទពិសោធន៍ មានទីផ្សារហើយនោះយើងបើកខ្លួនឯងទៅ។

លោកឧកញ៉ាបន្ថែមថា ក្នុងស្ថានភាពបែបនេះ បើសិនជាយើងចង់បើកក្រុមហ៊ុន សូមទៅសិក្សាឬធ្វើការជាប្រធានផ្នែក នៅក្នុងក្រុមហ៊ុនណាមួយជាមុនសិន ពីព្រោះប្រធានផ្នែកនឹងមានបុគ្គលិក នៅក្រោមបង្គាប់របស់យើងមានក្រុមការងារបួនដប់នាក់ ហើយយើងចេញប្រតិបត្តិការរកលុយជូនក្រុមហ៊ុន បានប្រាក់ ខែបានកម្រៃជើងសារ ដោយយើងមិនចាំបាច់ចំណាយលើថ្លៃជួលការិយាល័យ ថ្លៃបង់ពន្ធ ថ្លៃទឹក ថ្លៃភ្លើងនោះឡើយ ។

លោកបញ្ជាក់ថា “ពេលយើងមានលុយគ្រប់គ្រាន់ មានកំលាំងការងារគ្រប់គ្រាន់ មានបទពិសោធន៍មានទីផ្សាររួចហើយ យើងចេញទៅបើកក្រមហ៊ុនខ្លួនឯង យើងមានអ្វីៗគ្រប់អស់ហើយ អញ្ចឹងដំណើរការក្រុមហ៊ុនយើងនឹងមិនមានបញ្ហានោះទេ ” ។

លោកឧកញ៉ាបញ្ជាក់ថា នៅក្នុងដំណើរទៅមុខ វិស័យនេះនឹងអាចបញ្ជាក់ថា អ្នកណាជាអ្នកខ្លាំង ហើយអ្នកខ្លាំងនឹងទៅមុខ អ្នកណាខ្សោយនឹងត្រូវបិទទ្វារ វាមិនខុសពីការរត់ម៉ារ៉ាតុង ចំងាយ១០០គីឡូម៉ែត្រនោះទេ អ្នកណាខ្សោយនឹងត្រូវឈប់ ហើយអ្នកខ្លាំងនឹងបន្តទៅមុខរហូតដល់ទី៕

ស្រុកមួយក្នុងខេត្តតាមកែវកំពុងទាក់ទាញការអភិវឌ្ឍទៅជាតំបន់លំហែកាយដ៏មានសក្ដានុពល

 ដោយៈ វឌ្ឍនៈ

តាកែវៈ ការអភិវឌ្ឍអចលនទ្រព្យជាតំបន់លំហែកាយ នៅក្នុងប្រទេសកម្ពុជា ត្រូវបានមើលឃើញថា កំពុងមានការទាក់ទាញជាបន្តបន្ទាប់ជាពិសេសនៅតំបន់តាមបណ្ដាខេត្ត ដែលមានរមណីយដ្ឋានទេសចរណ៍ ក្នុងនោះដែរបណ្ដាខេត្តមាត់សមុទ្រ និងភ្នំមានការទាក់ទាញជាងគេ។

ជាក់ស្តែងតំបន់មួយចំនួននៅប៉ែកខាងលិច នៃខេត្តតាកែវក៏ឃើញថាកំពុងទទួលបានការអភិវឌ្ឍ ជាតំបន់លំហែកាយដ៏ទាក់ទាញមួយផងដែរ។

លោកCooler Tan អគ្គនាយកនៃក្រុមហ៊ុនYoungsia Real Estate ជាអ្នកវិនិយោគ និងជាអ្នកអភិវឌ្ឍន៍ដីឡូត៏លំហែរ នៅក្នុងតំបន់ប៉ែកសមុទ្របានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area ឱ្យដឹងថាបច្ចុប្បន្ននេះ ក្រុមហ៊ុនបស់លោកមិនត្រឹមតែអភិវឌ្ឍន៍ នៅតាមតំបន់ឆ្នេរប៉ុណ្ណោះទេ តែក្រុមហ៊ុនបានពង្រីកមកកាន់តំបន់មួយចំនួ នៃខេត្តតាកែវផងដែរ ជាពិសេសនៅប៉ែកខាងលិចនៃខេត្តតាកែវ ។

លោកបន្តថា “ដោយសារតែមើលឃើញពីសក្ដានុពល នៃវិស័យទេស​ចរណ៍នៅក្នុងតំបន់ប៉ែកខាងលិច នៃខេត្តតាកែវកំពុងមានការទាក់ទាញ មានទេសចរជាច្រើនទៅកម្សាន្តនៅទីនោះ ទើបក្រុមហ៊ុនបានសម្រេចបណ្ដា​ក់ទុនវិនិយោគជាដីឡូត៏លំហែនៅទីនោះ ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋឋ​”។លោកបានបន្តថា “នៅពេលប្រជាពលរដ្ឋមានប្រាក់ចំណូល កាន់តែច្រើន ជីវភាពកាន់តែធូរធារ ពួកគាត់ក៏ត្រូវការគុណភាព នៃជីវិតផងដែរ ដែលសំដៅទៅលើការកម្សាន្តសប្បាយ ជាមួយគ្រួសារបង្កើតសុភមង្គលក្នុងគ្រួសារ”។

លោកបាននិងកំពុងវិនិយោគគំរោងដីឡូត៍ “ឋានសួគ៌លំហែរ” ដែលស្ថិតនៅតំបន់អន្លង់ភ្ញៀវ កំពូលពេជ្រ ត្រីមាស និងតំបន់រមណីយដ្ឋានជាច្រើនទៀត។ គំរោងនេះមានដីទំហំសរុប៣៤ហិកតា ដែលបាននិងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ដោយមានសួនច្បារ សួនទឹក និងហេដ្ឋារចនាសម្ព័ន្ឋជាច្រើន ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលចង់បានដីសំរាកលំហែរពិតប្រាកដ។

លោកCooler Tanបានបន្ថែមថា “ស្រុកត្រាំកក់ នៃខេត្តតាកែវ ប៉ែកខាងលិច ជាពិសេសក្នុងស្រុកត្រាំកក់ នឹងក្លាយជាតំបន់ឋានសួគ៌មួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា”។

 

លោកបានបន្តឲ្យដឹងទៀតថា ក្រោយពីក្រុមហ៊ុនរបស់យើងបានសម្រេចបោះទុន វិនិយោគជាតំបន់លំហែកាយថ្មីមួយ នៅទីនោះដែរយើងមានផែនការក្នុងការកែប្រែ និងធ្វើឱ្យតំបន់នេះកាន់តែទាក់ទាញ ជាតំបន់ដែលធ្វើឱ្យប្រជាពលរដ្ឋចង់រស់នៅ ជាពិសេសយើងនឹងអភិវឌ្ឍន៍បន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធ កាន់តែងាយស្រួលចូលទៅកាន់តំបន់នោះ គឺធ្វើឱ្យតំបន់នោះក្លាយជាតំបន់ឋានសួគ៌ ដូចនឹងគម្រោងរបស់ខ្លួន គម្រោងឋានសួគ៌លំហែរ។

លោកបានលើកឡើងថា អ្វីដែលក្រុមហ៊ុនបានអភិវឌ្ឍន៍នៅពេលនេះ គឺដីឡូត៏លំហែសម្រាប់អ្នកមានជីវភាពមធ្យម ដោយក្នុងមួយឡូត៏ត្រឹមតែជាង៤០០០ដុល្លារអាមេរិកប៉ុណ្ណោះ បើអតិថិជនបង់ផ្ដាច់ ហើយអតិថិជនក៏អាចទិញគម្រោងដីឡូត៏របស់យើង ដោយបង់រំលស់ត្រឹមតែមួយខែ៥០ដុល្លា​រអាមេរិកប៉ុណ្ណោះ ។ អ្វីដែលពិសេសនោះ គម្រោងនេះមានទំហំដីដល់ទៅ៣៤ហិចតា ដែលល្អសម្រាប់ប្រែក្លាយតំបន់មួយនេះ ទៅជាតំបន់លំហែរ​កាយប្រកបដោយគុណភាព ។

ដោយឡែកលោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា ក៏បានលើកឡើងផងដែរថា ការអភិវឌ្ឍផ្ទះឬតំបន់លំហែរកាយ នឹងក្លាយជាការអភិវឌ្ឍដ៏ពេញនិយមមួយ នៅក្នុងប្រទេសកម្ពុជា ពីព្រោះនៅពេលប្រជាពលរដ្ឋមានជីវភាពកាន់តែធូរធា ផ្ទះទី២នឹងមានតម្រូវការខ្ពស់ សម្រាប់ពួកគាត់ទិញទុកលំហែរពេលចុងសប្ដាហ៍ ឬក៏ពេលឈប់សម្រាកក្នុងថ្ងៃបុណ្យជាតិធំៗ៕

ដំណឹងល្អ: រដ្ឋាភិបាលចិនបញ្ជាឱ្យធនាគារធំៗបញ្ចេញឥណទាន៨៤ពាន់លានដុល្លារ ដើម្បីសង្រ្គោះវិស័យអចលនទ្រព្យ

ដោយៈ សុខុម

ប៉េកាំង: វាជាដំណឹងដ៏ល្អមួយ ដែលក្រុមនិយ័តករហិរញ្ញវត្ថុនៃប្រទេសចិន បានបញ្ជាឱ្យធនាគារធំៗបំផុតចំនួន៦ បញ្ចេញឥណទានរហូតដល់ទៅ៨៤,៣២ពាន់លានដុល្លារអាមេរិក ដើម្បីជួយស្រោចស្រង់វិស័យអចលនទ្រព្យ ដែលកំពុងធ្លាក់ចូលក្នុងវិបត្តិសាច់ប្រាក់កាន់តែធ្ងន់ធ្ងរទៅៗ។

ទីភ្នាក់ងារព័ត៌មានដ៏ល្បីល្បាញ Bloomberg News បានចុះផ្សាយដោយដកស្រង់ប្រភពស្និទ្ធ នឹងបញ្ហានេះកាលពីថ្ងៃសុក្រ ទី៣០ ខែកញ្ញា ថា ធនាគារកណ្ដាលចិន និងគណៈកម្មាធិការនិយតកម្មធនាគារ និងធានារ៉ាប់រងចិន (CBIRC) បានបញ្ជាឱ្យធនាគារ ដែលគ្រប់គ្រងដោយរដ្ឋជួយតាមគ្រប់ទម្រង់ រួមមាន ទាំងតាមរយៈឥណទានគេហដ្ឋាន ឬ កម្ចីទិញផ្ទះ និងឥណទានដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ និងការទិញមូលបត្របំណុលរបស់ពួកគេផងដែរ។

ធនាគារកណ្តាលចិន កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា បានដាក់ចេញនូវវិធានការសម្រាប់ការពន្លឿន ការប្រើប្រាស់ប្រាក់កម្ចីពិសេស ដើម្បីធានាជំរុញការលក់លំនៅដ្ឋាន ហើយគ្រោងនឹងណែនាំ ឱ្យបណ្ដាធនាគារពាណិជ្ជ ជួយផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោងនេះ។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលចិន បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីជួយគាំទ្រដល់សេដ្ឋកិច្ច ប៉ុន្តែការងើបឡើងវិញនៅតែមានសន្ទុះយឺត ដោយសារវិធានការយ៉ាងតឹងរ៉ឹង នៅក្នុងការទប់ស្កាត់វិបត្តិកូវីដ-១៩ និងការដាំក្បាលចុះនៃទីផ្សារអចលនទ្រព្យ។

ទោះជាយ៉ាងណា ទាំងធនាគារកណ្ដាលចិន និងគណៈកម្មាធិការនិយតកម្មធនាគារ និងធានារ៉ាប់រងចិន (CBIRC) មិនអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញបញ្ហានេះ៕ Reuters៕